Logótipo YouVersion
Ícone de pesquisa

Matthew 6

6
1 ប៉ុន្ដែ​ចូរ​ប្រយ័ត្ន​ កុំ​បង្ហាញ​សេចក្ដី​សុចរិត​របស់​អ្នក​រាល់គ្នា​នៅ​មុខ​មនុស្ស​ ដើម្បី​ឲ្យ​តែ​គេ​ឃើញ​ប៉ុណ្ណោះ​ បើ​មិន​ដូច្នោះ​ទេ​ អ្នក​រាល់គ្នា​គ្មាន​រង្វាន់​ពី​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​នោះ​ឡើយ។​
2 ដូច្នេះ ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ផ្លុំ​ត្រែ​ ដើម្បី​ចេញ​មុខ​ ដូច​ជា​ពួក​មនុស្ស​មាន​ពុត​បាន​ធ្វើ​នៅ​ក្នុង​សាលា​ប្រជុំ​ និង​នៅ​តាម​ផ្លូវ​ ដើម្បី​ឲ្យ​គេ​សរសើរ​ខ្លួន​នោះទេ។​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ។​
3 ប៉ុន្ដែ​ពេល​អ្នក​ចែក​ទាន​ ចូរ​កុំ​ឲ្យ​ដៃ​ឆ្វេង​របស់​អ្នក​ដឹង​ការ​ដែល​ដៃ​ស្ដាំ​របស់​អ្នក​ធ្វើ​ឡើយ​
4 ដើម្បី​ឲ្យ​ការ​ចែក​ទាន​របស់​អ្នក​ស្ងាត់​កំបាំង​ ហើយ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​
5 នៅ​ពេល​អ្នក​រាល់គ្នា​អធិស្ឋាន​ ចូរ​កុំ​ធ្វើ​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ ព្រោះ​ពួក​គេ​ចូល​ចិត្ដ​ឈរ​អធិស្ឋាន​នៅ​ក្នុង​សាលា​ប្រជុំ​ និង​ទី​សាធារណៈ​ ដើម្បី​ឲ្យ​គេ​មើល​ឃើញ​ ដ្បិត​ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ជា​បា្រកដ​ថា​ គេ​មាន​រង្វាន់​របស់​គេ​ហើយ​
6 ផ្ទុយ​ទៅ​វិញ​ ពេល​អ្នក​អធិស្ឋាន​ ចូរ​ទៅ​ក្នុង​បន្ទប់​ស្ងាត់​ បិទ​ទ្វារ​ ហើយ​អធិស្ឋាន​ទៅ​ព្រះវរបិតា​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​ នោះ​ព្រះវរបិតា​ដែល​ទត​ឃើញ​នៅ​ទី​ស្ងាត់​កំបាំង​នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​
7 ហើយ​នៅ​ពេល​អធិស្ឋាន​ ចូរ​កុំ​និយាយ​ប៉ប៉ាច់​ប៉ប៉ោច​ដូច​សាសន៍​ដទៃ​ ព្រោះ​គេ​គិត​ថា​ ព្រះ​របស់​គេឮ​សំដី​ដ៏​ហូរ​ហៀរ​របស់​គេ។​
8 ដូច្នេះ​ កុំ​ធ្វើ​ដូច​ពួកគេ​ឡើយ​ ដ្បិត​ព្រះវរបិតា​ជ្រាប​ពី​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​ មុន​អ្នក​រាល់គ្នា​ទូល​សុំ​ទៅ​ទៀត។​
9 ដូច្នេះ​ ចូរ​អ្នក​រាល់គ្នា​អធិស្ឋាន​ដូច​នេះ​ថា​ «ឱ​ព្រះវរបិតា​នៃ​យើងខ្ញុំ​ ដែល​គង់​នៅ​ស្ថានសួគ៌​អើយ!​ សូម​ឲ្យ​ព្រះនាម​របស់​ព្រះអង្គ​បាន​បរិសុទ្ធ​
10 សូម​ឲ្យ​រាជ្យ​របស់​ព្រះអង្គ​បាន​មក​ដល់​ សូម​ឲ្យ​បំណង​ព្រះហឫទ័យ​របស់​ព្រះអង្គ​បាន​សម្រេច​នៅ​ផែនដី​ ដូច​នៅ​ស្ថានសួគ៌​ដែរ។​
11 សូម​ប្រទាន​អាហារ​ប្រចាំ​ថ្ងៃ​ដល់​យើង​ខ្ញុំ​នៅ​ថ្ងៃ​នេះ។​
12 សូម​លើក​លែង​ទោស​កំហុស​យើង​ខ្ញុំ​ ដូច​ជា​យើង​ខ្ញុំ​បាន​លើក​លែង​ទោស​ដល់​អស់​អ្នក​ដែល​ធ្វើ​ខុស​នឹង​យើង​ខ្ញុំ​ដែរ។​
13 សូម​កុំ​បណ្ដោយ​យើង​ខ្ញុំ​ឲ្យ​ទៅ​ក្នុង​សេចក្ដី​ល្បួង​ ប៉ុន្ដែ​សូម​ប្រោស​យើង​ខ្ញុំ​ឲ្យ​រួច​ពី​សេចក្ដី​អាក្រក់​វិញ​ [ដ្បិត​រាជ្យ​ ព្រះ​ចេស្ដា​ និង​សិរី​ល្អ​ជា​របស់​ព្រះអង្គ​នៅ​អស់​កល្ប​ជានិច្ច​ អាម៉ែន]»។​
14 ដ្បិត​បើ​អ្នក​រាល់គ្នា​លើក​លែង​ទោស​កំហុស​ដល់​មនុស្ស​ នោះ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថានសួគ៌​នឹង​លើក​លែង​ទោស​ដល់​អ្នក​រាល់គ្នា​ដែរ​
15 ប៉ុន្ដែ​ បើ​អ្នក​រាល់គ្នា​មិន​លើក​លែង​ទោស​ដល់​មនុស្ស​ទេ​ នោះ​ព្រះវរបិតា​របស់អ្នក​រាល់គ្នា​ ក៏​មិន​លើក​លែង​ទោស​កំហុស​របស់​អ្នក​រាល់គ្នា​ដែរ។​
16 នៅ​ពេល​អ្នក​រាល់គ្នា​តម​អាហារ​ ចូរ​កុំ​ធ្វើ​មុខ​ក្រៀម​ដូច​ជា​ពួក​មនុស្ស​មាន​ពុត​ឲ្យ​សោះ​ ពួកគេ​បង្ហាញ​ទឹក​មុខ​ស្រពោន​ ដើម្បី​ឲ្យ​មនុស្ស​មើល​ឃើញ​ថា​ ពួកគេ​កំពុង​តម​អាហារ។​ ខ្ញុំ​បា្រប់​អ្នករាល់​គ្នា​ជា​បា្រកដ​ថា​ ពួកគេ​មាន​រង្វាន់​របស់​ពួកគេ​ហើយ។​
17 ដូច្នេះ​នៅ​ពេល​អ្នក​តម​អាហារ​ ចូរ​លុប​លាង​មុខ​ ហើយ​លាប​ប្រេង​លើ​ក្បាល​ចុះ​
18 ដើម្បី​កុំ​ឲ្យ​អ្នក​បង្ហាញ​ដល់​មនុស្ស​ថា​ អ្នក​កំពុង​តម​អាហារ​ ប៉ុន្ដែ​បង្ហាញ​ដល់​ព្រះវរបិតា​របស់​អ្នក​ដែល​គង់​នៅ​ទី​ស្ងាត់​កំបាំង​វិញ​ ហើយ​ព្រះវរបិតា​របស់​អ្នក​ដែល​ទត​ឃើញ​នៅ​ក្នុង​ទី​ស្ងាត់​កំបាំង​ នឹង​ប្រទាន​រង្វាន់​ដល់​អ្នក។​
19 ចូរ​កុំ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ផែនដី​ឲ្យ​សោះ​ ដ្បិត​ជា​កន្លែង​ដែល​មាន​កណ្ដៀរ​ និង​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ជា​កន្លែង​ដែល​មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ផង​
20 ដូច្នេះ​ ចូរ​សន្សំ​ទ្រព្យ​សម្បត្ដិ​សម្រាប់​ខ្លួន​នៅ​ស្ថានសួគ៌​ ដ្បិត​ជា​កន្លែង​គ្មាន​កណ្ដៀរ​ គ្មាន​ច្រែះ​ស៊ី​បំផ្លាញ​ ហើយ​ក៏​ជា​កន្លែង​គ្មាន​ចោរ​គាស់​ទម្លាយ​ចូល​លួច​ដែរ​
21 ដ្បិត​ទ្រព្យ​សម្បត្ដិ​របស់​អ្នក​នៅ​កន្លែង​ណា​ ចិត្ដ​របស់​អ្នក​ក៏​នៅ​ទីនោះ​ដែរ‍។​
22 ភ្នែក​ជា​ចង្កៀង​នៃ​រូបកាយ​ ដូច្នេះ​បើ​ភ្នែក​របស់​អ្នក​ភ្លឺ​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ភ្លឺ​ដែរ​
23 ប៉ុន្ដែ​បើ​ភ្នែក​របស់​អ្នក​មិន​ល្អ​ នោះ​រូប​កាយ​របស់​អ្នក​ទាំង​មូល​នឹង​ត្រលប់​ជា​ងងឹត​សូន្យ​សុង​ ហើយ​បើ​ពន្លឺ​ក្នុង​ខ្លួន​របស់​អ្នក​ជា​សេចក្ដី​ងងឹត​ទៅ​ហើយ​ ចុះ​សេចក្ដី​ងងឹត​នឹង​ទៅ​ជា​សូន្យ​សុង​យ៉ាង​ណា​ទៅ​ទៀត!​
24 គ្មាន​អ្នកណា​អាច​បម្រើ​ចៅហ្វាយ​ពីរ​បាន​ទេ​ ដ្បិត​អ្នក​នោះ​នឹង​ស្អប់​មួយ​ ស្រឡាញ់​មួយ​ ឬ​ស្មោះ​ត្រង់​នឹង​មួយ​ ហើយ​មើល​ងាយ​មួយ​ទៀត‍។​ អ្នក​រាល់គ្នា​មិន​អាច​បម្រើ​ព្រះជាម្ចាស់​ផង​ បម្រើ​ទ្រព្យ​សម្បត្ដិ​ផង​បាន​ទេ‍។​
25 ដូច្នេះ​ ខ្ញុំ​បា្រប់​អ្នក​រាល់គ្នា​ថា​ កុំ​ខ្វល់​ខ្វាយ​នឹង​ជីវិត​ និង​អ្វី​ដែល​ត្រូវ​បរិភោគ​ ឬ​ផឹក​នោះ​ឡើយ​ ហើយ​ក៏​កុំ​ខ្វល់​ខ្វាយ​នឹង​រូប​កាយ​ថា​ត្រូវ​ស្លៀក​ពាក់​អ្វី​ដែរ​ តើ​ជីវិត​មិន​វិសេស​ជាង​អាហារ​ ហើយ​រូប​កាយ​មិន​វិសេស​ជាង​សម្លៀក​បំពាក់​ទេ​ឬ?​
26 ចូរ​មើល​សត្វ​ស្លាប​លើ​មេឃ​ ដ្បិត​ពួកវា​មិន​បាន​សាប​ព្រោះ​ ឬ​ច្រូត​កាត់​ប្រមូល​ផល​ដាក់​ជង្រុក​ទេ​ ប៉ុន្ដែ​ព្រះវរបិតា​របស់​អ្នក​រាល់គ្នា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ចិញ្ចឹម​ពួកវា​ តើ​អ្នក​រាល់គ្នា​គ្មាន​តម្លៃ​លើស​ពួកវា​ទេ​ឬ?​
27 ក្នុង​ចំណោម​អ្នក​រាល់គ្នា​ តើ​អ្នក​ដែល​ខ្វល់​ខ្វាយ​អាច​បន្ថែម​កំពស់​ខ្លួន​ឯង​បាន​មួយ​ហត្ថ​ដែរ​ឬ​ទេ?​
28 ហេតុអ្វី​បាន​ជា​អ្នក​រាល់គ្នា​ខ្វល់​ខ្វាយ​នឹង​សម្លៀក​បំពាក់​យ៉ាង​ដូច្នេះ?​ ចូរ​សង្កេត​មើល​ផ្កា​ព្រៃ​នៅ​តាម​វាល​ ពួកវា​ដុះ​ឡើង​យ៉ាង​ដូច​ម្ដេច​ ពួកវា​មិន​ធ្វើការ​ ឬ​ត្បាញ​រវៃ​អ្វី​ឡើយ​
29 ប៉ុន្ដែ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ សូម្បី​តែ​ស្ដេច​សាឡូម៉ូន​ដែល​មាន​សិរី​រុងរឿង​គ្រប់​យ៉ាង​ក៏​ស្លៀកពាក់​មិន​បាន​ស្អាត​ ដូច​ជា​ផ្កា​មួយ​ទង​ក្នុង​ចំណោម​ផ្កា​ទាំង​នេះ​ផង។​
30 បើ​ព្រះជាម្ចាស់​តុបតែង​ស្មៅ​នៅ​តាម​វាល​ដែល​ដុះ​នៅ​ថ្ងៃ​នេះ​ ហើយ​ថ្ងៃ​ស្អែក​ត្រូវ​បោះ​ទៅ​ក្នុង​ឡ​ភ្លើង​យ៉ាង​នោះ​ទៅ​ហើយ​ ឱ​មនុស្ស​មាន​ជំនឿ​តិច​អើយ!​ តើ​ព្រះអង្គ​មិន​ធ្វើ​ឲ្យ​អ្នក​រាល់គ្នា​វិសេស​ជាង​នោះ​ទេ​ឬ?​
31 ដូច្នេះ​កុំ​ខ្វល់​ខ្វាយ​ថា​ ត្រូវ​បរិភោគ​អ្វី​ ផឹក​អ្វី​ ឬ​ស្លៀកពាក់​អ្វី​ឡើយ​
32 ដ្បិត​សាសន៍​ដទៃ​ស្វែង​រក​របស់​ទាំង​អស់​នេះ​ ឯ​ព្រះវរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌​បាន​ជ្រាប​ថា​ អ្នក​រាល់គ្នា​ក៏​ត្រូវការ​របស់​ទាំង​អស់​នេះ​ដែរ។​
33 ចូរ​ស្វែង​រក​នគរ​ព្រះជាម្ចាស់​ និង​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​ជា​មុន​ នោះ​ព្រះជាម្ចាស់​នឹង​បំពេញ​គ្រប់​សេចក្ដី​ត្រូវការ​របស់​អ្នក​រាល់គ្នា​
34 ដូច្នេះ​ ចូរ​កុំ​ខ្វល់​ខ្វាយ​ពី​ថ្ងៃ​ស្អែក​ឡើយ​ រឿង​ថ្ងៃ​ស្អែក​ចាំ​គិត​ថ្ងៃ​ស្អែក​ ដ្បិត​បញ្ហា​មួយ​ថ្ងៃៗ​ល្មម​គ្រប់​គ្រាន់​ហើយ។​

Atualmente selecionado:

Matthew 6: KCB

Destaque

Partilhar

Copiar

None

Quer salvar os seus destaques em todos os seus dispositivos? Faça o seu registo ou inicie sessão