Matthew 9
9
1 កាលយាងចុះទូករួចហើយ ព្រះអង្គក៏ឆ្លងទៅដល់ក្រុងរបស់ព្រះអង្គ។
2 មើល៍មានគេនាំមនុស្សស្លាប់ដៃជើងម្នាក់ ដេកលើគ្រែ មករកព្រះអង្គ ពេលព្រះយេស៊ូទតឃើញជំនឿរបស់ពួកគេ ព្រះអង្គក៏មានបន្ទូលទៅមនុស្សស្លាប់ដៃជើងនោះថា៖ «ចូរមានទឹកចិត្ដឡើង កូនអើយ! បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ»។
3 ឯពួកគ្រូវិន័យខ្លះបាននិយាយគ្នាថា៖ «មើល៍! មនុស្សនេះនិយាយប្រមាថព្រះជាម្ចាស់ហើយ»
4 កាលព្រះអង្គដឹងពីគំនិតរបស់ពួកគេ ក៏មានបន្ទូលថា៖ «ហេតុអ្វីអ្នករាល់គ្នាគិតអាក្រក់ក្នុងចិត្ដដូច្នេះ?
5 ដ្បិតការដែលនិយាយថា បាបរបស់អ្នកបានទទួលការលើកលែងទោសហើយ និងការដែលនិយាយថា ចូរក្រោកឡើង ហើយដើរទៅ តើមួយណាស្រួលនិយាយជាង?
6 ប៉ុន្ដែដើម្បីឲ្យអ្នករាល់គ្នាដឹងថា កូនមនុស្សមានសិទ្ធិអំណាចលើកលែងទោសបាបនៅលើផែនដីនេះ»។ បន្ទាប់មក ព្រះអង្គមានបន្ទូលទៅមនុស្សស្លាប់ដៃជើងថា៖ «ចូរក្រោកឡើង យកគ្រែស្នែងរបស់អ្នក ទៅផ្ទះចុះ»
7 គាត់ក្រោកឡើង ហើយទៅផ្ទះរបស់គាត់វិញ។
8 កាលបណ្ដាជនឃើញការនេះ ក៏កោតខ្លាច ហើយសរសើរតម្កើងព្រះជាម្ចាស់ដែលបានប្រទានសិទ្ធិអំណាចបែបនេះដល់មនុស្ស។
9 កាលព្រះយេស៊ូយាងចេញពីទីនោះ ព្រះអង្គបានឃើញបុរសម្នាក់ឈ្មោះ ម៉ាថាយ កំពុងអង្គុយនៅកន្លែងប្រមូលពន្ធដារ ហើយក៏មានបន្ទូលទៅគាត់ថា៖ «ចូរមកតាមខ្ញុំ»។ គាត់ក៏ក្រោកឡើង ហើយដើរតាមព្រះអង្គ។
10 ក្រោយមក ពេលព្រះអង្គចូលរួមបរិភោគអាហារនៅផ្ទះរបស់លោកម៉ាថាយ ក៏មានពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបជាច្រើនបានមកចូលរួមបរិភោគអាហារជាមួយព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គដែរ។
11 ពេលពួកអ្នកខាងគណៈផារិស៊ីឃើញបែបនេះ ក៏សួរពួកសិស្សរបស់ព្រះអង្គថា៖ «ហេតុអ្វីបានជាគ្រូរបស់អ្នករាល់គ្នាបរិភោគជាមួយពួកអ្នកទារពន្ធដារ និងពួកមនុស្សបាបដូច្នេះ?»
12 ពេលព្រះអង្គស្ដាប់ឮ ក៏មានបន្ទូលទៅពួកគេថា៖ «មនុស្សមានសុខភាពល្អមិនត្រូវការគ្រូពេទ្យទេ មានតែអ្នកជំងឺប៉ុណ្ណោះដែលត្រូវការ។
13 ចូរទៅស្វែងយល់ពីបទគម្ពីរដែលថា យើងចង់បានសេចក្ដីមេត្ដា មិនមែនយញ្ញបូជាទេ តើនេះមានន័យយ៉ាងដូចម្ដេច? ព្រោះខ្ញុំមិនបានមក ដើម្បីហៅមនុស្សសុចរិតទេ ប៉ុន្ដែហៅមនុស្សបាបវិញ»។
14 បន្ទាប់មក សិស្សរបស់លោកយ៉ូហានបានចូលមកជិតព្រះអង្គ ទូលថា៖ «ហេតុអ្វីក៏យើងខ្ញុំ និងពួកអ្នកខាងគណៈផារិស៊ីតមអាហារជាញឹកញាប់ តែសិស្សរបស់លោកមិនតមអាហារដូច្នេះ?»
15 ព្រះយេស៊ូមានបន្ទូលទៅគេថា៖ «តើភ្ញៀវអាចកាន់ទុក្ខបានដែរឬទេ នៅពេលកូនកំលោះនៅជាមួយពួកគេនៅឡើយ? ប៉ុន្ដែនឹងមានថ្ងៃមួយមកដល់ ពេលកូនកំលោះត្រូវឃ្លាតពីពួកគេទៅ ពេលនោះពួកគេនឹងតមអាហារ។
16 ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត
17 ក៏គ្មាននរណាច្រកស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នេះ ថង់ស្បែកចាស់នឹងធ្លាយ ហើយស្រាក៏ហូរចេញមក ឯថង់ស្បែកក៏ខូចខាតទៀត ផ្ទុយទៅវិញ ត្រូវច្រកស្រាថ្មីក្នុងថង់ស្បែកថ្មី នោះទើបអាចនៅគង់វង្សបានទាំងពីរ»។
18 ពេលព្រះអង្គមានបន្ទូលពីសេចក្តីទាំងនេះ ស្រាប់តែប្រធានសាលាប្រជុំម្នាក់បានមកថ្វាយបង្គំព្រះអង្គ ទូលថា៖ «កូនស្រីខ្ញុំទើបតែស្លាប់ ដូច្នេះសូមលោកទៅដាក់ដៃលើនាងឲ្យរស់ឡើងវិញផង»។
19 ព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គក៏ក្រោកឡើងទៅតាមគាត់។
20 មានស្ដ្រីម្នាក់ឈឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ គាត់បានចូលមកជិតពីខាងក្រោយ ហើយពាល់រំយោលអាវរបស់ព្រះអង្គ
21 ដ្បិតស្ដ្រីនោះគិតក្នុងចិត្ដថា៖ «បើខ្ញុំគ្រាន់តែបានពាល់អាវរបស់លោក នោះខ្ញុំនឹងជាសះស្បើយមិនខាន»។
22 ព្រះយេស៊ូក៏ងាកមើលស្ដ្រីនោះ ហើយមានបន្ទូលថា៖ «កូនស្រីអើយ! ចូររីករាយឡើង ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ»។ ស្ដ្រីនោះក៏ជាសះស្បើយនៅវេលានោះឯង។
23 កាលព្រះយេស៊ូយាងចូលក្នុងផ្ទះរបស់ប្រធានសាលាប្រជុំ ក៏មើលឃើញអ្នកផ្លុំខ្លុយ និងបណ្ដាជនកំពុងច្របូកច្របល់។
24 ព្រះអង្គមានបន្ទូលថា៖ «ចេញទៅ ក្មេងស្រីនេះមិនទាន់ស្លាប់ទេ គឺនាងកំពុងដេកលក់ទេតើ» ពួកគេក៏សើចចំអកឲ្យព្រះអង្គ។
25 ពេលបណ្ដេញបណ្ដាជនទៅក្រៅអស់ហើយ ព្រះអង្គក៏យាងចូលទៅចាប់ដៃក្មេងស្រីនោះ ហើយនាងក៏ក្រោកឡើង។
26 ដំណឹងនេះបានឮសុសសាយពាសពេញតំបន់នោះ។
27 កាលព្រះយេស៊ូយាងចេញឆ្ងាយពីទីនោះ មានបុរសខ្វាក់ភ្នែកពីរនាក់ដើរតាមព្រះអង្គ ទាំងស្រែកថា៖ «ឱពូជពង្សដាវីឌអើយ! សូមមេត្ដាដល់យើងខ្ញុំផង»។
28 ពេលយាងចូលដល់ក្នុងផ្ទះ បុរសខ្វាក់ភ្នែកទាំងពីរនាក់បានចូលមកជិតព្រះអង្គ ហើយព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «តើអ្នកទាំងពីរជឿថាខ្ញុំអាចធ្វើការនេះបានដែរឬទេ?» ពួកគេទូលថា៖ «បាទ លោកម្ចាស់»
29 បន្ទាប់មក ព្រះអង្គក៏ពាល់ភ្នែករបស់ពួកគេ ដោយមានបន្ទូលថា៖ «សូមឲ្យបានសម្រេចតាមជំនឿរបស់អ្នកទាំងពីរចុះ»
30 ភ្នែករបស់ពួកគេក៏ភ្លឺឡើង រួចព្រះយេស៊ូមានបន្ទូលហាមពួកគេយ៉ាងម៉ឺងម៉ាត់ថា៖ «ចូរប្រយ័ត្ន! កុំឲ្យនរណាម្នាក់ដឹងឲ្យសោះ»
31 ប៉ុន្ដែពេលអ្នកទាំងពីរនោះចេញទៅ ក៏ផ្សព្វផ្សាយប្រាប់គេពីព្រះអង្គពាសពេញតំបន់នោះទាំងមូល។
32 ពេលអ្នកទាំងពីរនោះកំពុងចេញទៅ មើល៍ មានគេនាំយកមនុស្សគម្នាក់ដែលមានអារក្សចូលមករកព្រះអង្គ
33 ព្រះអង្គក៏បណ្ដេញអារក្សនោះចេញ ឯមនុស្សគក៏អាចនិយាយបានវិញ ហើយបណ្ដាជនក៏នឹកអស្ចារ្យដោយនិយាយថា៖ «នៅអ៊ីស្រាអែល ពុំដែលកើតមានហេតុការណ៍ដូច្នេះសោះ»
34 ប៉ុន្ដែពួកអ្នកខាងគណៈផារិស៊ីបាននិយាយថា៖ «ម្នាក់នេះបណ្ដេញអារក្សដោយសារមេអារក្សទេ»។
35 ព្រះយេស៊ូយាងទៅគ្រប់ក្រុង និងភូមិទាំងអស់ បង្រៀននៅក្នុងសាលាប្រជុំរបស់ពួកគេ ហើយបានប្រកាសដំណឹងល្អអំពីនគរព្រះជាម្ចាស់ ព្រមទាំងប្រោសជំងឺរោគាគ្រប់បែបយ៉ាងឲ្យបានជា។
36 ពេលឃើញបណ្ដាជន ព្រះអង្គអាណិតអាសូរពួកគេពន់ពេក ព្រោះពួកគេខ្ចាត់ព្រាត់ និងល្វើយ ដូចជាចៀមគ្មានអ្នកគង្វាល។
37 បន្ទាប់មក ព្រះអង្គមានបន្ទូលទៅសិស្សរបស់ព្រះអង្គថា៖ «ចម្រូតធំណាស់ ប៉ុន្ដែពួកអ្នកច្រូតមានតិច
38 ដូច្នេះ ចូរទូលសុំព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះអង្គចាត់ពួកអ្នកច្រូតមកក្នុងចម្រូតរបស់ព្រះអង្គ»។
Atualmente selecionado:
Matthew 9: KCB
Destaque
Partilhar
Copiar
Quer salvar os seus destaques em todos os seus dispositivos? Faça o seu registo ou inicie sessão
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.