ហេតុអ្វីបុណ្យអ៊ីស្ទើរសំខាន់?គំរូ
មានសេរីភាពចេញពីអ្វីទៅ?
សព្វថ្ងៃ ព្រះយេស៊ូវមិនមានវត្ដមានក្នុងរូបកាយនៅលើផែនដីនេះទេ ប៉ុន្តែទ្រង់មិនបានទុកយើងចោល ឱ្យនៅឯកោនោះដែរ។ ទ្រង់បានបញ្ជូននូវព្រះវិញ្ញាណដ៏បរិសុទ្ធនៃទ្រង់ ដើម្បីឱ្យមកគង់នៅជាមួយនឹងយើង។ នៅពេលដែលព្រះវិញ្ញាណរបស់ទ្រង់យាងមកគង់នៅក្នុងរូបយើង ទ្រង់ផ្ដល់ឱ្យយើងនូវសេរីភាពមួយថ្មី។
សេរីភាព ដើម្បីឱ្យយើងអាចស្គាល់ព្រះជាម្ចាស់
រាល់អ្វីៗដែលយើងបានប្រព្រឹត្ដខុសឆ្គង វាបានបង្កឱ្យមានរនាំងបាំង រវាងយើងនឹងព្រះជាម្ចាស់៖ "អំពើទុច្ចរិតរបស់អ្នក បានញែកអ្នកឱ្យចាកចេញឆ្ងាយពីព្រះជាម្ចាស់របស់អ្នក" (អេសាយ ៥៩៖២)។ នៅពេល ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ទ្រង់បានដកនូវរនាំងដែលបាំងរវាងយើងនឹងព្រះជាម្ចាស់នោះចេញ។ ជាលទ្ធផល ទ្រង់បានធ្វើឱ្យយើងអាចមានទំនាក់ទំនងជាមួយនឹងព្រះដែលបង្កើតយើង សាជាថ្មី។ ទ្រង់បានធ្វើឱ្យការនេះអាចទៅរួចបាន។ យើងអាចក្លាយជាបុត្រធីតារបស់ព្រះជាម្ចាស់វិញ។ ព្រះវិញ្ញាណដ៏វិសុទ្ធបានផ្ដល់ជាសក្ខីភាពដល់យើង នូវទំនាក់ទំនងនេះ ហើយទ្រង់ជួយឱ្យយើងអាចស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ជាងមុន។ ទ្រង់ជួយដល់យើង ឱ្យយើងអាចអធិស្ឋាន និងឱ្យយើងអាចយល់នូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ (ព្រះគម្ពីរ)។
មានសេរីភាព ដើម្បីស្រឡាញ់
"យើងអាចចេះស្រឡាញ់ ដោយសារតែព្រះជាម្ចាស់ទ្រង់បានស្រឡាញ់យើងមុន" (១ យ៉ូហាន ៤៖១៩)។ ក្នុងខណៈដែលយើងសម្លឹងមើលទៅកាន់ឈើឆ្កាង យើងយល់សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះរូបយើង។ នៅពេលព្រះវិញ្ញាណនៃព្រះជាម្ចាស់យាងមកគង់នៅនៅក្នុងយើង យើងចាប់ផ្ដើមទទួលបទពិសោធន៍នៃក្ដីស្រឡាញ់នោះ។ ក្នុងខណៈដែលយើងធ្វើយ៉ាងដូច្នោះ យើងទទួលបាននូវសេចក្ដីស្រឡាញ់ថ្មី សម្រាប់ព្រះជាម្ចាស់ និងសម្រាប់មនុស្សដទៃផ្សេងទៀត។ យើងទទួលបានការរំដោះឱ្យមានសេរីភាព ដើម្បីរស់នៅក្នុងជីវិតនៃសេចក្ដីស្រឡាញ់—គឺជាជីវិតមួយដែលមានស្នូល នៃការស្រឡាញ់ និងការបម្រើអង្គព្រះយេស៊ូវ និងចេះស្រឡាញ់ ហើយចេះបម្រើមនុស្សដទៃផ្សេងទៀត ជាជាងការមានជីវិតមួយ ដែលរស់នៅវិលវល់តែនៅក្នុងផ្នែកជីវិតផ្ទាល់ខ្លួនរបស់យើង។
មានសេរីភាព ដើម្បីផ្លាស់ប្រែ
មានពេលខ្លះ មនុស្សគេនិយាយយ៉ាងដូច្នេះថា៖ «ប្រសិនបើយើងជាមនុស្សយ៉ាងម៉េចហើយ នោះគ្មាននរណា គេអាចនឹងកែប្រែ បំផ្លាស់បំប្រែយើងបានទេ»។ ដំណឹងល្អនោះគឺថា យើងមាននូវអ្នកជំនួយ គឺជាអង្គព្រះវិញ្ញាណដ៏វិសុទ្ធ ដូច្នេះ យើងអាចផ្លាស់ប្រែបាន។ ព្រះវិញ្ញាណដ៏វិសុទ្ធ ផ្ដល់ឱ្យយើងនូវសេរីភាព ដើម្បីរស់ នៅក្នុងជីវិត ដែលយើងតែងប្រាថ្នាចង់មាន នៅក្នុងក្រអៅនៃដួងចិត្ដរបស់យើងនោះ។ លោកសាវ័ក ប៉ុល បានប្រាប់យើងថា ផលផ្លែនៃព្រះវិញ្ញាណបរិសុទ្ធគឺជា "សេចក្ដីស្រឡាញ់ អំណរ សន្ដិភាព ភាពអត់ធ្មត់ ចិត្ដល្អ ចិត្ដសប្បុរស ភាពស្មោះត្រង់ ភាពទន់ភ្លន់ និងការចេះដឹងខ្នាត (ចេះទប់ចិត្ដ ចេះគ្រប់គ្រងខ្លួន)" (កាឡាទី ៥៖២២-២៣)។ នៅពេលដែលយើងទូលសូមព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ដើម្បីឱ្យយាងមក និងគង់នៅក្នុងជីវិតរបស់យើង នោះរាល់ទាំងអត្ដចរិត និងចរិតលក្ខណៈទាំងនេះ នឹងចាប់ផ្ដើមរីកចម្រើនលូតលាស់ នៅក្នុងជីវិតរបស់យើងដែរ។
អត្ថបទគម្ពីរ
អំពីគម្រោងអាននេះ
តើមានរឿងអ្វីសំខាន់ទៅ ដែលមានគេប្រារព្ធធ្វើបុណ្យអ៊ីស្ទើរ (ថ្ងៃព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ) នោះ? តើហេតុអ្វីបានជាមានការចាប់អារម្មណ៍ច្រើនដល់ម្ល៉េះ ចំពោះមនុស្សម្នាក់ ដែលបានកើតមកជាង ២០០០ ឆ្នាំកន្លងទៅនោះ? ហេតុអ្វីបានជាមនុស្សជាច្រើន គេរំភើប ញាប់ញ័រ អំពីព្រះយេស៊ូវ? តើហេតុអ្វីបានជាយើងត្រូវការទ្រង់? តើហេតុអ្វីបានជាទ្រង់ត្រូវយាងមក? តើហេតុអ្វីបានជាទ្រង់ត្រូវសុគត? តើហេតុអ្វីបានជានរណាម្នាក់គួរតែខ្វល់ខ្វាយ និងចង់ដឹងថាហេតុអ្វីនោះ? នៅក្នុងគម្រោងអាន រយៈពេល ៥ ថ្ងៃ នេះ លោក នីគី ហ្កាំបល (Nicky Gumbel) បានចែករំលែកអំពីចម្លើយដ៏ជក់ចិត្ដ ដាស់តឿន មួយចំនួន ទៅកាន់សំណួរទាំងប៉ុន្មានខាងលើនេះ។
More