YouVersion Logo
تلاش

Matthew 5

5
1 កាល​បាន​ឃើញ​បណ្ដាជន​ ព្រះអង្គ​ក៏​យាង​ឡើង​លើ​ភ្នំ​ ហើយ​អង្គុយ​ចុះ​ ពួក​សិស្ស​របស់​ព្រះអង្គ​បាន​ចូល​មក​ជិត​ព្រះអង្គ​
2 រួច​ព្រះអង្គ​ក៏​ចាប់​ផ្ដើម​បង្រៀន​ពួកគេ​ថា៖​
3 «មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​
4 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​យំ​សោក​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​ការ​កម្សាន្ដ​ចិត្ដ។​
5 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្លូត​ត្រង់​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ផែនដី​ជា​មរតក។​
6 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្ដី​សុចរិត​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឆ្អែត។​
7 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​មានចិត្ដ​មេត្ដា​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ទទួល​សេចក្ដី​មេត្ដា។​
8 មាន​ពរ​ហើយ​ អស់​អ្នក​មាន​ចិត្ដ​បរិសុទ្ធ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​បាន​ឃើញ​ព្រះជាម្ចាស់។​
9 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ផ្សះផ្សាគេ​ ដ្បិត​អ្នក​ទាំង​នោះ​នឹង​ត្រូវ​បាន​ហៅ​ថា​ជា​កូន​របស់​ព្រះជាម្ចាស់។​
10 មាន​ពរ​ហើយ​ អស់​អ្នក​ដែល​ត្រូវ​គេ​បៀតបៀន​ដោយ​ព្រោះ​តែ​សេចក្ដី​សុចរិត​ ដ្បិត​នគរ​ស្ថានសួគ៌​ជា​របស់​អ្នក​ទាំង​នោះ។​
11 អ្នក​រាល់គ្នា​មាន​ពរ​ហើយ​ ក្នុង​កាល​ដែល​គេ​ជេរ​ បៀតបៀន​ និយាយ​អាក្រក់​បង្ខូច​អ្នក​រាល់គ្នា​គ្រប់​បែប​យ៉ាង​ដោយ​ព្រោះ​ខ្ញុំ‍។​
12 ចូរ​មាន​អំណរ​ ហើយ​រីករាយ​ជាខ្លាំង​ឡើង​ ដ្បិត​អ្នក​រាល់គ្នា​មាន​រង្វាន់​ជា​ធំ​នៅ​ឯ‍​ស្ថានសួគ៌​ ព្រោះ​គេ​បាន​បៀតបៀន​អ្នក​នាំ​ព្រះបន្ទូល​ដែល​នៅ​មុន​អ្នក​រាល់គ្នា​បែប​ដូច្នោះ​ដែរ។​
13 អ្នក​រាល់គ្នា​ជា​អំបិល​នៃ​ផែនដី​ ប៉ុន្ដែ​បើ​អំបិល​បាត់​ជាតិ​ប្រៃ​ តើ​នឹង​យក​អ្វី​មក​ធ្វើ​ឲ្យ​ប្រៃ​វិញ​បាន?​ វា​គ្មាន​ប្រយោជន៍​អ្វី​ទៀត​ទេ​ មាន​តែ​បោះ​ចោល​ឲ្យ​មនុស្ស​ដើរ​ជាន់​ប៉ុណ្ណោះ​
14 អ្នក​រាល់គ្នា​ជា​ពន្លឺ​នៃ​លោកិយ​ ទី​ក្រុង​ដែល​តាំង​នៅ​លើ​ភ្នំ​មិន​អាច​លាក់​បាំង​បាន​ទេ​
15 ក៏​គ្មាន​អ្នកណា​អុជ​ចង្កៀង​ដាក់​នៅ​ក្រោម​ថាំង​ដែរ​ គឺ​ដាក់​នៅ​លើ​ជើង​ចង្កៀង​វិញ​ ដើម្បី​ឲ្យ​ភ្លឺ​ដល់​មនុស្ស​ទាំងអស់​នៅ​ក្នុង​ផ្ទះ។​
16 ចូរ​ឲ្យ​ពន្លឺ​អ្នក​រាល់គ្នា​ភ្លឺ​នៅ​ចំពោះ​មុខ​មនុស្ស​យ៉ាង​នោះ​ដែរ​ ដើម្បី​ឲ្យ​គេ​ឃើញ​ការ​ល្អ​របស់​អ្នក​រាល់គ្នា​ រួច​សរសើរ​តម្កើង​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​។​
17 កុំ​គិត​ថា​ ខ្ញុំ​មក​បំផ្លាញ​គម្ពីរ​វិន័យ​ ឬ​ពាក្យ​របស់​អ្នក​នាំ​ព្រះបន្ទូល​ឲ្យ​សោះ​ ខ្ញុំ​មិន​មែន​មក​បំផ្លាញ​ទេ​ ប៉ុន្ដែ​ខ្ញុំ​មក​ធ្វើ​ឲ្យ​សម្រេច​វិញ​
18 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ប្រាកដ​ថា​ រហូត​ដល់​ផ្ទៃ​មេឃ​ និង​ផែនដី​វិនាស​ទៅ​ ក៏​គ្មាន​សញ្ញា​ក្បៀស​ ឬ​សញ្ញា​បន្តក់​ណា​មួយ​ក្នុង​គម្ពីរ​វិន័យ​ត្រូវ​លុប​បំបាត់​ចោល​ដែរ​ លុះត្រា​តែ​អ្វីៗ​បាន​សម្រេច​ជា​មុន​សិន។​
19 ដូច្នេះ​ អ្នកណា​ល្មើស​បញ្ញត្ដិ​តូច​បំផុត​មួយ​ក្នុង​ចំណោម​បញ្ញត្ដិ​ទាំង​នេះ​ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​ដូច្នោះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​នៅ​ក្នុង​នគរ​ស្ថានសួគ៌​ ប៉ុន្ដែ​អ្នកណា​ដែល​អនុវត្ដ​តាម​ និង​បង្រៀន​បញ្ញត្ដិ​ទាំង​នេះ​ អ្នក​នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​នៅក្នុង​នគរ​ស្ថានសួគ៌។​
20 ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ បើ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​ មិន​លើស​សេចក្ដី​សុចរិត​របស់​ពួក​គ្រូវិន័យ​ និង​ពួក​អ្នក​ខាង​គណៈ​ផារិស៊ី​ទេ​ នោះ​អ្នក​រាល់គ្នា​មិន​អាច​ចូល​នគរ​ស្ថានសួគ៌​បាន​ឡើយ។​
21 អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់​មុន​ថា​ កុំ​សម្លាប់​មនុស្ស​ឲ្យ​សោះ​ អ្នកណា​សម្លាប់​មនុស្ស​ អ្នក​នោះ​នឹង​ត្រូវ​ជាប់​ទោស​
22 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​ខឹង​នឹង​បងប្អូន​ខ្លួន​ឯង​ នោះ​នឹង​ត្រូវ​ជាប់​ទោស​ដែរ​ ហើយ​អ្នកណា​ហៅ​បងប្អូន​ខ្លួន​ឯង​ថា​ «អាឡប់»​ អ្នក​នោះ​នឹង​ត្រូវ​ក្រុម​ប្រឹក្សា​កំពូល​ដាក់​ទោស‍។​ អ្នកណា​ដែល​ជេរ​គេ​ថា​ «អាឆ្កួត»​ អ្នក​នោះ​នឹង​ត្រូវ​ធ្លាក់​ក្នុង​ភ្លើង​នរក‍។​
23 ដូច្នេះ​បើ​អ្នក​នាំ​តង្វាយ​មក​កន្លែង​ថ្វាយ​តង្វាយ​ ហើយ​នៅ​ទីនោះ​ អ្នក​ចាំ​ថា​ បង​ប្អូន​របស់​អ្នក​មាន​រឿង​ទាស់​នឹង​អ្នក​
24 ចូរ​ទុក​តង្វាយ​នៅ​ទី​នោះ​ នៅ​មុខ​កន្លែង​ថ្វាយ​តង្វាយ​ចុះ​ ហើយ​ទៅ​ផ្សះផ្សា​នឹង​បងប្អូន​ជា​មុន​សិន​ រួច​សឹម​មក​ថ្វាយ​តង្វាយ​របស់​អ្នក​វិញ។​
25 ចូរ​ជានា​នឹង​គូវិវាទ​របស់​អ្នក​ភ្លាមៗ​ ពេល​អ្នក​នៅ​តាម​ផ្លូវ​ជាមួយ​អ្នក​នោះ​ ក្រែង​លោ​គេ​ប្រគល់​អ្នក​ឲ្យទៅ​ចៅក្រម​ ហើយ​ចៅក្រម​ប្រគល់​អ្នក​ឲ្យទៅ​នគរ​បាល​ រួច​អ្នក​ត្រូវ​ជាប់​គុក។​
26 ខ្ញុំ​ប្រាប់​អ្នក​ជា​ប្រាកដ​ថា​ អ្នក​ចេញ​ពី​ទីនោះ​មិន​បាន​ឡើយ​ លុះត្រា​តែ​អ្នក​សង​គេ​ដោយ​ឥត​ខ្វះ​មួយ​សេន។​
27 អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ កុំ​ផិតក្បត់​ឲ្យ​សោះ​
28 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​ដែល​សម្លឹង​មើល​ស្ដ្រី​ម្នាក់​ដោយ​ចិត្ដ​ស្រើប​ស្រាល​ចង់​បាន​នាង​ អ្នក​នោះ​បាន​ផិតក្បត់​ក្នុង​ចិត្ដ​ជាមួយ​នាង​រួច​ទៅ​ហើយ។​
29 បើ​ភ្នែក​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​ខ្វេះ​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយរៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ត្រូវ​បោះ​ទៅ​ក្នុង​ស្ថាន​នរក។​
30 បើ​ដៃ​ស្ដាំ​របស់​អ្នក​បណ្ដាល​ឲ្យ​អ្នក​ប្រព្រឹត្ដ​បាប​ ចូរ​កាត់​វា​ចោល​ទៅ​ ដ្បិត​បើ​អ្នក​បាត់​បង់​អវយវៈ​មួយ​ ប្រសើរ​ជាង​ឲ្យ​រូប​កាយ​ទាំង​មូល​ធ្លាក់​ទៅ​ក្នុង​ស្ថាន​នរក។​
31 មាន​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ អ្នកណា​លែង​ប្រពន្ធ​ អ្នក​នោះ​ត្រូវ​ប្រគល់​លិខិត​លែង​លះ​ឲ្យ​នាង។​
32 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អស់​អ្នក​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ខ្លួន​ អ្នក​នោះ​ធ្វើ​ឲ្យ​នាង​ផិតក្បត់​ហើយ។​ អ្នកណា​រៀបការ​នឹង​ស្ដ្រី​ប្ដី​លែង​ អ្នក​នោះ​ក៏​ផិតក្បត់​ដែរ។​
33 មួយ​ទៀត​ អ្នក​រាល់គ្នា​បាន​ឮសេចក្ដី​ដែល​បាន​បង្គាប់​ដល់​មនុស្ស​ជំនាន់មុន​ថា​ កុំ​ប្រព្រឹត្ត​ខុស​សម្បថ​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ធ្វើ​តាម​សម្បថ​ដែល​បាន​ស្បថ​ចំពោះ​ព្រះអម្ចាស់។​
34 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​ស្បថ​ឲ្យ​សោះ​ ហើយ​កុំ​ស្បថ​នឹង​ស្ថានសួគ៌​ ដ្បិត​ស្ថានសួគ៌​ជា​បល្ល័ង្ក​របស់​ព្រះជាម្ចាស់។​
35 កុំ​ស្បថ​នឹង​ផែនដី​ ដ្បិត​ផែនដី​ជា​កំណល់​បាទា​របស់​ព្រះអង្គ។​ កុំ​ស្បថ​នឹង​ក្រុង​យេរូសាឡិម​ ដ្បិត​ជា​ក្រុង​របស់​ស្ដេច​ដ៏​ឧត្ដម។​
36 កុំ​ស្បថ​នឹង​ក្បាល​របស់​អ្នក​ ដ្បិត​អ្នក​មិន​អាច​ធ្វើ​ឲ្យ​សក់​មួយ​សសៃ​ត្រលប់​ជា​ពណ៌​ស​ ឬ​ខ្មៅ​បាន​ឡើយ។​
37 ចូរ​ឲ្យ​ពាក្យ​អ្នក​រាល់គ្នា​ មែន​គឺ​មែន​ ទេ​គឺ​ទេ​ ប៉ុន្ដែ​លើស​ពី​សេចក្ដី​ទាំង​នេះ​ គឺ​មក​ពី​អារក្ស​សាតាំង​ទេ។​
38 អ្នក​រាល់គ្នា​បាន​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ ភ្នែក​សង​ដោយ​ភ្នែក​ ធ្មេញ​សង​ដោយ​ធ្មេញ។​
39 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ កុំ​តប‍ត​មនុស្ស​អាក្រក់​ បើ​គេ​ទះ​កំផ្លៀង​ស្ដាំ​របស់​អ្នក​ ចូរ​បែរ​ម្ខាង​ទៀត​ឲ្យ​គេ​ទះ​ដែរ​ចុះ។​
40 ចំពោះ​អ្នកណា​ដែល​ចង់​ប្ដឹង​យក​អាវ​ខាង​ក្នុង​របស់​អ្នក​ ចូរ​ឲ្យ​គេ​ទាំង​អាវ​វែង​ផង។​
41 អ្នកណា​ដែល​បង្ខំ​អ្នក​ឲ្យ​ធ្វើ​ដំណើរ​មួយ​ពាន់​ជំហាន​ ចូរ​ទៅ​ជាមួយ​គេ​ពីរ​ពាន់​ជំហាន​ចុះ។​
42 ចូរ​ឲ្យ​ដល់​អស់​អ្នក​ដែល​សុំ​ ហើយ​កុំ​គេច​ពី​អស់​អ្នក​ដែល​ចង់​ខ្ចី​ឡើយ។​
43 អ្នក​រាល់គ្នា​ឮ​សេចក្ដី​ដែល​បាន​បង្គាប់​មក​ថា​ ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក​ ហើយ​ស្អប់​សត្រូវ​របស់​អ្នក។​
44 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​ស្រឡាញ់​សត្រូវ​របស់​អ្នក​រាល់គ្នា​ ហើយ​អធិស្ឋាន​ឲ្យ​អស់​អ្នក​ដែល​បៀត​បៀន​អ្នក​រាល់គ្នា​
45 ដើម្បី​ឲ្យ​អ្នក​រាល់គ្នា​ត្រលប់​ជា​កូន​របស់​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​ ព្រោះ​ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​រះ​ឡើង​ បំភ្លឺ​ទាំង​មនុស្ស​ល្អ​ និង​មនុស្ស​អាក្រក់​ ហើយ​ក៏​បង្អុរ​ភ្លៀង​ធ្លាក់​មក​លើ​ទាំង​មនុស្ស​សុចរិត​ និង​មនុស្ស​ទុច្ចរិត​ដែរ‍។​
46 ដ្បិត​បើ​អ្នក​រាល់គ្នា​ស្រឡាញ់​មនុស្ស​ដែល​ស្រឡាញ់​អ្នក​រាល់គ្នា​ តើ​អ្នក​រាល់គ្នា​បាន​រង្វាន់​អ្វី?​ សូម្បី​តែ​អ្នក​ទារ​ពន្ធដារ​ក៏​បាន​ធ្វើ​ដូច្នោះ​ដែរ។​
47 បើ​អ្នក​រាល់គ្នា​រាប់​អាន​តែ​បងប្អូន​ខ្លួន​ឯង​ តើ​អ្នក​រាល់គ្នា​មាន​អ្វី​អស្ចារ្យ​ទៅ?​ សូម្បី​តែ​សាសន៍​ដទៃ​ក៏​ធ្វើ​ដូច្នោះ​ដែរ។​
48 ដូច្នេះ​ ចូរ​ឲ្យ​អ្នក​រាល់គ្នា​បាន​គ្រប់​លក្ខណ៍​ចុះ​ ដូច​ជា​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​គ្រប់​លក្ខណ៍​ដូច្នោះ​ដែរ‍។​

موجودہ انتخاب:

Matthew 5: KCB

سرخی

شئیر

کاپی

None

کیا آپ جاہتے ہیں کہ آپ کی سرکیاں آپ کی devices پر محفوظ ہوں؟ Sign up or sign in