សាការី 10:1-12
សាការី 10:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរទូលសូមទឹកភ្លៀងពីព្រះយេហូវ៉ានៅចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលព្រះអង្គធ្វើឲ្យមានផ្លេកបន្ទោរ ព្រះអង្គនឹងប្រោសប្រទាន ឲ្យមានភ្លៀងបរិបូរដល់អ្នក ឲ្យគ្រប់គ្នាមានស្មៅនៅចម្ការរបស់ខ្លួន។ ដ្បិតថេរ៉ាភីម ទាំងប៉ុន្មាន បានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូថ្លែងទំនាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សម្ដែងជាសេចក្ដីកំភូត ក៏កម្សាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវ របស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានគង្វាល។ «សេចក្ដីកំហឹងរបស់យើងបានឆួលឡើង ទាស់នឹងពួកគង្វាល ហើយយើងនឹងវាយផ្ចាលពួកអ្នកដឹកនាំ »។ ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ បានប្រោសហ្វូងចៀមរបស់ព្រះអង្គ គឺជាពួកវង្សយូដា ហើយព្រះអង្គនឹងធ្វើឲ្យគេបានដូចជា សេះយ៉ាងល្អរបស់ព្រះអង្គក្នុងការសង្គ្រាម។ ថ្មជ្រុងនឹងចេញពីព្រះអង្គមក ហើយទាំងដែកគោល ទាំងធ្នូសម្រាប់ច្បាំង និងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង។ គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងចម្បាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាគង់ជាមួយគេ ហើយពួកពលសេះនឹងស្រឡាំងកាំង។ «យើងនឹងចម្រើនកម្លាំងពួកវង្សយូដា យើងនឹងសង្គ្រោះពួកវង្សយ៉ូសែប ហើយនាំគេមកវិញ ដ្បិតយើងមានសេចក្ដីអាណិតមេត្តាដល់គេ នោះគេនឹងមានសណ្ឋានដូចជា យើងមិនបានបោះបង់ចោលគេឡើយ ដ្បិតយើងនេះជាព្រះយេហូវ៉ា គឺជាព្រះរបស់គេ ហើយយើងនឹងស្តាប់គេ។ ពួកអេប្រាអិមនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយដូចជាដោយសារស្រាទំពាំងបាយជូរ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានអំណរដែរ ចិត្តគេបានអរសាទរក្នុងព្រះយេហូវ៉ា។ យើងនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះយើងបានលោះគេហើយ គេនឹងចម្រើនច្រើនឡើងដូចកាលពីមុន។ យើងនឹងសាបព្រោះគេទៅក្នុងចំណោមសាសន៍នានា ហើយគេនឹងនឹកចាំពីយើងនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយពួកកូនចៅ ហើយនឹងត្រឡប់មកវិញ។ យើងនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរ យើងនឹងនាំគេមកស្រុកកាឡាត និងស្រុកល្បាណូន ទាល់តែគ្មានកន្លែងសល់ទៀត។ ព្រះអង្គនឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន អស់ទាំងទីជម្រៅរបស់ទន្លេធំ នឹងរីងស្ងួត សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទម្លាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងបាត់ទៅ។ យើងនឹងចម្រើនកម្លាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមព្រះអង្គ» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
សាការី 10:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរទូលសូមព្រះអម្ចាស់ប្រទាន ទឹកភ្លៀងមកអ្នករាល់គ្នា នៅចុងរដូវ! ព្រះអម្ចាស់នឹងធ្វើឲ្យមានខ្យល់ព្យុះ ព្រះអង្គប្រទានទឹកភ្លៀងមកយ៉ាងបរិបូណ៌ ព្រះអង្គធ្វើឲ្យដំណាំលូតលាស់ នៅតាមចម្ការរបស់អ្នករាល់គ្នា។ រីឯរូបព្រះក្លែងក្លាយ ដែលអ្នករាល់គ្នាទៅសាកសួរ ផ្ដល់តែចម្លើយបោកបញ្ឆោតប៉ុណ្ណោះ ពួកហោរាថ្លែងអំពីនិមិត្តហេតុក្លែងក្លាយ សុបិននិមិត្តរបស់ពួកគេសុទ្ធតែគ្មានខ្លឹមសារ ពាក្យលើកទឹកចិត្តរបស់ពួកគេ ក៏ឥតបានការដែរ។ ហេតុនេះហើយបានជាប្រជាជនត្រូវវេទនា វង្វេងខ្ចាត់ខ្ចាយដូចហ្វូងចៀមគ្មានគង្វាល។ «យើងខឹងនឹងពួកគង្វាលខ្លាំងណាស់ យើងនឹងដាក់ទោសជនបរទេសដែលដឹកនាំ ប្រជារាស្ត្ររបស់យើង»។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងយាងមករំដោះ កូនចៅយូដាដែលជាហ្វូងចៀមរបស់ព្រះអង្គ។ ព្រះអង្គប្រោសប្រទានឲ្យពួកគេ ទទួលកិត្តិយស ដូចសេះចម្បាំងដ៏ចំណាន។ មេដឹកនាំទាំងអស់នឹងកើតចេញ ពីកុលសម្ព័ន្ធយូដា ពួកគេរឹងមាំដូចថ្មគ្រឹះដ៏សំខាន់ រឹងប៉ឹងដូចចម្រឹង និងពូកែដូចធ្នូចម្បាំង។ ពួកគេនឹងប្រៀបដូចជាទាហានដ៏អង់អាច ដែលជាន់ឈ្លីបច្ចាមិត្តដូចភក់ជ្រាំនៅតាមផ្លូវ។ ពួកគេវាយសម្រុកទៅលើខ្មាំង ដ្បិតព្រះអម្ចាស់គង់នៅជាមួយពួកគេ។ រីឯទ័ពសេះរបស់ខ្មាំងសត្រូវ នឹងត្រូវអាម៉ាស់មុខយ៉ាងខ្លាំង។ «យើងនឹងពង្រឹងកម្លាំងកូនចៅយូដា យើងនឹងសង្គ្រោះកូនចៅយ៉ូសែប យើងនឹងស្ដារស្ថានភាពរបស់ពួកគេឡើងវិញ ដ្បិតយើងនឹងអាណិតអាសូរពួកគេ។ ពួកគេនឹងប្រៀបដូចជាប្រជាជន ដែលយើងមិនបានបោះបង់ចោលសោះ ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅពួកគេវិញ។ អេប្រាអ៊ីមនឹងប្រៀបដូចជាទាហានដ៏អង់អាច ពួកគេមានចិត្តសប្បាយ ដូចបានស្រាផឹក។ ពេលឃើញដូច្នេះ កូនចៅរបស់ពួកគេនឹងមានចិត្តត្រេកអរ ចិត្តរបស់ពួកគេពោរពេញទៅដោយអំណរ ព្រោះតែព្រះអម្ចាស់។ យើងនឹងហៅប្រជារាស្ត្ររបស់យើង ឲ្យមកជួបជុំគ្នា ដ្បិតយើងបានរំដោះពួកគេ។ ពួកគេនឹងកើនចំនួនច្រើនឡើងដូចពីដើម។ យើងនឹងកម្ចាត់កម្ចាយពួកគេ ទៅនៅក្នុងចំណោមប្រជាជាតិនានា ពេលនៅឆ្ងាយ ពួកគេនឹងនឹកដល់យើង ពួកគេនឹងបង្កើតកូនចៅ ហើយនាំគ្នាវិលត្រឡប់មកវិញ។ យើងនឹងឲ្យពួកគេវិលមកពីស្រុកអេស៊ីប យើងនឹងប្រមូលពួកគេពីស្រុកអាស្ស៊ីរី យើងនឹងនាំពួកគេទៅនៅ ស្រុកកាឡាដ និងស្រុកលីបង់ រហូតទាល់តែចង្អៀតទឹកដី។ ពួកគេនឹងឆ្លងកាត់សមុទ្រគ្រោះភ័យ យើងនឹងវាយរលកសមុទ្រ ហើយសូម្បីតែបាតទន្លេនីលក៏រីងស្ងួតដែរ។ យើងនឹងធ្វើឲ្យស្រុកអាស្ស៊ីរីបាក់អំនួត ហើយធ្វើឲ្យស្រុកអេស៊ីបបាត់បង់អំណាច។ យើងនឹងពង្រឹងកម្លាំងប្រជារាស្ត្ររបស់យើង ពួកគេនឹងធ្វើដំណើរទៅមុខក្នុងនាមយើង» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
សាការី 10:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរឲ្យឯងរាល់គ្នាសូមទឹកភ្លៀង ពីព្រះយេហូវ៉ានៅវេលាភ្លៀងចុងរដូវ គឺសូមពីព្រះយេហូវ៉ា ដែលទ្រង់ធ្វើឲ្យមានផ្លេកបន្ទោរ នោះទ្រង់នឹងប្រោសប្រទាន ឲ្យមានភ្លៀង១មេៗដល់ឯង ឲ្យគ្រប់គ្នាមានស្មៅនៅចំការរបស់ខ្លួន ពីព្រោះរូបព្រះទាំងប៉ុន្មានបានពោលជាសេចក្ដីឥតប្រយោជន៍ ហើយពួកគ្រូទាយបានឃើញសេចក្ដីភូតភរ ឯសប្តិក៏សំដែងជាសេចក្ដីកំភូត ក៏កំសាន្តចិត្តដោយសេចក្ដីឥតប្រយោជន៍ដែរ ហេតុនោះបានជាគេដើរតាមផ្លូវរបស់ខ្លួនដូចជាហ្វូងចៀម គេរងទុក្ខដោយព្រោះគ្មានអ្នកគង្វាល សេចក្ដីកំហឹងរបស់អញបានឆួលឡើង ទាស់នឹងពួកអ្នកគង្វាល ហើយអញនឹងវាយផ្ចាលពួកពពែឈ្មោល ដ្បិតព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានប្រោសហ្វូងចៀមរបស់ទ្រង់ គឺជាពួកវង្សយូដា ហើយទ្រង់នឹងធ្វើឲ្យគេបានដូចជាសេះយ៉ាងល្អរបស់ទ្រង់ ក្នុងការសង្គ្រាម ថ្មជ្រុងនឹងចេញពីទ្រង់មក ហើយទាំងដែកគោល ទាំងធ្នូសំរាប់ច្បាំង នឹងគ្រប់ទាំងអ្នកគ្រប់គ្រងជាមួយគ្នាផង គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ដែលកំពុងជាន់ឈ្លីភក់នៅត្រង់ផ្លូវក្នុងការចំបាំង គេនឹងតស៊ូ ពីព្រោះព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងគេ ហើយពួកពលសេះនឹងស្រឡាំងកាំង អញនឹងចំរើនកំឡាំងពួកវង្សយូដា អញនឹងជួយសង្គ្រោះពួកវង្សយ៉ូសែប ហើយនឹងនាំគេមកវិញ ដ្បិតអញមានសេចក្ដីអាណិតមេត្តាដល់គេ យ៉ាងនោះ គេនឹងមានសណ្ឋាន ដូចជាអញមិនបានបោះបង់ចោលគេឡើយ ដ្បិតអញនេះជាព្រះយេហូវ៉ា គឺជាព្រះនៃគេ ហើយអញនឹងស្តាប់គេ ឯពួកអេប្រាអិម គេនឹងបានដូចជាមនុស្សខ្លាំងពូកែ ចិត្តគេនឹងបានរីករាយឡើង ដូចជាដោយសារស្រាទំពាំងបាយជូរ អើ ទាំងពួកកូនរបស់គេនឹងឃើញ ហើយនឹងមានសេចក្ដីអំណរដែរ ចិត្តគេនឹងបានអរសាទរក្នុងព្រះយេហូវ៉ា។ អញនឹងហួចហៅគេ ហើយប្រមូលគេមក ពីព្រោះអញបានលោះគេហើយ នោះគេនឹងចំរើនជាច្រើនឡើងដូចជាបានចំរើនឡើងពីដើម អញនឹងសាបព្រោះគេនៅកណ្តាលអស់ទាំងសាសន៍ ហើយគេនឹងនឹកចាំពីអញនៅក្នុងស្រុកឆ្ងាយ គេនឹងនៅជាមួយនឹងពួកកូនចៅ ហើយនឹងត្រឡប់មកវិញ អញនឹងនាំគេចេញពីស្រុកអេស៊ីព្ទម្តងទៀត ហើយកៀរប្រមូលគេចេញពីស្រុកអាសស៊ើរអញនឹងនាំគេមកឯស្រុកកាឡាត នឹងស្រុកល្បាណូន ដល់ទៅរកកន្លែងល្មមឲ្យគេអាស្រ័យនៅគ្មាន ទ្រង់នឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន នោះអស់ទាំងទីជំរៅរបស់ទន្លេធំ នឹងរីងស្ងួតទៅ សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទំលាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងទៅបាត់ទៅ អញនឹងចំរើនកំឡាំងគេក្នុងព្រះយេហូវ៉ា ហើយគេនឹងដើរចុះឡើង ដោយនូវព្រះនាមទ្រង់ នេះជាព្រះបន្ទូលនៃព្រះយេហូវ៉ា។