លូកា 24
24
ព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ
(ម៉ាថាយ ២៨.១-១០ ម៉ាកុស ១៦.១-៨ យ៉ូហាន ២០.១-២០)
1នៅថ្ងៃទីមួយក្នុងអាទិត្យ ពេលភ្លឺស្រាងៗ គេបានយកគ្រឿងក្រអូប ដែលបានរៀបចំជាស្រេចនោះ នាំគ្នាទៅផ្នូរ មានអ្នកខ្លះទៀតទៅជាមួយដែរ។ 2គេក៏ឃើញថ្មបានរមៀលចេញពីមាត់ផ្នូរ 3តែពេលចូលទៅដល់ គេមិនឃើញព្រះសពព្រះអម្ចាស់យេស៊ូវសោះ។ 4កំពុងដែលមានការងឿងឆ្ងល់អំពីការនោះ ស្រាប់តែឃើញមានពីរនាក់ស្លៀកពាក់ភ្លឺចែងចាំង ឈរនៅជិតគេ។ 5គេក៏ភ័យស្លុត ហើយក្រាបផ្កាប់មុខដល់ដី តែបុរសទាំងពីរនាក់នោះនិយាយមកគេថា៖ «ហេតុអ្វីបានជាមករកព្រះអង្គ ដែលមានព្រះជន្មរស់ នៅក្នុងទីខ្មោចស្លាប់ដូច្នេះ? 6ព្រះអង្គមានព្រះជន្មរស់ឡើងវិញហើយ ព្រះអង្គមិនគង់នៅទីនេះទេ ចូរនឹកចាំពីព្រះបន្ទូល ដែលព្រះអង្គបានប្រាប់អ្នករាល់គ្នា កាលទ្រង់គង់នៅស្រុកកាលីឡេនៅឡើយថា 7"កូនមនុស្សត្រូវគេបញ្ជូនទៅក្នុងកណ្តាប់ដៃមនុស្សបាប ត្រូវគេឆ្កាង ហើយនៅថ្ងៃទីបីនឹងរស់ឡើងវិញ"» ។ 8ពេលនោះ គេក៏នឹកឃើញព្រះបន្ទូលរបស់ព្រះអង្គ 9ហើយវិលមកពីផ្នូរវិញ រៀបរាប់ប្រាប់ពីហេតុការណ៍ទាំងនោះដល់អ្នកទាំងដប់មួយ និងអ្នកផ្សេងៗទៀតដែរ។ 10រីឯពួកស្ត្រីដែលប្រាប់ពីហេតុការណ៍ទាំងនោះដល់ពួកសាវក គឺម៉ារា អ្នកស្រុកម៉ាក់ដាឡា យ៉ូអាន់ ម៉ារា ជាម្តាយយ៉ាកុបមួយ និងស្ត្រីឯទៀត ដែលនៅជាមួយគ្នាផង។ 11ពួកសាវកមិនបានជឿទេ ដ្បិតពាក្យសម្ដីរបស់ស្រ្តី មើលទៅដូចមិនបានការ។ 12ពេត្រុសក្រោកឡើង រត់ទៅឯផ្នូរ ហើយឱនមើលទៅឃើញតែសំពត់ស្នបទទេ រួចវិលទៅផ្ទះវិញ ដោយអស្ចារ្យក្នុងចិត្ត ពីហេតុការណ៍ដែលកើតមាននោះ។
សិស្សពីរនាក់ធ្វើដំណើរទៅភូមិអេម៉ោស
(ម៉ាកុស ១៦.១២-១៣)
13នៅថ្ងៃនោះ មានពួកសិស្សពីរនាក់កំពុងតែដើរទៅភូមិអេម៉ោស ចម្ងាយដប់មួយគីឡូម៉ែត្រ ពីក្រុងយេរូសាឡិម។ 14គេកំពុងតែនិយាយគ្នា ពីហេតុការណ៍ដែលបានកើតឡើងនោះ។ 15ពេលគេកំពុងតែនិយាយគ្នា និងរិះគិតដូច្នេះ នោះព្រះយេស៊ូវក៏ចូលមក យាងជាមួយគេដែរ។ 16តែភ្នែកគេមិនអាចមើលស្គាល់ព្រះអង្គទេ។ 17ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «តើអ្នកនិយាយគ្នាពីរឿងអ្វី ទាំងដើរបណ្តើរ និយាយគ្នាបណ្ដើរដូច្នេះ?» គេក៏ឈរស្ងៀម មានទឹកមុខស្រងូត។ 18ម្នាក់ដែលឈ្មោះក្លេវប៉ាសឆ្លើយថា៖ «តើអ្នកស្នាក់នៅក្នុងក្រុងយេរូសាឡិមតែម្នាក់ឯងទេឬ បានជាមិនដឹងហេតុការណ៍ដែលកើតឡើង ក្នុងរវាងប៉ុន្មានថ្ងៃនេះ?» 19ព្រះអង្គសួរគេថា៖ «តើមានរឿងអ្វី?» គេឆ្លើយថា៖ «គឺពីរឿងលោកយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ជាហោរា ដែលការលោកធ្វើ និងពាក្យសម្ដីរបស់លោក សុទ្ធតែមានឫទ្ធិ នៅចំពោះព្រះ និងប្រជាជនទាំងឡាយ 20ហើយពីរបៀបដែលពួកសង្គ្រាជ និងពួកនាម៉ឺនរបស់យើងខ្ញុំ បានបញ្ជូនលោកទៅ ឲ្យជាប់ទោសដល់ជីវិត ហើយឆ្កាងលោកទៀតផង។ 21តែយើងខ្ញុំបានសង្ឃឹមថា គឺលោកនោះហើយ ជាអ្នករំដោះសាសន៍អ៊ីស្រាអែល ហើយឥឡូវក៏មានការនេះថែមទៀត ដ្បិតនេះគម្រប់បីថ្ងៃហើយ តាំងពីការទាំងនោះកើតមក។ 22ហើយមានស្ត្រីខ្លះ ក្នុងពួកយើងខ្ញុំបាននាំឲ្យឆ្ងល់ដែរ ដោយបានទៅឯផ្នូរពីព្រលឹម 23តែរកសពលោកមិនឃើញសោះ ហើយគេមកប្រាប់យើងថា ឃើញទេវតាលេចមកប្រាប់ថា លោករស់ឡើងវិញហើយ។ 24មានពួកយើងខ្ញុំខ្លះបានទៅឯផ្នូរដែរ ក៏ឃើញដូចជាពួកស្រ្តីទាំងនោះថាមែន តែមិនបានឃើញរូបលោកទេ»។ 25ពេលនោះ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តីដែលពួកហោរាបានទាយទុកមកអើយ 26តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខនឹងការទាំងនេះ ហើយចូលទៅក្នុងសិរីល្អរបស់ព្រះអង្គទេឬ?» 27បន្ទាប់មក ព្រះអង្គក៏ស្រាយន័យសេចក្តីដែលចែងអំពីព្រះអង្គនៅក្នុងគម្ពីរទាំងមូល ឲ្យគេស្តាប់ ចាប់ពីគម្ពីរលោកម៉ូសេ និងគម្ពីរហោរារៀងមក។ 28លុះគេដើរជិតដល់ភូមិដែលគេបម្រុងនឹងទៅ ហើយទ្រង់ធ្វើដូចជាចង់យាងបង្ហួស 29តែគេឃាត់ព្រះអង្គថា៖ «សូមនៅជាមួយយើងខ្ញុំសិន ព្រោះល្ងាច ថ្ងៃទាបណាស់ហើយ»។ ដូច្នេះ ព្រះអង្គក៏យាងចូលទៅគង់ជាមួយគេ។ 30ពេលគង់នៅតុជាមួយគ្នា ព្រះអង្គយកនំបុ័ងមកប្រទានពរ រួចកាច់ប្រទានទៅឲ្យគេ។ 31ពេលនោះ ភ្នែកគេក៏បើកភ្លឺឡើង ហើយគេបានស្គាល់ព្រះអង្គ តែព្រះអង្គក៏បាត់ពីមុខគេទៅភ្លាម។ 32គេនិយាយគ្នាថា៖ «តើយើងមិនមានសេចក្តីខ្មួលខ្មាញ់នៅក្នុងចិត្ត ក្នុងពេលដែលទ្រង់មានព្រះបន្ទូលមកកាន់យើង ហើយសម្តែងពីបទគម្ពីរប្រាប់យើង នៅតាមផ្លូវនោះទេឬ?» 33នៅវេលានោះឯង គេក៏ក្រោកឡើងត្រឡប់ទៅក្រុងយេរូសាឡិមវិញ ឃើញសាវកទាំងដប់មួយ និងអស់អ្នកដែលនៅជាមួយបានប្រជុំគ្នា។ 34គេនិយាយថា៖ «ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកឲ្យស៊ីម៉ូនឃើញ»។ 35ពេលនោះ គេក៏និយាយប្រាប់ពីការដែលកើតមានមកតាមផ្លូវ និងហេតុការណ៍ដែលគេបានស្គាល់ព្រះអង្គច្បាស់ ក្នុងពេលព្រះអង្គកាច់នំបុ័ងឲ្យ។
ព្រះយេស៊ូវលេចឲ្យពួកសិស្សឃើញ
(ម៉ាថាយ ២៨.១៦-២០ ម៉ាកុស ១៦.១៤-១៨ យ៉ូហាន ២០.១៩-២៣ កិច្ចការ ១.៦-៨)
36កាលពួកគេកំពុងនិយាយពីការនេះ ព្រះយេស៊ូវក៏ឈរនៅកណ្តាលពួកគេ មានព្រះបន្ទូលថា៖ «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្ត!»។ 37ប៉ុន្ដែ គេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលង។ 38ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ? 39ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន។ ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»។ 40ពេលព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទព្រះអង្គឲ្យគេឃើញ។ 41កាលពួកគេមិនទាន់ជឿនៅឡើយ ដោយព្រោះមានអំណរ និងសេចក្តីអស្ចារ្យ នោះព្រះអង្គមានព្រះបន្ទូលថា៖ «នៅទីនេះ តើអ្នករាល់គ្នាមានអ្វីបរិភោគឬទេ?» 42គេក៏យកត្រីអាំងមួយដុំ និងសំណុំឃ្មុំមកថ្វាយព្រះអង្គ 43ហើយព្រះអង្គទទួលយកមកសោយនៅមុខពួកគេ។ 44បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលថា៖ «នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសម្រេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកតម្កើងក្តី»។ 45ពេលនោះ ព្រះអង្គក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ 46ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺសេចក្តីនេះហើយ ដែលបានចែងទុកមក គឺថា ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយនៅថ្ងៃទីបី ព្រះអង្គនឹងរស់ពីស្លាប់ឡើងវិញ 47ហើយត្រូវឲ្យការប្រែចិត្ត និងការប្រោសឲ្យរួច បានប្រកាសប្រាប់ដល់អស់ទាំងសាសន៍ ក្នុងព្រះនាមព្រះអង្គ ចាប់តាំងពីក្រុងយេរូសាឡិមទៅ។ 48អ្នករាល់គ្នាជាស្មរបន្ទាល់ពីការទាំងនេះ 49ហើយមើល៍! ខ្ញុំនឹងឲ្យសេចក្តីសន្យារបស់ព្រះវរបិតា មកសណ្ឋិតលើអ្នករាល់គ្នា។ ចូរអ្នករាល់គ្នានៅតែក្នុងក្រុងយេរូសាឡិម រហូតដល់ព្រះចេស្តាពីស្ថានលើ បានមកគ្របដណ្តប់លើអ្នករាល់គ្នា»។
ព្រះយេស៊ូវយាងឡើងទៅស្ថានសួគ៌
(ម៉ាកុស ១៦.១៩-២០ កិច្ចការ ១.៩-១១)
50ពេលនោះ ព្រះអង្គនាំគេចេញទៅត្រឹមភូមិបេតថានី ហើយទ្រង់លើកព្រះហស្តឡើង ប្រទានពរពួកគេ។ 51កំពុងដែលព្រះអង្គប្រទានពរ នោះព្រះវរបិតាបានញែកព្រះអង្គចេញពីគេ លើកឡើងទៅស្ថានសួគ៌ទៅ។ 52គេក៏ថ្វាយបង្គំព្រះអង្គ រួចត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដោយអំណរជាខ្លាំង 53ហើយពួកគេនៅក្នុងព្រះវិហារជានិច្ច ទាំងសរសើរ និងលើកតម្កើងព្រះ។ អាម៉ែន។:៚
© 2016 United Bible Societies