ផ្ដាច់ខ្លួនឱ្យមានសេរីភាពចេញពីការប្រៀបធៀប - គម្រោងអានរយៈពេល ៧ ថ្ងៃ ដោយអ្នកស្រី អេណា ឡែថ (Anna Light)គំរូ

Break Free From Comparison a 7 Day Devotional by Anna Light

ថ្ងៃទី 1 ក្នុងចំណោម 7 ថ្ងៃ

មានហេតុផលមួយដែលអ្នកបានជ្រើសរើសគម្រោងអាននេះ។ 

ប្រហែលជាអ្នកកំពុងតែតយុទ្ធក្រោមទម្ងន់នៃការរស់នៅបែបប្រៀបធៀបជានិច្ច ដែលវាតែងតែនាំឱ្យអ្នកធ្លាក់ក្រោមស្តង់ដារអ្នកធ្លាប់មានក្នុងចិត្តគំនិត តែពុំអាចធ្វើទៅរួច។ ប្រហែលជាអ្នកធ្លាប់បាត់បង់មិត្តភាព ដោយសារតែអ្នកទាមទារឱ្យខ្លួនបានល្អបំផុតជាងគេរហូត។ ឬក៏ទំនាក់ទំនងរបស់អ្នកបាត់បង់នូវភាពស្និទ្ធស្នាល ដោយសារតែការប្រៀបធៀបបានលួចសមត្ថភាពរបស់អ្នក មិនឱ្យអ្នកអាចក្លាយជាមិត្តភក្តិពិត និងធ្វើជាមិត្តដែលចេះលើកតម្កើងមិត្តដទៃបាន។ 

ឬប្រហែលជាអ្នកហត់នឿយពេក។ 

ហត់នឿយដោយសារតែរបាំងនៃជីវិត ដែលបំពេញចិត្តគំនិតអ្នកដោយក្ដីព្រួយបារម្ភ ភាពសង្ស័យ ការធ្លាក់បាក់ទឹកចិត្ត និងកំហឹង ដោយសារតែរឿងប្រៀបធៀប។

"ខ្ញុំពិបាកដើរតាមទាន់គេណាស់!" អ្នកធ្លាប់គិត។ អ្នកប្រាថ្នាចង់បានទីកន្លែងនៃក្ដីសុខសាន្ដដែលជាកន្លែងអ្នកអាចទទួលបាននូវក្ដីស្រឡាញ់ សម្រាប់ភាពជារូបអ្នក មិនមែនដោយសារតែអ្វីៗដែលអ្នកមាន មិនមែនដោយសារតែសមិទ្ធផល មិនមែនដោយសារតែប្រជាប្រិយភាព មិនមែនដោយសារតែភាពល្បី ឬដោយសារតែមានការចូលចិត្តច្រើនទេ។ គឺក្ដីស្រឡាញ់ដែលមិនតម្រូវឱ្យមានតម្រង់ច្រោះ។ 

ខ្ញុំដឹង ដោយព្រោះរឿងនោះធ្លាប់កើតឡើងលើរូបខ្ញុំ។ នៅដើមឆ្នាំនេះ ខ្ញុំបានសម្រេចចិត្តយកពេល ៣ ថ្ងៃ ដើម្បីតមអាហារ ដោយទទួលទានតែទឹក និងអធិស្ឋានលើចំណុចពីរបី ដែលរូបខ្ញុំចង់យកឈ្នះលើវា នៅក្នុងជីវិតរបស់ខ្ញុំ។ ខ្ញុំបានសរសេរសេចក្ដីអធិស្ឋានពីរបី នៅលើក្រដាសតូចៗ ហើយបានបិទវាទៅលើជញ្ជាំងនៅក្បែរទូរដាក់ខោអាវរបស់ខ្ញុំ។ ខ្ញុំបានបង្កើតទម្លាប់ល្អគ្រាន់បើ ដោយហ៊ានតាំងចិត្តក្រោកពីព្រលឹម ទាំងបានចំណាយពេលបន្ថែមនៅក្នុងព្រះវត្តមាននៃព្រះ និងអធិស្ឋានសម្រាប់ចំណុចទាំងនោះ… ទង្វើនេះដើរបានអស់រយៈពេល ៣ ថ្ងៃ។ តែនៅពេលការតមរបស់ខ្ញុំបានបញ្ចប់ទៅ នោះពេលបន្ថែមសម្រាប់ការអធិស្ឋានរបស់ខ្ញុំក៏ត្រូវបានបញ្ចប់ទៅដែរ។ អ្វីដែលមិនបានបញ្ចប់នោះគឺជាអំណាចចេស្ដានៃព្រះ ដែលបានបន្តធ្វើការនៅក្នុងសំណូមពរអធិស្ឋានជាក់លាក់ ដែលមាននៅក្នុងជីវិតរបស់ខ្ញុំ ដែលរូបខ្ញុំបានដាក់វាទាបនៅព្រះបាទារបស់ព្រះអង្គ។ 

សំណូមពរជាក់លាក់មួយ ដែលខ្ញុំបានសុំនោះគឺ៖ «សូមជួយទូលបង្គំឱ្យមានសេរីភាពចេញពីការប្រៀបធៀប!»។ ខ្ញុំធ្លាប់មានអារម្មណ៍ថាមានអ្វីទាញខ្ញុំឱ្យធ្លាក់ចុះក្រោម ប្រៀបដូចជាមានទម្ងន់អត់ស្រមោល ហើយវាមកបំបាំងភ្នែកខ្ញុំ ដោយមានចិត្តវិនិច្ឆ័យទោសពីអ្នកដទៃ។ ខ្ញុំឈប់តាមដានមនុស្សទាំងឡាយនៅលើបណ្ដាញសង្គម ដែលគេធ្លាប់ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាអន់។ ខ្ញុំធ្លាប់និយាយពីគេបែបអវិជ្ជមាន ដោយព្រោះគេបានធ្វើឱ្យខ្ញុំមានចិត្តច្រណែន ហើយខ្ញុំពុំដែលទៅអបអរជាមួយនរណាដែលគេទទួលបានសមិទ្ធផលខ្ពង់ខ្ពស់សម្រាប់ជីវិតរបស់គេនោះឡើយ។ ភាពសុខសាន្ដមួយដែលខ្ញុំធ្លាប់មាន នោះគឺជាការដាក់ខ្លួនខ្ញុំឱ្យនៅដាច់ដោយឡែកពីគេ។ នៅពេលដែលគ្មាននរណាដែលខ្ញុំអាចទៅប្រៀបធៀបនឹងគេបាន នោះទើបខ្ញុំមានអារម្មណ៍ថាមានសុខសុវត្ថិភាព។ ប៉ុន្តែនៅពេលភាពឯកោស្លុងចូលមក នោះពិភពលោករបស់ខ្ញុំ កាន់តែតូចទៅៗ ហើយចិត្តគំនិតរបស់ខ្ញុំកាន់តែតូចទៅតាមនោះដែរ។ ខ្ញុំចង់បានផ្លូវចេញពីអារម្មណ៍បែបនេះ!

គម្រោងអានក្នុងថ្ងៃជាបន្តបន្ទាប់នេះ នោះគឺជាចម្លើយ ដែលខ្ញុំមានអារម្មណ៍ថាបានមកពីបល្ល័ង្កនៃព្រះគុណ។ នៅរយៈពេល ៧ ថ្ងៃ ជាបន្តបន្ទាប់ នោះយើងនឹងស្វែងយល់ពីសំណួរទាំងប៉ុន្មានខាងក្រោម៖ 

តើការប្រៀបធៀបនោះគឺជាអ្វី? 

តើនឹងមានរឿងអ្វីកើតឡើងនៅពេលយើងប្រៀបធៀប? 

តើឱ្យយើងអាចយកឈ្នះលើការប្រៀបធៀបបែបយ៉ាងដូចម្ដេច?

តាមរយៈការគិតទាំងនេះ ដោយខ្ញុំទទួលបានច្បាស់ៗពីពេលខ្ញុំអធិស្ឋានស្វែងរកនូវផ្លូវទៅកាន់សេរីភាព នោះខ្ញុំជឿថាអ្នកនឹងអាចស្វែងរកសេរីភាពចេញពីអន្ទាក់នៃការប្រៀបធៀប និងទទួលបានបទពិសោធន៍នៃជីវិតដ៏ពេញបរិបូរ ដែលព្រះមានផែនការសម្រាប់អ្នកវិញ។

ឱ ព្រះអម្ចាស់អើយ ទូលបង្គំពិតជាហត់នឿយខ្លាំងណាស់។ ទូលបង្គំហត់នឿយដោយព្រោះតែអារម្មណ៍ដែលតែងតែគិតថាខ្លួនជាមនុស្សមិនទាន់គ្រប់គ្រាន់ ធ្វើមិនបានល្មមគ្រប់គ្រាន់ និងពុំមានសមិទ្ធផលអ្វី។ មនុស្សម្នាជុំវិញទូលបង្គំ ផ្ដល់ឱកាសឱ្យទូលបង្គំយកខ្លួនទៅប្រៀបធៀបនឹងគេយ៉ាងច្រើនបែបច្រើនយ៉ាង ហើយទូលបង្គំដឹងថាទង្វើនេះ មិនមែនជារឿងល្អគប្បីនោះឡើយ។ សូមជួយដល់ទូលបង្គំឱ្យដាក់ទង្វើអស់ទាំងនេះនៅព្រះបាទារបស់ព្រះអង្គ ដោយមានទំនុកចិត្តថាទូលបង្គំអាចមានសេរីភាពចេញពីវិបត្តិនេះ។ ទូលបង្គំចង់ក្លាយដូចជាមនុស្សដែលព្រះអង្គបានបង្កើតទូលបង្គំមក ដោយពុំមានអ្វីរារាំងទូលបង្គំឱ្យទៅទទួលនូវសក្ដានុពលដ៏ពេញលេញរបស់ទូលបង្គំឡើយ។ ទូលបង្គំទូលសូមក្នុងព្រះនាមព្រះយេស៊ូវ។ 

 

ថ្ងៃ 2

អំពី​គម្រោងអាន​នេះ

Break Free From Comparison a 7 Day Devotional by Anna Light

តើអ្នកដឹងទេថាព្រះជាម្ចាស់ចង់ផ្ដល់ដល់អ្នកនូវជីវិតដ៏ពេញបរិបូរជាជាងជីវិតដែលអ្នកកំពុងតែរស់នៅសព្វថ្ងៃនេះ? ប៉ុន្តែមានរឿងដ៏សោកសៅកើតឡើង ដោយហេតុថាមានទង្វើប្រៀបធៀប ដែលរារាំងអ្នកមិនឱ្យអ្នកទៅកាន់ជីវិតនៅក្នុងកម្រិតមួយបន្ទាប់។ នៅក្នុងគម្រោងអាននេះ អ្នកស្រី អេណា ឡែថ (Anna Light) លាតត្រដាងពីគំហើញគំនិត ដែលនឹងធ្វើឱ្យគម្របនៃការប្រៀបធៀបបែកខ្ចាយ ព្រោះវាធ្លាប់បានគ្របនៅពីលើសមត្ថភាពរបស់អ្នក ហើយនឹងជួយអ្នកឱ្យរស់នៅដោយមានសេរីភាព និងមានជីវិតពេញបរិបូរ ដូចព្រះបានតាក់តែងឱ្យសម្រាប់អ្នកវិញ។ 

More

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះ អ្នកស្រី អេណា ឡែថ (Anna Light) ដែលបានផ្តល់គម្រោងអាននេះមក។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហ៍ទំព័រ៖ http://www.livelaughlight.com