ទំនុកតម្កើង 51:1-12
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប សូមលើកលែងទោសឲ្យទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ សូមលុបលាងកំហុសទូលបង្គំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប! ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ! ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យទូលបង្គំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត ។ សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។ ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។ សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានឲ្យទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។
ទំនុកតម្កើង 51:1-12