កិច្ចការ 3
3
មនុស្សខ្វិនត្រូវបានប្រោសឲ្យជា
1កាលមួយ ពេត្រុស និងយ៉ូហានបានឡើងទៅព្រះវិហារ នៅម៉ោងអធិស្ឋាន គឺម៉ោងបីរសៀល#3:1 ម៉ោងបីរសៀល―ន័យត្រង់គឺ “ម៉ោងទីប្រាំបួន”។។ 2មានបុរសម្នាក់ខ្វិនពីកំណើត#3:2 ពីកំណើត―ន័យត្រង់គឺ “ពីផ្ទៃម្ដាយ”។ត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។ 3នៅពេលបុរសនោះឃើញពេត្រុស និងយ៉ូហានរៀបនឹងចូលទៅក្នុងព្រះវិហារ គាត់ក៏សុំទានពីពួកគេ។ 4ពេត្រុសជាមួយយ៉ូហាន បានសម្លឹងមើលទៅគាត់ ហើយនិយាយថា៖ “ចូរមើលមកយើង!”។ 5បុរសនោះក៏សង្កេតមើលពួកគេ ដោយនឹកស្មានថានឹងបានអ្វីមួយពីពួកគេ។ 6ប៉ុន្តែពេត្រុសនិយាយថា៖ “ប្រាក់ និងមាស ខ្ញុំគ្មានទេ ប៉ុន្តែខ្ញុំនឹងឲ្យអ្នកនូវអ្វីដែលខ្ញុំមាន: ក្នុងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទអ្នកណាសារ៉ែត ចូរក្រោកឡើង#3:6 ឯកសារបុរាណខ្លះគ្មាន “ក្រោកឡើង”។ ហើយដើរទៅចុះ!”។ 7បន្ទាប់មក ពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់មានកម្លាំងឡើង 8នោះគាត់ក៏ស្ទុះក្រោកឈរ ដើរចុះដើរឡើង ហើយចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ទាំងដើរផង លោតផង សរសើរតម្កើងព្រះផង។ 9នៅពេលប្រជាជនទាំងអស់បានឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះ 10ពួកគេក៏មើលគាត់ស្គាល់ ថាគាត់ជាម្នាក់ដែលអង្គុយសុំទាននៅទ្វារសោភ័ណនៃព្រះវិហារ នោះពួកគេក៏ពេញដោយភាពភ្ញាក់ផ្អើល និងភាពស្ញប់ស្ញែងចំពោះហេតុការណ៍ដែលបានកើតឡើងដល់គាត់។
ផ្សព្វផ្សាយនៅរបៀងសាឡូម៉ូន
11នៅពេលបុរសនោះ#3:11 បុរសនោះ―ឯកសារបុរាណខ្លះថា “មនុស្សខ្វិននោះដែលត្រូវបានប្រោសឲ្យជា”។កំពុងតាមជាប់ពេត្រុស និងយ៉ូហាន ប្រជាជនទាំងអស់ក៏ស្រឡាំងកាំង ហើយនាំគ្នារត់មករកពួកគេ នៅត្រង់របៀងមួយដែលគេហៅថា “របៀងសាឡូម៉ូន”។ 12កាលឃើញដូច្នេះ ពេត្រុសក៏តបនឹងប្រជាជនថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នាភ្ញាក់ផ្អើលនឹងការនេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលមកពួកយើង ហាក់ដូចជាពួកយើងធ្វើឲ្យបុរសនេះដើរបានដោយមហិទ្ធិឫទ្ធិ ឬគុណានុភាព#3:12 គុណានុភាព―ឫទ្ធិនៃសេចក្ដីល្អ, សេចក្ដីបរិសុទ្ធ។របស់ពួកយើងទៅវិញ? 13ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប ជាព្រះនៃដូនតារបស់យើងបានលើកតម្កើងសិរីរុងរឿងដល់អ្នកបម្រើរបស់ព្រះអង្គគឺព្រះយេស៊ូវ ដែលអ្នករាល់គ្នាបានប្រគល់ទៅ ហើយបានបដិសេធនៅមុខពីឡាត់ នៅពេលលោកបានសម្រេចចិត្តដោះលែងព្រះអង្គ។ 14អ្នករាល់គ្នាបានបដិសេធព្រះអង្គដ៏វិសុទ្ធ និងសុចរិតយុត្តិធម៌ ហើយបែរជាទាមទារឲ្យដោះលែងឃាតករដល់អ្នករាល់គ្នាទៅវិញ។ 15អ្នករាល់គ្នាបានធ្វើគុតស្ថាបនិកនៃជីវិត ប៉ុន្តែព្រះបានលើកព្រះអង្គនេះឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់! ពួកយើងជាសាក្សីអំពីការនេះ។ 16ឥឡូវនេះ ព្រះនាមរបស់ព្រះអង្គបានធ្វើឲ្យបុរសនេះដែលអ្នករាល់គ្នាឃើញនិងស្គាល់ មានកម្លាំងឡើង ដោយសារតែជំនឿលើព្រះនាមរបស់ព្រះអង្គ។ ជំនឿដែលមកតាមរយៈព្រះយេស៊ូវ បានធ្វើឲ្យបុរសនេះជាទាំងស្រុងនៅមុខអ្នកទាំងអស់គ្នា។
17“បងប្អូនអើយ! ឥឡូវនេះ ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្តការនេះដោយភាពអវិជ្ជា ដូចពួកមេគ្រប់គ្រងរបស់អ្នករាល់គ្នាដែរ។ 18ប៉ុន្តែព្រះបានបំពេញឲ្យសម្រេចយ៉ាងនេះ នូវសេចក្ដីដែលព្រះអង្គទ្រង់ប្រកាសទុកមុនតាមរយៈមាត់របស់ព្យាការីទាំងអស់ថា ព្រះគ្រីស្ទរបស់ព្រះអង្គត្រូវរងទុក្ខ។ 19ដូច្នេះ ចូរកែប្រែចិត្ត ហើយបែរមកវិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាត្រូវបានលុបចេញ 20នោះនឹងមានគ្រានៃការផុសផុល#3:20 គ្រានៃការផុសផុល―ឬ “គ្រាល្ហែល្ហើយ”។មកពីព្រះវត្តមានរបស់ព្រះអម្ចាស់ ហើយព្រះអង្គនឹងចាត់ព្រះគ្រីស្ទឲ្យមក គឺព្រះយេស៊ូវដែលព្រះអង្គទ្រង់ជ្រើសរើសសម្រាប់អ្នករាល់គ្នា។ 21យ៉ាងណាមិញ មេឃត្រូវតែទទួលព្រះអង្គរហូតដល់គ្រានៃការស្ដារអ្វីៗទាំងអស់ឡើងវិញ ដែលព្រះបានមានបន្ទូលតាមរយៈមាត់របស់បណ្ដាព្យាការីដ៏វិសុទ្ធរបស់ព្រះអង្គ តាំងពីបុរាណមក។ 22ជាការពិត ម៉ូសេបាននិយាយថា#3:22 និយាយថា―ឯកសារបុរាណខ្លះថា “និយាយនឹងដូនតារបស់យើងថា”។:
‘ព្រះអម្ចាស់ព្រះរបស់អ្នករាល់គ្នា នឹងតាំងព្យាការីម្នាក់ដូចខ្ញុំឡើងពីចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវស្ដាប់តាមលោកនូវអ្វីៗទាំងអស់ដែលលោកនិយាយនឹងអ្នករាល់គ្នា។ 23អស់អ្នក#3:23 អស់អ្នក―ន័យត្រង់គឺ “អស់ទាំងព្រលឹង”។ណាក៏ដោយដែលមិនស្ដាប់តាមព្យាការីនោះ នឹងត្រូវវិនាសបាត់ពីចំណោមប្រជាជន’។#3:22-23 《ទុតិយកថា》 18:15-19។
24“ព្យាការីទាំងអស់ តាំងពីសាំយូអែល ព្រមទាំងអ្នកក្រោយៗដែលថ្លែងព្រះបន្ទូល ក៏បានប្រកាសទុកមុនអំពីគ្រានេះដែរ។ 25អ្នករាល់គ្នាជាកូនចៅរបស់បណ្ដាព្យាការី និងជាកូនចៅនៃសម្ពន្ធមេត្រីដែលព្រះបានតាំងជាមួយដូនតារបស់អ្នករាល់គ្នា#3:25 អ្នករាល់គ្នា―ឯកសារបុរាណខ្លះថា “យើង”។។ ព្រះអង្គបានមានបន្ទូលនឹងអ័ប្រាហាំថា:‘ពូជអម្បូរទាំងអស់នៅលើផែនដីនឹងទទួលព្រះពរ តាមរយៈពូជពង្សរបស់អ្នក’។#3:25 《លោកុប្បត្តិ》 12:3; 22:18; 26:4; 28:14។ 26ព្រះបានតាំងអ្នកបម្រើរបស់ព្រះអង្គឡើង#3:26 ឯកសារបុរាណខ្លះបន្ថែម “គឺព្រះយេស៊ូវ”។ ហើយចាត់ព្រះអង្គឲ្យមកឯអ្នករាល់គ្នាជាមុន ដើម្បីប្រទានពរអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាម្នាក់ៗចេញពីអំពើអាក្រក់”៕
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative