ទីតុស 2:1-15

ទីតុស 2:1-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។ ចូរ​ជម្រាប​លោក​តា​ចាស់ៗ​កុំ​ឲ្យ​ស្រវឹង​ស្រា ត្រូវ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មាន​ចិត្ត​ធ្ងន់ មាន​ជំនឿ​ស្អាត‌ស្អំ មាន​ចិត្ត​ស្រឡាញ់ និង​ចេះ​ស៊ូ‌ទ្រាំ។ រីឯ​លោក​យាយ​ចាស់ៗ​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់​ឲ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏វិសុទ្ធ* កុំ​ឲ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​ឲ្យ​ចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។ ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។ ចូរ​ប្រាប់​បងប្អូន ដែល​ជា​ខ្ញុំ​បម្រើ ឲ្យ​ស្ដាប់​បង្គាប់​ម្ចាស់​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ត្រូវ​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត មិន​ត្រូវ​ជំទាស់​នឹង​គាត់ មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សម្តែង​ចិត្ត​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជានិច្ច ដើម្បី​លើក​កិត្តិយស​សេចក្ដី​បង្រៀន​អំពី​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។ ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​ព្រះអង្គ ជា​ព្រះ‌គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់ ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង។ ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ត្រ​មួយ​ទុក​សម្រាប់​ព្រះអង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ត្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។ អ្នក​ត្រូវ​បង្រៀន​សេចក្ដី​នេះ ទាំង​ដាស់‌តឿន និង​ស្ដី​បន្ទោស ដោយ​ប្រើ​អំណាច​ពេញ​ទី។ កុំ​ឲ្យ​នរណា​មើល‌ងាយ​អ្នក​ឡើយ។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:1-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​អ្នក​វិញ ត្រូវ​និយាយតែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ ត្រូវ​ទូន្មាន​លោក​តា​ចាស់ៗ​ឲ្យ​ចេះ​គ្រប់​គ្រង​ចិត្ត មាន​ចិត្ត​នឹង​ធឹង ហើយ​ធ្ងន់ ឲ្យ​មាន​ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​ខ្ជាប់​ខ្ជួន​ផង។ ឯ​លោក​យាយ​ចាស់ៗ​ក៏​ដូច្នោះ​ដែរ ត្រូវ​មាន​កិរិយា​មារយាទ​ឲ្យ​សម​ជា​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ញៀន​ស្រា​ឡើយ ត្រូវ​បង្រៀន​អ្វី​ដែល​ល្អ ដើម្បី​បង្ហាត់​ស្ត្រី​ដែល​នៅ​ក្មេង ឲ្យ​ចេះ​ស្រឡាញ់​ប្តី និង​កូន​របស់​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់ បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​កិច្ចការ​ផ្ទះ មាន​ចិត្ត​ល្អ ហើយ​ចុះ​ចូល​ចំពោះ​ប្តី​របស់​ខ្លួន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ព្រះ‌បន្ទូល​បាន​ឡើយ។ ឯ​បុរស​ដែលនៅ​ក្មេង​ក៏​ដូច្នោះ​ដែរ ចូរ​ដាស់​តឿន​គេឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ។ ចូរ​សម្តែង​ខ្លួន ទុក​ជា​គំរូ​ពី​អំពើ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេដោយ​ចិត្ត​ស្អាត​ស្អំ និង​ថ្លៃ​ថ្នូរ ហើយនិយាយ​ពាក្យ​ត្រឹម​ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន ដើម្បី​ឲ្យ​អ្នក​ណា​ដែលទាស់​ទទឹង​មាន​សេចក្ដី​ខ្មាស ដោយ​រក​ហេតុ​នឹង​និយាយ​អាក្រក់​ពី​យើង​មិន​បាន។ ចូរ​ឲ្យ​ពួក​អ្នក​បម្រើ​ចុះ​ចូល​នឹង​ចៅ‌ហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ចៅហ្វាយ​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ក្រកែក ឥត​លួច​បន្លំ​ឡើយ គឺ​ត្រូវ​សម្តែង​ខ្លួន​ជា​ស្មោះ​ត្រង់​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់​តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ជា​ព្រះ‌សង្គ្រោះ​របស់​យើង​ក្នុង​គ្រប់​កិច្ច​ការ​ទាំង​អស់។ ព្រះ‌គុណ​របស់​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​ឲ្យ​លះ​ចោល​សេចក្ដី​ទមិឡ​ល្មើស និង​សេចក្ដី​ប៉ង​ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ ទាំង​រង់​ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ធំ និង​ព្រះ‌យេ‌ស៊ូវ​គ្រីស្ទ ជា​ព្រះ‌សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ​អង្គ​ទ្រង់​ជំនួស​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​សម្អាត​មនុស្ស​មួយ​ពួក ទុក​ជា​ប្រជា‌រាស្ត្រ​មួយ​របស់​ព្រះ‌អង្គ​ផ្ទាល់ ដែល​មាន​ចិត្ត​ខ្នះ​ខ្នែង​ធ្វើ​ការ​ល្អ។ ចូរ​ប្រាប់​សេចក្ដី​ទាំង​នេះ ទាំង​ដាស់​តឿន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើល​ងាយ​អ្នក​ឡើយ។

ចែក​រំលែក
អាន ទីតុស 2

ទីតុស 2:1-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចូរ​ឲ្យ​អ្នក​និយាយ​តែ​សេចក្ដី​ណា ដែល​សំណំ​នឹង​សេចក្ដី​បង្រៀន​ដ៏​ត្រឹម‌ត្រូវ ត្រូវ​ទូន្មាន​ឲ្យ​ពួក​ចាស់ៗ​ដឹង​ខ្នាត មាន​ចិត្ត​នឹង‌ធឹង ហើយ​ធ្ងន់‌ធ្ងរ ឲ្យ​មាន​សេចក្ដី​ជំនឿ សេចក្ដី​ស្រឡាញ់ នឹង​សេចក្ដី​ខ្ជាប់​ខ្ជួន​ដ៏​ត្រឹម‌ត្រូវ​ផង ឲ្យ​ពួក​ស្ត្រី​ចាស់ៗ​បាន​បែប​ដូច​គ្នា ទាំង​ប្រព្រឹត្ត​បែប​គួរ​នឹង​ពួក​ស្ត្រី​បរិសុទ្ធ មិន​ត្រូវ​និយាយ​ដើម​គេ ឬ​ជាប់​ស្រា​ទំពាំង‌បាយ‌ជូរ​ឡើយ ត្រូវ​ខំ​បង្រៀន​សេចក្ដី​ត្រឹម‌ត្រូវ​វិញ ដើម្បី​នឹង​បង្ហាត់​ដល់​ពួក​ស្ត្រី​ក្មេងៗ ឲ្យ​គេ​ស្រឡាញ់​ប្ដី​នឹង​កូន​ខ្លួន ឲ្យ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​បរិសុទ្ធ ជា​អ្នក​រវល់​តែ​នឹង​ការ​នៅ​ផ្ទះ​ខ្លួន ហើយ​មាន​ចិត្ត​ល្អ នឹង​ចុះ​ចូល​ចំពោះ​ប្ដី ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ណា​ប្រមាថ​ដល់​ព្រះ‌បន្ទូល​បាន​ឡើយ។ ចូរ​ទូន្មាន​ពួក​បុរស ដែល​ក្មេង​ជាង បែប​ដូច្នោះ​ដែរ ឲ្យ​គេ​មាន​ចិត្ត​ធ្ងន់‌ធ្ងរ ហើយ​ត្រូវ​ឲ្យ​អ្នក​សំដែង​ខ្លួន ទុក​ជា​គំរូ​ពី​ការ​ល្អ​គ្រប់​ជំពូក ទាំង​បង្រៀន​គេ កុំ​ឲ្យ​គេ​ប្រព្រឹត្ត​ខូច​អាក្រក់​ឡើយ តែ​ឲ្យ​មាន​ចិត្ត​នឹង‌ធឹង​វិញ ព្រម​ទាំង​ពាក្យ​សំដី​ត្រឹម‌ត្រូវ ដែល​រក​ចាប់​ទោស​មិន​បាន​ផង ដើម្បី​ឲ្យ​អ្នក​ណា​ដែល​ទទឹង‌ទទែង​បាន​អៀន‌ខ្មាស ដោយ​គ្មាន​ហេតុ​នឹង​និយាយ​អាក្រក់​ពី​អ្នក​ឡើយ។ ចូរ​ឲ្យ​ពួក​បាវ​បំរើ​ចុះ​ចូល​នឹង​ចៅហ្វាយ​ខ្លួន ទាំង​ផ្គាប់​ចិត្ត​ក្នុង​គ្រប់​ការ​ទាំង​អស់ ឥត​ប្រកែក ឥត​លួច​បំបាត់​ឡើយ ត្រូវ​សំដែង​ខ្លួន​ជា​ស្មោះ‌ត្រង់​ល្អ​គ្រប់​ជំពូក ដើម្បី​ឲ្យ​បាន​តាក់‌តែង​សេចក្ដី​បង្រៀន​របស់​ព្រះ ដ៏​ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង​រាល់​គ្នា ក្នុង​គ្រប់​ការ​ទាំង​អស់។ ព្រះ‌គុណ​នៃ​ព្រះ ដែល​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​មនុស្ស​ទាំង‌ឡាយ បាន​លេច​មក​ហើយ ទាំង​បង្ហាត់​បង្រៀន​យើង​រាល់​គ្នា ឲ្យ​លះ​ចោល​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ប៉ង‌ប្រាថ្នា​ក្នុង​លោក​នេះ ហើយ​ឲ្យ​រស់​នៅ​ក្នុង​សម័យ​នេះ ដោយ​សេចក្ដី​ធ្ងន់‌ធ្ងរ សេចក្ដី​សុចរិត ហើយ​ដោយ​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ​វិញ ទាំង​រង់‌ចាំ​សេចក្ដី​សង្ឃឹម​ដ៏​មាន​ពរ គឺ​ឲ្យ​បាន​ឃើញ​ដំណើរ​លេច​មក​នៃ​សិរី‌ល្អ​របស់​ព្រះ​ដ៏​ជា​ធំ នឹង​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អង្គ​សង្គ្រោះ​នៃ​យើង ដែល​ទ្រង់​បាន​ថ្វាយ​ព្រះ‌អង្គ​ទ្រង់​ជំនួស​យើង​រាល់​គ្នា ដើម្បី​នឹង​លោះ​យើង​ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​ទទឹង​ច្បាប់ ហើយ​នឹង​សំអាត​មនុស្ស​១​ពួក ទុក​ដាច់​ជា​រាស្ត្រ​របស់​ផង​ទ្រង់ ដែល​ឧស្សាហ៍​ធ្វើ​ការ​ល្អ ចូរ​ប្រាប់​សេចក្ដី​ទាំង​នេះ ទាំង​ទូន្មាន ហើយ​រំឭក​គេ​ឲ្យ​ដឹង​ខ្លួន ដោយ​គ្រប់​ទាំង​អំណាច កុំ​ឲ្យ​អ្នក​ណា​មើល‌ងាយ​អ្នក​ឡើយ។

ចែក​រំលែក
អាន ទីតុស 2