លោកុ‌ប្បត្តិ 8

8
ទឹក​ជំនន់​ស្រក​ចុះ
1ប៉ុន្តែ ព្រះ‌ទ្រង់​នឹក​ចាំ​ពី​លោក​ណូអេ និង​សត្វ​ព្រៃ សត្វ​ស្រុក​ទាំង​ប៉ុន្មាន​ដែល​នៅ​ក្នុង​ទូក​ជា‌មួយ​លោក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​បក់​មក​លើ​ផែន‌ដី ហើយ​ទឹក​ក៏​ស្រក​ចុះ។ 2រន្ធ​ទឹក​នៅ​ទី​ជម្រៅ និង​ទ្វារ​មេឃ​បាន​បិទ​វិញ ហើយ​ភ្លៀង​ក៏​ឈប់​ធ្លាក់​ពី​លើ​មេឃ​ដែរ។ 3ទឹក​បាន​ស្រក​ចុះ​ពី​ផែន‌ដី​ជា​ដរាប លុះ​ផុត​ពី​មួយ​រយ​ហាសិប​ថ្ងៃ​ទៅ ទឹក​ក៏​ថយ​ចុះ 4ហើយ​ខែ​ទី​ប្រាំពីរ ថ្ងៃ​ទី​ដប់​ប្រាំពីរ ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ា‌រ៉ាត។ 5ទឹក​ក៏បន្ត​ស្រក​ចុះ​រហូត​ដល់​ខែ​ទី​ដប់ លុះ​ចូល​ដល់​ថ្ងៃ​ទី​មួយ ខែ​ទី​ដប់ ទើប​ឃើញ​មាន​កំពូល​ភ្នំ​លេច​ឡើង។
6សែសិប​ថ្ងៃ​ក្រោយ​មក​ទៀត លោក​ណូអេ​បាន​បើក​បង្អួច​ទូក​ដែល​លោក​បាន​ធ្វើ 7ហើយ​ក៏​លែង​សត្វ​ក្អែក​មួយ​ឲ្យ​ចេញ​ទៅ តែ​សត្វ​នោះ​ហើរ​ទៅ​ហើរ​មក រហូត​ទាល់​តែ​ទឹក​បាន​រីង​ស្ងួត​ពី​ផែន‌ដី។ 8បន្ទាប់​មក លោក​ក៏​លែង​ព្រាប​មួយ​ទៀត​ឲ្យ​ទៅ ដើម្បី​ឲ្យ​ដឹង​ថា ទឹក​បាន​ស្រក​ចុះ​ដល់​ដី ឬ​យ៉ាង​ណា 9តែ​ព្រាប​នោះ​រក​កន្លែង​ទំ​មិន​បាន ក៏​វិល​ត្រឡប់​មក​រក​លោក​វិញ ព្រោះ​ទឹក​នៅ​ពេញ​លើ​ផែន‌ដី​នៅ​ឡើយ។ ដូច្នេះ លោក​ក៏​លូក​ដៃ​ទៅ​ចាប់​ព្រាប​នោះ ចូល​មក​ក្នុង​ទូក​វិញ។ 10លោក​នៅ​រង់​ចាំ​ប្រាំ​ពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ចេញ​ពី​ទូក​ទៅ​ម្តង​ទៀត 11ហើយ​នៅ​ពេល​ល្ងាច ព្រាប​នោះ​វិល​ត្រឡប់​មក​រក​លោក​វិញ ទាំង​ឃើញ​មាន​ពាំ​យក​ស្លឹក​អូលីវ​ដែល​វា​បាន​ចឹក​មក​ជា‌មួយ​ផង ដូច្នេះ លោក​ណូអេ​ក៏​ដឹង​ថា ទឹក​បាន​ស្រក​ពី​ផែន‌ដី​ហើយ។ 12បន្ទាប់​មក លោក​រង់‌ចាំ​ប្រាំពីរ​ថ្ងៃ​ទៀត ទើប​លែង​ព្រាប​ឲ្យ​ទៅ តែ​ព្រាប​នោះ​មិន​បាន​វិល​ត្រឡប់​មក​រក​លោក​វិញ​ទៀត​ឡើយ។
13នៅ​ឆ្នាំ​ប្រាំ​មួយ​រយ​មួយ ក្នុង​ខែ​ទី​មួយ ថ្ងៃ​ទីមួយ ទឹក​បាន​រីង​ស្ងួត​អស់​ពី​ផែន‌ដី។ លោក​ណូអេ​ក៏​បើក​ដំបូល​ទូក​មើល ឃើញ​ថា ដី​បាន​ស្ងួត​អស់​ហើយ។ 14នៅ​ខែ​ទី​ពីរ ថ្ងៃ​ទី​ម្ភៃ​ប្រាំពីរ ផែន​ដី​បាន​ស្ងួត​អស់។ 15ពេល​នោះ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ណូ​អេ​ថា៖ 16«ចូរ​ចេញ​ពី​ទូក​មក គឺ​ទាំង​អ្នក ទាំង​ប្រពន្ធ ទាំង​កូន​ប្រុស និង​កូន​ប្រសា​ស្រី​របស់​អ្នក។ 17ចូរ​នាំ​អស់​ទាំង​សត្វ​គ្រប់​ប្រភេទ​ដែល​នៅ​ជា‌មួយ​អ្នក​ចេញ​មក​ផង គឺ​ទាំង​សត្វ​ស្លាប សត្វ​ជើង​បួន និង​គ្រប់​ទាំង​សត្វ​លូន​វារ ដែល​វារ​នៅ​លើ​ផែន​ដី ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ចម្រើន​ជា​ច្រើន​ឡើង មាន​ពាស​ពេញ​នៅ​លើ​ផែន‌ដី»។ 18ដូច្នេះ លោក​ណូអេ​ក៏​ចេញ​មក ហើយ​កូន ប្រពន្ធ និង​កូន​ប្រសា​ស្រី​របស់​លោក​ក៏​ចេញ​មក​ជា‌មួយ​លោក​ដែរ។ 19គ្រប់​ទាំង​សត្វ​ជើង​បួន សត្វ​លូន​វារ សត្វ​ស្លាប​ទាំង​ប៉ុន្មាន​ផង គឺ​គ្រប់​ទាំង​សត្វ​ដែល​កម្រើក​លើ​ផែន‌ដី ក៏​ចេញ​ពី​ទូក​មក​តាម​ពូជ​របស់​វា​ដែរ។
ព្រះ​បន្ទូល​សន្យា​មក​កាន់​លោក​ណូអេ
20បន្ទាប់​មក លោក​ណូអេ​បាន​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា រួច​យក​សត្វ​ជើង​បួន​ពី​សត្វ​ដែល​ស្អាត​គ្រប់​មុខ និង​ពី​សត្វ​ស្លាប​ដែល​ស្អាត​គ្រប់​មុខ មក​ថ្វាយ​ជា​តង្វាយ​ដុត​លើ​អាស‌នា​នោះ។ 21កាល​ព្រះ‌យេហូវ៉ា​ធុំ​ក្លិន​ឈ្ងុយ ព្រះ‌អង្គ​សម្រេច​ក្នុង​ព្រះ‌ហឫ‌ទ័យ​ថា៖ «យើង​នឹង​មិន​ដាក់​បណ្ដា‌សា​ដី ព្រោះ​តែ​មនុស្ស​ទៀត​ទេ ដ្បិត​គំនិត​ក្នុង​ចិត្ត​មនុស្ស​អាក្រក់​តាំង​តែ​ពី​ក្មេង​មក​ម៉្លេះ។ យើង​នឹង​មិន​វាយ​ប្រហារ​ជីវិត​ទាំង‌ឡាយ ដូច​យើង​បាន​ធ្វើ​មក​ហើយ​នោះ​ទៀត​ទេ។
22ដរាប​ណា​នៅ​មាន​ផែន‌ដី​នៅ​ឡើយ
ដរាប​នោះ រដូវ​សាប‌ព្រោះ រដូវ​ច្រូត​កាត់
ត្រជាក់ ក្តៅ រដូវ​ប្រាំង រដូវ​វស្សា ថ្ងៃ និង​យប់
នឹង​នៅ​តែ​មាន មិន​ដែល​អាក់​ខាន​ឡើយ»។

하이라이트

공유

복사

None

모든 기기에 하이라이트를 저장하고 싶으신가요? 회원가입 혹은 로그인하세요