YouVersion लोगो
खोज आइकन

លោកុ‌ប្បត្តិ 12

12
ព្រះ​ត្រាស់​ហៅ​លោក​អាប់‌រ៉ាម
1គ្រា​នោះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់‌រ៉ាម​ថា៖ «ចូរ​ចេញ​ពី​ស្រុក ពី​ញាតិ‌សន្តាន និង​ពី​ផ្ទះ​ឪពុក​របស់​អ្នក ទៅ​ឯ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។ 2យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។ 3យើង​នឹង​ឲ្យ​ពរ​ដល់​អស់​អ្នក​ណា​ដែល​ឲ្យ​ពរ​អ្នក ហើយ​យើង​នឹង​ដាក់​បណ្ដា‌សា​ដល់​អស់​អ្នក​ណា​ដែលដាក់​បណ្ដា​សា​អ្នក គ្រប់​ទាំង​គ្រួសារ​នៅ​លើ​ផែន‌ដី​នឹង​បាន​ពរ​ដោយ‌សារ​អ្នក»។
4ដូច្នេះ លោក​អាប់‌រ៉ាម​ក៏​ចេញ​ទៅ ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ហើយ​ឡុត​ក៏​ទៅ​ជា‌មួយ​ដែរ។ កាល​អាប់‌រ៉ាម​ចេញ​ពី​ស្រុក​ខារ៉ាន​ទៅ លោក​មាន​អាយុ​ចិតសិប​ប្រាំ​ឆ្នាំ។ 5លោក​អាប់‌រ៉ាម​ក៏​យក​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ និង​ឡុត​ជា​ក្មួយ ព្រម​ទាំង​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​មនុស្ស​ដែល​ពួក​លោក​ទិញ​បាន​នៅ​ស្រុក​ខារ៉ាន ទៅ​ជា‌មួយដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ កាល​បាន​មក​ដល់​ស្រុក​កាណាន​ហើយ 6លោក​អាប់‌រ៉ាម​បាន​ដើរ​កាត់​ស្រុក​នោះ រហូត​ដល់​កន្លែង​មួយ​នៅ​ស៊ីគែម ត្រង់​ដើម​ម៉ៃសាក់​របស់​ម៉ូរេ។ នៅ​គ្រា​នោះ សាសន៍​កាណាន​រស់​នៅ​ក្នុង​ស្រុក​នោះ។ 7ពេល​នោះ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់‌រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ស្រុក​នេះ​ដល់​ពូជ‌ពង្ស​របស់​អ្នក»។ ដូច្នេះ លោក​ក៏​សង់​អាស‌នា​មួយ​នៅ​ទី​នោះ​ថ្វាយ​ព្រះ‌យេហូវ៉ា ដែល​បាន​លេច​មក​ឲ្យលោក​ឃើញ។ 8លោក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល រួច​ក៏​បោះ​ជំរំ​នៅ​ចន្លោះ​បេត-អែល ដែល​នៅ​ខាង​លិច និងក្រុង​អៃយ​ដែល​នៅ​ខាង​កើត។ លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។ 9បន្ទាប់​មក លោក​អាប់‌រ៉ាម​ក៏​ចេះ​តែ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​តំបន់​ណេកិប​ទៀត។
លោក​អាប់‌រ៉ាម និងលោក​ស្រី​សារ៉ាយ​នៅ​ស្រុក​អេស៊ីព្ទ
10នៅ​គ្រា​នោះ ស្រុក​កើត​មាន​អំណត់ ហើយ​លោក​អាប់‌រ៉ាម​ចុះ​ទៅ​សំណាក់​នៅ​ស្រុក​អេស៊ីព្ទ ដ្បិត​នៅ​ស្រុក​កាណាន​កើត​មាន​អំណត់​ខ្លាំង​ណាស់។ 11កាល​លោក​ហៀប​នឹង​ចូល​ទៅក្នុង​ស្រុក​អេស៊ីព្ទ លោកមាន​ប្រសាសន៍​ទៅ​កាន់​លោក​ស្រី​សារ៉ាយ​ជា​ប្រពន្ធ​ថា៖ «មើល៍! បង​ដឹង​ថា អូន​ជា​ស្ត្រីម្នាក់​ដែល​មាន​រូប​ស្រស់​ស្អាត 12ហើយ​ពេល​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​អូន នោះ​គេ​មុខ​ជាពោល​ថា "នាង​នេះ​ជា​ប្រពន្ធ​របស់​គាត់"។ ពេល​នោះ គេ​នឹង​សម្លាប់​បង ហើយ​ទុក​អូន​ឲ្យ​រស់​នៅ។ 13ដូច្នេះ អូន​ត្រូវ​ប្រាប់​គេ​ថា អូន​ជា​ប្អូន​ស្រី​របស់​បង ដើម្បី​ឲ្យ​គេ​បាន​ប្រព្រឹត្ត​ល្អ​ជា‌មួយ​បង​ដោយ​ព្រោះ​អូន ហើយ​ឲ្យ​បង​បាន​រួច​ជីវិត ដោយ‌សារ​អូន​ផង»។ 14កាល​លោក​អាប់‌រ៉ាម​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឃើញ​ថា ប្រពន្ធ​របស់​លោក​មាន​រូប​សម្រស់​ស្អាត​ណាស់។ 15កាល​ពួក​នាម៉ឺន​របស់​ផារ៉ោន​ឃើញ​គាត់ គេ​នាំ​គ្នា​សរសើរ​ពីគាត់​ទូល​ផារ៉ោន រួចគេក៏​នាំ​គាត់​ចូល​ទៅ​ក្នុង​ដំណាក់​របស់​ផារ៉ោន។ 16ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។
17ប៉ុន្ដែ ព្រះ‌យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ផារ៉ោន និង​ពួក​រាជ​ដំណាក់ ជួប​នឹង​គ្រោះ​កាច​ជា​ខ្លាំង ព្រោះ​តែ​លោក​ស្រី​សារ៉ាយ ជា​ប្រពន្ធ​របស់​លោក​អាប់‌រ៉ាម។ 18ដូច្នេះ ផារ៉ោន​ក៏​ហៅ​លោក​អាប់‌រ៉ាម​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​ធ្វើ​ដាក់​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​ប្រាប់​យើង​ដោយ​ត្រង់​ថា នាង​ជា​ប្រពន្ធ​របស់​អ្នក? 19ម្តេច​ក៏​អ្នក​ថា​ជា​ប្អូន ហើយ​ទុក​ឱកាស​ឲ្យ​យើង​បាន​យក​នាង​មក​ធ្វើ​ជា​ប្រពន្ធ​ដូច្នេះ? នេះ​នែ​ប្រពន្ធ​របស់​អ្នក ឥឡូវ​នេះ ចូរ​យក​នាង​ចេញ​ពី​ទី​នេះ​ទៅ!»។ 20ផារ៉ោន​ក៏​បញ្ជា​ពួក​រាជ​បម្រើ ឲ្យ​គេបញ្ជូន​លោក​ចេញ​ទៅ​ជា‌មួយ​ប្រពន្ធ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​លោក​មាន​ទៅ​ជា‌មួយ​ផង។

अहिले सेलेक्ट गरिएको:

លោកុ‌ប្បត្តិ 12: គកស១៦

हाइलाइट

शेयर गर्नुहोस्

कपी गर्नुहोस्

None

तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्