ទីតុស 2

2
សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ
1ចំពោះ​អ្នក​វិញ ត្រូវ​និយាយ​តែ​សេចក្ដី​ណា ដែល​ស្រប​តាម​សេចក្ដី​បង្រៀន​ដ៏​ត្រឹម​ត្រូវ។ 2ចូរ​ជម្រាប​លោក​តា​ចាស់ៗ​កុំ​ឲ្យ​ស្រវឹង​ស្រា ត្រូវ​មាន​កិរិយា​ថ្លៃ‌ថ្នូរ មាន​ចិត្ត​ធ្ងន់ មាន​ជំនឿ​ស្អាត‌ស្អំ មាន​ចិត្ត​ស្រឡាញ់ និង​ចេះ​ស៊ូ‌ទ្រាំ។
3រីឯ​លោក​យាយ​ចាស់ៗ​វិញ​ក៏​ដូច្នោះ​ដែរ ចូរ​ជម្រាប​គាត់​ឲ្យ​កាន់​កិរិយា​មារយាទ សម​ជា​អ្នក​ដែល​មាន​ជីវិត​ដ៏វិសុទ្ធ* កុំ​ឲ្យ​និយាយ​មួល​បង្កាច់​គេ ឬ​ចំណូល​ស្រា​ឡើយ។ គាត់​ត្រូវ​ចេះ​ផ្ដល់​យោបល់​ល្អៗ 4ដើម្បី​ជួយ​អប់រំ​ស្ត្រីៗ​ដែល​នៅ​ក្មេង​ឲ្យ​ចេះ​ស្រឡាញ់​ស្វាមី និង​ស្រឡាញ់​កូន​របស់​ខ្លួន 5ឲ្យ​មាន​ចិត្ត​ធ្ងន់ មាន​ចរិយា​បរិសុទ្ធ យក​ចិត្ត​ទុក​ដាក់​នឹង​កិច្ចការ​ក្នុង​ផ្ទះ​សំបែង មាន​ចិត្ត​ល្អ គោរព​ចុះ​ចូល​នឹង​ស្វាមី​រៀងៗ​ខ្លួន។ ធ្វើ​ដូច្នេះ គ្មាន​នរណា​អាច​មួល​បង្កាច់​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​ឡើយ។
6រីឯ​ពួក​យុវជន​វិញ ចូរ​ដាស់‌តឿន​គេ​ឲ្យ​មាន​ចិត្ត​ធ្ងន់​គ្រប់​វិស័យ​ទាំង​អស់។ 7ចូរ​ប្រព្រឹត្ត​អំពើ​ល្អ ធ្វើ​ជា​គំរូ​ដល់​គេ គឺ​បង្រៀន​គេ​យ៉ាង​ស្អាត‌ស្អំ និង​ថ្លៃ‌ថ្នូរ 8និយាយ​ពាក្យ​សម្ដី​ត្រឹម​ត្រូវ ដែល​រក​រិះគន់​មិន​កើត។ ធ្វើ​ដូច្នេះ ពួក​អ្នក​ប្រឆាំង​នឹង​បាក់​មុខ ព្រោះ​គេ​រក​អ្វី​និយាយ​អាក្រក់​ពី​យើង​មិន​បាន។
9ចូរ​ប្រាប់​បងប្អូន ដែល​ជា​ខ្ញុំ​បម្រើ ឲ្យ​ស្ដាប់​បង្គាប់​ម្ចាស់​រៀងៗ​ខ្លួន ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់ ត្រូវ​ធ្វើ​ឲ្យ​ម្ចាស់​ពេញ​ចិត្ត មិន​ត្រូវ​ជំទាស់​នឹង​គាត់ 10មិន​ត្រូវ​គៃ‌បន្លំ​យក​អ្វី​ពី​ម្ចាស់​ឡើយ ផ្ទុយ​ទៅ​វិញ ត្រូវ​សម្តែង​ចិត្ត​ល្អ​ស្មោះ​ត្រង់​ទាំង​ស្រុង​ជានិច្ច ដើម្បី​លើក​កិត្តិយស​សេចក្ដី​បង្រៀន​អំពី​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌សង្គ្រោះ​របស់​យើង ក្នុង​គ្រប់​កិច្ចការ​ទាំង​អស់។
11ព្រះ‌ជាម្ចាស់​បាន​សម្តែង​ឲ្យ​យើង​ស្គាល់​ព្រះ‌គុណ​ព្រះអង្គ ជា​ព្រះ‌គុណ​ដែល​ផ្ដល់​ការ​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់ 12ហើយ​អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដី​ប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ​ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត* និង​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ 13ទាំង​ទន្ទឹង​រង់‌ចាំ​សុភមង្គល តាម​សេចក្ដី​សង្ឃឹម​របស់​យើង ហើយ​រង់‌ចាំ​ព្រះ‌យេស៊ូ​គ្រិស្ត ជា​ព្រះ‌ជាម្ចាស់​ដ៏​ឧត្ដម​បំផុត និង​ជា​ព្រះ‌សង្គ្រោះ​នៃ​យើង យាង​មក​ប្រកប​ដោយ​សិរី‌រុងរឿង។ 14 ព្រះអង្គ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់​សម្រាប់​យើង ដើម្បី​លោះ​យើង​ឲ្យ​រួច​ផុត​ពី​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង និង​ជម្រះ​ប្រជា‌រាស្ត្រ​មួយ​ទុក​សម្រាប់​ព្រះអង្គ​ផ្ទាល់ ជា​ប្រជា‌រាស្ត្រ​ដែល​ខ្នះ‌ខ្នែង​ប្រព្រឹត្ត​អំពើ​ល្អ។
15អ្នក​ត្រូវ​បង្រៀន​សេចក្ដី​នេះ ទាំង​ដាស់‌តឿន និង​ស្ដី​បន្ទោស ដោយ​ប្រើ​អំណាច​ពេញ​ទី។ កុំ​ឲ្យ​នរណា​មើល‌ងាយ​អ្នក​ឡើយ។

ទើបបានជ្រើសរើសហើយ៖

ទីតុស 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ