John 19
19
1 ដូច្នេះនៅពេលនោះ លោកពីឡាត់បានយកព្រះយេស៊ូទៅ ហើយឲ្យគេវាយព្រះអង្គនឹងខ្សែតី
2 ពួកទាហានបានក្រងបន្លាធ្វើមកុដពាក់លើព្រះសិររបស់ព្រះអង្គ និងបានយកអាវពណ៌ស្វាយមកបំពាក់ឲ្យព្រះអង្គ
3 ហើយពួកគេក៏មកឯព្រះអង្គ ទាំងទូលថា៖ «សូមថ្វាយបង្គំស្តេចរបស់ជនជាតិយូដា!» រួចពួកគេក៏ទះកំផ្លៀងព្រះអង្គ។
4 លោកពីឡាត់បានចេញមកខាងក្រៅ ហើយប្រាប់ពួកគេម្តងទៀតថា៖ «មើល៍ ខ្ញុំនាំគាត់មកឯអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាដឹងថា ខ្ញុំមិនឃើញថា បុរសម្នាក់នេះមានទោសសោះ!»
5 ដូច្នេះព្រះយេស៊ូក៏យាងចេញមកក្រៅ ទាំងពាក់មកុដបន្លា និងអាវពណ៌ស្វាយនោះ រីឯលោកពីឡាត់វិញនិយាយទៅពួកគេថា៖ «មើលចុះ គឺបុរសនេះហើយ»។
6 ពេលពួកសម្តេចសង្ឃ និងពួកឆ្មាំព្រះវិហារបានឃើញព្រះអង្គ ពួកគេក៏ស្រែកឡើងថា៖ «ឆ្កាងវាទៅ! ឆ្កាងវាទៅ!» លោកពីឡាត់និយាយទៅពួកគេថា៖ «ចូរអ្នករាល់គ្នាយកគាត់ទៅឆ្កាងចុះ! ដ្បិតខ្ញុំមិនឃើញថា បុរសនេះមានទោសសោះ!»
7 ពួកជនជាតិយូដាឆ្លើយទៅលោកពីឡាត់ថា៖ «យើងមានក្រឹត្យវិន័យមួយ ហើយតាមក្រឹត្យវិន័យនោះ វាត្រូវស្លាប់ ព្រោះវាបានតាំងខ្លួនឡើងជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់»។
8 ដូច្នេះពេលលោកពីឡាត់បានឮពាក្យនោះ គាត់កាន់តែភ័យខ្លាចថែមទៀត
9 គាត់ក៏ចូលទៅក្នុងបន្ទាយទ័ពម្ដងទៀត ហើយសួរព្រះយេស៊ូថា៖ «តើអ្នកមកពីណា?» ប៉ុន្ដែព្រះយេស៊ូមិនឆ្លើយប្រាប់គាត់ឡើយ។
10 ដូច្នេះលោកពីឡាត់សួរព្រះអង្គទៀតថា៖ «តើអ្នកមិនប្រាប់ខ្ញុំទេឬ? តើអ្នកមិនដឹងទេថា ខ្ញុំមានសិទ្ធិអំណាចដោះលែងអ្នកក៏បាន ឬឆ្កាងអ្នកក៏បាន?»
11 ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «លោកគ្មានសិទ្ធិអំណាចលើខ្ញុំឡើយ លុះត្រាតែសិទ្ធិអំណាចនោះបានប្រទានមកពីស្ថានលើ ដូច្នេះហើយបានជាពួកអ្នកដែលបញ្ជូនខ្ញុំមកឲ្យលោក ពួកគេមានបាបធ្ងន់ជាង»។
12 បន្ទាប់ពីនោះមក លោកពីឡាត់ព្យាយាមដោះលែងព្រះអង្គ ប៉ុន្ដែពួកជនជាតិយូដាស្រែកឡើងថា៖ «បើលោកដោះលែងវា លោកមិនមែនជាមិត្តរបស់ព្រះចៅអធិរាជទេ ព្រោះអ្នកណាតាំងខ្លួនធ្វើជាស្ដេច អ្នកនោះប្រឆាំងព្រះចៅអធិរាជហើយ!»
13 ពេលលោកពីឡាត់ឮពាក្យដូច្នេះ ក៏នាំព្រះយេស៊ូចេញមក ហើយគាត់បានអង្គុយលើទីកាត់ក្តី ត្រង់កន្លែងមួយដែលហៅថា ទីលានក្រាលថ្ម ភាសាហេព្រើរហៅថា កាបាថា។
14 ពេលនោះជាថ្ងៃរៀបចំបុណ្យរំលង ហើយប្រហែលជាម៉ោងដប់ពីរថ្ងៃត្រង់ លោកពីឡាត់និយាយទៅពួកជនជាតិយូដាថា៖ «មើល៍ នេះជាស្តេចរបស់អ្នករាល់គ្នា»។
15 ពេលនោះ អ្នកទាំងនោះបានស្រែកថា៖ «សម្លាប់ទៅ! សម្លាប់ទៅ! ឆ្កាងវាទៅ!» លោកពីឡាត់សួរពួកគេថា៖ «តើឲ្យខ្ញុំឆ្កាងស្តេចរបស់អ្នករាល់គ្នាឬ?» ពួកសម្ដេចសង្ឃឆ្លើយថា៖ «យើងគ្មានស្តេចណាទៀតទេ ក្រៅពីព្រះចៅអធិរាជ!»
16 ដូច្នេះលោកពីឡាត់ក៏ប្រគល់ព្រះយេស៊ូឲ្យគេឆ្កាង ហើយពួកគេក៏យកព្រះអង្គទៅ
17 ព្រះអង្គបានយាងចេញទៅ ទាំងលីឈើឆ្កាងដោយខ្លួនឯង ឆ្ពោះទៅកន្លែងមួយហៅថាតំបន់លលាដ៌ក្បាលដែលភាសាហេព្រើរហៅថា គាល់កូថា។
18 ពួកគេបានឆ្កាងព្រះអង្គនៅកន្លែងនោះជាមួយមនុស្សពីរនាក់ទៀតនៅសងខាងព្រះអង្គ គឺព្រះយេស៊ូនៅកណ្តាល។
19 លោកពីឡាត់បានសរសេរប្រកាសមួយឲ្យគេបិទនៅលើឈើឆ្កាង ដោយសរសេរថា៖ «យេស៊ូ អ្នកក្រុងណាសារ៉ែត ស្តេចរបស់ជនជាតិយូដា»។
20 មានជនជាតិយូដាជាច្រើនបានអានប្រកាសនោះ ព្រោះកន្លែងដែលគេឆ្កាងព្រះយេស៊ូនោះនៅជិតក្រុង ហើយប្រកាសនោះ គេបានសរសេរជាភាសាហេព្រើរ ភាសាឡាតាំង និងភាសាក្រេក។
21 ពេលនោះពួកសម្តេចសង្ឃរបស់ជនជាតិយូដាបានប្រាប់លោកពីឡាត់ថា៖ «សូមកុំសរសេរថា ស្តេចរបស់ជនជាតិយូដា គឺសូមដាក់ថា វាបាននិយាយថា ខ្ញុំជាស្តេចរបស់ជនជាតិយូដា»។
22 លោកពីឡាត់ឆ្លើយថា៖ «ខ្ញុំសរសេរអ្វី ខ្ញុំសរសេរហើយ»។
23 ពេលពួកទាហានបានឆ្កាងព្រះយេស៊ូរួចហើយ ពួកគេក៏យកអាវរបស់ព្រះអង្គមកចែកជាបួនចំណែក ហើយម្នាក់ៗបានមួយចំណែក ព្រោះអាវក្នុងជាអាវត្បាញគ្មានថ្នេរពីលើរហូតដល់ក្រោម
24 ដូច្នេះពួកគេក៏និយាយគ្នាថា៖ «កុំហែកអាវនេះអី ចូរយើងចាប់ឆ្នោតវិញដើម្បីឲ្យដឹងថា អាវនេះនឹងទៅជារបស់អ្នកណា!» ពួកទាហានធ្វើដូច្នេះសម្រេចតាមបទគម្ពីរដែលចែងទុកថា គេបានយកអាវរបស់ខ្ញុំចែកគ្នា ហើយចាប់ឆ្នោតយកសម្លៀកបំពាក់របស់ខ្ញុំ។
25 នៅក្បែរឈើឆ្កាងមានម្ដាយរបស់ព្រះយេស៊ូ និងប្អូនស្រីរបស់ម្ដាយព្រះយេស៊ូ ព្រមទាំងនាងម៉ារាជាប្រពន្ធរបស់លោកក្លូប៉ាស និងម៉ារាជាអ្នកក្រុងម៉ាក់ដាឡាកំពុងឈរនៅទីនោះ។
26 ពេលព្រះយេស៊ូឃើញម្ដាយ និងសិស្សម្នាក់ដែលព្រះអង្គស្រឡាញ់កំពុងឈរនៅក្បែរនោះ ក៏មានបន្ទូលថា៖ «អ្នកម្ដាយអើយ! មើល៍ នេះជាកូនរបស់អ្នកម្ដាយហើយ!»
27 ហើយព្រះអង្គមានបន្ទូលទៅសិស្សម្នាក់នោះថា៖ «មើល៍ នេះជាម្តាយរបស់អ្នកហើយ!» តាំងពីពេលនោះមក សិស្សម្នាក់នោះបានយកនាងម៉ារាទៅនៅផ្ទះរបស់គាត់។
28 បន្ទាប់មកព្រះយេស៊ូបានដឹងថា ការទាំងអស់បានសម្រេចហើយ រួចដើម្បីឲ្យសម្រេចតាមបទគម្ពីរ ព្រះអង្គក៏មានបន្ទូលថា៖ «ខ្ញុំស្រេកទឹកណាស់!»
29 នោះគេបានយកក្រឡមួយមានទឹកខ្មេះពេញមក ហើយយកសារាយស្ងួតរុំនឹងមែកហ៊ីសុបជ្រលក់ទឹកខ្មេះជោក រួចហុចដល់ព្រះឱស្ឋរបស់ព្រះអង្គ។
30 ពេលព្រះយេស៊ូទទួលទឹកខ្មេះរួចហើយ ក៏មានបន្ទូលថា៖ «កិច្ចការបានសម្រេចហើយ!» រួចព្រះអង្គក៏ឱនព្រះសិរប្រគល់វិញ្ញាណរបស់ព្រះអង្គ។
31 ថ្ងៃនោះជាថ្ងៃរៀបចំ ដ្បិតជាថ្ងៃដ៏វិសេសសម្រាប់ថ្ងៃសប្ប័ទ ហើយដោយព្រោះនៅក្នុងថ្ងៃសប្ប័ទមិនអនុញ្ញាតឲ្យមានសាកសពលើឈើឆ្កាង ដូច្នេះពួកជនជាតិយូដាបានសុំលោកពីឡាត់ឲ្យបំបាក់ជើងរបស់អ្នកទោស ហើយដាក់សពចុះ។
32 ពួកទាហានក៏មកបំបាក់ជើងអ្នកទីមួយ ហើយជើងម្នាក់ទៀតដែលត្រូវបានឆ្កាងក្បែរព្រះអង្គ
33 ប៉ុន្ដែពេលមកដល់ព្រះយេស៊ូ ពួកទាហានបានឃើញថា ព្រះអង្គសោយទិវង្គតហើយ ពួកគេមិនបានបំបាក់បាទារបស់ព្រះអង្គទេ
34 ប៉ុន្ដែ ទាហានម្នាក់បានយកលំពែងចាក់ព្រះអង្គត្រង់ចំហៀងខ្លួន ភ្លាមនោះឈាម និងទឹកក៏ហូរចេញមក
35 រីឯអ្នកដែលបានឃើញ គាត់បានធ្វើបន្ទាល់ ហើយសេចក្ដីបន្ទាល់របស់គាត់ពិតប្រាកដ រួចគាត់ដឹងថាគាត់និយាយពិត ដើម្បី ឲ្យអ្នករាល់គ្នាអាចជឿបានដែរ។
36 ដ្បិតហេតុការណ៍ទាំងនេះបានកើតឡើងដើម្បីឲ្យសម្រេចបទគម្ពីរដែលចែងថា គ្មានឆ្អឹងណាមួយរបស់ព្រះអង្គត្រូវបាក់ឡើយ
37 និងបទគម្ពីរមួយទៀតដែលចែងថា ពួកគេនឹងពិនិត្យមើលព្រះអង្គដែលពួកគេបានចាក់។
38 ក្រោយហេតុការណ៍ទាំងនេះ លោកយ៉ូសែប អ្នកក្រុងអើរីម៉ាថេបានសុំលោកពីឡាត់យកសពព្រះយេស៊ូ ហើយលោកពីឡាត់បានយល់ព្រម ដូច្នេះលោកយ៉ូសែបក៏មកយកសពរបស់ព្រះអង្គ។ លោកយ៉ូសែបជាសិស្សម្នាក់របស់ព្រះយេស៊ូ ប៉ុន្ដែគាត់បានលាក់មុខព្រោះខ្លាចពួកជនជាតិយូដា។
39 រីឯលោកនីកូដេមដែលបានទៅជួបព្រះយេស៊ូទាំងយប់កាលពីមុនក៏បានមកជាមួយដែរ ហើយគាត់បានយកល្បាយជ័រក្រអូប និងគ្រឿងក្រអូបប្រហែលហាសិបគីឡូក្រាមមកជាមួយ។
40 ពេលនោះពួកគេបានយកសពព្រះយេស៊ូមករុំជាមួយគ្រឿងក្រអូប និងក្រណាត់ទេសឯកទៅតាមទំនៀមទម្លាប់បញ្ចុះសពរបស់ជនជាតិយូដា។
41 នៅត្រង់កន្លែងដែលគេបានឆ្កាងព្រះអង្គនោះមានសួនច្បារមួយ ហើយក្នុងសួនច្បារនោះមានផ្នូរមួយថ្មីដែលមិនទាន់បានបញ្ចុះសពណានៅឡើយ
42 ដូច្នេះពួកគាត់ក៏បញ្ចុះសពព្រះយេស៊ូនៅទីនោះ ដ្បិតផ្នូរនោះនៅជិត ហើយនោះជាថ្ងៃរៀបចំរបស់ជនជាតិយូដាផង។
Pašlaik izvēlēts:
John 19: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.