លោកុប្បត្តិ 3
3
ការដួលចុះរបស់មនុស្ស
1ឯពស់ជាសត្វប៉ិនខាងឧបាយកលលើសជាងសត្វព្រៃគ្រប់ប្រភេទនៃទីវាលដែលព្រះយេហូវ៉ាដ៏ជាព្រះបានបង្កើត។ វានិយាយនឹងស្ត្រីថា៖ “តើព្រះពិតជាមានបន្ទូលថាពួកអ្នកមិនត្រូវហូបពីដើមឈើណាមួយក្នុងសួននេះមែនឬ?”។
2ស្ត្រីក៏និយាយនឹងពស់ថា៖ “យើងហូបផ្លែពីដើមឈើក្នុងសួនបាន 3លើកលែងតែផ្លែពីដើមឈើដែលនៅកណ្ដាលសួន ដែលព្រះមានបន្ទូលថា: ‘កុំហូបពីវា ក៏កុំពាល់វាឡើយ ក្រែងលោអ្នកត្រូវស្លាប់’”។
4ពស់និយាយនឹងស្ត្រីថា៖ “ពួកអ្នកប្រាកដជាមិនស្លាប់ឡើយ 5ដ្បិតព្រះទ្រង់ជ្រាបថា ថ្ងៃណាដែលពួកអ្នកហូបពីវា ភ្នែករបស់ពួកអ្នកនឹងត្រូវបានបើក ហើយពួកអ្នកនឹងបានដូចជាព្រះ គឺដឹងល្អអាក្រក់ផង”។ 6ស្ត្រីឃើញថាផ្លែ#3:6 ផ្លែ―ជាពាក្យជំនួយ។របស់ដើមឈើនោះល្អសម្រាប់ជាអាហារ ក៏ជាទីគាប់ដល់ភ្នែក ហើយឃើញថាដើមឈើនោះទាក់ទាញឲ្យចង់ទទួលប្រាជ្ញា នោះនាងក៏បេះផ្លែវា ហើយហូប ព្រមទាំងឲ្យទៅប្ដីរបស់នាងដែលនៅជាមួយនាង នោះគាត់ក៏ហូបដែរ។ 7ពេលនោះ ភ្នែករបស់ពួកគេទាំងពីរក៏ត្រូវបានបើក ហើយពួកគេដឹងថាពួកគេនៅខ្លួនទទេ ពួកគេក៏ដេរស្លឹកល្វាធ្វើជាប៉ឹងសម្រាប់ខ្លួនពួកគេ។
លទ្ធផលនៃបាប
8នៅពេលថ្ងៃត្រជាក់ ពួកគេបានឮសូរព្រះយេហូវ៉ាដ៏ជាព្រះយាងក្នុងសួន មនុស្ស និងប្រពន្ធរបស់គាត់ក៏ពួនពីព្រះភក្ត្ររបស់ព្រះយេហូវ៉ាដ៏ជាព្រះ នៅកណ្ដាលដើមឈើក្នុងសួន។ 9ព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ហៅមនុស្សនោះ ដោយមានបន្ទូលនឹងគាត់ថា៖ “តើអ្នកនៅឯណា?”។
10គាត់ក៏ទូលថា៖ “ទូលបង្គំបានឮសូរព្រះអង្គនៅក្នុងសួន ទូលបង្គំក៏ខ្លាច ពីព្រោះទូលបង្គំនៅខ្លួនទទេ បានជាទូលបង្គំពួន”។
11ព្រះអង្គមានបន្ទូលថា៖ “តើនរណាប្រាប់អ្នកថាអ្នកនៅខ្លួនទទេដូច្នេះ? តើអ្នកបានហូបពីដើមឈើដែលយើងបានបង្គាប់អ្នកមិនឲ្យហូបពីវាឬ?”។
12មនុស្សនោះក៏ទូលថា៖ “ស្ត្រីដែលព្រះអង្គប្រទានមកឲ្យនៅជាមួយទូលបង្គំ នាងបានឲ្យពីដើមឈើនោះដល់ទូលបង្គំ ដូច្នេះទូលបង្គំក៏ហូប”។
13ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងស្ត្រីថា៖ “ម្ដេចក៏នាងធ្វើដូច្នេះ?”។
ស្ត្រីទូលថា៖ “ពស់បានបញ្ឆោតខ្ញុំម្ចាស់ ដូច្នេះខ្ញុំម្ចាស់ក៏ហូប”។
14ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលនឹងពស់ថា៖
“ដោយព្រោះឯងបានធ្វើដូច្នេះ
ឯងត្រូវបណ្ដាសាលើសជាងសត្វស្រុកទាំងអស់
ក៏លើសជាងសត្វព្រៃទាំងអស់នៃទីវាលដែរ
គឺឯងត្រូវលូននឹងពោះឯង ហើយឯងត្រូវស៊ីធូលីដី
ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់ឯង។
15យើងនឹងដាក់ភាពជាសត្រូវរវាងឯង និងស្ត្រី
ព្រមទាំងរវាងពូជរបស់ឯង និងពូជរបស់នាងផង
ពូជរបស់នាងមុខជាកម្ទេចក្បាលឯង
ហើយឯងមុខជាកម្ទេចកែងជើងគេមិនខាន”។
16ព្រះអង្គមានបន្ទូលនឹងស្ត្រីថា៖
“យើងនឹងបង្កើនទុក្ខលំបាករបស់នាងយ៉ាងសម្បើមក្នុងការមានផ្ទៃពោះរបស់នាង
គឺនាងត្រូវសម្រាលកូនទាំងឈឺចុកចាប់។
បំណងប្រាថ្នារបស់នាងនឹងមានចំពោះប្ដីនាង
ប៉ុន្តែប្ដីត្រូវគ្រប់គ្រងលើនាងវិញ”។
17ព្រះអង្គមានបន្ទូលនឹងអ័ដាមថា៖
“ដោយព្រោះអ្នកបានស្ដាប់តាមសំឡេងរបស់ប្រពន្ធអ្នក
ហើយហូបពីដើមឈើដែលយើងបានបង្គាប់អ្នកថា: ‘កុំហូបពីវាឡើយ’
ដូច្នេះដីត្រូវបណ្ដាសាដោយសារតែអ្នកហើយ។
អ្នកនឹងហូបពីវាដោយការនឿយហត់
ក្នុងអស់ទាំងថ្ងៃនៃជីវិតរបស់អ្នក។
18ដីនឹងធ្វើឲ្យគុម្ពបន្លា និងដើមបន្លាដុះឡើងសម្រាប់អ្នក;
អ្នកត្រូវហូបតិណជាតិតាមទីវាល។
19អ្នកត្រូវហូបអាហារដោយបែកញើសមុខ រហូតដល់អ្នកត្រឡប់ជាដីវិញ
ពីព្រោះអ្នកត្រូវបានយកចេញពីដីមក។
ដ្បិតអ្នកជាធូលីដី ដូច្នេះអ្នកនឹងត្រឡប់ជាធូលីដីវិញ”។
20មនុស្សនោះដាក់ឈ្មោះប្រពន្ធរបស់ខ្លួនថា អេវ៉ា ពីព្រោះនាងជាម្ដាយនៃមនុស្សទាំងអស់ដែលមានជីវិត។ 21ព្រះយេហូវ៉ាដ៏ជាព្រះបានធ្វើសម្លៀកបំពាក់ស្បែកសម្រាប់អ័ដាម និងប្រពន្ធរបស់គាត់ ហើយស្លៀកពាក់ឲ្យពួកគេ។
22ព្រះយេហូវ៉ាដ៏ជាព្រះមានបន្ទូលថា៖ “មើល៍! មនុស្សបានត្រឡប់ដូចជាម្នាក់ក្នុងចំណោមពួកយើងហើយ គឺដឹងល្អអាក្រក់។ ឥឡូវនេះ ក្រែងលោគេលូកដៃទៅបេះពីដើមឈើនៃជីវិតមកហូបដែរ ហើយមានជីវិតរស់ជារៀងរហូត”។ 23ដូច្នេះ ព្រះយេហូវ៉ាដ៏ជាព្រះក៏បណ្ដេញពួកគេចេញពីសួនអេដែន ឲ្យទៅភ្ជួររាស់ដីដែលពួកគេត្រូវបានយកចេញមកនោះ។ 24ព្រះអង្គបានបណ្ដេញមនុស្សចេញ ហើយដាក់ចេរ៉ូប៊ីននៅទិសខាងកើតសួនអេដែន និងដាវភ្លើងដែលបែរទៅគ្រប់ទិស ដើម្បីការពារផ្លូវទៅឯដើមឈើនៃជីវិត៕
Pašlaik izvēlēts:
លោកុប្បត្តិ 3: GKHB
Izceltais
Dalīties
Kopēt
Vai vēlies, lai tevis izceltie teksti tiktu saglabāti visās tavās ierīcēs? Reģistrējieties vai pierakstieties
GLOBAL KHMER BIBLE©
Copyright © 2023 by Global Bible Initiative