YouVersion 標誌
搜尋圖標

យ៉ូហាន 5

5
ព្រះ‌យេស៊ូវ​ប្រោស​ជំងឺ​នៅ​ថ្ងៃ​សប្ប័ទ
1ក្រោយ​មក មាន​បុណ្យ​មួយ​របស់​សាសន៍​យូដា ហើយ​ព្រះ‌យេស៊ូវ​យាង​ឡើង​ទៅ​ក្រុង​យេរូ‌សាឡិម។
2នៅ​ក្រុង​យេរូ‌សាឡិម ជិត​ទ្វារ​ចៀម មាន​ស្រះ​មួយ ដែល​ភាសា​ហេព្រើរ​ហៅ​ថា បេថែស‌ដា ស្រះ​នោះ​មាន​ថែវ​ប្រាំ។ 3មាន​មនុស្ស​ដេក​នៅ​ក្នុង​សាលា​ទាំង​នោះ​ជា​ច្រើន ខ្លះ​ឈឺ ខ្លះ​ខ្វាក់ ខ្លះ​ខ្វិន ខ្លះ​ស្វិត [គេ​រង់​ចាំ​ទឹក​កម្រើក​ឡើង 4ដ្បិត​មាន​ពេល​មួយ ទេវតា​នៃ​ព្រះ‌អម្ចាស់​ចុះ​មក​កូរ​ទឹក​ក្នុង​ស្រះ​នោះ ហើយ​អ្នក​ណា​ដែល​ចុះ​ទៅ​បាន​មុន​គេ​នឹង​ជា​ស្អាត ទោះ​បើ​មាន​ជំងឺ​អ្វី​ក៏​ដោយ។] 5នៅ​ទី​នោះ​មាន​បុរស​ម្នាក់ ដែល​ឈឺ​សាមសិប‌ប្រាំបី​ឆ្នាំ​មក​ហើយ 6កាល​ព្រះ‌យេស៊ូវ​ទត​ឃើញ​គាត់​ដេក​នៅ​ទី​នោះ ហើយ​ជ្រាប​ថា គាត់​ឈឺ​ដូច្នោះ​យូរ​មក​ហើយ ទ្រង់​ក៏​មាន​ព្រះ‌បន្ទូល​សួរ​គាត់​ថា៖ «តើ​អ្នក​ចង់​ជា​ឬ​ទេ?» 7អ្នក​ជំងឺ​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ ពេល​ណា​ដែល​ទឹក​កម្រើក​ឡើង គ្មាន​អ្នក​ណា​ដាក់​ខ្ញុំ​ទៅ​ក្នុង​ស្រះ​ទេ ហើយ​ពេល​ខ្ញុំ​កំពុង​ចុះ នោះ​មាន​ម្នាក់​ចុះ​ទៅ​មុន​ខ្ញុំ​រហូត»។ 8ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «ចូរ​ក្រោក​ឡើង យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ»។ 9ស្រាប់​តែ​អ្នក​នោះ​បាន​ជា​ភ្លាម ហើយ​យក​កន្ទេល​របស់​ខ្លួន​ដើរ​ទៅ។ ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ។
10ដូច្នេះ ពួក​សាសន៍​យូដា​និយាយ​ទៅ​អ្នក​ដែល​បាន​ជា​នោះ​ថា៖ «ថ្ងៃ​នេះ​ជា​ថ្ងៃ​សប្ប័ទ អ្នក​គ្មាន​ច្បាប់​នឹង​លី​កន្ទេល​របស់​អ្នក​ទេ»។ 11គាត់​ឆ្លើយ​ទៅ​គេ​ថា៖ «លោក​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ជា បង្គាប់​ថា "ចូរ​យក​កន្ទេល​របស់​អ្នក ហើយ​ដើរ​ទៅ"»។ 12គេ​សួរ​គាត់​ថា៖ «តើ​អ្នក​ណា​ប្រាប់​អ្នក​ថា "ចូរ​យក​កន្ទេល ហើយ​ដើរ​ទៅ" ដូច្នេះ?» 13តែ​អ្នក​ដែល​បាន​ជា មិន​ស្គាល់​ថា​អ្នក​ណា​ទេ ព្រោះ​ព្រះ‌យេស៊ូវ​យាង​ចេញ​ពី​បណ្តា‌ជន​ដែល​នៅ​ទី​នោះ​ផុត​ទៅ​ហើយ។ 14ក្រោយ​មក ព្រះ‌យេស៊ូវ​ឃើញ​គាត់​នៅ​ក្នុង​ព្រះ‌វិហារ ក៏​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «មើល៍ អ្នក​បាន​ជា​ហើយ កុំ​ធ្វើ​បាប​ទៀត ក្រែង​អ្នក​មាន​សេចក្តី​អាក្រក់​ជាង​មុន»។ 15អ្នក​នោះ​ក៏​ចេញ​ទៅ​ប្រាប់​ពួក​សាសន៍​យូដា ឲ្យ​ដឹង​ថា គឺ​ព្រះ‌យេស៊ូវ​ដែល​ប្រោស​គាត់​ឲ្យ​ជា។ 16ហេតុ​នោះ​ហើយ​បាន​ជា​ពួក​សាសន៍​យូដា ចាប់​ផ្តើម​បៀត‌បៀន​ព្រះ‌យេស៊ូវ ព្រោះ​ព្រះ‌អង្គ​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ។ 17ប៉ុន្តែ ព្រះ‌យេស៊ូវ​ឆ្លើយ​ទៅ​គេ​ថា៖ «ព្រះ‌វរបិតា​ខ្ញុំ ទ្រង់​ធ្វើ​ការ​ដរាប​មក​ដល់​ឥឡូវ​នេះ ហើយ​ខ្ញុំ​ក៏​ធ្វើ​ការ​ដែរ»។ 18ដោយ​ហេតុ​នេះ ពួក​សាសន៍​យូដា​រក​សម្លាប់​ព្រះ‌អង្គ​រឹត​តែ​ខ្លាំង​ឡើង ព្រោះ​ព្រះ‌អង្គ​មិន​មែន​គ្រាន់​តែ​រំលង​ច្បាប់​ថ្ងៃ​សប្ប័ទ​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ហៅ​ព្រះ​ថា ជា​ព្រះ‌វរបិតា​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​លើក​អង្គ​ទ្រង់​ស្មើ​នឹង​ព្រះ​ទៀត​ផង។
អំណាច​របស់​ព្រះ‌រាជបុត្រា
19ដូច្នេះ ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ព្រះ‌រាជ‌បុត្រា​ពុំ​អាច​ធ្វើ​អ្វី ដោយ​អង្គ​ទ្រង់​ផ្ទាល់​បាន​ឡើយ គឺ​ធ្វើ​តែ​កិច្ច‌ការ​ណា ដែល​ឃើញ​ព្រះ‌វរបិតា​ធ្វើ​ប៉ុណ្ណោះ ដ្បិត​កិច្ច‌ការ​អ្វី​ដែល​ព្រះ‌វរបិតា​ធ្វើ ព្រះ‌រាជ‌បុត្រា​ក៏​ធ្វើ​កិច្ច‌ការ​នោះ​ដែរ។ 20ដ្បិត​ព្រះ‌វរបិតា​ស្រឡាញ់​ព្រះ‌រាជ‌បុត្រា ហើយ​បង្ហាញ​ឲ្យ​ព្រះ‌រាជ‌បុត្រា​ឃើញ អស់​ទាំង​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​ធ្វើ ព្រះ‌អង្គ​នឹង​បង្ហាញ​ឲ្យ​ឃើញ​ធំ​លើស​ជាង​កិច្ច‌ការ​ទាំង​នេះ​ទៅ​ទៀត ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សេចក្តី​អស្ចារ្យ។ 21ដូច​ដែល​ព្រះ‌វរបិតា​ប្រោស​មនុស្ស​ស្លាប់ ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​យ៉ាង​ណា ព្រះ‌រាជ‌បុត្រា​ក៏​ប្រទាន​ជីវិត​ដល់​អ្នក​ណា ដែល​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​យ៉ាង​នោះ​ដែរ។ 22ព្រះ‌វរបិតា​មិន​ជំនុំ‌ជម្រះ​អ្នក​ណា​ទេ តែ​ព្រះ‌អង្គ​បាន​ប្រគល់​គ្រប់​ទាំង​ការ​ជំនុំ‌ជម្រះ ដល់​ព្រះ‌រាជ‌បុត្រា​វិញ 23ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​គោរព​ប្រតិបត្តិ​ព្រះ‌រាជ‌បុត្រា ដូច​ជា​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា​ដែរ។ អ្នក​ណា​ដែល​មិន​គោរព​ប្រតិបត្តិ​ព្រះ‌រាជ​បុត្រា អ្នក​នោះ​ក៏​មិន​គោរព​ប្រតិបត្តិ​ព្រះ‌វរបិតា ដែល​ចាត់​ព្រះ‌អង្គ​ឲ្យ​មក​ដែរ។ 24ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ដែល​ស្តាប់​ពាក្យ​ខ្ញុំ ហើយ​ជឿ​ដល់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក អ្នក​នោះ​មាន​ជីវិត​អស់​កល្ប​ជា‌និច្ច ហើយ​មិន​ត្រូវ​ជំនុំ‌ជម្រះ​ឡើយ គឺ​បាន​រួច​ផុត​ពី​សេចក្តី​ស្លាប់​ទៅ​ដល់​ជីវិត​វិញ។
25ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា ពេល​វេលា​នោះ​នឹង​មក​ដល់ គឺ​ឥឡូវ​នេះ​ហើយ ដែល​មនុស្ស​ស្លាប់​នឹង​ឮ​សំឡេង​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ ហើយ​អស់​អ្នក​ណា​ដែល​ឮ​នឹង​បាន​រស់។ 26ដ្បិត​ដែល​ព្រះ‌វរបិតា​មាន​ជីវិត​ក្នុង​អង្គ​ទ្រង់​យ៉ាង​ណា ព្រះ‌អង្គ​ក៏​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា​មាន​ជីវិត ក្នុង​អង្គ​ទ្រង់​យ៉ាង​នោះ​ដែរ 27ហើយ​ព្រះ‌វរបិតា​បាន​ប្រទាន​ឲ្យ​ព្រះ‌រាជ‌បុត្រា មាន​អំណាច​ជំនុំ‌ជម្រះ ព្រោះ​ព្រះ‌អង្គ​ជា​កូន​មនុស្ស។ 28កុំ​ឲ្យ​ឆ្ងល់​ពី​សេចក្តី​នេះ​ឡើយ ដ្បិត​ពេល​វេលា​នោះ​នឹង​មក​ដល់ ដែល​អស់​ទាំង​ខ្មោច​នៅ​ក្នុង​ផ្នូរ​នឹង​ឮ​សំឡេង​ព្រះ‌អង្គ ហើយ​ចេញ​មក។ 29អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្អ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​បាន​ជីវិត ហើយ​ពួក​អ្នក​ដែល​បាន​ប្រព្រឹត្ត​អាក្រក់ គេ​នឹង​រស់​ឡើង​វិញ​ឲ្យ​ជាប់​មាន​ទោស»។
បន្ទាល់​អំពី​អំណាច​របស់​ព្រះ‌យេស៊ូវ
30«ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​ដោយ​ខ្លួន​ខ្ញុំ​បាន​ទេ ខ្ញុំ​ជំនុំ‌ជម្រះ​តាម​ដែល​ខ្ញុំ​ឮ ហើយ​ការ​ជំនុំ‌ជម្រះ​របស់​ខ្ញុំ​សុចរិត ព្រោះ​ខ្ញុំ​មិន​ធ្វើ​តាម​បំណង​ចិត្ត​ខ្ញុំ​ទ្បើយ គឺ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក។
31ប្រសិន‌បើ​ខ្ញុំ​ធ្វើ​បន្ទាល់​ពី​ខ្លួន​ខ្ញុំ បន្ទាល់​របស់​ខ្ញុំ​មិន​ពិត​ទេ។ 32ប៉ុន្តែ មាន​ម្នាក់​ទៀត​ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា បន្ទាល់​ដែល​អ្នក​នោះ​ថ្លែង​អំពី​ខ្ញុំ នោះ​ពិត​ប្រាកដ​មែន។ 33អ្នក​រាល់​គ្នា​បាន​ចាត់​គេ​ឲ្យ​ទៅ​រក​លោក​យ៉ូហាន ហើយ​លោក​ក៏​ធ្វើ​បន្ទាល់​តាម​សេចក្តី​ពិត។ 34បន្ទាល់​ដែល​ខ្ញុំ​ទទួល​មិន​មែន​មក​ពី​មនុស្ស​ទេ ប៉ុន្តែ ខ្ញុំ​និយាយ​សេចក្តី​ទាំង​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​សង្គ្រោះ។ 35ឯ​លោក​យ៉ូហាន លោក​ជា​ចង្កៀង​ដែល​ឆេះ ហើយ​ភ្លឺ អ្នក​រាល់​គ្នា​ក៏​ចូល​ចិត្ត អរ​សប្បាយ​ក្នុង​ពន្លឺ​របស់​លោក​មួយ​គ្រា​ដែរ។ 36ប៉ុន្តែ ខ្ញុំ​មាន​បន្ទាល់ វិសេស​ជាង​បន្ទាល់​របស់​លោក​យ៉ូហាន​ទៅ​ទៀត ព្រោះ​កិច្ច‌ការ​ដែល​ព្រះ‌វរបិតា​បាន​ប្រគល់​ឲ្យ​ខ្ញុំ​បង្ហើយ គឺ​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​នេះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ​ថា ព្រះ‌វរបិតា​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ 37ព្រះ‌វរបិតា​ដែល​ចាត់​ខ្ញុំ​ឲ្យ​មក ទ្រង់​បាន​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ ហើយ​អ្នក​រាល់​គ្នា​មិន​ដែល​ឮ​សំឡេង​ព្រះ‌អង្គ ក៏​មិន​ដែល​ឃើញ​រូប​រាង​ព្រះ‌អង្គ​ផង។ 38អ្នក​រាល់​គ្នា​គ្មាន​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ នៅ​ជាប់​ក្នុង​ខ្លួន​សោះ ព្រោះ​អ្នក​រាល់​គ្នា​មិន​ជឿ​ព្រះ‌អង្គ ដែល​ព្រះ‌វរបិតា​បាន​ចាត់​ឲ្យ​មក។
39អ្នក​រាល់​គ្នា​សិក្សា​គម្ពីរ ដោយ​ស្មាន​ថា បាន​ជីវិត​អស់​កល្ប​ជា‌និច្ច​ពី​គម្ពីរ​នោះ ដ្បិត​គម្ពីរ​នោះ​ហើយ ដែល​ធ្វើ​បន្ទាល់​អំពី​ខ្ញុំ 40តែ​អ្នក​រាល់​គ្នា​មិន​ព្រម​មក​រក​ខ្ញុំ ឲ្យ​បាន​ជីវិត​ឡើយ។ 41ខ្ញុំ​មិន​ទទួល​កិត្តិសព្ទ​ពី​មនុស្ស​ទេ។ 42ប៉ុន្តែ ខ្ញុំ​ដឹង​ថា អ្នក​រាល់​គ្នា​គ្មាន​សេចក្តី​ស្រឡាញ់​របស់​ព្រះ​នៅ​ក្នុង​ខ្លួន​សោះ។ 43ខ្ញុំ​មក​ក្នុង​ព្រះ‌នាម​របស់​ព្រះ‌វរបិតា​ខ្ញុំ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​ខ្ញុំ​ទេ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ទៀត​មក ក្នុង​នាម​របស់​គេ អ្នក​រាល់​គ្នា​នឹង​ទទួល​អ្នក​នោះ​វិញ។ 44ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​បាន បើ​អ្នក​រាល់​គ្នា​ទទួល​កិត្តិសព្ទ​តែ​ពី​គ្នា​ទៅ​វិញ​ទៅ​មក តែ​មិន​ស្វែង​រក​កិត្តិសព្ទ​ដែល​មក​ពី​ព្រះ‌អង្គ ជា​ព្រះ​តែ​មួយ​អង្គ​ដូច្នេះ? 45កុំ​ស្មាន​ថា ខ្ញុំ​នឹង​ប្តឹង​ព្រះ‌វរបិតា​ពី​អ្នក​រាល់​គ្នា​នោះ​ឡើយ មាន​ម្នាក់​ដែល​ប្តឹង​ពី​អ្នក​រាល់​គ្នា​ហើយ គឺ​លោក​ម៉ូសេ ដែល​អ្នក​រាល់​គ្នា​យក​ជា​ទី​សង្ឃឹម។ 46ប្រសិន‌បើ​អ្នក​រាល់​គ្នា​ជឿ​ដល់​លោក​ម៉ូសេ អ្នក​រាល់​គ្នា​នឹង​ជឿ​ដល់​ខ្ញុំ​មិន​ខាន ព្រោះ​លោក​បាន​ចែង​ទុក​អំពី​ខ្ញុំ។ 47ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ជឿ​សេចក្តី​ដែល​លោក​បាន​ចែង​ទុក​មក​ទេ ធ្វើ​ដូច​ម្តេច​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ពាក្យ​របស់​ខ្ញុំ​បាន?»

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入