យ៉ូហាន 2
2
ធ្វើឲ្យទឹកក្លាយជាស្រាទំពាំងបាយជូរ
1នៅថ្ងៃទីបី មានពិធីមង្គលការមួយនៅកាណាក្នុងកាលីឡេ។ ម្ដាយរបស់ព្រះយេស៊ូវនៅទីនោះ 2ហើយព្រះយេស៊ូវ និងពួកសិស្សរបស់ព្រះអង្គក៏ត្រូវគេអញ្ជើញទៅចូលរួមក្នុងពិធីមង្គលការនោះដែរ។ 3នៅពេលស្រាទំពាំងបាយជូរអស់ ម្ដាយរបស់ព្រះយេស៊ូវទូលព្រះអង្គថា៖ “គេគ្មានស្រាទំពាំងបាយជូរទេ”។
4ព្រះយេស៊ូវមានបន្ទូលនឹងម្ដាយថា៖“ស្ត្រីអើយ តើរឿងនេះជាអ្វីនឹងខ្ញុំ ហើយនឹងអ្នក? ពេលវេលារបស់ខ្ញុំមិនទាន់មកដល់នៅឡើយទេ”។
5ម្ដាយរបស់ព្រះអង្គប្រាប់ពួកអ្នកបម្រើថា៖ “អ្វីក៏ដោយដែលលោកប្រាប់អ្នករាល់គ្នា ចូរធ្វើចុះ”។
6នៅទីនោះ មានដាក់ពាងថ្មប្រាំមួយ សម្រាប់ពិធីជម្រះរបស់ជនជាតិយូដា ពាងនីមួយៗមានចំណុះពីរ ឬបីរង្វាល់#2:6 ពីរ ឬបីរង្វាល់―ន័យត្រង់គឺ “2 ឬ3ម៉ែត្រេតេស” ឬ “ប្រហែល100លីត្រ”។ 1ម៉ែត្រេតេស=39លីត្រ។។
7ព្រះយេស៊ូវមានបន្ទូលនឹងពួកអ្នកបម្រើថា៖“ចូរចាក់ទឹកឲ្យពេញពាងទាំងនេះចុះ”។ ពួកគេក៏ចាក់ពេញដល់មាត់ពាង។ 8បន្ទាប់មក ព្រះអង្គមានបន្ទូលនឹងពួកគេថា៖“ឥឡូវនេះ ចូរដួសយកទៅជូនអ្នកគ្រប់គ្រងពិធីចុះ”។ ពួកគេក៏យកទៅ។
9នៅពេលអ្នកគ្រប់គ្រងពិធីបានភ្លក់ទឹកដែលក្លាយជាស្រាទំពាំងបាយជូរហើយ ក៏មិនដឹងថាមកពីណាដែរ (ប៉ុន្តែពួកអ្នកបម្រើដែលដួសទឹកនោះបានដឹង)។ អ្នកគ្រប់គ្រងពិធីក៏ហៅកូនកំលោះមក 10ហើយនិយាយនឹងគាត់ថា៖ “មនុស្សគ្រប់គ្នាដាក់ស្រាទំពាំងបាយជូរល្អមុន ហើយនៅពេលគេស្រវឹង ទើបដាក់ស្រាទំពាំងបាយជូរដែលអន់ជាង រីឯអ្នកវិញ អ្នកបានទុកស្រាទំពាំងបាយជូរល្អរហូតដល់ឥឡូវ!”។
11ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
12បន្ទាប់ពីការនេះ ព្រះយេស៊ូវ ម្ដាយ បងប្អូន និងពួកសិស្សរបស់ព្រះអង្គចុះទៅកាពើណិម ហើយស្នាក់នៅទីនោះមិនយូរថ្ងៃទេ។
ព្រះយេស៊ូវទ្រង់ជម្រះព្រះវិហារ
13បុណ្យរំលង#2:13 បុណ្យរំលង―សូមមើល 《និក្ខមនំ》 12:1-13:16។របស់ជនជាតិយូដាជិតមកដល់ហើយ ព្រះយេស៊ូវក៏យាងឡើងទៅយេរូសាឡិម។ 14ព្រះអង្គទតឃើញពួកអ្នកលក់គោ ចៀម និងព្រាប ព្រមទាំងពួកអ្នកដូរលុយ កំពុងអង្គុយនៅក្នុងព្រះវិហារ។ 15ព្រះអង្គក៏ធ្វើខ្សែតីដោយខ្សែ រួចដេញពួកគេគ្រប់គ្នាឲ្យចេញពីព្រះវិហារ ទាំងចៀម និងគោ ហើយបាចប្រាក់របស់ពួកអ្នកដូរលុយចោល ព្រមទាំងផ្កាប់តុទាំងនោះផង។ 16ព្រះអង្គមានបន្ទូលនឹងពួកអ្នកលក់ព្រាបថា៖“ចូរយករបស់ទាំងនេះចេញពីទីនេះទៅ! កុំធ្វើឲ្យដំណាក់របស់ព្រះបិតាខ្ញុំទៅជាផ្ទះលក់ដូរឡើយ!”។
17ពួកសិស្សរបស់ព្រះអង្គនឹកឃើញសេចក្ដីដែលមានសរសេរទុកមកថា:“ចិត្តឆេះឆួលចំពោះដំណាក់របស់ព្រះអង្គនឹងឆេះសន្ធោសន្ធៅនៅក្នុងទូលបង្គំ”។#2:17 《ទំនុកតម្កើង》 69:9។
18បន្ទាប់មក ពួកយូដាតបនឹងព្រះអង្គថា៖ “ដែលអ្នកធ្វើការទាំងនេះ តើអ្នកបង្ហាញទីសម្គាល់អ្វីដល់យើង?”។
19ព្រះយេស៊ូវមានបន្ទូលឆ្លើយនឹងពួកគេថា៖“ចូរបំផ្លាញព្រះវិហារនេះចុះ ហើយក្នុងបីថ្ងៃ ខ្ញុំនឹងលើកឡើងវិញ”។
20ពួកយូដានិយាយថា៖ “ព្រះវិហារនេះសាងសង់អស់សែសិបប្រាំមួយឆ្នាំ តើអ្នកនឹងលើកឡើងវិញក្នុងបីថ្ងៃឬ?”។
21ប៉ុន្តែព្រះអង្គកំពុងមានបន្ទូលអំពីព្រះវិហារនៃព្រះកាយរបស់ព្រះអង្គទេ។ 22ដូច្នេះ នៅពេលព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ ពួកសិស្សរបស់ព្រះអង្គនឹកឃើញថា ព្រះអង្គមានបន្ទូលអំពីការនេះហើយ នោះពួកគេក៏ជឿបទគម្ពីរ និងព្រះបន្ទូលដែលព្រះយេស៊ូវមានបន្ទូល។
23ពេលព្រះអង្គគង់នៅយេរូសាឡិមក្នុងអំឡុងពេលបុណ្យរំលង មានមនុស្សជាច្រើនជឿលើព្រះនាមរបស់ព្រះអង្គ ដោយឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើ។ 24ប៉ុន្តែព្រះយេស៊ូវ ព្រះអង្គផ្ទាល់មិនផ្ទុកផ្ដាក់អង្គទ្រង់នឹងពួកគេទេ ពីព្រោះព្រះអង្គឈ្វេងយល់មនុស្សទាំងអស់ 25ហើយពីព្រោះព្រះអង្គមិនចាំបាច់ឲ្យអ្នកណាធ្វើបន្ទាល់អំពីមនុស្សទេ ដ្បិតព្រះអង្គផ្ទាល់ឈ្វេងយល់នូវអ្វីដែលមាននៅក្នុងមនុស្ស៕
Currently Selected:
យ៉ូហាន 2: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative