John 16
16
1 ខ្ញុំបានប្រាប់សេចក្ដីទាំងនេះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់ជំពប់ដួល
2 ប៉ុន្ដែនឹងមានពេលមួយមកដល់ដែលពួកគេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំរួចពួកអ្នកដែលសម្លាប់អ្នករាល់គ្នានឹកស្មានថា គេថ្វាយការបម្រើដល់ព្រះជាម្ចាស់
3 ប៉ុន្ដែអ្វីៗទាំងនេះដែលពួកគេនឹងធ្វើចំពោះអ្នករាល់គ្នា គឺមកពីពួកគេមិនស្គាល់ព្រះវរបិតា ហើយក៏មិនស្គាល់ខ្ញុំដែរ។
4 ដូច្នេះ ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ ដើម្បីកាលណាពេលវេលានោះមកដល់ នោះអ្នករាល់គ្នាអាចចាំថា ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ។ ពីដំបូងខ្ញុំមិនបានប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះទេ ព្រោះខ្ញុំនៅជាមួយអ្នករាល់គ្នា។
5 ប៉ុន្ដែឥឡូវនេះ ខ្ញុំទៅឯព្រះអង្គដែលបានចាត់ ខ្ញុំឲ្យមកហើយក៏គ្មានអ្នកណាម្នាក់ ក្នុងចំណោមអ្នករាល់គ្នាសួរខ្ញុំថា តើព្រះអង្គទៅណាដែរ?
6 ដ្បិតចិត្ដរបស់អ្នករាល់គ្នាពេញដោយសេចក្ដីព្រួយដោយសារខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះ។
7 ប៉ុន្ដែខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីពិតថា ការដែលខ្ញុំទៅ នោះវាល្អប្រសើរសម្រាប់អ្នករាល់គ្នាវិញ ដ្បិតបើខ្ញុំមិនទៅទេ នោះអ្នកជំនួយក៏មិនមកឯអ្នករាល់គ្នាដែរ ប៉ុន្ដែបើខ្ញុំទៅវិញ ខ្ញុំនឹងចាត់អ្នកជំនួយនោះឲ្យមកឯអ្នករាល់គ្នា
8 ហើយនៅពេលអ្នកជំនួយនោះមក ព្រះអង្គនឹងធ្វើឲ្យមនុស្សលោកយល់អំពីបាប សេចក្ដីសុចរិត និងការជំនុំជម្រះ។
9 អំពីបាប គឺដោយព្រោះពួកគេមិនជឿខ្ញុំ
10 អំពីសេចក្ដីរិត គឺដោយព្រោះខ្ញុំទៅឯព្រះវរបិតាវិញ ហើយអ្នករាល់គ្នាមិនឃើញខ្ញុំទៀតទេ
11 អំពីការជំនុំជម្រះ គឺដោយព្រោះចៅហ្វាយរបស់លោកិយនេះ ត្រូវជាប់ជំនុំជម្រះហើយ។
12 ខ្ញុំមានសេចក្ដីជាច្រើនទៀតដែលត្រូវប្រាប់អ្នករាល់គ្នា ប៉ុន្ដែឥឡូវនេះ អ្នករាល់គ្នាពុំអាចទទួលបានទេ។
13 នៅពេលព្រះអង្គដែលជាព្រះវិញ្ញាណនៃសេចក្ដីពិតមកដល់ ព្រះអង្គនឹងនាំអ្នករាល់គ្នាទៅក្នុងគ្រប់ទាំងសេចក្ដីពិត ដ្បិតព្រះអង្គនឹងមិនមានបន្ទូលតាមតែព្រះអង្គផ្ទាល់ទេ ផ្ទុយទៅវិញ ព្រះអង្គនឹងមានបន្ទូលអំពីអ្វីដែលព្រះអង្គបានឮ ហើយព្រះអង្គនឹងបញ្ជាក់ឲ្យអ្នករាល់គ្នាដឹងអំពីហេតុការណ៍ដែលត្រូវមកដល់
14 ព្រះអង្គនឹងតម្កើងខ្ញុំឡើង ព្រោះព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង
15 អ្វីៗដែលព្រះវរបិតាមានគឺជារបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រាប់ថា ព្រះអង្គនឹងទទួលយកអ្វីៗជារបស់ខ្ញុំមកប្រាប់ឲ្យអ្នករាល់គ្នាដឹង។
16 នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ»។
17 ដូច្នេះពួកសិស្សរបស់ព្រះអង្គខ្លះបាននិយាយគ្នាថា៖ «តើមានន័យយ៉ាងដូចម្ដេចដែលព្រះអង្គមានបន្ទូលមកយើងថា នៅបន្តិចទៀត អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀតហើយ ប៉ុន្ដែបន្តិចក្រោយមក អ្នករាល់គ្នានឹងឃើញខ្ញុំវិញ ហើយមានបន្ទូលទៀតថាព្រោះខ្ញុំទៅឯព្រះវរបិតា?»
18 ពេលនោះពួកគេនិយាយថា៖ «តើព្រះអង្គប្រាប់ថា បន្តិចទៀតនេះមានន័យយ៉ាងដូចម្តេច? យើងមិនយល់អ្វីដែលព្រះអង្គមានបន្ទូលនោះទេ»។
19 ប៉ុន្ដែពេលព្រះយេស៊ូជ្រាបថា ពួកគេចង់សួរព្រះអង្គ ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «តើអ្នករាល់គ្នាកំពុងសួរគ្នាអំពីពាក្យនេះឬ ដែលខ្ញុំប្រាប់ថា បន្តិចទៀតនេះ អ្នករាល់គ្នានឹងលែងឃើញខ្ញុំហើយ ប៉ុន្ដែបន្តិចក្រោយមកអ្នករាល់គ្នានឹងឃើញខ្ញុំវិញ?
20 ខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្នករាល់គ្នានឹងយំ ហើយកាន់ទុក្ខ ប៉ុន្ដែ លោកិយនេះនឹងអរសប្បាយ។ អ្នករាល់គ្នានឹងព្រួយចិត្ដ ប៉ុន្ដែសេចក្ដីទុក្ខព្រួយរបស់អ្នករាល់គ្នា នឹងត្រលប់ជាអំណរវិញ
21 ដ្បិតពេលស្រ្ដីសម្រាលកូន នាងព្រួយចិត្ដ ព្រោះពេលកំណត់របស់នាងមកដល់ ប៉ុន្ដែពេលសម្រាលកូនហើយ នាងក៏លែងនឹកចាំពីសេចក្ដីវេទនាទាំងនោះទៀតហើយ ព្រោះមានអំណរដែលមនុស្សម្នាក់បានកើតមកក្នុងពិភពលោកនេះ។
22 ឥឡូវនេះ អ្នករាល់គ្នាព្រួយចិត្ដមែន ប៉ុន្ដែខ្ញុំនឹងជួបអ្នករាល់គ្នាម្តងទៀត ហើយចិត្តរបស់អ្នករាល់គ្នានឹងអរសប្បាយវិញ រួចគ្មានអ្នកណាដកយកអំណរនេះពីអ្នករាល់គ្នាបានឡើយ
23 ហើយនៅថ្ងៃនោះអ្នករាល់គ្នាលែងសួរអ្វីខ្ញុំទៀតហើយ។ ដូច្នេះខ្ញុំប្រាប់អ្នករាល់គ្នាជាពិតប្រាកដថា អ្វីៗដែលអ្នករាល់គ្នាសុំពីព្រះវរបិតាដោយនូវឈ្មោះរបស់ខ្ញុំ នោះព្រះអង្គនឹងប្រទានដល់អ្នករាល់គ្នា។
24 រហូតមកដល់ពេលនេះអ្នករាល់គ្នាមិនដែលបានសូមអ្វីដោយនូវឈ្មោះខ្ញុំទេ! ចូរសូមចុះ នោះអ្នករាល់គ្នានឹងបាន ហើយអំណររបស់អ្នករាល់គ្នានឹងបានពេញបរិបូរ។
25 ខ្ញុំប្រាប់អ្នករាល់គ្នាជារឿងប្រៀបប្រដូចអំពីសេចក្ដីទាំងនេះ ប៉ុន្ដែកាលណាពេលកំណត់មកដល់ ខ្ញុំលែងនិយាយនឹងអ្នករាល់គ្នាជារឿងប្រៀបប្រដូចទៀតហើយ ផ្ទុយទៅវិញ ខ្ញុំនឹងប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់អំពីព្រះវរបិតា
26 ហើយនៅថ្ងៃនោះអ្នករាល់គ្នានឹងសុំដោយនូវឈ្មោះរបស់ខ្ញុំ ហើយខ្ញុំមិនប្រាប់អ្នករាល់គ្នាថា ខ្ញុំនឹងសុំព្រះវរបិតាជំនួសអ្នករាល់គ្នាទេ
27 ដ្បិតព្រះវរបិតាផ្ទាល់ស្រឡាញ់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ហើយជឿថាខ្ញុំបានមកពីព្រះជាម្ចាស់។
28 ខ្ញុំបានមកពីព្រះវរបិតា ហើយចូលមកក្នុងលោកិយនេះ ដូច្នេះខ្ញុំនឹងចេញពីលោកិយនេះ ហើយទៅឯព្រះវរបិតាវិញ»។
29 ពួកសិស្សរបស់ព្រះអង្គទូលថា៖ «មើល៍ ឥឡូវនេះ ព្រះអង្គមានបន្ទូលដោយច្បាស់លាស់ មិនបានមានបន្ទូលជារឿងប្រៀបប្រដូចទៀតទេ
30 ហើយឥឡូវនេះ យើងដឹងថា ព្រះអង្គជ្រាបអំពីអ្វីៗទាំងអស់ដោយមិនចាំបាច់មានអ្នកណាម្នាក់សួរព្រះអង្គឡើយ ដូច្នេះហើយយើងជឿថា ព្រះអង្គបានមកពីព្រះជាម្ចាស់មែន»។
31 ព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ឥឡូវនេះ តើអ្នករាល់គ្នាជឿហើយឬ?
32 មើល៍ ពេលកំណត់ដែលត្រូវមកដល់ នោះបានមកដល់ហើយ គេនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយទៅរៀងៗខ្លួន ហើយទុកឲ្យខ្ញុំនៅតែឯង ប៉ុន្ដែខ្ញុំមិននៅតែឯងទេ ព្រោះព្រះវរបិតាគង់នៅជាមួយខ្ញុំ។
33 ខ្ញុំប្រាប់អ្នករាល់គ្នាអំពីសេចក្ដីទាំងនេះដើម្បីឲ្យអ្នករាល់គ្នាមានសេចក្ដីសុខសាន្តដោយសារខ្ញុំ។ អ្នករាល់គ្នាមានសេចក្ដីវេទនានៅក្នុងលោកិយនេះមែន ប៉ុន្ដែចូរអរសប្បាយឡើង ដ្បិតខ្ញុំឈ្នះលោកិយនេះហើយ»។
Pašlaik izvēlēts:
John 16: KCB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.