លោកុប្បត្តិ 5
5
1នេះជាបញ្ជីពង្សាវតារនៃពូជអ័ដាម នៅថ្ងៃដែលព្រះបានបង្កើតមនុស្សមក នោះទ្រង់ធ្វើឲ្យមានភាពមើលទៅដូចជាអង្គទ្រង់ 2ទ្រង់ក៏បង្កើតគេជាប្រុសជាស្រី រួចប្រទានពរឲ្យ ព្រមទាំងឲ្យឈ្មោះថា អ័ដាម ក្នុងថ្ងៃដែលបានបង្កើតមកនោះ 3ឯអ័ដាមគាត់រស់នៅបាន១៣០ឆ្នាំ នោះទើបបង្កើតបានកូនប្រុស១តាមរូបភាពគាត់ ហើយមើលទៅដូចជាគាត់ ក៏ឲ្យឈ្មោះថា សេត 4រួចក្រោយគ្រាដែលបង្កើតសេតមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 5អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
6សេតអាយុបាន១០៥ឆ្នាំ នោះគាត់បង្កើតបានអេណុស 7រួចក្រោយគ្រាដែលបង្កើតអេណុសមក នោះគាត់រស់នៅបាន៨០៧ឆ្នាំទៀតទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 8អាយុសេតទាំងអស់បាន៩១២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
9អេណុសអាយុបាន៩០ឆ្នាំ នោះគាត់បង្កើតបានកៃណាន 10រួចក្រោយគ្រាដែលបង្កើតកៃណានមក នោះគាត់រស់នៅបាន៨១៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 11អាយុអេណុលទាំងអស់បាន៩០៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
12កៃណានអាយុបាន៧០ឆ្នាំ នោះគាត់បង្កើតបានម៉ាលេលាល 13រួចក្រោយគ្រាដែលបង្កើតម៉ាលេលាលមក នោះគាត់រស់នៅបាន៨៤០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 14អាយុកៃណានទាំងអស់បាន៩១០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
15ម៉ាលេលាលអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានយ៉ារេឌ 16រួចក្រោយគ្រាដែលបង្កើតយ៉ារេឌមក នោះគាត់រស់នៅបាន៨៣០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 17អាយុម៉ាលេលាលទាំងអស់បាន៨៩៥ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
18យ៉ារេឌអាយុបាន១៦២ឆ្នាំ នោះគាត់បង្កើតបានហេណុក 19រួចក្រោយគ្រាដែលបង្កើតហេណុកមក នោះគាត់រស់នៅបាន៨០០ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 20អាយុយ៉ារេឌទាំងអស់បាន៩៦២ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
21ហេណុកអាយុបាន៦៥ឆ្នាំ នោះគាត់បង្កើតបានមធូសាឡា 22រួចក្រោយគ្រាដែលបង្កើតមធូសាឡាមក នោះគាត់ក៏ដើរជាមួយនឹងព្រះអស់៣០០ឆ្នាំ ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 23អាយុហេណុកទាំងអស់បាន៣៦៥ឆ្នាំ 24ហេណុកគាត់ជាអ្នកដើរជាមួយនឹងព្រះ នោះគាត់មិននៅទៀតទេ ពីព្រោះព្រះទ្រង់បានទទួលយកគាត់ទៅ។
25មធូសាឡាគាត់អាយុបាន១៨៧ឆ្នាំ នោះគាត់បង្កើតបានឡាមេក 26រួចក្រោយគ្រាដែលបង្កើតឡាមេកមក នោះគាត់រស់នៅ បាន៧៨២ឆ្នាំទៀត ទាំងបង្កើតបានកូន ជាប្រុសជាស្រីតទៅ 27អាយុរបស់មធូសាឡាទាំងអស់បាន៩៦៩ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
28ឡាមេក អាយុបាន១៨២ឆ្នាំ នោះគាត់បង្កើតបានកូនប្រុស១ 29ដែលគាត់ឲ្យឈ្មោះថា ណូអេ ដោយនិយាយថា កូននេះនឹងកំសាន្តចិត្តយើងក្នុងការដែលយើងធ្វើ ហើយនឹងសេចក្ដីនឿយហត់របស់ដៃយើង ដោយព្រោះដីដែលព្រះយេហូវ៉ាបានដាក់បណ្តាសា 30រួចក្រោយគ្រាដែលបង្កើតណូអេមក នោះគាត់រស់នៅបាន៥៩៥ឆ្នាំទៀត ទាំងបង្កើតបានកូនជាប្រុសជាស្រីតទៅ 31អាយុឡាមេកទាំងអស់បាន៧៧៧ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ។
32ឯណូអេ គាត់អាយុបាន៥០០ឆ្នាំ នោះបង្កើតបានសិម១ ហាំ១ នឹងយ៉ាផែត១។
Aktualisht i përzgjedhur:
លោកុប្បត្តិ 5: ពគប
Thekso
Ndaje
Copy
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© BFBS/UBS 1954, 1962. All Rights Reserved.