សេផានា 3:14-17

សេផានា 3:14-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រា‌អែល​អើយ ចូរ​ស្រែក​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​ពី​ចិត្ត​ទៅ! ព្រះ‌យេហូវ៉ា​បាន​លើក​លែង​ទោស​ឲ្យ​អ្នក ព្រះ‌អង្គ​បាន​បង្វែរ​ខ្មាំង​សត្រូវ​របស់​អ្នក​ចេញ។ ព្រះ‌យេហូវ៉ា​ជា​មហា‌ក្សត្រ​របស់​អ៊ីស្រា‌អែល គង់​នៅ​កណ្ដាល​អ្នក អ្នក​នឹង​មិន​ខ្លាច​សេចក្ដី​អាក្រក់​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ នឹង​មាន​គេ​ពោល​មកកាន់ ក្រុង​យេរូ‌សាឡិម​ថា កុំ​ខ្លាច​អ្វី​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​អ្នក​អន់‌ថយ​ឲ្យ​សោះ។ ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​របស់​អ្នក ព្រះ‌អង្គ​គង់​នៅ​កណ្ដាល​អ្នក ព្រះ‌អង្គ​ជា​ព្រះ‌ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​ដែល​នឹង​សង្គ្រោះ ព្រះ‌អង្គ​នឹង​រីក‌រាយ​ចំពោះ​អ្នក​ដោយ​អរសប្បាយ ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​ស្ងប់ ដោយ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​នឹង​រីក​រាយ​ចំពោះ​អ្នក ដោយ​សំឡេង​ច្រៀង​យ៉ាង​ឮ។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:14-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ក្រុង​ស៊ីយ៉ូន​អើយ ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស! ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​មាន​អំណរ​សប្បាយ! ចូរ​រីក‌រាយ​យ៉ាង​ខ្លាំង! ព្រះ‌អម្ចាស់​បាន​លើក‌លែង​ទោស​ឲ្យ​អ្នក ព្រះអង្គ​បាន​ពង្វាង​ខ្មាំង​សត្រូវ​ចេញ​ពី​អ្នក។ ព្រះ‌អម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​នៃ ជន‌ជាតិ​អ៊ីស្រា‌អែល គង់​នៅ​ជា​មួយ​អ្នក អ្នក​នឹង​មិន​ខ្លាច​ទុក្ខ​វេទនា​ទៀត​ឡើយ។ នៅ​ថ្ងៃ​នោះ គេ​នឹង​ពោល​មក​កាន់ ក្រុង​យេរូ‌សាឡឹម​ថា កុំ​ខ្លាច​អ្វី​ឡើយ! ក្រុង​ស៊ីយ៉ូន​អើយ កុំ​បាក់​ទឹក​ចិត្ត​ឲ្យ​សោះ! ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក ទ្រង់​គង់​ជា​មួយ​អ្នក ព្រះអង្គ​ជា​វីរ‌បុរស​ដែល​មាន​ជ័យ‌ជម្នះ។ ព្រោះ​តែ​អ្នក ព្រះអង្គ​មាន​អំណរ​សប្បាយ​ជា​ខ្លាំង។ ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ ធ្វើ​ឲ្យ​អ្នក​មាន​ជីវិត​ថ្មី។ ព្រោះ​តែ​អ្នក ព្រះអង្គ​ច្រៀង​យ៉ាង​រីក‌រាយ​បំផុត។

ចែក​រំលែក
អាន សេផានា 3

សេផានា 3:14-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​ច្រៀង​ឡើង ឱ​អ៊ីស្រាអែល​អើយ ចូរ​ស្រែក​ឡើង​ចុះ ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​អរ​សប្បាយ ហើយ​រីក‌រាយ​ឲ្យ​អស់​អំពី​ចិត្ត​ទៅ ព្រះ‌យេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំង​សត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះ‌យេហូវ៉ា ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ នៅ​ថ្ងៃ​នោះ នឹង​មាន​ពាក្យ​ពោល​ដល់​ក្រុង​យេរូ‌សាឡិម​ថា កុំ​ឲ្យ​ខ្លាច​ឡើយ ឱ​ស៊ីយ៉ូន​អើយ កុំ​ឲ្យ​ដៃ​ឯង​អន់‌ថយ​ឲ្យ​សោះ ព្រះ‌យេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ ទ្រង់​នឹង​មាន​សេចក្ដី​រីក‌រាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង

ចែក​រំលែក
អាន សេផានា 3