កំណើតពិភពលោក 22
22
ណាពីអ៊ីព្រហ៊ីមសុខចិត្តយកកូនធ្វើគូរបានជូនអុលឡោះ
1ក្រោយហេតុការណ៍ទាំងនោះមក អុលឡោះក៏ល្បងសាលមើលចិត្តរបស់អ៊ីព្រហ៊ីម គឺទ្រង់មានបន្ទូលហៅគាត់ថា៖ «អ៊ីព្រហ៊ីម!»។ អ៊ីព្រហ៊ីមឆ្លើយថា៖ «បាទអុលឡោះ»។ 2អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរយកអ៊ីសាហាក់ កូនរបស់អ្នកមក គឺកូនប្រុសតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ។ នៅទីនោះ ចូរយកវាធ្វើគូរបាននៅលើភ្នំមួយ ដែលយើងនឹងបង្ហាញប្រាប់អ្នក»។
3អ៊ីព្រហ៊ីមក្រោកពីព្រលឹម ចងកែបលា ហើយយកអ្នកបម្រើក្មេងៗពីរនាក់ ព្រមទាំងអ៊ីសាហាក់ជាកូនមកជាមួយ។ គាត់ក៏បានពុះអុសសម្រាប់យកទៅដុតគូរបានដែរ រួចហើយគាត់ចេញដំណើរឆ្ពោះទៅកន្លែង ដែលអុលឡោះបានប្រាប់គាត់។ 4លុះដល់ថ្ងៃទីបី អ៊ីព្រហ៊ីមងើបមុខឡើង ឃើញកន្លែងនោះពីចម្ងាយ។ 5គាត់មានប្រសាសន៍ទៅក្មេងបម្រើទាំងពីររបស់គាត់ថា៖ «ចាំនៅទីនេះ ជាមួយសត្វលាសិន ខ្ញុំ និងកូនខ្ញុំ ឡើងទៅថ្វាយបង្គំអុលឡោះនៅលើភ្នំនោះ រួចហើយយើងនឹងត្រឡប់មកវិញ»។ 6អ៊ីព្រហ៊ីមយកអុសសម្រាប់ធ្វើគូរបាន មកឲ្យអ៊ីសាហាក់ជាកូនលី រីឯគាត់វិញ គាត់កាន់ភ្លើង និងកាំបិត ហើយទាំងឪពុក ទាំងកូន ដើរទៅជាមួយគ្នា។ 7ពេលនោះ អ៊ីសាហាក់ហៅអ៊ីព្រហ៊ីមជាឪពុកថា៖ «ពុក!»។ គាត់ឆ្លើយថា៖ «មានការអីកូន!»។ អ៊ីសាហាក់ពោលថា៖ «យើងមានភ្លើង មានអុសហើយ ចុះចៀមសម្រាប់ធ្វើគូរបាន នៅឯណា?»។ 8អ៊ីព្រហ៊ីមឆ្លើយថា៖ «កូនអើយ អុលឡោះផ្ទាល់នឹងផ្គត់ផ្គង់ចៀមសម្រាប់ធ្វើគូរបាន»។ បន្ទាប់មក ទាំងឪពុក ទាំងកូន ក៏ដើរទៅមុខជាមួយគ្នា។
9លុះមកដល់កន្លែង ដែលអុលឡោះបានបង្ហាញប្រាប់ អ៊ីព្រហ៊ីមសង់អាសនៈមួយ ហើយយកអុសមកគរពីលើ រួចគាត់ចងអ៊ីសាហាក់ ជាកូន យកទៅដាក់ពីលើគំនរអុស នៅលើអាសនៈនោះ។ 10បន្ទាប់មក អ៊ីព្រហ៊ីមទាញកាំបិតបំរុងនឹងអារកកូន ធ្វើជាគូរបាន។ 11ពេលនោះ ស្រាប់តែម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ហៅគាត់ពីលើមេឃមកថា៖ «អ៊ីព្រហ៊ីម អ៊ីព្រហ៊ីមអើយ!»។ គាត់ឆ្លើយថា៖ «បាទ!»។ 12ម៉ាឡាអ៊ីកាត់ពោលថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឲ្យសោះ ដ្បិតឥឡូវនេះ យើងដឹងថា អ្នកពិតជាកោតខ្លាចអុលឡោះមែន គឺអ្នកពុំបានបដិសេធនឹងប្រគល់កូន ដែលអ្នកមានតែមួយនេះ មកយើងឡើយ»។ 13អ៊ីព្រហ៊ីមងើបមុខឡើង ឃើញពពែឈ្មោលមួយពីក្រោយ ជាប់ស្នែងនឹងគុម្ពោតឈើ។ អ៊ីព្រហ៊ីមក៏ទៅយកពពែនោះមក ហើយធ្វើគូរបានជំនួសកូនប្រុសរបស់គាត់។ 14អ៊ីព្រហ៊ីមដាក់ឈ្មោះកន្លែងនោះថា «អុលឡោះតាអាឡាផ្គត់ផ្គង់»។
15ម៉ាឡាអ៊ីកាត់របស់អុលឡោះតាអាឡា ហៅអ៊ីព្រហ៊ីមពីលើមេឃម្តងទៀតថា៖ 16«អុលឡោះតាអាឡាមានបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកពុំបានបដិសេធនឹងប្រគល់កូនតែមួយគត់របស់អ្នកមកឲ្យយើង យើងសន្យាជាពាក្យពិតថា យើងពិតជាអុលឡោះតាអាឡាយ៉ាងណា 17យើងនឹងប្រទានពរដល់អ្នកដ៏ច្រើនបរិបូណ៌យ៉ាងនោះដែរ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើនគររបស់ពួកខ្មាំងសត្រូវ។ 18ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរតាមរយៈពូជពង្សរបស់អ្នក ព្រោះអ្នកបានស្តាប់បង្គាប់យើង»។
19អ៊ីព្រហ៊ីមវិលទៅរកពួកក្មេងបម្រើវិញ ហើយក៏នាំគ្នាចេញដំណើរទៅក្រុងបៀរសេបា។ អ៊ីព្រហ៊ីមស្នាក់អាស្រ័យនៅក្រុងបៀរសេបានោះទៅ។
20ក្រោយហេតុការណ៍ទាំងនោះមក មានគេនាំដំណឹងមកជម្រាបអ៊ីព្រហ៊ីមថា៖ មីលកាក៏បានបង្កើតកូនប្រុសជាច្រើន ជូនណាឃរ ជាប្អូនរបស់គាត់ដែរ គឺមាន 21អ៊ូសជាកូនច្បង ប៊ូសជាប្អូន កេមូអែល ដែលត្រូវជាឪពុករបស់អើរ៉ាម 22កេសេដ ហាសូ ពីលដាស យីដឡាប និងបេធូអែល។ 23បេធូអែលត្រូវជាឪពុករបស់រ៉ហ្វ៊ីកា។ អ្នកទាំងប្រាំបីនេះជាកូនដែលមីលកាបានបង្កើតជូនណាឃរ ប្អូនរបស់អ៊ីព្រហ៊ីម។ 24រីឯប្រពន្ធទីពីររបស់ណាឃរ ឈ្មោះរេយូម៉ា ក៏មានកូនដែរ គឺធេបា កាហាំ ថាហាស និងម៉ាកា។
ที่ได้เลือกล่าสุด:
កំណើតពិភពលោក 22: អគត
เน้นข้อความ
แบ่งปัน
คัดลอก

ต้องการเน้นข้อความที่บันทึกไว้ตลอดทั้งอุปกรณ์ของคุณหรือไม่? ลงทะเบียน หรือลงชื่อเข้าใช้
© 2014 United Bible Societies, UK.