Logotip YouVersion
Search Icon

Matthew 8

8
1 ពេល​ព្រះអង្គ​យាង​ចុះ​ពី​ភ្នំ​មក​ បណ្ដាជន​ច្រើន​កុះករ​បាន​ដើរ​តាម​ព្រះអង្គ​
2 នោះ​មាន​មនុស្ស​ឃ្លង់​ម្នាក់​បាន​ចូល​មក​ជិត​ ថ្វាយបង្គំ​ព្រះអង្គ​ និង​ទូល​ថា៖​ «លោកម្ចាស់​អើយ!​ លោក​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត​បាន​ ប្រសិន​បើ​លោក​ចង់​ធ្វើ»។​
3 ព្រះអង្គ​ក៏​លូក​ព្រះហស្ដ​ទៅ​ពាល់​គាត់​ ដោយ​មាន​បន្ទូល​ថា៖​ «ខ្ញុំ​ចង់​ ចូរ​ឲ្យ​ជា​ស្អាត​ចុះ»​ ភ្លាម​នោះ​ គាត់​ក៏​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​តែ​ម្ដង។​
4 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​ប្រយ័ត្ន​ កុំ​ប្រាប់​រឿង​នេះ​ដល់​អ្នកណា​ឲ្យ​សោះ​ ប៉ុន្ដែ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​ដល់​សង្ឃ​ ហើយ​ថ្វាយ​តង្វាយ​ដែល​លោក​ម៉ូសេ​បាន​បង្គាប់​ចុះ​ ដើម្បី​ជា​ទីបន្ទាល់​ដល់​មនុស្ស​ទាំងឡាយ»។​
5 កាល​ព្រះអង្គ​យាង​ចូល​ក្នុង​ក្រុង​កាពើណិម​ មាន​នាយ​ទាហាន​ម្នាក់​បាន​ចូល​មក​ជិត​ព្រះអង្គ​ អង្វរ​ថា៖​
6 «លោកម្ចាស់​អើយ!​ បាវបម្រើ​ខ្ញុំ​ស្លាប់​ដៃ​ជើង​ ដេក​នៅ​ផ្ទះ​ វេទនា​ណាស់»​
7 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ខ្ញុំ​នឹង​ទៅ​ប្រោស​គាត់​ឲ្យ​ជា»​
8 នាយ​ទាហាន​នោះ​ទូល​វិញ​ថា៖​ «លោកម្ចាស់​អើយ!​ ខ្ញុំ​មិន​ស័ក្តិសម​ឲ្យ​លោក​មក​ក្នុង​ផ្ទះ​របស់​ខ្ញុំ​ទេ​ គឺ​សូម​លោក​គ្រាន់​តែ​និយាយ​ពាក្យ​មួយ​ម៉ាត់​ប៉ុណ្ណោះ​ នោះ​បាវបម្រើ​របស់​ខ្ញុំ​នឹង​ជា​សះស្បើយ​មិន​ខាន​
9 ដ្បិត​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ស្ថិត​នៅ​ក្រោម​សិទ្ធិ​អំណាច​ដែរ​ ខ្ញុំ​មាន​ទាហាន​ជា​ច្រើន​នៅ​ក្រោម​បញ្ជា​ខ្ញុំ​ បើ​ខ្ញុំ​ប្រាប់​ម្នាក់​នេះ​ឲ្យ​ទៅ​ គេ​នឹង​ទៅ​ ប្រាប់​ម្នាក់​ទៀត​ឲ្យ​មក​ គេ​នឹង​មក​ ហើយ​ប្រាប់​បាវបម្រើ​របស់​ខ្ញុំ​ឲ្យ​ធ្វើ​ការ​នេះ​ គេ​ក៏​ធ្វើ»។​
10 កាល​ស្ដាប់​ឮ​ដូច្នេះ​ ព្រះយេស៊ូ​ស្ងើច​សរសើរ​ រួច​មាន​បន្ទូល​ទៅ​ពួក​អ្នក​កំពុង​ដើរ​តាម​ថា៖​ «ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ នៅ​អ៊ីស្រាអែល​ ខ្ញុំ​មិន​ដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំង​បែប​នេះ​ទេ​
11 ហើយ​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ នឹង​មាន​មនុស្ស​ជា​ច្រើន​ពី​ទិស​ខាង​កើត​ និង​ទិស​ខាងលិច​មក​អង្គុយ​នៅ​តុ​អាហារ​ជាមួយ​លោក​អ័បា្រហាំ​ លោក​អ៊ីសាក​ និង​លោក​យ៉ាកុប​នៅ​នគរ​ស្ថានសួគ៌។​
12 ឯ​មនុស្ស​នៃ​នគរ​នោះ​ នឹង​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ​ ក្នុង​សេចក្ដី​ងងឹត​ដែល​មាន​តែ​ការ​ទ្រហោ​យំ​ និង​ការ​សង្កៀត​ធ្មេញ​នៅ​ទី​នោះ»។​
13 ព្រះយេស៊ូ​ក៏​មាន​បន្ទូល​ទៅ​នាយ​ទាហាន​នោះ​ថា៖​ «ចូរ​ទៅ​ចុះ​ សូម​ឲ្យ​បាន​សម្រេច​ដូច​ដែល​លោក​ជឿ»​ ឯ​បាវបម្រើ​របស់​គាត់​ក៏​បាន​ជា​នៅ​វេលា​នោះ​ឯង។​
14 កាល​ព្រះយេស៊ូ​យាង​ចូល​ទៅ​ក្នុង​ផ្ទះ​លោក​ពេត្រុស​ ព្រះអង្គ​បាន​ទត​ឃើញ​ម្ដាយ​ក្មេក​របស់​គាត់​កំពុង​ដេក​គ្រុន​
15 ព្រះអង្គ​ពាល់​ដៃ​គាត់​ គាត់​ក៏​បាន​ជា​ពី​គ្រុន​ ហើយ​ក្រោក​ឡើង​បម្រើ​ព្រះអង្គ។​
16 នៅ​ល្ងាច​នោះ​ គេ​បាន​នាំ​មនុស្ស​ជា​ច្រើន​ដែល​មាន​អារក្ស​ចូល​មក​រក​ព្រះអង្គ​ ហើយ​ព្រះអង្គ​បាន​បណ្ដេញ​វិញ្ញាណ​ទាំង​នោះ​ដោយ​ព្រះ​បន្ទូល​ ព្រម​ទាំង​ប្រោស​អ្នក​ជំងឺ​ឲ្យ​បាន​ជា​ទាំង​អស់​គ្នា​
17 ដើម្បី​ឲ្យ​បាន​សម្រេច​សេចក្ដី​ដែល​ថ្លែង​ទុក​មក​តាមរយៈ​លោក​អេសាយ​ ជា​អ្នក​នាំ​ព្រះបន្ទូល​ថា​ «ព្រះអង្គ​បាន​ទទួល​យក​ជំងឺ​ ហើយ​ផ្ទុក​យក​គ្រប់​រោគា​របស់​យើង»។​
18 ពេល​ព្រះយេស៊ូ​ទត​ឃើញ​មនុស្ស​កុះករ​នៅ​ជុំវិញ​ព្រះអង្គ​ ព្រះអង្គ​ក៏​បង្គាប់​ពួក​សិស្ស​ឲ្យ​ឆ្លង​ទៅ​ត្រើយ​ម្ខាង​ទៀត។​
19 មាន​គ្រូវិន័យ​ម្នាក់​ចូល​មក​ជិត​ព្រះអង្គ​ ទូល​ថា៖​ «លោកគ្រូ​ ខ្ញុំ​នឹង​ដើរ​តាម​លោក​ ទោះ​លោក​ទៅ​ទី​ណា​ក៏​ដោយ»។​
20 ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «សត្វ​កញ្ជ្រោង​មាន​រូង​ ឯ​សត្វ​ស្លាប​លើ​មេឃ​មាន​សំបុក​ តែ​កូន​មនុស្ស​គ្មាន​កន្លែង​សម្រាប់​ដាក់​ក្បាល​កើយ​ឡើយ»​
21 សិស្ស​របស់​ព្រះអង្គ​ម្នាក់​ទៀត​បាន​ទូល​ថា៖​ «ព្រះអម្ចាស់​អើយ!​ សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​បញ្ចុះ​សព​ឪពុក​របស់​ខ្ញុំ​ជា​មុន​សិន»​
22 ប៉ុន្ដែ​ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​គាត់​ថា៖​ «ចូរ​មក​តាម​ខ្ញុំ​ ហើយ​ទុក​ឲ្យ​មនុស្ស​ស្លាប់​បញ្ចុះ​គ្នា​គេ​ចុះ»។​
23 ព្រះអង្គ​បាន​យាង​ចុះ​ទូក​ ហើយ​សិស្ស​របស់​ព្រះអង្គ​បាន​តាម​ព្រះអង្គ។​
24 ពេល​នោះ​ កើត​មាន​ព្យុះ​មួយ​យ៉ាង​ធំ​នៅ​លើ​បឹង​ ហើយ​រលក​បាន​បោក​បក់​គ្រប​លើ​ទូក​ ប៉ុន្ដែ​ព្រះអង្គ​កំពុង​លង់​លក់​ក្នុង​ដំណេក​
25 គេ​បាន​ចូល​មក​ជិត​ព្រះអង្គ​ ដាស់​ថា៖​ «ព្រះអម្ចាស់!​ ជួយ​ផង​ យើង​កំពុង​វិនាស​ហើយ!»​
26 ព្រះអង្គ​មាន​បន្ទូល​ទៅ​គេ​ថា៖​ «ឱ​អ្នក​មាន​ជំនឿ​តិច​អើយ!​ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់គ្នា​ភ័យ​ខ្លាច​ដូច្នេះ?»​ ព្រះអង្គ​ក៏​ក្រោក​ឡើង​ ស្ដី​បន្ទោស​ខ្យល់​ និង​រលក​ នោះ​បឹង​ក៏​មាន​ភាព​ស្ងប់​ឈឹង​វិញ។​
27 ពួកគេ​នឹក​អស្ចារ្យ​ ទាំង​និយាយ​ថា៖​ «តើ​លោក​នេះ​ជា​មនុស្ស​បែប​ណា​ហ្ន៎!​ សូម្បី​តែ​ខ្យល់​ និង​រលក​ក៏​ស្ដាប់​បង្គាប់​លោក»។​
28 កាល​ព្រះអង្គ​យាង​មក​ដល់​ត្រើយ​ម្ខាង​ ជា​តំបន់​របស់​ពួក​គេរ៉ាស៊ីន​ នោះ​មាន​បុរស​ពីរ​នាក់​ដែល​មាន​អារក្ស​ចូល​បាន​ចេញ​ពី​ផ្នូរ​ខ្មោច​មក​ជួប​ព្រះអង្គ​ ពួកវា​កាច​សាហាវ​ណាស់​ ដូច្នេះ​ហើយ​បាន​ជា​គ្មាន​អ្នកណា​អាច​ឆ្លង​កាត់​តាម​ផ្លូវ​នោះ​បាន​ឡើយ​
29 ពួកវា​ស្រែក​ឡើង​ថា៖​ «ឱ​ព្រះរាជ​បុត្រា​របស់​ព្រះជាម្ចាស់​អើយ!​ តើ​យើង​ និង​ព្រះអង្គ​មាន​ហេតុ​អ្វី​នឹង​គ្នា?​ តើ​ព្រះអង្គ​មក​ទី​នេះ​ ដើម្បី​ធ្វើ​ទោស​យើង​មុន​ពេល​កំណត់​ឬ?»
30 នៅ​មិន​ឆ្ងាយ​ពី​ទី​នោះ​ប៉ុន្មាន​ មាន​ជ្រូក​មួយ​ហ្វូង​ធំ​កំពុង​ស៊ី​ចំណី​
31 ពេល​នោះ​ ពួក​អារក្ស​បាន​អង្វរ​ព្រះ​អង្គ​ថា៖​ «បើ​ព្រះអង្គ​បណ្ដេញ​យើង​ សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​
32 ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​ពួកវា​ថា៖​ «ចេញ​ទៅ!»​ ពួកវា​ក៏​ចេញ​ ហើយ​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ។​ ហ្វូង​ជ្រូក​បាន​បោល​ចុះ​ចំណោត​ចូល​ទៅ​ក្នុង​បឹង​ ហើយ​ស្លាប់​ក្នុង​ទឹក​អស់​ទៅ។​
33 ពួក​អ្នក​ចិញ្ចឹម​ជ្រូក​បាន​រត់​គេច​ចូល​ទៅ​ក្នុង​ក្រុង​ ហើយ​រៀបរាប់​ប្រាប់​គេ​អំពី​ហេតុ​ការណ៍​ទាំង​អស់​ និង​ហេតុ​ការណ៍​អំពី​បុរស​ដែល​មាន​អារក្ស​ចូល​ផង​ដែរ​
34 ពួក​អ្នក​ក្រុង​ទាំង​អស់​បាន​ចេញ​មក​ជួប​ព្រះយេស៊ូ​ ពេល​ឃើញ​ព្រះអង្គ​ ពួកគេ​បាន​អង្វរ​ព្រះអង្គ​ឲ្យ​ចាក​ចេញ​ពី​ស្រុក​របស់​ពួកគេ។​

Currently Selected:

Matthew 8: KCB

Označeno

Share

Copy

None

Want to have your highlights saved across all your devices? Sign up or sign in