លោកុប្បត្តិ 8
8
ទឹកជំនន់ស្រកចុះ
1ប៉ុន្តែ ព្រះទ្រង់នឹកចាំពីលោកណូអេ និងសត្វព្រៃ សត្វស្រុកទាំងប៉ុន្មានដែលនៅក្នុងទូកជាមួយលោក ព្រះអង្គបានធ្វើឲ្យខ្យល់បក់មកលើផែនដី ហើយទឹកក៏ស្រកចុះ។ 2រន្ធទឹកនៅទីជម្រៅ និងទ្វារមេឃបានបិទវិញ ហើយភ្លៀងក៏ឈប់ធ្លាក់ពីលើមេឃដែរ។ 3ទឹកបានស្រកចុះពីផែនដីជាដរាប លុះផុតពីមួយរយហាសិបថ្ងៃទៅ ទឹកក៏ថយចុះ 4ហើយខែទីប្រាំពីរ ថ្ងៃទីដប់ប្រាំពីរ ទូកធំបានកឿងនៅលើភ្នំអារ៉ារ៉ាត។ 5ទឹកក៏បន្តស្រកចុះរហូតដល់ខែទីដប់ លុះចូលដល់ថ្ងៃទីមួយ ខែទីដប់ ទើបឃើញមានកំពូលភ្នំលេចឡើង។
6សែសិបថ្ងៃក្រោយមកទៀត លោកណូអេបានបើកបង្អួចទូកដែលលោកបានធ្វើ 7ហើយក៏លែងសត្វក្អែកមួយឲ្យចេញទៅ តែសត្វនោះហើរទៅហើរមក រហូតទាល់តែទឹកបានរីងស្ងួតពីផែនដី។ 8បន្ទាប់មក លោកក៏លែងព្រាបមួយទៀតឲ្យទៅ ដើម្បីឲ្យដឹងថា ទឹកបានស្រកចុះដល់ដី ឬយ៉ាងណា 9តែព្រាបនោះរកកន្លែងទំមិនបាន ក៏វិលត្រឡប់មករកលោកវិញ ព្រោះទឹកនៅពេញលើផែនដីនៅឡើយ។ ដូច្នេះ លោកក៏លូកដៃទៅចាប់ព្រាបនោះ ចូលមកក្នុងទូកវិញ។ 10លោកនៅរង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យចេញពីទូកទៅម្តងទៀត 11ហើយនៅពេលល្ងាច ព្រាបនោះវិលត្រឡប់មករកលោកវិញ ទាំងឃើញមានពាំយកស្លឹកអូលីវដែលវាបានចឹកមកជាមួយផង ដូច្នេះ លោកណូអេក៏ដឹងថា ទឹកបានស្រកពីផែនដីហើយ។ 12បន្ទាប់មក លោករង់ចាំប្រាំពីរថ្ងៃទៀត ទើបលែងព្រាបឲ្យទៅ តែព្រាបនោះមិនបានវិលត្រឡប់មករកលោកវិញទៀតឡើយ។
13នៅឆ្នាំប្រាំមួយរយមួយ ក្នុងខែទីមួយ ថ្ងៃទីមួយ ទឹកបានរីងស្ងួតអស់ពីផែនដី។ លោកណូអេក៏បើកដំបូលទូកមើល ឃើញថា ដីបានស្ងួតអស់ហើយ។ 14នៅខែទីពីរ ថ្ងៃទីម្ភៃប្រាំពីរ ផែនដីបានស្ងួតអស់។ 15ពេលនោះ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ 16«ចូរចេញពីទូកមក គឺទាំងអ្នក ទាំងប្រពន្ធ ទាំងកូនប្រុស និងកូនប្រសាស្រីរបស់អ្នក។ 17ចូរនាំអស់ទាំងសត្វគ្រប់ប្រភេទដែលនៅជាមួយអ្នកចេញមកផង គឺទាំងសត្វស្លាប សត្វជើងបួន និងគ្រប់ទាំងសត្វលូនវារ ដែលវារនៅលើផែនដី ដើម្បីឲ្យបានបង្កើតកូនចម្រើនជាច្រើនឡើង មានពាសពេញនៅលើផែនដី»។ 18ដូច្នេះ លោកណូអេក៏ចេញមក ហើយកូន ប្រពន្ធ និងកូនប្រសាស្រីរបស់លោកក៏ចេញមកជាមួយលោកដែរ។ 19គ្រប់ទាំងសត្វជើងបួន សត្វលូនវារ សត្វស្លាបទាំងប៉ុន្មានផង គឺគ្រប់ទាំងសត្វដែលកម្រើកលើផែនដី ក៏ចេញពីទូកមកតាមពូជរបស់វាដែរ។
ព្រះបន្ទូលសន្យាមកកាន់លោកណូអេ
20បន្ទាប់មក លោកណូអេបានសង់អាសនាមួយថ្វាយព្រះយេហូវ៉ា រួចយកសត្វជើងបួនពីសត្វដែលស្អាតគ្រប់មុខ និងពីសត្វស្លាបដែលស្អាតគ្រប់មុខ មកថ្វាយជាតង្វាយដុតលើអាសនានោះ។ 21កាលព្រះយេហូវ៉ាធុំក្លិនឈ្ងុយ ព្រះអង្គសម្រេចក្នុងព្រះហឫទ័យថា៖ «យើងនឹងមិនដាក់បណ្ដាសាដី ព្រោះតែមនុស្សទៀតទេ ដ្បិតគំនិតក្នុងចិត្តមនុស្សអាក្រក់តាំងតែពីក្មេងមកម៉្លេះ។ យើងនឹងមិនវាយប្រហារជីវិតទាំងឡាយ ដូចយើងបានធ្វើមកហើយនោះទៀតទេ។
22ដរាបណានៅមានផែនដីនៅឡើយ
ដរាបនោះ រដូវសាបព្រោះ រដូវច្រូតកាត់
ត្រជាក់ ក្តៅ រដូវប្រាំង រដូវវស្សា ថ្ងៃ និងយប់
នឹងនៅតែមាន មិនដែលអាក់ខានឡើយ»។
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 8: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies