លូកា 3
3
ណាពីយ៉ះយ៉ាជាអ្នកធ្វើពិធីជ្រមុជទឹកប្រៀនប្រដៅបណ្ដាជន
1នៅឆ្នាំទីដប់ប្រាំ នៃរជ្ជកាលស្តេចអធិរាជរ៉ូម៉ាំង ឈ្មោះទីប៊ើរ លោកប៉ុនទាស-ពីឡាតធ្វើជាទេសាភិបាលនៅស្រុកយូដា ស្តេចហេរ៉ូដជាអ្នកគ្រប់គ្រងស្រុកកាលីឡេ ស្តេចភីលីពជាប្អូនរបស់ស្តេចហេរ៉ូដ ជាអ្នកគ្រប់គ្រងតំបន់អ៊ីទូរេ និងតំបន់ត្រាខូនីត ស្តេចលីសានាសជាអ្នកគ្រប់គ្រងស្រុកអាប៊ីឡែន 2លោកអាណ និងលោកកៃផាសធ្វើជាមូស្ទ។ ពេលនោះ អុលឡោះមានបន្ទូលមកកាន់យ៉ះយ៉ា ជាកូនរបស់សាការីយ៉ា នៅក្នុងវាលរហោស្ថាន។ 3យ៉ះយ៉ាធ្វើដំណើរគ្រប់ទីកន្លែង ក្នុងតំបន់ទន្លេយ័រដាន់ ហើយប្រកាសឲ្យមនុស្សកែប្រែចិត្ដគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីអុលឡោះលើកលែងទោសឲ្យរួចពីបាប។ 4គាត់ប្រកាសដូច្នេះ ស្របតាមសេចក្ដីដែលមានចែងទុកក្នុងគីតាបណាពីអេសាយថា៖
«មានសំឡេងបុរសម្នាក់ស្រែកឡើង
នៅវាលរហោស្ថានថាៈ
ចូររៀបចំផ្លូវរបស់អម្ចាស់
ចូរតម្រង់ផ្លូវឲ្យគាត់។
5 ត្រូវបំពេញច្រកភ្នំទាំងអស់ឲ្យរាបស្មើ
និងពង្រាបភ្នំតូចធំទាំងប៉ុន្មានឲ្យរាប
ត្រូវតម្រង់ផ្លូវកោងឲ្យត្រង់
ព្រមទាំងលុបផ្លូវរដិបរដុបឲ្យរាបស្មើដែរ
6 នោះមនុស្សទាំងអស់នឹងឃើញការសង្គ្រោះ
របស់អុលឡោះ»។
7យ៉ះយ៉ាតែងតែបន្ទោសមហាជន ដែលមកទទួលពិធីជ្រមុជទឹកពីគាត់ថា៖ «នែ៎ ពូជពស់វែកអើយ! តើនរណាប្រាប់ឲ្យអ្នករាល់គ្នារត់គេចពីកំហឹងរបស់អុលឡោះ ដែលជិតមកដល់ដូច្នេះ?។ 8ចូរប្រព្រឹត្ដអំពើល្អដើម្បីបញ្ជាក់ថា អ្នករាល់គ្នាបានកែប្រែចិត្ដគំនិតមែន។ កុំអាងខ្លួនថា មានអ៊ីព្រហ៊ីមជាបុព្វបុរសនោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា អុលឡោះក៏អាចធ្វើឲ្យថ្មទាំងនេះ ទៅជាកូនចៅអ៊ីព្រហ៊ីមបានដែរ។ 9ពូថៅនៅជិតគល់ឈើជាស្រេចហើយ ដើមឈើណាមិនផ្ដល់ផ្លែល្អទេ ត្រូវកាប់រំលំបោះទៅក្នុងភ្លើង»។ 10មហាជនសួរយ៉ះយ៉ាថា៖ «បើដូច្នេះ តើយើងត្រូវធ្វើអ្វីខ្លះ?»។ 11យ៉ះយ៉ាតបទៅពួកគេវិញថា៖ «អ្នកណាមានអាវពីរ ត្រូវចែកឲ្យអ្នកដែលគ្មាន ហើយអ្នកដែលមានចំណីអាហារ ក៏ត្រូវចែកឲ្យអ្នកគ្មានដែរ»។ 12មានអ្នកទារពន្ធខ្លះមកទទួលពិធីជ្រមុជទឹក ហើយសួរយ៉ះយ៉ាថា៖ «តួនអើយ! តើយើងខ្ញុំត្រូវធ្វើអ្វីខ្លះ?»។ 13គាត់ឆ្លើយវិញថា៖ «កុំទារពន្ធហួសពីកំរិត ដែលមានកំណត់ទុកនោះឡើយ»។ 14មានទាហានមកសួរយ៉ះយ៉ាថា៖ «ចុះយើងខ្ញុំវិញ តើត្រូវធ្វើអ្វីដែរ?»។ គាត់ឆ្លើយថា៖ «កុំចោទប្រកាន់ កុំសង្កត់សង្កិនយកប្រាក់ពីអ្នកណាឲ្យសោះ ត្រូវស្កប់ចិត្ដតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះបានហើយ»។
15ប្រជាជននៅតែរង់ចាំ ហើយគេរិះគិតក្នុងចិត្ដគ្រប់ៗគ្នាថា ប្រហែលគាត់ទេដឹងជាអាល់ម៉ាហ្សៀស!។ 16យ៉ះយ៉ាមានប្រសាសន៍ប្រាប់គេទាំងអស់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក ប៉ុន្តែអ្នកដែលមានកម្លាំងខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែស្រាយខ្សែស្បែកជើងជូនគាត់ ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គាត់ផង គាត់នឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងរសអុលឡោះដ៏វិសុទ្ធ និងដោយភ្លើងវិញ។ 17គាត់កាន់ចង្អេរ គាត់សំអាតលានបោកស្រូវ ដើម្បីអុំស្រូវ យកគ្រាប់ល្អប្រមូលដាក់ជង្រុក រីឯគ្រាប់ស្កក វិញគាត់នឹងដុតក្នុងភ្លើង ដែលឆេះពុំចេះរលត់ឡើយ»។ 18យ៉ះយ៉ាប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើនទៀតផង។ 19យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដថែមទៀត ព្រោះស្តេចបានយកនាងហេរ៉ូឌាស ដែលត្រូវជាប្រពន្ធរបស់ប្អូនមកធ្វើជាប្រពន្ធរបស់ស្តេចផ្ទាល់។ មិនតែប៉ុណ្ណោះសោត យ៉ះយ៉ាស្ដីបន្ទោសស្តេចហេរ៉ូដ ព្រោះស្តេចបានធ្វើអំពើអាក្រក់ជាច្រើនផង។ 20ស្តេចបានធ្វើអំពើអាក្រក់មួយទៀត គឺចាប់យ៉ះយ៉ាទៅដាក់ក្នុងមន្ទីរឃុំឃាំង។
ណាពីអ៊ីសាទទួលពិធីជ្រមុជទឹក
21ពេលប្រជាជនទាំងអស់ទទួលពិធីជ្រមុជទឹករួចហើយ អ៊ីសាក៏ទទួលពិធីជ្រមុជទឹកដែរ។ នៅពេលអ៊ីសាកំពុងទូរអ ស្រាប់តែផ្ទៃមេឃបើកចំហ 22ហើយរសអុលឡោះដ៏វិសុទ្ធចុះមក មានរូបរាងដូចសត្វព្រាប សណ្ឋិតលើអ៊ីសា។ មានឮសំឡេងពីលើមេឃមកថា៖ «អ្នកជាបុត្រាដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងអ្នកណាស់»។
បញ្ជីរាយនាមជីតារបស់ណាពីអ៊ីសា
23កាលអ៊ីសាចាប់ផ្ដើមធ្វើកិច្ចការអុលឡោះ គាត់មានវ័យប្រមាណសាមសិបឆ្នាំ។ តាមគេស្មាន អ៊ីសាជាកូនរបស់យូសុះ ដែលយូសុះត្រូវជាកូនលោកហេលី 24លោកហេលីជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ថាត់ជាកូនលោកលេវី លោកលេវីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកយ៉ាណាយ លោកយ៉ាណាយជាកូនយូសុះ 25យូសុះជាកូនលោកម៉ាតាធាស លោកម៉ាតាធាសជាកូនលោកហាម៉ូស លោកហាម៉ូសជាកូនលោកណាអ៊ូម លោកណាអ៊ូមជាកូនលោកអែសលី លោកអែសលីជាកូនលោកណាកាយ 26លោកណាកាយជាកូនលោកម៉ាអាត លោកម៉ាអាតជាកូនលោកម៉ាតាធាល លោកម៉ាតាធាលជាកូនលោកសេម៉ី លោកសេម៉ីជាកូនយូសុះ យូសុះជាកូនលោកយូដា 27លោកយូដាជាកូនលោកយ៉ូអាណាន់ លោកយ៉ូអាណាន់ជាកូនលោករេសា លោករេសាជាកូនលោកសូរ៉ូបាបិល លោកសូរ៉ូបាបិលជាកូនលោកសាលធាល លោកសាលធាលជាកូនលោកនេរី 28លោកនេរីជាកូនលោកម៉ិលគី លោកម៉ិលគីជាកូនលោកអ័តឌី លោកអ័តឌីជាកូនលោកកូសាម លោកកូសាមជាកូនលោកអែលម៉ូដាម លោកអែលម៉ូដាមជាកូនលោកអ៊ើរ 29លោកអ៊ើរជាកូនលោកយ៉ូសេ្វ លោកយ៉ូសេ្វជាកូនលោកអេលាស៊ើរ លោកអេលាស៊ើរជាកូនលោកយ៉ូរីម លោកយ៉ូរីមជាកូនលោកម៉ាត់ថាត់ លោកម៉ាត់ ថាត់ជាកូនលោកលេវី 30លោកលេវីជាកូនលោកស៊ីម្មាន លោកស៊ីម្មានជាកូនលោកយូដា លោកយូដាជាកូនយូសុះ យូសុះជាកូនលោកយ៉ះយ៉ា លោកយ៉ះយ៉ាជាកូនលោកអេលាគីម 31លោកអេលាគីមជាកូនលោកមេលាស លោកមេលាសជាកូនលោកម៉ៃណាន លោកម៉ៃណានជាកូនលោកម៉ាតាថា លោកម៉ាតាថាជាកូនលោកណាថាន់ លោកណាថាន់ជាកូនទត 32ទតជាកូនអ៊ីសាយ អ៊ីសាយជាកូនលោកអូបេដ លោកអូបេដជាកូនលោកបូអូស លោកបូអូសជាកូនលោកសាលម៉ូន លោកសាលម៉ូនជាកូនលោកណាសូន 33លោកណាសូនជាកូនលោកអមីណាដាប់ លោកអមីណាដាប់ជាកូនលោកអើរ៉ាម លោកអើរ៉ាមជាកូនលោកអ័រនី លោកអ័រនីជាកូនលោកអែសរ៉ូម លោកអែសរ៉ូមជាកូនលោកពេរេស លោកពេរេសជាកូនលោកយូដា 34លោកយូដាជាកូនណាពីយ៉ាកកូប យ៉ាកកូបជាកូនណាពីអ៊ីសាហាក់ អ៊ីសាហាក់ជាកូនណាពីអ៊ីព្រហ៊ីម អ៊ីព្រហ៊ីមជាកូនលោកថេរ៉ា លោកថេរ៉ាជាកូនលោកណាឃរ 35លោកណាឃរជាកូនលោកសេរូក លោកសេរូកជាកូនលោករេហ៊ូវ លោករេហ៊ូវជាកូនលោកផាលេក លោកផាលេកជាកូនលោកហេប៊ើរ លោកហេប៊ើរជាកូនលោកសេឡា 36លោកសេឡាជាកូនលោកកៃណាន លោកកៃណានជាកូនលោកអើប៉ាកសាដ លោកអើប៉ាកសាដជាកូនលោកសិម លោកសិមជាកូនណាពីណុះហ៍ ណាពីណុះហ៍ជាកូនលោកឡាម៉េក 37លោកឡាម៉េកជាកូនលោកមធូសាឡា លោកមធូសាឡាជាកូនលោកហេណុក លោកហេណុកជាកូនលោកយ៉ារ៉េដ លោកយ៉ារ៉េដជាកូនលោកម៉ាលេលាល លោកម៉ាលេលាលជាកូនលោកកៃណាន 38លោកកៃណានជាកូនលោកអេណុស លោកអេណុសជាកូនលោកសេថ លោកសេថជាកូនអាដាម ហើយអាដាមជាមនុស្សដំបូងដែលអុលឡោះបង្កើតមក។
Aktuálne označené:
លូកា 3: អគត
Zvýraznenie
Zdieľať
Kopírovať

Chceš mať svoje zvýraznenia uložené vo všetkých zariadeniach? Zaregistruj sa alebo sa prihlás
© 2014 United Bible Societies, UK.