លោកុប្បត្តិ 4
4
កាអ៊ីន និងអេបិល
1រីឯមនុស្សបានរួមដំណេកជាមួយអេវ៉ាប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានកាអ៊ីន។ នាងនិយាយថា៖ “ខ្ញុំបានទទួលមនុស្សប្រុសម្នាក់ដោយជំនួយពី#4:1 ជំនួយពី―ជាពាក្យជំនួយ។ព្រះយេហូវ៉ា”។ 2បន្ទាប់មក នាងបង្កើតបានអេបិលប្អូនប្រុសរបស់កាអ៊ីនទៀត។ អេបិលជាអ្នកឃ្វាលចៀម រីឯកាអ៊ីនជាអ្នកភ្ជួររាស់ដី។ 3លុះក្រោយមក កាអ៊ីនបានយកភោគផលពីដីមក ជាតង្វាយថ្វាយព្រះយេហូវ៉ា 4រីឯអេបិលក៏យកកូនដំបូងដ៏ល្អបំផុត#4:4 កូនដំបូងដ៏ល្អបំផុត―ឬ “កូនដំបូង ព្រមទាំងខ្លាញ់របស់វា”។ពីហ្វូងចៀមរបស់គាត់មកដែរ។ ព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងអេបិល ព្រមទាំងតង្វាយរបស់គាត់ 5ប៉ុន្តែព្រះអង្គមិនសព្វព្រះហឫទ័យនឹងកាអ៊ីន និងតង្វាយរបស់គាត់ឡើយ។ កាអ៊ីនក៏ក្ដៅក្រហាយយ៉ាងខ្លាំង ហើយគាត់ក៏ធ្លាក់ទឹកមុខ។
6ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “ម្ដេចក៏អ្នកក្ដៅក្រហាយ? ម្ដេចក៏អ្នកធ្លាក់ទឹកមុខដូច្នេះ? 7ប្រសិនបើអ្នកធ្វើល្អ តើមិនត្រូវបានទទួលយកទេឬ?#4:7 តើមិនត្រូវបានទទួលយកទេឬ?―ឬ “តើមិនគួរងើបមុខឡើងទេឬ?”។ ប៉ុន្តែប្រសិនបើអ្នកមិនធ្វើល្អ នោះបាបក្រាបនៅមាត់ទ្វារហើយ។ បំណងប្រាថ្នារបស់វាគឺមានចំពោះអ្នក ប៉ុន្តែអ្នកត្រូវតែគ្រប់គ្រងលើវាវិញ”។
8បន្ទាប់មក កាអ៊ីននិយាយជាមួយអេបិលប្អូនប្រុសរបស់ខ្លួន#4:8 កាអ៊ីននិយាយជាមួយអេបិលប្អូនប្រុសរបស់ខ្លួន―ឯកសារបុរាណខ្លះថា “កាអ៊ីននិយាយនឹងអេបិលប្អូនប្រុសរបស់ខ្លួនថា៖ ‘មក៍! យើងនាំគ្នាចេញទៅទីវាល’”។។ លុះក្រោយមកមានកើតឡើងដូច្នេះ: នៅពេលពួកគេនៅទីវាល កាអ៊ីនក៏ក្រោកឡើងទាស់នឹងអេបិលប្អូនប្រុសរបស់ខ្លួន ហើយសម្លាប់គាត់។
9ព្រះយេហូវ៉ាមានបន្ទូលនឹងកាអ៊ីនថា៖ “អេបិលប្អូនប្រុសរបស់អ្នកនៅឯណា?”។ គាត់ទូលថា៖ “ទូលបង្គំមិនដឹងទេ។ តើទូលបង្គំជាអ្នកយាមប្អូនប្រុសរបស់ទូលបង្គំឬ?”។
10នោះព្រះអង្គមានបន្ទូលថា៖ “តើអ្នកបានធ្វើអ្វី? សម្រែកឈាមរបស់ប្អូនប្រុសអ្នក កំពុងស្រែកមកកាន់យើងពីដី។ 11ឥឡូវនេះ អ្នកត្រូវបណ្ដាសាហើយ គឺពីដីដែលបានហាមាត់វាទទួលឈាមរបស់ប្អូនប្រុសអ្នកពីដៃអ្នក។ 12កាលណាអ្នកភ្ជួររាស់ដី វានឹងលែងផ្ដល់ភោគផលរបស់វាដល់អ្នកទៀតហើយ។ អ្នកនឹងទៅជាជនដើរសាត់អណ្ដែត និងជាជនពនេចរនៅលើផែនដី”។
13កាអ៊ីនក៏ទូលព្រះយេហូវ៉ាថា៖ “ទោសរបស់ទូលបង្គំធ្ងន់ហួសនឹងទ្រាំទ្របាន។ 14មើល៍! ថ្ងៃនេះព្រះអង្គបានបណ្ដេញទូលបង្គំចេញពីទឹកដីនេះ ដូច្នេះទូលបង្គំត្រូវលាក់ខ្លួនពីព្រះភក្ត្ររបស់ព្រះអង្គ#4:14 ទូលបង្គំត្រូវលាក់ខ្លួនពីព្រះភក្ត្ររបស់ព្រះអង្គ―ឬ “ទូលបង្គំត្រូវបានបំបាំងពីព្រះភក្ត្ររបស់ព្រះអង្គ”។។ ទូលបង្គំនឹងទៅជាជនដើរសាត់អណ្ដែត និងជាជនពនេចរនៅលើផែនដី ហើយអស់អ្នកដែលឃើញទូលបង្គំ មុខជាសម្លាប់ទូលបង្គំមិនខាន”។
15ព្រះយេហូវ៉ាមានបន្ទូលនឹងគាត់ថា៖ “បើដូច្នេះ អ្នកណាក៏ដោយដែលសម្លាប់កាអ៊ីន ត្រូវសងសឹកអ្នកនោះមួយជាប្រាំពីរ”។ រួចព្រះយេហូវ៉ាក៏ដាក់សញ្ញាមួយលើកាអ៊ីន ដើម្បីកុំឲ្យអស់អ្នកដែលឃើញគាត់ វាយសម្លាប់គាត់ឡើយ។ 16បន្ទាប់មក កាអ៊ីនក៏ចេញពីចំពោះព្រះយេហូវ៉ា ហើយទៅរស់នៅក្នុងដែនដីណូឌ នៅខាងកើតអេដែន។
ពូជអម្បូររបស់កាអ៊ីន
17កាអ៊ីនបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ នោះនាងក៏មានផ្ទៃពោះ ហើយបង្កើតបានហេណុក។ ពេលនោះ កាអ៊ីនបានសង់ទីក្រុងមួយ ហើយដាក់ឈ្មោះទីក្រុងនោះថាហេណុក តាមឈ្មោះកូនប្រុសរបស់គាត់។ 18បន្ទាប់មក ហេណុកបង្កើតអ៊ីរ៉ាឌ អ៊ីរ៉ាឌបង្កើតមហ៊ូយ៉ែល មហ៊ូយ៉ែលបង្កើតមទូសែល មទូសែលបង្កើតឡាមេក។ 19ឡាមេកយកប្រពន្ធពីរ ម្នាក់ឈ្មោះអ័ដា ហើយម្នាក់ទៀតឈ្មោះស៊ីឡា។ 20អ័ដាបង្កើតយ៉ាបាលដែលជាដូនតារបស់អ្នកដែលរស់នៅក្នុងរោង ហើយមានហ្វូងសត្វស្រុក។ 21ប្អូនប្រុសរបស់គាត់ឈ្មោះយូបាល ជាដូនតារបស់មនុស្សទាំងអស់ដែលលេងពិណហាប និងខ្លុយ។ 22រីឯស៊ីឡាក៏បង្កើតទូបាល-កាអ៊ីន ដែលជាជាងបង្រៀនអស់ទាំងជាងលង្ហិន និងជាងដែក ហើយប្អូនស្រីទូបាល-កាអ៊ីនឈ្មោះណាអាម៉ា។
23ឡាមេកនិយាយនឹងពួកប្រពន្ធរបស់គាត់ថា៖
“អ័ដា និងស៊ីឡាអើយ ចូរស្ដាប់សំឡេងរបស់ខ្ញុំ!
ពួកប្រពន្ធរបស់ឡាមេកអើយ ចូរផ្ទៀងត្រចៀកនឹងពាក្យរបស់ខ្ញុំ!
ដ្បិតខ្ញុំបានសម្លាប់មនុស្សប្រុសម្នាក់ដោយសារវាធ្វើឲ្យខ្ញុំរងរបួស
ខ្ញុំបានសម្លាប់កំលោះម្នាក់ដោយសារវាវាយខ្ញុំឲ្យជាំ។
24ប្រសិនបើត្រូវសងសឹកឲ្យកាអ៊ីនមួយជាប្រាំពីរ
នោះត្រូវសងសឹកឲ្យឡាមេកមួយជាចិតសិបប្រាំពីរ”។
សេថជំនួសអេបិល
25អ័ដាមបានរួមដំណេកជាមួយប្រពន្ធរបស់គាត់ម្ដងទៀត នោះនាងក៏បង្កើតបានកូនប្រុសម្នាក់ ហើយដាក់ឈ្មោះវាថាសេថ ដ្បិតនាងនិយាយថា#4:25 នាងនិយាយថា―ជាពាក្យជំនួយ។៖ “ព្រះបានតាំងពូជពង្សម្នាក់ទៀតឲ្យខ្ញុំ ជំនួសអេបិលដែលកាអ៊ីនបានសម្លាប់”។ 26សេថក៏បង្កើតកូនប្រុសម្នាក់ដែរ គាត់ដាក់ឈ្មោះវាថាអេណុស។ នៅគ្រានោះ គេចាប់ផ្ដើមស្រែកហៅ#4:26 ស្រែកហៅ―ឬ “ប្រកាស”។ព្រះនាមរបស់ព្រះយេហូវ៉ា៕
Currently Selected:
លោកុប្បត្តិ 4: GKHB
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative