សាការី 9:1-17

សាការី 9:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សេចក្ដី​ប្រកាស។ នេះ​ជា​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ថ្លែង​អំពី​ស្រុក​ហាដ្រាក់។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ដាម៉ាស ដ្បិត​មនុស្ស​លោក​ទាំង‌ឡាយ​ក៏​ជា​កម្មសិទ្ធិ​របស់ ព្រះ‌អម្ចាស់​ដូច​កុល‌សម្ព័ន្ធ​ទាំង​ប៉ុន្មាន នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់ អ្នក​ក្រុង​ហា‌ម៉ាត់ ដែល​នៅ​ក្បែរ​ក្រុង​ដាម៉ាស ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ក្រុង​ទីរ៉ុស និង​អ្នក​ក្រុង​ស៊ីដូន ដែល​សម្បូណ៌​ដោយ​អ្នក​ប្រាជ្ញ​ដ៏​ជំនាញ។ ក្រុង​ទីរ៉ុស​បាន​សង់​កំពែង​មួយ​ដ៏​រឹង‌មាំ ក្រុង​នេះ​ប្រមូល​បាន​ប្រាក់​ច្រើន ដូច​ធូលី​ដី ហើយ​មាន​មាស​ច្រើន ដូច​ភក់​ដែល​គេ​ដើរ ជាន់​នៅ​តាម​ផ្លូវ។ ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​យក​ចេញ​ពី​ពួក​គេ​ទាំង​អស់ ព្រះអង្គ​នឹង​រុញ​កំពែង​ក្រុង​របស់​គេ ទម្លាក់​ទៅ​ក្នុង​សមុទ្រ ក្រុង​នេះ​នឹង​ត្រូវ​រលាយ ដោយ‌សារ​ភ្លើង។ ពេល​ឃើញ​ហេតុ‌ការណ៍​នេះ ក្រុង​អាស្កា‌ឡូន​នឹង​ភ័យ​តក់‌ស្លុត ក្រុង​កាសា​នឹង​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង ក្រុង​អេក្រូន​បាត់​បង់​សេចក្ដី​សង្ឃឹម​អស់​រលីង។ ក្រុង​កាសា​នឹង​លែង​មាន​ស្ដេច ក្រុង​អាស្កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។ ពូជ​សាសន៍​នានា​នឹង​រស់​នៅ​ចម្រុះ​គ្នា ក្នុង​ក្រុង​អាស្តូឌ យើង​នឹង​បំបាត់​អំនួត​របស់​ពួក​ភីលីស្ទីន។ យើង​នឹង​យក​សាច់​ដែល​មាន​ជាប់​ឈាម ចេញ​ពី​មាត់​របស់​គេ។ គឺ​សាច់​ដែល​គេ​សែន​ដល់​ព្រះ​ដ៏​គួរ​ស្អប់​ខ្ពើម ប្រជា‌ជន​ភីលីស្ទីន​ដែល​នៅ​សេស‌សល់ នឹង​ធ្វើ​ជា​ប្រជា‌រាស្ត្រ​របស់​យើង ពួក​គេ​នឹង​ធ្វើ​ជា​មេ​ដឹក​នាំ ដូច​កុល‌សម្ព័ន្ធ​យូដា​ដែរ។ ប្រជា‌ជន​នៅ​ក្រុង​អេក្រូន នឹង​ចូល​រួម​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​យើង ដូច​អ្នក​ក្រុង​យេបូស ​ដែរ។ យើង​នឹង​ការពារ​ដំណាក់​របស់​យើង​មិន​ឲ្យ កង‌ទ័ព​សត្រូវ​ចេញ​ចូល​វាយ​លុក​បាន​ឡើយ ហើយ​យើង​ក៏​មិន​ឲ្យ​នរណា​សង្កត់‌សង្កិន ប្រជា‌រាស្ដ្រ​របស់​យើង​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ យើង​មើល​ថែ‌រក្សា​ពួក​គេ។ ប្រជា‌ជន​ក្រុង​ស៊ីយ៉ូន​អើយ ចូរ​មាន​អំណរ​រីក‌រាយ​ដ៏​ខ្លាំង​ឡើង ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយ ចូរ​ស្រែក​ហ៊ោ​យ៉ាង​សប្បាយ មើល​ហ្ន៎ ព្រះ‌មហា‌ក្សត្រ​របស់​អ្នក យាង​មក​រក​អ្នក​ហើយ ព្រះអង្គ​សុចរិត ព្រះអង្គ​នាំ​ការ​សង្គ្រោះ​មក ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​ស្លូត‌បូត ព្រះអង្គ​គង់​នៅ​លើ​ខ្នង​លា គឺ​ព្រះអង្គ​គង់​នៅ​លើ​ខ្នង​កូន​លា។ ព្រះអង្គ​នឹង​យក​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអ៊ីម យក​ទ័ព​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម ព្រះអង្គ​កាច់​បំបាក់​ធ្នូ​ដែល​គេ​ប្រើ​ធ្វើ​សង្គ្រាម។ ព្រះអង្គ​នឹង​ប្រកាស​ប្រាប់​ប្រជា‌ជាតិ​នានា អំពី​សន្តិ‌ភាព។ ព្រះអង្គ​នឹង​គ្រប់‌គ្រង​ពី​សមុទ្រ​ម្ខាង ទៅ​សមុទ្រ​ម្ខាង​ទៀត ហើយ​ចាប់​ពី​ទន្លេ​អឺប្រាត​រហូត​ដល់ ទី​ដាច់​ស្រយាល​នៃ​ផែនដី។ ចំណែក​ឯ​អ្នក​វិញ ដោយ​យល់​ដល់​លោហិត​នៃ សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ចង​ជា​មួយ​អ្នក យើង​នឹង​ដោះ​លែង​ប្រជា‌ជន​របស់​អ្នក ដែល​ជាប់​ទោស ឲ្យ​រួច​ពី​រណ្ដៅ​ដែល​គ្មាន​ទឹក។ អ្នក​ទោស​ដែល​ពោរ‌ពេញ​ទៅ​ដោយ សេចក្ដី​សង្ឃឹម​អើយ ចូរ​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ក្រុង​ដែល មាន​កំពែង​ដ៏​រឹង‌មាំ​វិញ​ចុះ! ថ្ងៃ​នេះ យើង​ប្រកាស​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ខាត​បង់ យើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ​មួយ​ជា​ពីរ។ យើង​នឹង​យក​យូដា​ធ្វើ​ជា​ធ្នូ​របស់​យើង យើង​នឹង​យក​អេប្រាអ៊ីម​ធ្វើ​ជា​ព្រួញ ក្រុង​ស៊ីយ៉ូន​អើយ យើង​នឹង​ចាត់​កូន​ចៅ​របស់​អ្នក ឲ្យ​ទៅ​ប្រហារ​កូន​ចៅ​ពួក​យ៉ាវ៉ន យើង​នឹង​ប្រើ​អ្នក ដូច​ដាវ​របស់​វីរ‌បុរស!។ ព្រះ‌អម្ចាស់​នឹង​លេច​មក ស្ថិត​នៅ​ពី​លើ​ពួក​គេ ព្រួញ​របស់​ព្រះអង្គ​ប្រៀប​បាន​នឹង​ផ្លេក​បន្ទោរ ព្រះ‌ជា‌អម្ចាស់​នឹង​ផ្លុំ​ស្នែង ព្រះអង្គ​យាង​ទៅ​មុខ​ក្នុង​ព្យុះ​សង្ឃរា ដែល​បក់​មក​ពី​ទិស​ខាង​ត្បូង។ ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​នឹង​ការពារ​ពួក​គេ ពួក​គេ​បំផ្លាញ និង​កិន​កម្ទេច​ខ្មាំង​សត្រូវ​ដែល ប្រើ​ដង្ហក់​បាញ់​គ្រាប់​គ្រួស​មក​លើ​ពួក​គេ។ ពួក​គេ​បង្ហូរ​ឈាម​សត្រូវ​ឲ្យ​ហូរ ដូច​ស្រា​ទំពាំង‌បាយជូរ ឬ​ដូច​ឈាម​សត្វ​ដែល​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ហូរ​ពេញ​ចាន នៅ​ជ្រុង​អាសនៈ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ នឹង​សង្គ្រោះ​ពួក​គេ ដូច​គង្វាល​សង្គ្រោះ​ហ្វូង​ចៀម​របស់​ខ្លួន។ ពួក​គេ​នឹង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​លើ​ទឹក​ដី​របស់​ខ្លួន ដូច​ត្បូង​ពេជ្រ​ភ្លឺ​ចាំង​ពី​មកុដ។ នៅ​គ្រា​នោះ ពួក​គេ​នឹង​មាន​សុភមង្គល ហើយ​សម្ផស្ស​ដ៏​ល្អ​បំផុត ស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មី នឹង​ផ្ដល់​ឲ្យ យុវជន​យុវ‌នារី​មាន​កម្លាំង​កំហែង​មាំ‌មួន។

ចែក​រំលែក
អាន សាការី 9

សាការី 9:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

នេះ​ជា​ព្រះ‌បន្ទូលរបស់​ព្រះ‌យេហូវ៉ា ទាស់​នឹង​ស្រុក​ហាត្រាក និង​ស្រុក​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​មនុស្ស​ទាំង​អស់ ដូច​ជា​ទត​មើល​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំដែន​នឹង​គេ ក្រុង​ទីរ៉ុស និង​ក្រុង​ស៊ីដូនដែរ ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ។ ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សម្រាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី និង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ។ ប៉ុន្តែ ព្រះ‌អម្ចាស់​នឹង​ទម្លាក់​គេ​ចេញ ហើយ​វាយ​កម្លាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ទី​ក្រុង​នោះ​នឹង​ត្រូវ​ភ្លើង​ឆេះ។ ឯ​ក្រុង​អាស‌កា‌ឡូន​ក៏​ឃើញ​ដែរ ហើយភ័យ​ខ្លាច រួម​ទាំង​ក្រុង​កាសា​ផង​ដែរ គេ​នឹង​មានការ​ឈឺ​ចាប់​ជា​ខ្លាំង​ចំពោះ​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​ត្រឡប់​ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ក្រុង​អាស‌កា‌ឡូន​នឹង​លែង​មាន​មនុស្ស​រស់​នៅ។ មាន​សុទ្ធ​តែ​ពួក​កូន​កាត់​រស់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលី‌ស្ទីន។ យើង​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម ចេញ​ពី​កណ្ដាល​ធ្មេញ​គេ​ដែរ នោះ​គេ​នឹង​សល់​នៅ​សម្រាប់​គោរព​ដល់​ព្រះ​នៃ​យើង ហើយ​នឹង​ដូច​ជា​ចៅ‌ហ្វាយ​នៅ​ស្រុក​យូដា ឯ​ពួក​ក្រុង​អេក្រុន​នឹង​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ។ យើង​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំ‌វិញ​វិហារ​របស់​យើង ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ ក៏​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ដែរ ដ្បិត​ឥឡូវ​នេះ ភ្នែក​យើង​បាន​ឃើញ​ហើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល៍! ស្តេច​របស់​នាង​យាង​មក​រក​នាង​ហើយ ព្រះ‌អង្គ​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជម្នះ ព្រះ‌អង្គ​ក៏​សុភាព ព្រះ‌អង្គ​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា។ យើង​នឹង​កាត់​រទេះ​ចម្បាំង​ចេញ​ពី​ស្រុក​អេប្រាអិម និង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូរ​ចម្បាំង​នឹង​ត្រូវ​កាត់​ចេញ ហើយព្រះ‌អង្គ​នឹង​មានព្រះបន្ទូល ពី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ព្រះ‌អង្គ នឹង​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែន‌ដី​បំផុត។ ចំណែក​អ្នក​វិញ យើង​លែង​ពួក​ជាប់​គុក ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់អ្នក ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ យើង​ប្រកាស​ថា យើង​នឹង​សង​អ្នក​មួយ​ជា​ពីរ។ ដ្បិត​យើង​បានលើក​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រាអិម​នៅ​ធ្នូ យើង​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ យើង​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​អ្នក ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រិក ហើយ​នឹង​ធ្វើ​ឲ្យ​អ្នក​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ។ គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា​ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​អ្នក ព្រួញ​ព្រះ‌អង្គ​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់‌យេហូវ៉ា​នឹង​ផ្លុំ​ត្រែ ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង។ ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​នឹង​ការពារ​គេ គេ​នឹង​លេប​បំបាត់ ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់ មក គេ​នឹង​ផឹក ហើយ​ធ្វើ​សំឡេង ដូច​ជា​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា។ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​គេ​នឹង​សង្គ្រោះ​គេ ទុក​ដូច​ជា​ហ្វូង​ចៀម ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក នៅ​លើ​ស្រុក​របស់​ព្រះ‌អង្គ។ ដ្បិត​សេចក្ដី​ចម្រើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លម្អ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំលោះៗ​ចម្រើន​កម្លាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ ឲ្យ​ពួក​ក្រមុំៗ​បាន​ចម្រើន​ដូច​គ្នា។

ចែក​រំលែក
អាន សាការី 9

សាការី 9:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នេះ​ជា​ព្រះ‌បន្ទូល​យ៉ាង​ធ្ងន់​នៃ​ព្រះ‌យេហូវ៉ា ពី​ដំណើរ​ស្រុក​ហាត្រាក ព្រះ‌បន្ទូល​នោះ​នឹង​ស្ថិត​លើ​ក្រុង​ដាម៉ាស ដ្បិត​ព្រះ‌នេត្រ​នៃ​ព្រះ‌យេហូវ៉ា ទត​មើល​អស់​ទាំង​មនុស្ស​ជាតិ ដូច​ជា​ទត​មើល​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​ដែរ ព្រម​ទាំង​ស្រុក​ហាម៉ាត ជា​ស្រុក​ដែល​ជាប់​ព្រំ‌ដែន​នឹង​គេ ហើយ​ក្រុង​ទីរ៉ុសនឹង​ក្រុង​ស៊ីដូន​ផង ទោះ​បើ​មាន​ប្រាជ្ញា​ជា​ច្រើន​ក៏​ដោយ ក្រុង​ទីរ៉ុស​បាន​ធ្វើ​ទី​មាំ‌មួន​សំរាប់​ខ្លួន ក៏​បាន​ប្រមូល​ប្រាក់​គរ​ទុក ដូច​ជា​ធូលី​ដី នឹង​មាស​យ៉ាង​វិសេស​ដូច​ជា​ភក់​នៅ​ក្នុង​ផ្លូវ តែ​មើល ព្រះ‌អម្ចាស់ ទ្រង់​នឹង​ទំលាក់​គេ​ចេញ ព្រម​ទាំង​វាយ​កំឡាំង​របស់​គេ​ដែល​នៅ​ក្នុង​សមុទ្រ ហើយ​ទី​ក្រុង​នោះ​នឹង​ត្រូវ​ឆេះ​ដោយ​ភ្លើង ឯ​ក្រុង​អាស‌កា‌ឡូន ក៏​នឹង​ឃើញ​ដែរ ហើយ​នឹង​មាន​សេចក្ដី​ភ័យ ព្រម​ទាំង​ក្រុង​កាសា​ផង នោះ​គេ​នឹង​មាន​សេចក្ដី​ឈឺ‌ចាប់​ជា​ខ្លាំង​នឹង​ក្រុង​អេក្រុន ដ្បិត​ទី​សង្ឃឹម​របស់​គេ​នឹង​ទៅ ជា​ទី​អាម៉ាស់​ខ្មាស​វិញ ឯ​ស្តេច​នឹង​វិនាស​បាត់​ពី​ក្រុង​កាសា ហើយ​ក្រុង​អាស‌កា‌ឡូន នឹង​ឥត​មាន​មនុស្ស​អាស្រ័យ​នៅ​ទៀត នឹង​មាន​សុទ្ធ​តែ​ពួក​កូន​កាត់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​អញ​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលីស្ទីន អញ​នឹង​ដក​យក​ឈាម​ចេញ​ពី​មាត់​គេ ព្រម​ទាំង​សាច់​ដែល​គួរ​ស្អប់​ខ្ពើម ចេញ​ពី​កណ្តាល​ធ្មេញ​គេ​ដែរ នោះ​គេ​នឹង​បាន​សល់​នៅ​សំរាប់​គោរព​ដល់​ព្រះ​នៃ​យើង ហើយ​នឹង​បាន​ដូច​ជា​ចៅហ្វាយ​នៅ​ស្រុក​យូដា ឯ​ពួក​ក្រុង​អេក្រុន​នឹង​បាន​ដូច​ជា​ពួក​ក្រុង​យេប៊ូស​វិញ អញ​នឹង​បោះ​ទ័ព​នៅ​ព័ទ្ធ​ជុំវិញ​វិហារ​របស់​អញ ទាស់​នឹង​ពល​ទ័ព ដើម្បី​មិន​ឲ្យ​មាន​គេ​ដើរ​កាត់ ឬ​វិល​មក​វិញ​ឡើយ នឹង​គ្មាន​ពួក​សង្កត់‌សង្កិន​ណា​ដើរ​កាត់​ពួក​គេ​ទៀត​ឡើយ ដ្បិត​ឥឡូវ​នេះ ភ្នែក​អញ​បាន​ឃើញ​ហើយ។ ឱ​កូន​ស្រី​ស៊ីយ៉ូន​អើយ ចូរ​រីក‌រាយ​ជា​ខ្លាំង​ឡើង ឱ​កូន​ស្រី​យេរូ‌សាឡិម​អើយ ចូរ​ស្រែក​ហ៊ោ​ចុះ មើល ស្តេច​របស់​នាង ទ្រង់​យាង​មក​ឯ​នាង ទ្រង់​ជា​អ្នក​សុចរិត ហើយ​មាន​ជ័យ‌ជំនះ ទ្រង់​ក៏​សុភាព ទ្រង់​គង់​លើ​សត្វ​លា គឺ​ជា​លា​ជំទង់ ជា​កូន​របស់​មេ​លា អញ​នឹង​កាត់​រទេះ​ចំបាំង​ចេញ​ពី​ស្រុក​អេប្រា‌អិម នឹង​សេះ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម​ដែរ ឯ​ធ្នូ​ចំបាំង​នឹង​ត្រូវ​កាត់​ចេញ ហើយ​ទ្រង់​នឹង​មាន​បន្ទូល​ជា​សេចក្ដី​សន្តិ‌សុខ​ដល់​អស់​ទាំង​សាសន៍ ឯ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​បាន​ចាប់​តាំង​ពី​សមុទ្រ​ម្ខាង​ដល់​សមុទ្រ​ម្ខាង ហើយ​ពី​ទន្លេ​ធំ រហូត​ដល់​ចុង​ផែនដី​បំផុត។ ឯ​នាង​ដែរ អញ​បាន​លែង​ពួក​ជាប់​គុក​របស់​នាង ឲ្យ​រួច​ចេញ​ពី​រណ្តៅ​ដែល​គ្មាន​ទឹក ដោយ​ព្រោះ​ឈាម​នៃ​សេចក្ដី​សញ្ញា​របស់​ឯង ឱ​ពួក​អ្នក​ជាប់​គុក ដែល​មាន​សេចក្ដី​សង្ឃឹម​អើយ ចូរ​វិល​មក​ឯ​ទី​មាំ‌មួន​ចុះ នៅ​ថ្ងៃ​នេះ​ឯង អញ​ប្រកាស​ថា អញ​នឹង​សង​ឯង​១​ជា​២ ដ្បិត​អញ​បាន​ដំឡើង​យូដា​ដូច​ជា​ធ្នូ ហើយ​ដាក់​អេប្រា‌អិម​នៅ​ធ្នូ អញ​ទុក​ដូច​ជា​ព្រួញ ឱ​ស៊ីយ៉ូន​អើយ អញ​នឹង​ដាស់‌តឿន​កូន​ប្រុស​របស់​ឯង ឲ្យ​ទាស់​នឹង​កូន​ប្រុស​របស់​សាសន៍​ក្រេក ហើយ​នឹង​ធ្វើ​ឲ្យ​ឯង​បាន​ដូច​ជា​ដាវ​របស់​មនុស្ស​ខ្លាំង​ពូកែ គេ​នឹង​ឃើញ​ព្រះ‌យេហូវ៉ា ស្ថិត​ពី​លើ​ពួក​កូន​ប្រុស​របស់​ឯង ព្រួញ​ទ្រង់​នឹង​ហោះ​ចេញ​ទៅ​ដូច​ជា​ផ្លេក‌បន្ទោរ ហើយ​ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​នឹង​ផ្លុំ​ត្រែ ក៏​នឹង​ចេញ​ទៅ​ក្នុង​ខ្យល់​កួច​ពី​ខាង​ត្បូង ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ទ្រង់​នឹង​ការ‌ពារ​គេ គេ​នឹង​លេប​បំបាត់ ហើយ​ឈ្នះ​គ្រាប់​ក្រួស​ដែល​បាញ់​មក គេ​នឹង​ផឹក ហើយ​ធ្វើ​សូរ‌សព្ទ ដូច​ជា​សូរ​ដែល​កើត​ដោយ‌សារ​ស្រា​ទំពាំង‌បាយ‌ជូរ គេ​នឹង​បាន​ពេញ​ដូច​ជា​ចាន គឺ​ជា​ចាន​នៅ​ជ្រុង​អាសនា នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​គេ ទ្រង់​នឹង​ជួយ​សង្គ្រោះ​គេ ទុក​ដូច​ជា​ហ្វូង​ចៀម ជា​រាស្ត្រ​របស់​ទ្រង់ ដ្បិត​គេ​នឹង​បាន​ដូច​ជា​ត្បូង​ដាំ​នៅ​មកុដ​ដែល​ភ្លឺ​ផ្លេក នៅ​លើ​ស្រុក​របស់​ទ្រង់ ដ្បិត​សេចក្ដី​ចំរើន​របស់​គេ​ធំ​ណាស់​ហ្ន៎ ហើយ​សេចក្ដី​លំអ​របស់​គេ​ក៏​ខ្លាំង‌ក្លា​ណាស់​ហ្ន៎ ឯ​ស្រូវ​នឹង​ធ្វើ​ឲ្យ​ពួក​កំឡោះៗ​ចំរើន​កំឡាំង​ឡើង ហើយ​ទឹក​ទំពាំង‌បាយ‌ជូរ​ឲ្យ​ពួក​ក្រមុំៗ បាន​ចំរើន​ដូច​គ្នា។

ចែក​រំលែក
អាន សាការី 9