Acts of the Apostles 7
7
1 ពេលនោះ សម្ដេចសង្ឃសួរថា៖ «តើដូច្នេះមែនឬ?»
2 លោកស្ទេផានក៏ឆ្លើយថា៖ «បងប្អូន និងឪពុកទាំងឡាយអើយ! សូមស្ដាប់ចុះ ព្រះជាម្ចាស់នៃសេចក្ដីរុងរឿងបានបង្ហាញខ្លួនឲ្យលោកអ័ប្រាហាំជាដូនតារបស់យើងមើលឃើញកាលនៅស្រុកមេសូប៉ូតាមា មុនពេលគាត់ទៅរស់នៅក្នុងស្រុកខារ៉ាន
3 គឺព្រះអង្គបានមានបន្ទូលទៅគាត់ថា ចូរចាកចេញពីស្រុក និងសាច់ញាតិរបស់អ្នក ហើយទៅស្រុកមួយដែលយើងនឹងបង្ហាញដល់អ្នកចុះ។
4 ដូច្នេះ គាត់ក៏ចាកចេញពីស្រុករបស់ជនជាតិខាល់ដេទៅរស់នៅក្នុងស្រុកខារ៉ាន លុះក្រោយពេលឪពុករបស់លោកអ័ប្រាហាំបានស្លាប់ទៅ ព្រះជាម្ចាស់ក៏នាំគាត់មករស់នៅលើទឹកដីនេះ ជាទឹកដីដែលយើងកំពុងរស់នៅសព្វថ្ងៃ
5 ហើយព្រះជាម្ចាស់មិនបានប្រទានឲ្យគាត់មានមរតកនៅក្នុងស្រុកនេះទេ សូម្បីតែដីប៉ុនបាតជើង ប៉ុន្ដែព្រះអង្គបានសន្យាថានឹងប្រទានស្រុកនេះដល់គាត់ ព្រមទាំងកូនចៅជំនាន់ក្រោយរបស់គាត់ទុកជាកម្មសិទ្ធិ ទោះបីជាគាត់មិនទាន់មានកូនក៏ដោយ។
6 ព្រះជាម្ចាស់មានបន្ទូលដូច្នេះថា កូនចៅរបស់គាត់នឹងត្រលប់ជាអ្នកស្នាក់អាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងយកពួកគេធ្វើជាទាសករ ហើយធ្វើបាបពួកគេបួនរយឆ្នាំ
7 ប៉ុន្ដែយើងនឹងដាក់ទោសដល់ជាតិសាសន៍ ដែលពួកគេបានបម្រើក្នុងនាមជាទាសករនោះ។ ព្រះជាម្ចាស់មានបន្ទូលទៀតថា ក្រោយនោះមកពួកគេនឹងចាកចេញមកបម្រើយើងនៅកន្លែងនេះ។
8 ព្រះជាម្ចាស់បានប្រទានការកាត់ស្បែកដល់លោកអ័ប្រាហាំទុកជាកិច្ចព្រមព្រៀង ដូច្នេះពេលលោកអ័ប្រាហាំបង្កើតបានលោកអ៊ីសាក គាត់ក៏កាត់ស្បែកឲ្យនៅថ្ងៃទីប្រាំបី ក្រោយមកលោកអ៊ីសាកបង្កើតបានលោកយ៉ាកុប លោកយ៉ាកុបបង្កើតបានបុព្វបុរសទាំងដប់ពីរ
9 ហើយបុព្វបុរសទាំងនោះបានលក់លោកយ៉ូសែបទៅស្រុកអេស៊ីព្ទ ដោយព្រោះតែសេចក្ដីច្រណែន ប៉ុន្ដែព្រះជាម្ចាស់បានគង់នៅជាមួយលោកយ៉ូសែប
10 ហើយបានរំដោះគាត់ឲ្យរួចពីសេចក្ដីវេទនាទាំងឡាយ ព្រមទាំងបានប្រទានឲ្យគាត់មានប្រាជ្ញា និងជាទីគាប់ចិត្ដនៅចំពោះស្ដេចស្រុកអេស៊ីព្ទ។ ដូច្នេះស្ដេចក៏តែងតាំងគាត់ឲ្យធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទ និងលើដំណាក់ទាំងមូលរបស់ស្ដេច។
11 គ្រានោះកើតមានគ្រោះអត់ឃ្លានពាសពេញស្រុកអេស៊ីព្ទ និងស្រុកកាណានបណ្ដាលឲ្យមានសេចក្ដីវេទនាជាខ្លាំង រីឯដូនតារបស់យើងរកអាហារមិនបានសោះ
12 ពេលលោកយ៉ាកុបបានឮថានៅស្រុកអេស៊ីព្ទមានស្រូវ គាត់ក៏ចាត់ដូនតារបស់យើងឲ្យទៅជាលើកទីមួយ
13 នៅលើកទីពីរ លោកយ៉ូសែបបានបង្ហាញខ្លួនឲ្យបងៗរបស់គាត់ស្គាល់ ហើយស្ដេចស្រុកអេស៊ីព្ទក៏បានដឹងអំពីគ្រួសាររបស់លោកយ៉ូសែប
14 លោកយ៉ូសែបបានចាត់គេឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុករបស់គាត់ និងសាច់ញាតិទាំងចិតសិបប្រាំនាក់របស់គាត់ឲ្យមក
15 ដូច្នេះលោកយ៉ាកុបបានចុះទៅឯស្រុកអេស៊ីព្ទ ហើយគាត់ និងដូនតារបស់យើងបានស្លាប់នៅទីនោះ។
16 ពួកគេបានយកសពអ្នកទាំងនោះត្រលប់មកក្រុងស៊ីគែមវិញ ហើយបានបញ្ចុះនៅក្នុងផ្នូរដែលលោកអ័ប្រាហាំបានយកប្រាក់មួយចំនួនទិញពីកូនចៅរបស់លោកហេម័រនៅក្រុងស៊ីគែម
17 នៅពេលដែលសេចក្ដីសន្យាដែលព្រះជាម្ចាស់បានសន្យាជាមួយលោកអ័ប្រាហាំជិតបានសម្រេច នោះប្រជាជនរបស់យើងក៏មានចំនួនច្រើនឡើងៗនៅក្នុងស្រុកអេស៊ីព្ទ
18 រហូតដល់មានស្ដេចមួយអង្គទៀតដែលមិនបានស្គាល់លោកយ៉ូសែប ឡើងគ្រងរាជ្យលើស្រុកអេស៊ីព្ទ។
19 ស្ដេចនោះបានប្រើល្បិចអាក្រក់មកលើជនជាតិរបស់យើង ព្រមទាំងបានធ្វើបាបដូនតារបស់យើង ដោយឲ្យបំបរបង់កូនៗរបស់ពួកគេចោលដើម្បីកុំឲ្យមានជីវិតរស់
20 គឺពេលនោះហើយ ដែលលោកម៉ូសេបានកើតមក ហើយមានរូបរាងស្រស់ស្អាតនៅចំពោះព្រះជាម្ចាស់ គាត់ត្រូវបានចិញ្ចឹមនៅក្នុងផ្ទះឪពុករបស់គាត់អស់រយៈពេលបីខែ
21 រួចក៏ត្រូវបំបរបង់ចោល ប៉ុន្ដែបុត្រីរបស់ស្ដេចស្រុកអេស៊ីព្ទបានយកគាត់មកចិញ្ចឹមធ្វើជាបុត្ររបស់ព្រះនាង។
22 លោកម៉ូសេបានទទួលការអប់រំគ្រប់មុខវិជ្ជាទាំងអស់របស់ជនជាតិអេស៊ីព្ទ ហើយគាត់ពូកែទាំងនៅក្នុងការនិយាយស្ដី និងការប្រព្រឹត្ដិ។
23 នៅពេលគាត់មានអាយុសែសិបឆ្នាំ គាត់មានចិត្ដចង់ទៅសួរសុខទុក្ខពួកកូនចៅអ៊ីស្រាអែលជាបងប្អូនរបស់គាត់។
24 ពេលគាត់ឃើញគេធ្វើបាបបងប្អូនរបស់គាត់ម្នាក់ គាត់ក៏ការពារ ហើយបានសងសឹកជំនួសអ្នកដែលត្រូវគេធ្វើបាប ដោយវាយសម្លាប់ជនជាតិអេស៊ីព្ទនោះ
25 ដ្បិតគាត់ស្មានថា បងប្អូនរបស់គាត់មុខជាយល់ថា ព្រះជាម្ចាស់ប្រទានសេចក្ដីសង្គ្រោះដល់ពួកគេតាមរយៈដៃរបស់គាត់ ប៉ុន្ដែពួកគេមិនបានយល់ដូច្នោះឡើយ។
26 នៅថ្ងៃបន្ទាប់ គាត់ក៏ប្រទះឃើញពួកគេកំពុងវាយតប់គ្នា ហើយគាត់បានព្យាយាមផ្សះផ្សាពួកគេឲ្យត្រូវគ្នាវិញ ដោយនិយាយថា បងប្អូនអើយ! ពួកអ្នកជាបងប្អូននឹងគ្នា ហេតុអ្វីក៏បង្ករបួសស្នាមដល់គ្នាដូច្នេះ?
27 ប៉ុន្ដែអ្នកដែលកំពុងបង្ករបួសស្នាមដល់ម្នាក់ទៀតបានច្រានគាត់ ទាំងនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រមសម្រាប់យើង?
28 តើអ្នកចង់សម្លាប់ខ្ញុំដូចជាអ្នកបានសម្លាប់ជនជាតិអេស៊ីព្ទម្នាក់កាលពីម្សិលមិញដែរឬ?
29 ពេលឮសំដីដូច្នេះ លោកម៉ូសេក៏ភៀសខ្លួនទៅស្រុកម៉ាឌាន ហើយរស់នៅជាជនបរទេសនៅស្រុកនោះ គាត់បង្កើតបានកូនប្រុសពីរនាក់។
30 សែសិបឆ្នាំក្រោយមក មានទេវតាមួយរូបបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅទីរហោឋានភ្នំស៊ីណាយ គឺនៅក្នុងអណ្ដាតភ្លើងដែលកំពុងឆេះគុម្ពបន្លា។
31 ពេលលោកម៉ូសេបានឃើញទិដ្ឋភាពដូច្នេះ គាត់ក៏ឆ្ងល់ ហើយនៅពេលគាត់ចូលទៅជិតដើម្បីពិនិត្យមើលឲ្យច្បាស់ ស្រាប់តែមានសំឡេងរបស់ព្រះអម្ចាស់មានបន្ទូលថា
32 យើងជាព្រះនៃដូនតារបស់អ្នក ជាព្រះរបស់អ័ប្រាហាំ អ៊ីសាក និងយ៉ាកុប ពេលនោះលោកម៉ូសេភ័យញ័រមិនហ៊ានមើលទេ
33 ព្រះអម្ចាស់មានបន្ទូលមកគាត់ទៀតថា ចូរដោះស្បែកជើងរបស់អ្នកចេញ ដ្បិតកន្លែងដែលអ្នកកំពុងឈរនេះជាដីបរិសុទ្ធ
34 យើងបានឃើញបានយល់ពីទុក្ខវេទនារបស់ប្រជារាស្ដ្រយើងនៅស្រុកអេស៊ីព្ទ និងបានឮពីការស្រែកថ្ងូររបស់ពួកគេហើយ ដូច្នេះហើយបានជាយើងចុះមកដើម្បីរំដោះពួកគេ ចូរមកឥឡូវនេះ យើងនឹងចាត់អ្នកឲ្យទៅស្រុកអេស៊ីព្ទ។
35 លោកម៉ូសេនេះហើយ ដែលគេបានបដិសេធគាត់ដោយនិយាយថា តើអ្នកណាតែងតាំងអ្នកឲ្យធ្វើជាមេដឹកនាំ និងជាចៅក្រម? ប៉ុន្ដែព្រះជាម្ចាស់បានចាត់លោកម៉ូសេដដែលនេះឲ្យទៅធ្វើជាមេដឹកនាំ និងជាអ្នកជួយរំដោះតាមរយៈដៃរបស់ទេវតាដែលបានបង្ហាញខ្លួនឲ្យគាត់ឃើញនៅក្នុងគុម្ពបន្លានោះ។
36 លោកម្នាក់នេះហើយ ដែលបាននាំពួកគេចេញដោយបានធ្វើការអស្ចារ្យ និងទីសំគាល់នានានៅស្រុកអេស៊ីព្ទ នៅសមុទ្រក្រហម និងនៅទីរហោឋានអស់រយៈពេលសែសិបឆ្នាំ។
37 លោកម៉ូសេនេះហើយ ដែលបាននិយាយទៅកូនចៅអ៊ីស្រាអែលថា ព្រះជាម្ចាស់នឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដូចជាខ្ញុំដែរពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា។
38 លោកម៉ូសេនេះហើយដែលបាននៅក្នុងចំណោមពួកអ្នកនៅទីរហោឋានជាមួយដូនតារបស់យើង និងទេវតាដែលបានថ្លែងព្រះបន្ទូលដល់គាត់នៅលើភ្នំស៊ីណាយ ហើយគាត់បានទទួលព្រះបន្ទូលដ៏មានជីវិតមកប្រគល់ឲ្យយើងរាល់គ្នា។
39 ដូនតារបស់យើងមិនព្រមស្ដាប់បង្គាប់គាត់ទេ ផ្ទុយទៅវិញពួកគេបានច្រានគាត់ចោល ហើយក្នុងចិត្ដរបស់ពួកគេនឹកចង់ត្រលប់ទៅស្រុកអេស៊ីព្ទវិញ
40 ដោយនិយាយទៅលោកអើរ៉ុនថា ចូរឆ្លាក់រូបព្រះឲ្យយើង ជាព្រះដែលនាំមុខយើង ដ្បិតលោកម៉ូសេដែលបាននាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងមិនដឹងថាមានអ្វីកើតឡើងដល់គាត់ទេ
41 នៅពេលនោះ គេក៏ធ្វើរូបកូនគោមួយ ហើយថ្វាយយញ្ញបូជាដល់រូបនោះទាំងនាំគ្នាអរសប្បាយនឹងស្នាដៃរបស់ពួកគេ
42 ដូច្នេះព្រះជាម្ចាស់ក៏បែរព្រះភក្ដ្រចេញពីពួកគេ ហើយបានប្រគល់ពួកគេឲ្យទៅបម្រើពលបរិវារនៅលើមេឃ ដូចមានសេចក្ដីចែងទុកក្នុងគម្ពីរអ្នកនាំព្រះបន្ទូលថា ឱពូជពង្សអ៊ីស្រាអែលអើយ! រយៈពេលសែសិបឆ្នាំនៅទីរហោឋាននោះ តើអ្នករាល់គ្នាបានយកសត្វតង្វាយ និងយញ្ញបូជាមកថ្វាយដល់យើងដែរឬទេ?
43 អ្នករាល់គ្នាបែរជាសែនរោងម៉ូឡុក និងផ្កាយរេមផាន់ជាព្រះរបស់អ្នករាល់គ្នា គឺជារូបព្រះដែលអ្នករាល់គ្នាបានធ្វើសម្រាប់ថ្វាយបង្គំ ដូច្នេះយើងនឹងបញ្ជូនអ្នករាល់គ្នាទៅឯនាយស្រុកបាប៊ីឡូន។
44 ដូនតារបស់យើងមានរោងនៃសេចក្ដីបន្ទាល់នៅទីរហោឋាន គឺដូចដែលព្រះអង្គបានបង្គាប់លោកម៉ូសេឲ្យធ្វើតាមគំរូដែលគាត់បានឃើញ
45 ដូនតារបស់យើងក៏ទទួលរោងនោះតៗគ្នាតាមជំនាន់ ព្រមទាំងបាននាំយកទៅជាមួយលោកយ៉ូស្វេនៅគ្រាកាន់កាប់ទឹកដីរបស់សាសន៍ដទៃ ដែលព្រះជាម្ចាស់បានបណ្ដេញពួកគេចេញពីមុខដូនតារបស់យើងរហូតដល់ជំនាន់ស្ដេចដាវីឌ
46 ដែលបានជាទីគាប់ព្រះហឫទ័យនៅចំពោះព្រះភក្ដ្ររបស់ព្រះជាម្ចាស់ ហើយស្ដេចបានសុំសង់ដំណាក់សម្រាប់ព្រះនៃពូជពង្សរបស់លោកយ៉ាកុប
47 ប៉ុន្ដែជាស្ដេចសាឡូម៉ូនទេតើ ដែលបានសង់ដំណាក់ថ្វាយព្រះជាម្ចាស់
48 ទោះជាយ៉ាងណាក៏ដោយ ព្រះដ៏ខ្ពស់បំផុតមិនគង់នៅក្នុងកន្លែងដែលសង់ឡើងដោយដៃមនុស្សទេ ដូចដែលអ្នកនាំព្រះបន្ទូលបានថ្លែងទុកថា
49 ស្ថានសួគ៌ជាបល្ល័ង្ករបស់យើង ឯផែនដីជាកំណល់ជើងរបស់យើង។ ព្រះអម្ចាស់បានមានបន្ទូលថា តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណាសម្រាប់យើង? តើកន្លែងសម្រាករបស់យើងជាកន្លែងយ៉ាងដូចម្ដេច?
50 តើមិនមែនដៃរបស់យើងទេឬ ដែលបានបង្កើតរបស់ទាំងអស់នេះ?
51 ឱអ្នករាល់គ្នាជាមនុស្សចចេស និងជាអ្នកមានចិត្ដ មានត្រចៀកមិនកាត់ស្បែកអើយ! អ្នករាល់គ្នាប្រឆាំងព្រះវិញ្ញាណបរិសុទ្ធជានិច្ច ដូចជាដូនតារបស់អ្នករាល់គ្នាដែរ។
52 តើមានអ្នកនាំព្រះបន្ទូលណាម្នាក់ ដែលដូនតារបស់អ្នករាល់គ្នាមិនបានបៀតបៀនដែរឬទេ? ពួកគេបានសម្លាប់អស់អ្នកដែលបានប្រកាសទុកមុនអំពីការយាងមករបស់ព្រះដ៏សុចរិត ហើយឥឡូវនេះ អ្នករាល់គ្នាក្លាយទៅជាអ្នកក្បត់ និងជាអ្នកសម្លាប់ព្រះអង្គទៀត
53 គឺអ្នករាល់គ្នាហើយជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមការរៀបចំរបស់ពួកទេវតា ប៉ុន្ដែអ្នករាល់គ្នាមិនបានធ្វើតាមសោះ»។
54 ពេលពួកគេឮសេចក្ដីទាំងនេះហើយ ក៏ខឹងជាខ្លាំងនៅក្នុងចិត្ដ ហើយសង្កៀតធ្មេញដាក់លោកស្ទេផាន។
55 ពេលនោះ លោកស្ទេផានបានពេញដោយព្រះវិញ្ញាណបរិសុទ្ធ ក៏សម្លឹងមើលទៅលើមេឃ ហើយបានឃើញសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងព្រះយេស៊ូដែលកំពុងឈរនៅខាងស្ដាំព្រះជាម្ចាស់
56 ដូច្នេះគាត់ក៏និយាយថា៖ «មើល៍ ខ្ញុំឃើញមេឃបើកចំហ ហើយកូនមនុស្សឈរនៅខាងស្ដាំព្រះជាម្ចាស់!»
57 ពួកគេក៏សម្រុកមកឯគាត់ព្រមៗគ្នា ទាំងស្រែកដោយសំឡេងខ្លាំងៗ និងខ្ទប់ត្រចៀករបស់ពួកគេផង
58 ពេលពួកគេអូសគាត់ចេញទៅដល់ក្រៅក្រុងហើយ ពួកគេក៏គប់គាត់នឹងដុំថ្ម រីឯពួកសាក្សីវិញបានទុកសម្លៀកបំពាក់របស់ពួកគេនៅទៀបជើងរបស់យុវជនម្នាក់ឈ្មោះសុល។
59 នៅពេលពួកគេកំពុងគប់លោកស្ទេផាននឹងដុំថ្ម គាត់ទូលអង្វរព្រះជាម្ចាស់ថា៖ «ឱព្រះអម្ចាស់យេស៊ូអើយ! សូមទទួលយកវិញ្ញាណរបស់ខ្ញុំចុះ»
60 រួចគាត់ក៏លុតជង្គង់ចុះ ហើយស្រែកដោយសំឡេងខ្លាំងៗថា៖ «ព្រះអម្ចាស់អើយ! សូមកុំប្រកាន់នឹងពួកគេចំពោះបាបនេះអី!» កាលបាននិយាយដូច្នេះហើយ គាត់ក៏ស្លាប់ទៅ។
Pašlaik izvēlēts:
Acts of the Apostles 7: KCB
Izceltais
Dalīties
Kopēt

Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.