YouVersion 標誌
搜尋圖標

យ៉ះយ៉ា 3

3
ណាពី​អ៊ីសា​សន្ទនា​ជា​មួយ​លោក​នីកូដេម
1មាន​នាម៉ឺន​ជាតិ​យូដា​ម្នាក់ ឈ្មោះ​នីកូ‌ដេម លោក​នៅ​ខាង​គណៈ​ផារីស៊ី។ 2គាត់​បាន​មក​ជួប​អ៊ីសា​ទាំង​យប់ ហើយ​និយាយ​ថា៖ «តួន​យើង​ខ្ញុំ​ដឹង​ថា​អុលឡោះ​បាន​ចាត់​តួន​ឲ្យ​មក​បង្រៀន​យើង​ខ្ញុំ ដ្បិត​គ្មាន​នរណា​អាច​ធ្វើ​ទី​សំគាល់​ដូច​តួន​បាន​ឡើយ វៀរ​លែង​តែ​អុលឡោះ​នៅ​ជា​មួយ​អ្នក​នោះ»។ 3អ៊ីសា​ប្រាប់​ទៅ​គាត់​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ជា​ថ្មីទេ គេ​មិន​អាច​ឃើញ​នគរ​របស់​អុលឡោះ​បាន​ឡើយ»។ 4លោក​នីកូដេម​សួរ​អ៊ីសា​ថា៖ «ចុះ​បើ​មនុស្ស​មាន​វ័យ​ចាស់​ទៅ​ហើយ ធ្វើ​ដូច​ម្ដេច​អាច​កើត​ម្ដង​ទៀត​បាន? តើ​គេ​អាច​ចូល​ទៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​កើត​ម្ដង​ទៀត​បាន​ឬ?»។ 5អ៊ីសា​ឆ្លើយ​ថា៖ «ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ច្បាស់​ថា ប្រសិន​បើ​មនុស្ស​មិន​កើត​ពី​ទឹក និង​ពី​រស‌អុលឡោះ​ទេ គេ​ពុំ​អាច​ចូល​ក្នុង​នគរ​អុលឡោះ​បាន​ឡើយ។ 6អ្នក​ណា​កើត​មក​ជា​មនុស្ស អ្នក​នោះ​នៅ​តែ​ជា​មនុស្ស​ដដែល រីឯ​អ្នក​ដែល​កើត​ពី​រស‌អុលឡោះ​វិញ មាន​រស‌អុលឡោះ​ក្នុង​ខ្លួន។ 7ពេល​ខ្ញុំ​ប្រាប់​អ្នក​ថា “អ្នក​រាល់​គ្នា​ត្រូវ​កើត​ជា​ថ្មី” សូម​កុំ​ឆ្ងល់​ឲ្យ​សោះ។ 8ខ្យល់ចង់​បក់​ទៅ​ទិស​ណា​ក៏​បាន លោក​ឮ​ស្នូរ​វា តែ​លោក​ពុំ​ដឹង​ថា​ខ្យល់​បក់​មក​ពី​ទី​ណា ទៅ​ទី​ណា​ឡើយ រីឯ​អ្នក​ដែល​កើត​មក​ពី​រស‌អុលឡោះ ក៏​ដូច្នោះ​ដែរ»។ 9លោក​នីកូដេម​សួរ​អ៊ីសា​ថា៖ «តើ​ការ​ទាំង​នេះ​អាច​នឹង​កើត​ឡើង​ដូច​ម្ដេច​បាន?»។ 10អ៊ីសា​មាន​ប្រសាសន៍​ថា៖ «អ្នក​ជា​តួន​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល ម្ដេច​ក៏​អ្នក​មិន​ជ្រាប​សេចក្ដី​ទាំង​នេះ? 11ខ្ញុំ​ប្រាប់​អ្នក​ឲ្យ​ដឹង​ច្បាស់​ថា យើង​និយាយ​អំពី​សេចក្ដី​ណា​ដែល​យើង​ដឹង ហើយ​យើង​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​នូវ​ហេតុ‌ការណ៍​ណា​ដែល​យើង​បាន​ឃើញ តែ​អ្នក​រាល់​គ្នា​មិន​ទទួល​សក្ខី‌ភាព​របស់​យើង​ទេ។ 12ពេល​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​លើ​ផែនដី អ្នក​រាល់​គ្នា​មិន​ជឿ​ទៅ​ហើយ ចុះ​ទំរាំ​បើ​ខ្ញុំ​និយាយ​អំពី​ហេតុ‌ការណ៍​នៅ​សូរ៉កា​វិញ តើ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដូច​ម្ដេច​បាន!។ 13ពុំ​ដែល​មាន​នរណា​បាន​ឡើង​ទៅ​សូរ៉កា​ឡើយ គឺ​មាន​តែ​បុត្រា​មនុស្សប៉ុណ្ណោះ ដែល​បាន​ចុះ​ពី​សូរ៉កា​មក។
14កាល​នៅ​វាល​រហោ‌ស្ថាន ម៉ូសា​បាន​លើក​សត្វ​ពស់​ឡើង​យ៉ាង​ណា បុត្រា​មនុស្ស​នឹង​ត្រូវ​គេ​លើក​ឡើងយ៉ាង​នោះ​ដែរ 15ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​គាត់ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ 16អុលឡោះ​ស្រឡាញ់​មនុស្ស​លោក​ខ្លាំង​ណាស់ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​ប្រទាន​បុត្រា​តែ​មួយ​របស់​ទ្រង់​មក ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ជឿ​លើ​បុត្រា​នោះ មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច គឺ​មិន​ឲ្យ​គេ​វិនាស​ឡើយ។ 17អុលឡោះ​បាន​ចាត់​បុត្រា​របស់​ទ្រង់ ឲ្យ​មក​ក្នុង​លោក​នេះ ពុំ​មែន​ដើម្បី​ដាក់​ទោស​មនុស្ស​លោក​ទេ គឺ​ដើម្បី​សង្គ្រោះ​មនុស្ស​លោក ដោយ‌សារ​បុត្រា​វិញ។ 18អ្នក​ជឿ​លើ​បុត្រា មិន​ត្រូវ​ទទួល​ទោស​ទេ​រីឯ​អ្នក​មិន​ជឿ បាន​ទទួល​ទោស​រួច​ស្រេច​ទៅ​ហើយ ព្រោះ​គេ​ពុំ​បាន​ជឿ​លើ​នាម​នៃ​បុត្រា​តែ​មួយ​របស់​អុលឡោះ។ 19ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ទោស​នោះ គឺ​ពន្លឺ​បាន​មក​ក្នុង​ពិភព​លោក ប៉ុន្ដែ មនុស្ស​លោក​ចូល​ចិត្ដ​ភាព​ងងឹត​ជាង​ពន្លឺ ដ្បិត​អំពើ​របស់​គេ​សុទ្ធ​តែ​អាក្រក់។ 20អស់​អ្នក​ដែល​ប្រព្រឹត្ដ​អំពើ​អាក្រក់​តែងតែ​ស្អប់​ពន្លឺ ហើយ​មិន​ចូល​មក​រក​ពន្លឺ​ឡើយ ព្រោះ​ខ្លាច​គេ​ឃើញ​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ។ 21ផ្ទុយ​ទៅ​វិញ អស់​អ្នក​ដែល​ប្រព្រឹត្ដ​តាម​សេចក្ដី​ពិត តែងតែ​ចូល​មក​រក​ពន្លឺ ដើម្បី​ឲ្យ​គេ​ឃើញ​ថា អំពើ​ដែល​ខ្លួន​ប្រព្រឹត្ដ​នោះ ស្រប​តាម​អុលឡោះ​មែន»។
សក្ខី‌ភាព​របស់​ណាពី​យ៉ះយ៉ា
22បន្ទាប់​មក អ៊ីសា​ទៅ​ស្រុក​យូដា​ជា​មួយ​ពួក​សិស្ស។ អ៊ីសា​ស្នាក់​នៅ​ទី​នោះ​ជា​មួយ​គេ​ព្រម​ទាំង​ជ្រមុជ​ទឹក​ឲ្យ​បណ្ដា‌ជន​ផង។ 23រីឯ​យ៉ះយ៉ា​វិញ គាត់​ក៏​ជ្រមុជ​ទឹក​ឲ្យ​គេ នៅ​អេណូន ក្បែរ​ភូមិ​សាលីម​ដែរ ព្រោះ​នៅ​ទី​នោះ​មាន​ទឹក​ច្រើន។ មនុស្ស‌ម្នា​នាំ​គ្នា​មក​រក​យ៉ះយ៉ា ហើយ​គាត់​ជ្រមុជ​ទឹក​ឲ្យ។ 24កាល​ណោះ​យ៉ះយ៉ា​មិន​ទាន់​ជាប់​ឃុំ‌ឃាំង​នៅ​ឡើយ​ទេ។
25ពេល​នោះ ពួក​សិស្ស​របស់​យ៉ះយ៉ា និង​ជន‌ជាតិ​យូដា​ម្នាក់ ជជែក​គ្នា​អំពី​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ។ 26គេ​នាំ​គ្នា​ទៅ​ជួប​យ៉ះយ៉ា​ជម្រាប​ថា៖ «តួន! បុរស​ដែល​នៅ​ជា​មួយ​តួន ខាង​នាយ​ទន្លេ​យ័រ‌ដាន់​ពី​ថ្ងៃ​មុន ហើយ​ដែល​តួន​ផ្ដល់​សក្ខី‌ភាព​ឲ្យ​នោះ ឥឡូវ​នេះ គាត់​កំពុង​តែ​ជ្រមុជ​ទឹក​ឲ្យ​គេ មនុស្ស​ទាំង​អស់​នាំ​គ្នា​ទៅ​រក​គាត់»។ 27យ៉ះយ៉ា​មាន​ប្រសាសន៍​តប​ទៅ​គេ​ថា៖ «បើ​អុលឡោះ​មិន​ប្រទាន​ឲ្យ​ទេ គ្មាន​នរណា​ម្នាក់​អាច​ធ្វើ​អ្វី​កើត​ឡើយ។ 28អ្នក​រាល់​គ្នា​ជា​បន្ទាល់​ស្រាប់​ហើយ ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​មិន​មែន​ជា​អាល់ម៉ា‌ហ្សៀស​ទេ គឺ​អុលឡោះ​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​មុន​គាត់។ 29នៅ​ក្នុង​ពិធី​មង្គល​ការ កូន​ក្រមុំ​រៀប‌ការ​នឹង​អ្នក​ណា អ្នក​នោះ​ហើយ​ជា​ស្វាមី។ រីឯ​មិត្ដ​សម្លាញ់​របស់​ស្វាមី គេ​ឈរ​ស្ដាប់​នៅ​ក្បែរ​គាត់ និង​មាន​ចិត្ដ​ត្រេក‌អរ​ក្រៃ‌លែង​ដោយ​បាន​ឮ​សំឡេង​របស់​គាត់។ ខ្ញុំ​ក៏​ពោរ‌ពេញ​ដោយ​អំណរ​ដូច្នោះ​ដែរ។ 30អាល់ម៉ា‌ហ្សៀស​ត្រូវ​តែ​ចំរើន​ឡើង រីឯ​ខ្ញុំ​វិញ ខ្ញុំ​ត្រូវ​តែ​អន់​ថយ។ 31គាត់​ដែល​ចុះ​ពី​សូរ៉កា​មក គាត់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ អ្នក​ដែល​កើត​ពី​លោកីយ៍​នៅ​តែ​ជា​លោកីយ៍​ដដែល ហើយ​និយាយ​តែ​ពី​រឿង​លោកីយ៍។ គាត់​ដែល​ចុះ​ពី​សូរ៉កា​មក​គាត់​មាន​ឋានៈ​ធំ​លើស​គេ​ទាំង​អស់។ 32គាត់​ធ្វើ​ជា​បន្ទាល់​បញ្ជាក់​ពី​អ្វីៗ​ទាំង​អស់ ដែល​គាត់​បាន​ឃើញ និង​បាន​ឮ ប៉ុន្ដែ គ្មាន​នរណា​ទទួល​សក្ខី‌ភាព​របស់​គាត់​ទេ។ 33អ្នក​ណា​ដែល​ទទួល​សក្ខី‌ភាព​របស់​គាត់​បាន​បញ្ជាក់​ថា អុលឡោះ​បាន​សំដែង​សេចក្ដី​ពិត​មែន។ 34គាត់​ដែល​អុលឡោះ​ចាត់​ឲ្យ​មក ថ្លែង​បន្ទូល​របស់​អុលឡោះ ព្រោះ​អុលឡោះ​ប្រទាន​រស‌អុលឡោះ​មក​គាត់​យ៉ាង​បរិបូណ៌។ 35អុលឡោះ​ជា​បិតា​ស្រឡាញ់​បុត្រា ហើយ​បាន​ប្រគល់​អ្វីៗ​ទាំង​អស់ ឲ្យ​នៅ​ក្រោម​អំណាច​របស់​បុត្រា។ 36អ្នក​ណា​ជឿ​លើ​បុត្រា អ្នក​នោះ​មាន​ជីវិត​អស់‌កល្ប​ជា‌និច្ច។ អ្នក​ណា​មិន​ព្រម​ជឿ​លើ​បុត្រា អ្នក​នោះ​មិន​បាន​ទទួល​ជីវិត​ឡើយ គឺ​គេ​ត្រូវ​ទទួល​ទោស​ពី​អុលឡោះ»។

醒目顯示

分享

複製

None

想在你所有裝置上儲存你的醒目顯示?註冊帳戶或登入