YouVersion Logo
Search Icon

១ ពេត្រុស 1:2-8

១ ពេត្រុស 1:2-8 គខប

ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា បាន​ជ្រើស​រើស​បងប្អូន តាម​គម្រោង‌ការ​ដែល​ព្រះអង្គ​គ្រោង​ទុក​ពី​មុន​មក ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បងប្អូន​ឲ្យ​វិសុទ្ធ* ដើម្បី​ឲ្យ​បងប្អូន​ស្ដាប់​បង្គាប់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ឲ្យ​ព្រះអង្គ​ប្រោះ​ព្រះ‌លោហិត​របស់​ព្រះអង្គ​លើ​បងប្អូន ។ សូម​ឲ្យ​បងប្អូន​បាន​ប្រកប​ដោយ​ព្រះ‌គុណ និង​សេចក្ដី​សុខ‌សាន្ត​កាន់​តែ​ច្រើន​ឡើងៗ។ សូម​សរសើរ​តម្កើង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* ជា​ព្រះ‌អម្ចាស់​នៃ​យើង។ ព្រះ‌ជា‌ម្ចាស់​បាន​ប្រោស​យើង​ឲ្យ​កើត​ជា​ថ្មី ដោយ​ប្រោស​ព្រះ‌យេស៊ូ‌គ្រិស្ត*​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ស្រប​តាម​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដ៏​លើស‌លុប​របស់​ព្រះអង្គ ដូច្នេះ យើង​មាន​សេចក្ដី​សង្ឃឹម​ដែល​មិន​ចេះ​សាប​សូន្យ ហើយ​យើង​នឹង​ទទួល​មត៌ក ដែល​មិន​ចេះ​រលួយ មិន​ចេះ​សៅ‌ហ្មង មិន​ចេះ​ស្រពោន។ ព្រះ‌ជា‌ម្ចាស់​បម្រុង​ទុក​មត៌ក​នេះ​ឲ្យ​បងប្អូន​នៅ​ស្ថាន​បរម‌សុខ* ហើយ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ថែ‌រក្សា​បងប្អូន ដោយ‌សារ​ជំនឿ ដើម្បី​ឲ្យ​បងប្អូន​ទទួល​ការ​សង្គ្រោះ ដែល​ព្រះអង្គ​បាន​រៀបចំ​ទុក​ជា​ស្រេច ហើយ​ដែល​ព្រះអង្គ​នឹង​សម្តែង​នៅ​គ្រា​ចុង​ក្រោយ​បំផុត។ ហេតុ​នេះ​ហើយ​បាន​ជា​បងប្អូន​មាន​ចិត្ត​រីក‌រាយ​យ៉ាង​ខ្លាំង ទោះ​បី​ពេល​នេះ បងប្អូន​ព្រួយ​ចិត្ត​ដោយ​ជួប​នឹង​ទុក្ខ​លំបាក​ផ្សេងៗ​ក្នុង​មួយ​រយៈ​ពេល​ខ្លី​ក៏​ដោយ។ ទុក្ខ​លំបាក​ទាំង​នេះ​នឹង​លត់‌ដំ ​ជំនឿ​របស់​បងប្អូន ឲ្យ​មាន​តម្លៃ​លើស​មាស ដែល​តែងតែ​រលាយ​សូន្យ​នោះ​ទៅ​ទៀត គឺ​មាស​ដែល​សម្រាំង​ក្នុង​ភ្លើង។ នៅ​ថ្ងៃ​ដែល​ព្រះ‌យេស៊ូ​គ្រិស្ត​សម្តែង​ខ្លួន​ឲ្យ​មនុស្ស​លោក​ឃើញ ជំនឿ​របស់​បងប្អូន​នឹង​ទទួល​ការ​សរសើរ ទទួល​សិរី‌រុងរឿង និង​កិត្តិយស​ជា​មិន​ខាន។ បងប្អូន​មិន​ដែល​បាន​ឃើញ​ព្រះអង្គ​ទេ តែ​បងប្អូន​ស្រឡាញ់​ព្រះអង្គ ទោះ​បី​បងប្អូន​នៅ​តែ​ពុំ​ទាន់​ឃើញ​ព្រះអង្គ​ក្ដី ក៏​បងប្អូន​ជឿ​លើ​ព្រះអង្គ ហើយ​មាន​អំណរ​សប្បាយ​ដ៏​រុងរឿង​រក​ថ្លែង​ពុំ​បាន