រ៉ូម 8:5-17

រ៉ូម 8:5-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រះ‌វិញ្ញាណ។ ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថ‌ភាព​នឹង​ចុះ​ចូល​បាន​ផង។ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ចំពោះ​បងប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន បងប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។ ប្រសិន​បើ​ព្រះ‌គ្រិស្ត​គង់​នៅ​ក្នុង​បងប្អូន ទោះ​បី​រូប​កាយ​របស់​បងប្អូន​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ ក៏​ព្រះ‌វិញ្ញាណ​នៅ​តែ​ផ្ដល់​ជីវិត​ឲ្យ​បងប្អូន​ដែរ មក​ពី​ព្រះ‌ជា‌ម្ចាស់​ប្រោស​បងប្អូន​ឲ្យ​សុចរិត។ ប្រសិន​បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូ​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ សណ្ឋិត​នៅ​ក្នុង​បងប្អូន​មែន​នោះ ព្រះ‌ជា‌ម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រិស្ត​ឲ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះអង្គ​ក៏​នឹង​ប្រទាន​ឲ្យ​រូប​កាយ​របស់​បងប្អូន ដែល​តែងតែ​ស្លាប់​នេះ មាន​ជីវិត​តាម​រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បងប្អូន​នោះ​ដែរ។ ហេតុ​នេះ បងប្អូន​អើយ យើង​មាន​ជំពាក់​ម្យ៉ាង តែ​មិន​មែន​ជំពាក់​នឹង​និស្ស័យ​លោកីយ៍ ដើម្បី​រស់​តាម​និស្ស័យ​លោកីយ៍​ទៀត​ឡើយ។ ប្រសិន​បើ​បងប្អូន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​នឹង​ត្រូវ​ស្លាប់​ជា​មិន​ខាន ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បងប្អូន​ពឹង​ផ្អែក​លើ​ព្រះ‌វិញ្ញាណ ដើម្បី​រំលាយ​របៀប​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ បងប្អូន​មុខ​តែ​មាន​ជីវិត ដ្បិត​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​ណែ‌នាំ សុទ្ធ​តែ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ បងប្អូន​ពុំ​បាន​ទទួល​វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​ខ្ញុំ​បម្រើ ហើយ​ឲ្យ​នៅ​តែ​ភ័យ​ខ្លាច​ទៀត​ទេ គឺ​បងប្អូន​បាន​ទទួល​ព្រះ‌វិញ្ញាណ​ដែល​ធ្វើ​ឲ្យ​បងប្អូន​ទៅ​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដោយ‌សារ​ព្រះ‌វិញ្ញាណ​នេះ យើង​បន្លឺ​សំឡេង​ឡើង​ថា «អប្បា!»​ ឱ​ព្រះ‌បិតា! គឺ​ព្រះ‌វិញ្ញាណ​ផ្ទាល់​ដែល​ផ្ដល់​សក្ខីភាព​ឲ្យ​វិញ្ញាណ​របស់​យើង​ដឹង​ថា យើង​ពិត​ជា​បុត្រ​របស់​ព្រះ‌ជា‌ម្ចាស់​មែន។ ប្រសិន​បើ​យើង​ពិត​ជា​បុត្រ​មែន នោះ​យើង​មុខ​ជា​ទទួល​មត៌ក​ពុំ‌ខាន។ យើង​នឹង​ទទួល​មត៌ក​ពី​ព្រះ‌ជា‌ម្ចាស់ គឺ​ទទួល​មត៌ក​រួម​ជា​មួយ​ព្រះ‌គ្រិស្ត។ ដោយ​យើង​រង​ទុក្ខ​លំបាក​រួម​ជា​មួយ​ព្រះអង្គ​ដូច្នេះ យើង​ក៏​នឹង​ទទួល​សិរី‌រុងរឿង​រួម​ជា​មួយ​ព្រះអង្គ​ដែរ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:5-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។ ប្រសិន‌បើ​ព្រះ‌គ្រីស្ទ​គង់​នៅ​ក្នុង​អ្នក​រាល់​គ្នា ទោះ​ជា​រូប​កាយ​ត្រូវ​ស្លាប់ ព្រោះ​តែ​បាប​ក៏​ដោយ តែ​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត ព្រោះ​តែ​សេចក្តី​សុចរិត។ ប្រសិន‌បើ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​បាន​ប្រោស​ព្រះ‌យេស៊ូវ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ទ​ឲ្យ​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់ ទ្រង់​ក៏​នឹង​ប្រោស​រូប‌កាយ​របស់​អ្នក​រាល់​គ្នា​ដែល​តែង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត តាម​រយៈ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ដែល​សណ្ឋិត​នៅ​ក្នុង​អ្នក​រាល់​គ្នា​នោះ​ដែរ។ ដូច្នេះ បង‌ប្អូន​អើយ យើង​ជំពាក់ តែ​មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ដើម្បី​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់ តែ​បើ​អ្នក​រាល់​គ្នា​សម្លាប់​អំពើ​របស់​រូប​កាយ ដោយ​សារ​ព្រះ‌វិញ្ញាណ អ្នក​រាល់​គ្នា​នឹង​មាន​ជីវិត ហើយ​អស់​អ្នក​ដែល​ព្រះ‌វិញ្ញាណ​របស់​ព្រះ​ដឹក​នាំ អ្នក​ទាំង​នោះ​ជា​កូន​របស់​ព្រះ។ ដ្បិត​អ្នក​រាល់​គ្នា​មិន​បាន​ទទួល​វិញ្ញាណ​ជា​បាវ​បម្រើ ដែល​នាំ​ឲ្យ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​អ្នក​រាល់​គ្នា​បាន​ទទួល​វិញ្ញាណ​ជា​កូន វិញ។ ពេល​យើង​ស្រែក​ឡើង​ថា ឱអ័ប្បា! ព្រះ‌វរបិតា! គឺ​ព្រះ‌វិញ្ញាណ​ទ្រង់​ផ្ទាល់​ធ្វើ​បន្ទាល់​ជាមួយ​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ ហើយ​ប្រសិន‌បើ​យើង​ពិត​ជា​កូន​មែន នោះ​យើង​ជា​អ្នក​គ្រង​មត៌ក គឺ​ជា​អ្នក​គ្រង​មត៌ក​របស់​ព្រះ​រួម​ជា​មួយ​ព្រះ‌គ្រីស្ទ។ ពិត​មែន បើ​យើង​រង​ទុក្ខ​លំបាក​ជា​មួយ​ព្រះ‌អង្គ នោះ​យើង​ក៏​នឹង​ទទួល​សិរីល្អ​ជា​មួយ​ព្រះ‌អង្គ​ដែរ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:5-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ ហើយ​បើ​សិន​ជា​ព្រះ‌គ្រីស្ទ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា នោះ​រូប​សាច់​បាន​ស្លាប់ ដោយ​ព្រោះ​អំពើ​បាប​មែន តែ​វិញ្ញាណ​មាន​ជីវិត​វិញ ដោយ​ព្រោះ​សេចក្ដី​សុចរិត មួយ​ទៀត បើ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌អង្គ ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌យេស៊ូវ​រស់​ពី​ស្លាប់​ឡើង​វិញ ទ្រង់​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​ព្រះ‌អង្គ​នោះ​ឯង ដែល​បាន​ប្រោស​ឲ្យ​ព្រះ‌គ្រីស្ទ​រស់​ពី​ស្លាប់​ឡើង ទ្រង់​នឹង​ប្រោស​រូប‌កាយ​នៃ​អ្នក​រាល់​គ្នា​ដែល​ទៀង​តែ​ស្លាប់ ឲ្យ​មាន​ជីវិត​ឡើង​ដែរ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា។ ដូច្នេះ បង​ប្អូន​អើយ យើង​មាន​សេចក្ដី​ជាប់​ជំពាក់ មិន​មែន​ជំពាក់​ចំពោះ​សាច់​ឈាម ឲ្យ​បាន​រស់​តាម​សាច់​ឈាម​នោះ​ទេ ដ្បិត​បើ​សិន​ជា​អ្នក​រាល់​គ្នា​រស់​តាម​សាច់​ឈាម នោះ​នឹង​ត្រូវ​ស្លាប់​ទៅ តែ​បើ​សំឡាប់​អំពើ​របស់​រូប​សាច់​ចេញ ដោយ‌សារ​ព្រះ‌វិញ្ញាណ នោះ​អ្នក​រាល់​គ្នា​នឹង​បាន​រស់​វិញ ហើយ​អស់​អ្នក​ណា​ដែល​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ទ្រង់​នាំ អ្នក​ទាំង​នោះ​ហើយ​ជា​ពួក​កូន​របស់​ព្រះ អ្នក​រាល់​គ្នា​មិន​បាន​ទទួល​និស្ស័យ​ជា​បាវ​បំរើ ឲ្យ​ត្រូវ​ភ័យ​ខ្លាច​ទៀត​ឡើយ គឺ​បាន​ទទួល​និស្ស័យ​ជា​កូន​ចិញ្ចឹម​វិញ ដោយ​ហេតុ​នោះ​បាន​ជា​យើង​ស្រែក​ឡើង​ថា ឱ​អ័ប្បា ព្រះវរ‌បិតា​អើយ ហើយ​ព្រះ‌វិញ្ញាណ​ទ្រង់​ក៏​ធ្វើ​បន្ទាល់​នឹង​វិញ្ញាណ​យើង​ថា យើង​ជា​កូន​របស់​ព្រះ បើ​សិន​ណា​ជា​កូន​ព្រះ​ហើយ នោះ​យើង​ក៏​បាន​គ្រង​មរដក​ដែរ គឺ​ជា​អ្នក​គ្រង​មរដក​នៃ​ព្រះ​ជា​មួយ​នឹង​ព្រះ‌គ្រីស្ទ​ផង ឲ្យ​តែ​យើង​ទទួល​រង​ទុក្ខ​ជា​មួយ​នឹង​ទ្រង់​ចុះ ដើម្បី​ឲ្យ​បាន​ដំកើង​ឡើង​ជា​មួយ​នឹង​ទ្រង់​ដែរ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:5-17

រ៉ូម 8:5-17 គខបរ៉ូម 8:5-17 គខប