លោកុប្បត្តិ 12
12
1ព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងអាប់រ៉ាមថា ចូរឯងចេញពីស្រុក ពីញាតិសន្តាន នឹងពីផ្ទះឪពុកឯង ទៅនៅឯស្រុកដែលអញនឹងបង្ហាញឯងចុះ 2អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ 3អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង 4អាប់រ៉ាមក៏ចេញទៅ ដូចជាព្រះយេហូវ៉ាបានបង្គាប់ ឡុតក៏ទៅជាមួយដែរ កាលអាប់រ៉ាមចេញពីខារ៉ានទៅ នោះគាត់អាយុបាន៧៥ឆ្នាំហើយ 5ក៏យកសារ៉ាយជាប្រពន្ធ នឹងឡុតជាក្មួយ ព្រមទាំងរបស់ទ្រព្យទាំងប៉ុន្មានដែលបានប្រមូលទុក នឹងមនុស្សទាំងអស់ដែលបាន កាលនៅខារ៉ានផង នាំគ្នាចេញពីទីនោះ ដើម្បីទៅឯស្រុកកាណាន ក៏ចូលទៅក្នុងស្រុកនោះ។
6អាប់រ៉ាម គាត់ដើរកាត់ស្រុកទៅត្រឹមដើមម៉ៃសាក់របស់ម៉ូរេនៅកន្លែង១ឈ្មោះស៊ីគែម ដែលនៅវេលានោះ សាសន៍កាណាននៅស្រុកនោះដែរ 7ព្រះយេហូវ៉ាទ្រង់លេចមកឲ្យអាប់រ៉ាមឃើញ ហើយមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ពូជឯង រួចនៅទីនោះគាត់ក៏ស្អាងអាសនា១ថ្វាយព្រះយេហូវ៉ា ដែលទ្រង់លេចមកឲ្យឃើញនោះ 8គាត់ចេញពីទីនោះទៅឯភ្នំនៅខាងកើតបេត-អែល ក៏ដំឡើងត្រសាលនៅឯណោះ មានបេត-អែលនៅជាខាងលិច នឹងអៃយនៅខាងកើត ហើយស្អាងអាសនា១ថ្វាយព្រះយេហូវ៉ានៅទីនោះដែរ រួចអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា 9អាប់រ៉ាមក៏ចេះតែដើរដំណើរទៅឯត្បូងទៀត។
10នៅស្រុកនោះកើតមានអំណត់អត់ ហើយអាប់រ៉ាមចុះទៅសំណាក់នៅឯស្រុកអេស៊ីព្ទវិញ ដ្បិតអំណត់នៅស្រុកកាណានបានខ្លាំងណាស់ 11កាលគាត់ជិតចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះគាត់និយាយទៅសារ៉ាយជាប្រពន្ធថា មើល អញដឹងថាឯងជាស្ត្រីមានរូបស្រស់ល្អ 12កាលណាពួកសាសន៍អេស៊ីព្ទឃើញឯង នោះក្រែងគេនឹងនិយាយពីឯងថាជាប្រពន្ធអញ រួចគេនឹងសំឡាប់អញទៅ ហើយទុកឯងឲ្យរស់នៅវិញ 13ដូច្នេះ ចូរឯងប្រាប់គេថា ឯងជាប្អូនអញទេ ដើម្បីឲ្យគេបានប្រព្រឹត្តល្អនឹងអញដោយព្រោះឯង ហើយឲ្យអញមានជីវិតរស់នៅដោយសារឯងផង។
14កាលអាប់រ៉ាមបានចូលទៅក្នុងស្រុកអេស៊ីព្ទហើយ នោះពួកសាសន៍អេស៊ីព្ទឃើញថា ប្រពន្ធគាត់មានរូបស្រស់ល្អមែន 15ចំណែកពួកនាម៉ឺនរបស់ផារ៉ោនក៏ឃើញនាងដែរ ហើយគេសរសើរពីនាងនៅចំពោះទ្រង់ រួចនាំទៅនៅឯព្រះរាជដំណាក់ទៅ 16ទ្រង់ក៏ប្រព្រឹត្តល្អនឹងអាប់រ៉ាមដោយព្រោះនាង ហើយគាត់បានហ្វូងចៀម ហ្វូងគោ នឹងលាឈ្មោល លាញី ហើយនឹងអូដ្ឋ ព្រមទាំងបាវប្រុសបាវស្រីផង 17តែព្រះយេហូវ៉ាទ្រង់ធ្វើឲ្យផារ៉ោន នឹងអស់ពួកព្រះរាជដំណាក់កើតមានសេចក្ដីវេទនាជាខ្លាំង ដោយព្រោះសារ៉ាយជាប្រពន្ធរបស់អាប់រ៉ាម 18រួចផារ៉ោនទ្រង់ហៅអាប់រ៉ាមមកសួរថា តើឯងបានធ្វើអ្វីដល់អញដូច្នេះ ហេតុអ្វីបានជាឯងមិនបានប្រាប់អញដោយត្រង់ថា នាងជាប្រពន្ធឯង 19ម្តេចក៏ឯងថាជាប្អូនវិញ ដើម្បីបើកឱកាសឲ្យអញបានយកនាងមកធ្វើជាប្រពន្ធដូច្នេះ នេះនែប្រពន្ធឯងហើយ ចូរយកនាងទៅវិញឥឡូវ ហើយចេញទៅចុះ 20ផារ៉ោនក៏បង្គាប់ដល់ពួកទ្រង់ពីដំណើរគាត់ ហើយគេបញ្ជូនគាត់ ព្រមទាំងប្រពន្ធ នឹងរបស់ទ្រព្យគាត់ទាំងអស់ឲ្យចេញទៅ។
Aktualisht i përzgjedhur:
លោកុប្បត្តិ 12: ពគប
Thekso
Ndaje
Copy
A doni që theksimet tuaja të jenë të ruajtura në të gjitha pajisjet që keni? Regjistrohu ose hyr
© BFBS/UBS 1954, 1962. All Rights Reserved.