១ ពេត្រុស 1:2-8
ព្រះជាម្ចាស់ ជាព្រះបិតា បានជ្រើសរើសបងប្អូន តាមគម្រោងការដែលព្រះអង្គគ្រោងទុកពីមុនមក ដោយព្រះវិញ្ញាណប្រោសបងប្អូនឲ្យវិសុទ្ធ* ដើម្បីឲ្យបងប្អូនស្ដាប់បង្គាប់ព្រះយេស៊ូគ្រិស្ត* និងឲ្យព្រះអង្គប្រោះព្រះលោហិតរបស់ព្រះអង្គលើបងប្អូន ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ និងសេចក្ដីសុខសាន្តកាន់តែច្រើនឡើងៗ។ សូមសរសើរតម្កើងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត* ជាព្រះអម្ចាស់នៃយើង។ ព្រះជាម្ចាស់បានប្រោសយើងឲ្យកើតជាថ្មី ដោយប្រោសព្រះយេស៊ូគ្រិស្ត*ឲ្យមានព្រះជន្មរស់ឡើងវិញ ស្របតាមព្រះហឫទ័យមេត្តាករុណាដ៏លើសលុបរបស់ព្រះអង្គ ដូច្នេះ យើងមានសេចក្ដីសង្ឃឹមដែលមិនចេះសាបសូន្យ ហើយយើងនឹងទទួលមត៌ក ដែលមិនចេះរលួយ មិនចេះសៅហ្មង មិនចេះស្រពោន។ ព្រះជាម្ចាស់បម្រុងទុកមត៌កនេះឲ្យបងប្អូននៅស្ថានបរមសុខ* ហើយឫទ្ធានុភាពរបស់ព្រះអង្គថែរក្សាបងប្អូន ដោយសារជំនឿ ដើម្បីឲ្យបងប្អូនទទួលការសង្គ្រោះ ដែលព្រះអង្គបានរៀបចំទុកជាស្រេច ហើយដែលព្រះអង្គនឹងសម្តែងនៅគ្រាចុងក្រោយបំផុត។ ហេតុនេះហើយបានជាបងប្អូនមានចិត្តរីករាយយ៉ាងខ្លាំង ទោះបីពេលនេះ បងប្អូនព្រួយចិត្តដោយជួបនឹងទុក្ខលំបាកផ្សេងៗក្នុងមួយរយៈពេលខ្លីក៏ដោយ។ ទុក្ខលំបាកទាំងនេះនឹងលត់ដំ ជំនឿរបស់បងប្អូន ឲ្យមានតម្លៃលើសមាស ដែលតែងតែរលាយសូន្យនោះទៅទៀត គឺមាសដែលសម្រាំងក្នុងភ្លើង។ នៅថ្ងៃដែលព្រះយេស៊ូគ្រិស្តសម្តែងខ្លួនឲ្យមនុស្សលោកឃើញ ជំនឿរបស់បងប្អូននឹងទទួលការសរសើរ ទទួលសិរីរុងរឿង និងកិត្តិយសជាមិនខាន។ បងប្អូនមិនដែលបានឃើញព្រះអង្គទេ តែបងប្អូនស្រឡាញ់ព្រះអង្គ ទោះបីបងប្អូននៅតែពុំទាន់ឃើញព្រះអង្គក្ដី ក៏បងប្អូនជឿលើព្រះអង្គ ហើយមានអំណរសប្បាយដ៏រុងរឿងរកថ្លែងពុំបាន
១ ពេត្រុស 1:2-8