លូកា 19
19
ណាពីអ៊ីសា និងលោកសាខេ
1អ៊ីសាមកដល់ក្រុងយេរីខូ ហើយដើរកាត់ទីក្រុង។ 2មានបុរសម្នាក់ឈ្មោះសាខេ ជាមេលើអ្នកទារពន្ធ គាត់មានទ្រព្យសម្បត្តិយ៉ាងច្រើន។ 3គាត់ចង់ឃើញអ៊ីសាមានភិនភាគយ៉ាងណា ប៉ុន្តែ ដោយមានមនុស្សច្រើនពេក ហើយដោយគាត់មានមាឌតូចទៀតផងនោះ គាត់មើលអ៊ីសាមិនឃើញទេ។ 4គាត់រត់ទៅខាងមុខ ឡើងដើមឈើមួយដើម ចាំមើលអ៊ីសា ព្រោះអ៊ីសាត្រូវដើរកាត់តាមនោះ។ 5កាលអ៊ីសាមកដល់ អ៊ីសាងើបមុខឡើង ហើយមានប្រសាសន៍ទៅគាត់ថា៖ «សាខេអើយ! ចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក»។ 6សាខេក៏ចុះមកជាប្រញាប់ ហើយទទួលអ៊ីសាដោយអំណរ។ 7កាលមនុស្សទាំងអស់ឃើញដូច្នោះ គេរអ៊ូរទាំថា៖ «មើល៍! អ្នកនេះទៅស្នាក់នៅផ្ទះមនុស្សបាប!»។ 8សាខេក្រោកឈរឡើង ជម្រាបអ៊ីសាជាអម្ចាស់ថា៖ «អ៊ីសាជាអម្ចាស់អើយ! ខ្ញុំនឹងចែកទ្រព្យសម្បត្តិរបស់ខ្ញុំ ចំនួនពាក់កណ្ដាលដល់មនុស្សក្រីក្រ ហើយប្រសិនបើខ្ញុំទារពន្ធពីអ្នកណាហួសកំរិត ខ្ញុំនឹងសងអ្នកនោះវិញមួយជាបួន»។ 9អ៊ីសាមានប្រសាសន៍ទៅគាត់ថា៖ «ថ្ងៃនេះ ការសង្គ្រោះបានមកដល់ផ្ទះនេះហើយ ដ្បិតបុរសនេះជាពូជពង្សរបស់ណាពីអ៊ីព្រហ៊ីមដែរ។ 10បុត្រាមនុស្សបានមក ដើម្បីស្វែងរក និងសង្គ្រោះមនុស្សដែលវិនាសបាត់បង់»។
ប្រស្នាអំពីប្រាក់ណែន
11កាលអ៊ីសាមកជិតដល់ក្រុងយេរូសាឡឹមហើយ គាត់មានប្រសាសន៍ជាប្រស្នាមួយទៀតទៅកាន់អស់អ្នកដែលស្ដាប់គាត់ ដ្បិតអ្នកទាំងនោះនឹកស្មានថា នគរអុលឡោះនឹងមកដល់ភ្លាមៗនេះជាមិនខាន។ 12អ៊ីសាមានប្រសាសន៍ថា៖ «មានបុរសម្នាក់ជាអ្នកមានត្រកូលខ្ពស់ ចេញដំណើរទៅស្រុកឆ្ងាយ ដើម្បីនឹងទទួលការតែងតាំង។ កាលណាទទួលការតែងតាំងហើយ គាត់នឹងត្រឡប់មកវិញ។ 13មុនពេលចេញដំណើរទៅ គាត់បានហៅអ្នកបម្រើរបស់គាត់ដប់នាក់មក ប្រគល់ប្រាក់ឲ្យគេមួយណែនម្នាក់ៗទាំងផ្ដាំថា “ចូរយកប្រាក់នេះទៅរកស៊ី រហូតដល់ខ្ញុំត្រឡប់មកវិញ”។ 14រីឯអ្នកស្រុកនោះស្អប់គាត់ បានជាគេចាត់អ្នកតំណាងឲ្យទៅតាមក្រោយនាំពាក្យថា “យើងខ្ញុំមិនចង់ឲ្យអ្នកនេះធ្វើស្ដេចលើយើងខ្ញុំជាដាច់ខាត”។
15លុះបានទទួលការតែងតាំងជាស្តេចហើយគាត់ក៏ត្រឡប់មកវិញ។ គាត់កោះហៅអ្នកបម្រើទាំងដប់នាក់ ដែលគាត់បានប្រគល់ប្រាក់ណែននោះមកសួរ ដើម្បីឲ្យដឹងថាម្នាក់ៗរកស៊ីចំណេញបានប៉ុន្មាន។ 16អ្នកបម្រើទីមួយចូលមកជួបនិយាយថា “សូមជម្រាបលោក! ប្រាក់ដែលលោកឲ្យមក ខ្ញុំចំណេញបានដប់ណែន”។ 17គាត់និយាយទៅអ្នកនោះថា “ល្អហើយ! អ្នកបម្រើដ៏ប្រសើរអើយ យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងដប់ ដ្បិតអ្នកបានស្មោះត្រង់នឹងកិច្ចការមួយដ៏តូចនេះ”។ 18អ្នកបម្រើទីពីរចូលមកនិយាយថា “សូមជម្រាបលោក! ប្រាក់ដែលលោកឲ្យមកខ្ញុំចំណេញបានប្រាំណែន”។ 19គាត់និយាយទៅអ្នកបម្រើទីពីរថា “យើងតែងតាំងអ្នកឲ្យគ្រប់គ្រងលើក្រុងប្រាំ”។ 20អ្នកបម្រើម្នាក់ទៀតចូលមកនិយាយថា “សូមជម្រាបលោកម្ នេះនែ៎ប្រាក់របស់លោកខ្ញុំបានវេចទុកក្នុងកន្សែង។ 21ខ្ញុំនឹកខ្លាចលោក ដ្បិតលោកប្រិតប្រៀងណាស់។ លោកតែងប្រមូលយកអ្វីៗដែលមិនមែនជារបស់លោក ហើយតែងច្រូតយកផលពីស្រែដែលលោកមិនបានសាបព្រោះ”។ 22គាត់និយាយទៅអ្នកបម្រើនោះថា “នែ៎អ្នកបម្រើអាក្រក់! យើងនឹងកាត់ទោសអ្នក ឲ្យស្របតាមពាក្យសំដីរបស់អ្នក។ អ្នកដឹងស្រាប់ហើយថា យើងជាមនុស្សប្រិតប្រៀង យើងប្រមូលយកអ្វីៗដែលមិនមែនជារបស់យើង ហើយច្រូតយកផលពីស្រែដែលយើងមិនបានសាបព្រោះ 23ហេតុដូចម្ដេចបានជាអ្នកមិនយកប្រាក់របស់យើងទៅរកស៊ី ដើម្បីឲ្យយើងអាចទទួលទាំងដើម ទាំងចំណេញ នៅពេលយើងត្រឡប់មកវិញ?”។ 24បន្ទាប់មក គាត់បញ្ជាទៅអ្នកដែលនៅទីនោះថា “ចូរយកប្រាក់ពីអ្នកនេះ ប្រគល់ឲ្យអ្នកដែលមានដប់ណែនទៅ”។ 25អ្នកទាំងនោះជម្រាបស្តេចថា “លោកអើយ! គាត់មានប្រាក់ដប់ណែនហើយ”។ 26ស្តេចបានតបថា “យើងសុំប្រាប់អ្នករាល់គ្នាថា អ្នកណាមានហើយ អ្នកនោះនឹងទទួលថែមទៀត។ រីឯអ្នកដែលគ្មានវិញ គេនឹងដកហូតនូវអ្វីៗដែលអ្នកនោះមាន សូម្បីតែបន្ដិចបន្ដួចក៏មិនសល់ផង។ 27ម្យ៉ាងទៀត ពួកខ្មាំងសត្រូវដែលមិនចង់ឲ្យយើងគ្រប់គ្រងលើគេទេនោះ ចូរនាំគេមក ហើយសម្លាប់ចោលនៅមុខយើងចុះ”»។
ណាពីអ៊ីសាចូលក្រុងយេរូសាឡឹម
28កាលអ៊ីសាមានប្រសាសន៍ដូច្នោះហើយ គាត់ក៏ដើរនាំមុខបណ្ដាជន ឡើងទៅក្រុងយេរូសាឡឹម។ 29លុះអ៊ីសាទៅជិតដល់ភូមិបេតផាសេ និងភូមិបេតថានី ដែលនៅចង្កេះភ្នំដើមអូលីវ គាត់ចាត់សិស្សពីរនាក់ឲ្យទៅមុន 30ដោយនិយាយថា៖ «ចូរទៅភូមិខាងមុខនោះ ពេលអ្នកទៅដល់ អ្នកនឹងឃើញកូនលាមួយដែលគេចងនៅទីនោះ ពុំទាន់មាននរណាជិះនៅឡើយទេ ចូរស្រាយវាដឹកមក។ 31ប្រសិនបើមានគេសួរថា “ហេតុអ្វីបានជាអ្នកស្រាយវា?” ចូរឆ្លើយទៅគេថា “អ៊ីសាជាអម្ចាស់ត្រូវការវា”»។ 32សិស្សទាំងពីរក៏ចេញទៅ ហើយឃើញដូចអ៊ីសាប្រាប់គេមែន។ 33ពេលគេកំពុងស្រាយកូនលាម្ចាស់វាសួរថា៖ «ហេតុអ្វីបានជាអ្នកស្រាយលានេះ?» 34សិស្សឆ្លើយថា៖ «អ៊ីសាជាអម្ចាស់ត្រូវការវា»។ 35បន្ទាប់មក អ្នកទាំងពីរដឹកកូនលាយកមកជូនអ៊ីសា ហើយក្រាលអាវធំរបស់ខ្លួនលើខ្នងវាឲ្យអ៊ីសាជិះ។ 36នៅពេលអ៊ីសាទៅមុខ មនុស្សម្នាយកអាវធំរបស់ខ្លួនមកក្រាលតាមផ្លូវ។ 37កាលអ៊ីសាទៅតាមផ្លូវដែលចុះពីភ្នំដើមអូលីវ មកជិតដល់ក្រុងយេរូសាឡឹម មានសិស្សច្រើនកុះករអរសប្បាយ នាំគ្នាបន្លឺសំឡេងសរសើរតម្កើងអុលឡោះអំពីការអស្ចារ្យទាំងប៉ុន្មាន ដែលគេបានឃើញ។ 38គេពោលថា៖
«សូមអុលឡោះប្រទានពរដល់
ស្តេចដែលមក
ក្នុងនាមអុលឡោះជាអម្ចាស់!
សូមសន្ដិភាពកើតពីសូរ៉កមក
សូមលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ
នៅស្ថានដ៏ខ្ពង់ខ្ពស់បំផុត!»។
39មានអ្នកខាងគណៈផារីស៊ខ្លះ ដែលនៅក្នុងចំណោមបណ្ដាជន ជម្រាបអ៊ីសាថា៖ «តួនសូមឃាត់សិស្សរបស់តួនឲ្យនៅស្ងៀមផង!»។ 40អ៊ីសាឆ្លើយថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងថា ប្រសិនបើអ្នកទាំងនេះនៅស្ងៀម ដុំថ្មមុខជាស្រែកជំនួសគេវិញមិនខាន»។
ណាពីអ៊ីសាសោកសៅស្រណោះក្រុងយេរូសាឡឹម
41កាលអ៊ីសាទៅជិតដល់ក្រុងយេរូសាឡឹម គាត់ឃើញទីក្រុង ហើយគាត់យំនឹកអាណិតក្រុងនោះ ទាំងនិយាយថា៖ 42«យេរូសាឡឹមអើយ! គួរឲ្យស្ដាយពេក នៅថ្ងៃនេះ អ្នកពុំបានយល់ហេតុការណ៍ដែលផ្ដល់សេចក្ដីសុខសាន្ដមកអ្នកសោះ ដោយអត្ថន័យនៅលាក់កំបាំងនៅឡើយ អ្នកពុំអាចឃើញបានទេ។ 43នៅពេលខាងមុខ ខ្មាំងសត្រូវនឹងមកបោះទ័ពឡោមព័ទ្ធជុំវិញអ្នក ហើយវាយប្រហារអ្នកពីគ្រប់ទិស 44គេនឹងកំទេចអ្នកចោល ព្រមទាំងសម្លាប់អ្នកក្រុងឲ្យវិនាសបង់ផង។ គេមិនទុកឲ្យដុំថ្ម នៅត្រួតពីលើគ្នា ក្នុងក្រុងទៀតឡើយ ដ្បិតអ្នកពុំបានទទួលស្គាល់ពេលកំណត់ដែលអុលឡោះបានមកសង្គ្រោះអ្នកទេ»។
ណាពីអ៊ីសាដេញអ្នកលក់ដូរចេញពីម៉ាស្ជិ
45អ៊ីសាចូលម៉ាស្ជិទ ហើយដេញអ្នកលក់ដូរចេញពីទីនោះ 46ដោយប្រាប់ទៅគេថា៖ «ក្នុងគីតាបមានចែងថា “ដំណាក់របស់យើងជាកន្លែងសម្រាប់ទូរអា”ទៅវិញ»។
47អ៊ីសាបង្រៀនគេ នៅក្នុងម៉ាស្ជិទជារៀងរាល់ថ្ងៃ។ ក្រុមអ៊ីម៉ាំ ពួកតួន និងពួកមន្ដ្រី នាំគ្នារកមធ្យោបាយសម្លាប់អ៊ីសា។ 48ប៉ុន្តែ គេមិនដឹងជាត្រូវប្រើវិធីណាឡើយ ដ្បិតប្រជាជនទាំងមូលប្រឹងស្ដាប់អ៊ីសាមានប្រសាសន៍ដោយយកចិត្ដទុកដាក់។
अहिले सेलेक्ट गरिएको:
លូកា 19: អគត
हाइलाइट
शेयर गर्नुहोस्
कपी गर्नुहोस्
तपाईंका हाइलाइटहरू तपाईंका सबै यन्त्रहरूमा सुरक्षित गर्न चाहनुहुन्छ? साइन अप वा साइन इन गर्नुहोस्
© 2014 United Bible Societies, UK.