រ៉ូម 8:1-9

រ៉ូម 8:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ឥឡូវ​នេះ អស់​អ្នក​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ គ្មាន​ទោស​ទេ។ ដ្បិត​ច្បាប់​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត នៅ​ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ បាន​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​រួច​ពី​ច្បាប់​របស់​អំពើ​បាប និង​សេចក្តី​ស្លាប់​ហើយ។ ការ​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​មិន​កើត ដោយ​សារ​ភាព​ទន់​ខ្សោយ​ខាង​សាច់​ឈាម នោះ​ព្រះ​បាន​សម្រេច​រួច​ហើយ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​របស់​ព្រះ‌អង្គ​ផ្ទាល់​ឲ្យ​មក មាន​រូប​អង្គ​ដូច​ជា​មនុស្ស​ខាង​សាច់​ឈាម​ដែល​មាន​បាប ហើយ​ដើម្បី​ដោះ​ស្រាយ​អំពើ​បាប ព្រះ‌អង្គ​ដាក់​ទោស​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​សុចរិត​ដែល​ក្រឹត្យ‌វិន័យ​បង្គាប់​មក បាន​សម្រេច​នៅ​ក្នុង​យើង ដែល​មិន​រស់​នៅ​តាម​សាច់​ឈាម តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ។ ដ្បិត​អស់​អ្នក​ដែល​រស់​នៅ​តាម​សាច់​ឈាម គិត​តែ​ពី​ការ​របស់​សាច់​ឈាម តែ​អស់​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ពី​ការ​របស់​ព្រះ‌វិញ្ញាណ។ គំនិត​ដែល​គិត​អំពី​សាច់​ឈាម ជា​សេចក្តី​ស្លាប់ តែ​គំនិត​ដែល​គិត​អំពី​ព្រះ‌វិញ្ញាណ នោះ​ជា​ជីវិត និង​សេចក្តី​សុខ​សាន្ត។ ព្រោះ​គំនិត​ដែល​គិត​អំពី​សាច់​ឈាម នោះ​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ហើយ​អស់​អ្នក​ដែល​រស់​នៅ​ខាង​សាច់​ឈាម ពុំ​អាច​គាប់​ព្រះ‌ហឫ‌ទ័យ​ព្រះ​បាន​ឡើយ។ ប៉ុន្តែ ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ​សណ្ឋិត​ក្នុង​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ​វិញ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ព្រះ‌អង្គ​ទេ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឥឡូវ​នេះ អស់​អ្នក​ដែល​ចូល​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ឥត​មាន​ទោសពៃរ៍​ទៀត​ឡើយ​ ដ្បិត​វិន័យ​របស់​ព្រះ‌វិញ្ញាណ​ដែល​ផ្ដល់​ជីវិត​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ បាន​រំដោះ​ខ្ញុំ​ឲ្យ​រួច​ផុត​ពី​បាប​ និង​ពី​សេចក្ដី​ស្លាប់។ ការ​អ្វី​ដែល​ក្រឹត្យ‌វិន័យ​ធ្វើ​ពុំ​កើត ព្រោះ​និស្ស័យ​លោកីយ៍​បាន​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​នោះ​ទៅ​ជា​អស់​ឫទ្ធិ ព្រះ‌ជា‌ម្ចាស់​បាន​សម្រេច​ការ​នោះ​រួច​ទៅ​ហើយ គឺ​ព្រោះ​តែ​បាប ព្រះអង្គ​ចាត់​ព្រះ‌បុត្រា​របស់​ព្រះអង្គ​ផ្ទាល់​ឲ្យ​យាង​មក មាន​និស្ស័យ​ជា​មនុស្ស ដូច​មនុស្ស​ឯ​ទៀតៗ​ដែល​មាន​បាប ដើម្បី​ដាក់​ទោស​បាប​ក្នុង​និស្ស័យ​ជា​មនុស្ស។ ព្រះអង្គ​ធ្វើ​ដូច្នេះ ដើម្បី​ប្រោស​យើង​ឲ្យ​បាន​សុចរិត ស្រប​តាម​ការ​តម្រូវ​របស់​ក្រឹត្យ‌វិន័យ គឺ​ចំពោះ​យើង​ដែល​មិន​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ តែ​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ​វិញ ដ្បិត​អ្នក​ដែល​រស់​នៅ​តាម​និស្ស័យ​លោកីយ៍ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​លោកីយ៍ រីឯ​អ្នក​ដែល​រស់​នៅ​តាម​ព្រះ‌វិញ្ញាណ គិត​តែ​ពី​អ្វីៗ​ដែល​ទាក់ទង​នឹង​ព្រះ‌វិញ្ញាណ។ ការ​គិត​ខាង​លោកីយ៍​នាំ​ឲ្យ​ស្លាប់ រីឯ​ការ​គិត​ខាង​ព្រះ‌វិញ្ញាណ​នាំ​ឲ្យ​មាន​ជីវិត និង​សេចក្ដី​សុខ‌សាន្ត​វិញ ដ្បិត​ការ​គិត​ខាង​លោកីយ៍​ទាស់​នឹង​ព្រះ‌ជា‌ម្ចាស់ ព្រោះ​លោកីយ៍​ពុំ​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​ថែម​ទាំង​គ្មាន​សមត្ថ‌ភាព​នឹង​ចុះ​ចូល​បាន​ផង។ អស់​អ្នក​ដែល​រស់​នៅ​ក្នុង​និស្ស័យ​លោកីយ៍ ពុំ​អាច​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់​ឡើយ។ ចំពោះ​បងប្អូន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជា‌ម្ចាស់​សណ្ឋិត​នៅ​ក្នុង​បងប្អូន បងប្អូន​មិន​ស្ថិត​ក្នុង​និស្ស័យ​លោកីយ៍​ទៀត​ទេ គឺ​នៅ​ខាង​ព្រះ‌វិញ្ញាណ។ អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រិស្ត អ្នក​នោះ​មិន​មែន​ជា​កូន​ចៅ​របស់​ព្រះអង្គ​ទេ។

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ នៅ​ជាន់​នេះ អ្នក​ណា​ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​គ្មាន​ទោស​សោះ ដ្បិត​អំណាច​របស់​ព្រះ‌វិញ្ញាណ​នៃ​ជីវិត ដែល​នៅ​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ នោះ​បាន​ប្រោស​ឲ្យ​ខ្ញុំ​រួច​ពី​អំណាច​របស់​អំពើ​បាប នឹង​សេចក្ដី​ស្លាប់​ហើយ ពី​ព្រោះ ឯ​ការ​ដែល​ក្រិត្យ‌វិន័យ​ធ្វើ​មិន​កើត​ដោយ​មាន​សេចក្ដី​កំសោយ ព្រោះ​សាច់​ឈាម នោះ​ព្រះ‌ទ្រង់​បាន​ធ្វើ​វិញ ដោយ​ចាត់​ព្រះ‌រាជ‌បុត្រា​ទ្រង់​ឲ្យ​មក មាន​រូប​អង្គ បែប​ដូច​ជា​សាច់​ឈាម​ដែល​តែង‌តែ​មាន​បាប ហើយ​ដោយ​ព្រោះ​អំពើ​បាប ក៏​កាត់​ទោស​អំពើ​បាប​នៅ​ក្នុង​សាច់​ឈាម ដើម្បី​ឲ្យ​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់​មក បាន​សំរេច​ក្នុង​ខ្លួន​យើង​រាល់​គ្នា ដែល​មិន​ដើរ​តាម​សាច់​ឈាម គឺ​ដើរ​តាម​ព្រះ‌វិញ្ញាណ​វិញ ពី​ព្រោះ​អស់​អ្នក​ណា​ដែល​តាម​សាច់​ឈាម នោះ​គិត​តែ​ខាង​សាច់​ឈាម តែ​អស់​អ្នក​ណា​ដែល​តាម​ព្រះ‌វិញ្ញាណ នោះ​គិត​តែ​ខាង​វិញ្ញាណ​វិញ ដ្បិត​គំនិត​ខាង​សាច់​ឈាម នោះ​ជា​សេចក្ដី​ស្លាប់​ទទេ ឯ​គំនិត​នៃ​ព្រះ‌វិញ្ញាណ នោះ​ទើប​ជា​ជីវិត នឹង​សេចក្ដី​សុខ‌សាន្ត​វិញ ព្រោះ​គំនិត​ខាង​សាច់​ឈាម នោះ​រមែង​ទាស់​ទទឹង​នឹង​ព្រះ ដ្បិត​មិន​ចុះ​ចូល​នឹង​ក្រិត្យ‌វិន័យ​របស់​ព្រះ​ទេ ក៏​ពុំ​អាច​នឹង​ចុះ​ចូល​បាន​ផង ពួក​អ្នក​ដែល​នៅ​ខាង​សាច់​ឈាម នោះ​ពុំ​អាច​នឹង​គាប់​ព្រះ‌ហឫទ័យ​ដល់​ព្រះ​បាន​ឡើយ តែ​បើ​សិន​ជា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​សណ្ឋិត​ក្នុង​ខ្លួន​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​មិន​នៅ​ខាង​សាច់​ឈាម​ទៀត​ទេ គឺ​នៅ​ខាង​វិញ្ញាណ​វិញ ប៉ុន្តែ បើ​អ្នក​ណា​គ្មាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌គ្រីស្ទ អ្នក​នោះ​មិន​មែន​ជា​របស់​ផង​ទ្រង់​ទេ

ចែក​រំលែក
អាន រ៉ូម 8

រ៉ូម 8:1-9

រ៉ូម 8:1-9 គខប