រ៉ូម 3:1-20

រ៉ូម 3:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ តើ​សាសន៍​យូដា​មាន​អ្វី​វិសេស​ជាង​គេ ហើយ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​អ្វី? មាន​ច្រើន​គ្រប់​ជំពូក ដ្បិត​មុន​ដំបូង ព្រះ​បាន​ប្រគល់​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ស្មោះ​ត្រង់ តើ​ដូច​ម្តេច​ទៅ​វិញ? តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ នឹង​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ ទៅ​ជា​មិន​កើត​ការ​ឬ? មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។ ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។ មិន​មែន​ដូច្នោះ​ទេ! បើ​ព្រះ​ទុច្ចរិត​មែន តើ​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដូច​ម្ដេច​កើត? ដ្បិត​បើ​សេចក្តី​ពិត​ត្រង់​របស់​ព្រះ​ចម្រើន​ឡើង សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ‌អង្គ ដោយ​សារ​សេចក្តី​ភូត‌ភរ​របស់​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ជាប់​មាន​ទោស ទុក​ដូច​ជា​មនុស្ស​បាប​ទៀត? ហើយ​ហេតុ​អ្វី​ក៏​មិន​និយាយ​ថា ចូរ​យើង​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​និយាយ​បង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ? គេ​និយាយ​បង្កាច់​ដូច្នោះ សម​នឹង​ទទួល​ទោស​ហើយ។ បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «គ្មាន​អ្នក​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ម្នាក់​ដែល​យល់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។ «បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​របស់​គេ​ដើម្បី​បញ្ឆោត បបូរ​មាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់​វែក»។ «មាត់​របស់​គេ​មាន​ពេញ​ដោយ​ពាក្យ​បណ្តាសា និង​ពាក្យ​ជូរ​ចត់ »។ «ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម ផ្លូវ​របស់​គេ​មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​វេទនា គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​ទេ »។ «គ្មាន​ការ​កោត​ខ្លាច​ព្រះ នៅ​ចំពោះ​ភ្នែក​គេ​ឡើយ »។ ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ តើ​សាសន៍​យូដា​ប្រសើរ​ជាង​គេ​យ៉ាង​ណា ហើយ​ការ​កាត់​ស្បែក​មាន​សារ‌ប្រយោជន៍​យ៉ាង​ណា​ដែរ? សាសន៍​យូដា​ពិត​ជា​ប្រសើរ​លើស​គេ​បំផុត គ្រប់​វិស័យ​ទាំង​អស់​មែន គឺ​មុន​ដំបូង ព្រះ‌ជា‌ម្ចាស់​បាន​ប្រគល់​ព្រះ‌បន្ទូល​មក​ឲ្យ​សាសន៍​យូដា។ បើ​ដូច្នេះ ត្រូវ​គិត​ដូច​ម្ដេច? ដោយ​មាន​សាសន៍​យូដា​ខ្លះ​មិន​ស្មោះ​ត្រង់​នឹង​ព្រះអង្គ តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ​នឹង​នាំ​ឲ្យ​ព្រះ‌ជា‌ម្ចាស់​លែង​មាន​ព្រះ‌ហឫទ័យ​ស្មោះ​ត្រង់​ដែរ​ឬ? មិន​ដូច្នោះ​ទេ ទោះ​បី​មនុស្ស​គ្រប់​រូប​សុទ្ធ​តែ​ជា​អ្នក​កុហក​ក្តី ក៏​ព្រះ‌ជា‌ម្ចាស់​នៅ​តែ​មាន​ព្រះ‌ហឫទ័យ​សច្ចៈ​ដែរ ដូច​មាន​ចែង​ទុក​មក​ថា: «ត្រូវ​ឲ្យ​គេ​ទទួល​ស្គាល់​ថា​ព្រះអង្គ​សុចរិត ឥត​ល្អៀង​ក្នុង​ព្រះ‌បន្ទូល​សោះ​ឡើយ ហើយ​ព្រះអង្គ​នឹង​មាន​ជ័យ‌ជម្នះ នៅ​ពេល​គេ​កាត់​ក្តី​ព្រះអង្គ» ​ ។ ប្រសិន​បើ​អំពើ​ទុច្ចរិត​របស់​យើង​បង្ហាញ​ឲ្យ​ឃើញ​ថា​ព្រះ‌ជា‌ម្ចាស់​សុចរិត តើ​ឲ្យ​យើង​ថា​ដូច​ម្ដេច​ទៅ​វិញ? ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ដាក់​ទោស​យើង​ តើ​បាន​សេចក្ដី​ថា​ព្រះអង្គ​មិន​សុចរិត​ឬ? (ខ្ញុំ​និយាយ​ដូច្នេះ គឺ​និយាយ​តាម​របៀប​មនុស្ស​លោក)។ មិន​ដូច្នោះ​ទេ! ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​មិន​សុចរិត តើ​ឲ្យ​ព្រះអង្គ​វិនិច្ឆ័យ​ទោស​មនុស្ស​លោក​ដូច​ម្ដេច​កើត? មួយ​វិញ​ទៀត បើ​ការ​កុហក​របស់​ខ្ញុំ​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​សច្ចៈ​ របស់​ព្រះ‌ជា‌ម្ចាស់ លេច​ចេញ​មក​យ៉ាង​ច្បាស់ ដើម្បី​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​មែន​នោះ ហេតុ​ដូច​ម្ដេច​បាន​ជា​ខ្ញុំ​ត្រូវ​តែ​ទទួល​ទោស ក្នុង​នាម​ជា​មនុស្ស​បាប​ទៅ​វិញ? បើ​ដូច្នេះ ម្ដេច​ក៏​យើង​មិន​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដើម្បី​ឲ្យ​មាន​ផល​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​ដែល​មួល​បង្កាច់​យើង​ថា យើង​បាន​និយាយ​បែប​នេះ! អ្នក​ទាំង​នោះ​មុខ​តែ​ទទួល​ទោស​ជា​ពុំ‌ខាន! បើ​ដូច្នេះ យើង​ដែល​ជា​សាសន៍​យូដា តើ​យើង​ប្រសើរ​ជាង​គេ​ឬ? ទេ យើង​មិន​ប្រសើរ​ជាង​គេ​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​បញ្ជាក់​រួច​មក​ហើយ​ថា មនុស្ស​ទាំង​អស់ ទោះ​បី​សាសន៍​យូដា​ក្ដី សាសន៍​ក្រិក​ក្ដី សុទ្ធ​តែ​មាន​បាប​សោយ​រាជ្យ​ពី​លើ​ទាំង​អស់​គ្នា ដូច​មាន​ចែង​ទុក​មក​ថា៖ «គ្មាន​មនុស្ស​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​នរណា​ម្នាក់​ដឹង​ខុស​ត្រូវ គ្មាន​នរណា​ម្នាក់​ស្វែង​រក​ព្រះ‌ជា‌ម្ចាស់។ មនុស្ស​គ្រប់ៗ​រូប​បាន​វង្វេង ចេញ​ឆ្ងាយ​ពី​ព្រះ‌ជា‌ម្ចាស់ ហើយ​វិនាស​បាត់​បង់​ជា​មួយ​គ្នា គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​សប្បុរស​សោះ​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ​ ។ «បំពង់​ករ​បស់​គេ​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច នៅ​បើក​ចំហ អណ្ដាត​របស់​គេ​គ្រលាស់​តែ​ពាក្យ បោក​បញ្ឆោត មាត់​របស់​គេ​មាន​បង្កប់​នូវ​ពិស​ពស់​វែក» ។ «មាត់​របស់​គេ​ពោរ‌ពេញ​ទៅ​ដោយ​ពាក្យ អពមង្គល និង​ពាក្យ​ជូរ​ចត់» ។ «ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម គេ​ទៅ​កន្លែង​ណា កន្លែង​នោះ​ខ្ទេច‌ខ្ទី​អន្តរាយ​អស់។ គេ​មិន​ស្គាល់​ផ្លូវ​ទៅ​កាន់​សន្តិ‌ភាព​ទេ» ​ ។ «គេ​រស់​ដោយ​មិន​កោត​ខ្លាច​ព្រះ‌ជា‌ម្ចាស់ សោះ​ឡើយ» ​ ។ យើង​ដឹង​ថា គ្រប់​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ* សុទ្ធ​តែ​ចែង​ទុក​សម្រាប់​អស់​អ្នក​ដែល​ចំណុះ​ក្រឹត្យ‌វិន័យ ដើម្បី​កុំ​ឲ្យ​មនុស្ស​ណា​ម្នាក់​រក​ពាក្យ​ដោះ‌សា​បាន ហើយ​ឲ្យ​ពិភព​លោក​ទាំង​មូល​ទទួល​ទោស នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជា‌ម្ចាស់។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​សុចរិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ ព្រោះ​គម្ពីរ‌វិន័យ​គ្រាន់​តែ​នាំ​ឲ្យ​គេ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

ចែក​រំលែក
អាន រ៉ូម 3

រ៉ូម 3:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ តើ​សាសន៍​យូដា​វិសេស​ជាង​គេ​យ៉ាង​ណា ឬ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​ដូច​ម្តេច​ខ្លះ មាន​គ្រប់​ជំពូក​ជា​ច្រើន​ណាស់ មុន​ដំបូង គឺ​ពី​ព្រោះ​បាន​ផ្ញើ​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ជឿ នោះ​ដូច​ម្តេច​ទៅ សេចក្ដី​ដែល​គេ​មិន​ជឿ​នោះ តើ​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​ជឿ​ដល់​ព្រះ​ទៅ​ជា​មិន​កើត​ការ​វិញ​ឬ​អី ទេ មិន​មែន​ឡើយ សូម​ឲ្យ​ព្រះ​បាន​រាប់​ជា​ពិត ហើយ​គ្រប់​ទាំង​មនុស្ស​ជា​ភូត‌ភរ​វិញ​ចុះ ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​ទ្រង់​បាន​ឈ្នះ ក្នុង​កាល​ដែល​គេ​ជំនុំ‌ជំរះ​ទ្រង់» ប៉ុន្តែ បើ​សិន​ជា​សេចក្ដី​ទុច្ចរិត​របស់​យើង​រាល់​គ្នា បាន​នាំ​ឲ្យ​គេ​ឃើញ​សេចក្ដី​សុចរិត​របស់​ព្រះ​ច្បាស់​ជាង នោះ​តើ​នឹង​ថា​ដូច​ម្តេច តើ​ព្រះ‌ទ្រង់​ទុច្ចរិត​ឬ​អី ដែល​ទ្រង់​ធ្វើ​ទោស​នោះ (នេះ​ខ្ញុំ​និយាយ​តាម​បែប​មនុស្ស​លោក) ទេ មិន​មែន​ឡើយ តែ​បើ​សិន​ជា​ទុច្ចរិត​មែន នោះ​ធ្វើ​ដូច​ម្តេច​ឲ្យ​ព្រះ​ជំនុំ‌ជំរះ​លោកីយ​បាន ដ្បិត​បើ​សិន​ជា​សេចក្ដី​ពិត​របស់​ព្រះ​បាន​ចំរើន​ឡើង សំរាប់​ជា​សិរី‌ល្អ​ដល់​ទ្រង់ ដោយ‌សារ​សេចក្ដី​ភូត‌ភរ​របស់​ខ្ញុំ នោះ​តើ​ហេតុ​អ្វី​បាន​ជា​ខ្ញុំ​ជាប់​សេចក្ដី​ជំនុំ‌ជំរះ ទុក​ដូច​ជា​មនុស្ស​មាន​បាប​ទៀត ហើយ​ហេតុ​អ្វី​បាន​ជា​យើង​ខ្ញុំ​មិន​ថា ចូរ​ប្រព្រឹត្ត​ការ​អាក្រក់ ដើម្បី​ឲ្យ​ការ​ល្អ​បាន​កើត​ឡើង ដូច​ជា​គេ​និយាយ​បង្កាច់​យើង​ខ្ញុំ ហើយ​ខ្លះ​ប្រកាន់​ថា យើង​ខ្ញុំ​ប្រដៅ​ដូច្នោះ​មែន​នោះ ឯ​ទោស​នៃ​ពួក​អ្នក​ដែល​ប្រកាន់​ដូច្នោះ នោះ​ត្រឹម‌ត្រូវ​ហើយ។ ដូច្នេះ តើ​ដូច​ម្តេច យើង​ល្អ​ជាង​គេ​ឬ​ទេ មិន​មែន​ទេ ដ្បិត​យើង​ខ្ញុំ​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទោះ​ទាំង​សាសន៍​យូដា នឹង​សាសន៍​ក្រេក​ផង សុទ្ធ​តែ​នៅ​ក្រោម​អំពើ​បាប ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «គ្មាន​អ្នក​ណា​សុចរិត​សោះ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ដែល​យល់ គ្មាន​អ្នក​ណា​ដែល​ស្វែង​រក​ព្រះ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ត្រឡប់​ជា​ឥត​ប្រយោជន៍​ទាំង​អស់​គ្នា គ្មាន​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម​សេចក្ដី​សប្បុរស​សោះ តែ​ម្នាក់​ក៏​គ្មាន​ផង បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​គេ​សំរាប់​នឹង​បញ្ឆោត ឯ​នៅ​បបូរ​មាត់​គេ មាន​សុទ្ធ​តែ​ពិស​ពស់​ហនុមាន ហើយ​មាត់​គេ​មាន​ពេញ​ដោយ​សេចក្ដី​បណ្តាសា នឹង​សេចក្ដី​ជូរ​ចត់ ជើង​គេ​រហ័ស​នឹង​កំចាយ​ឈាម នៅ​អស់​ទាំង​ផ្លូវ​របស់​គេ មាន​សុទ្ធ​តែ​សេចក្ដី​វិនាស នឹង​សេចក្ដី​ទុក្ខ​លំបាក គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ‌សាន្ត​សោះ ក៏​គ្មាន​សេចក្ដី​កោត‌ខ្លាច​ចំពោះ​ព្រះ នៅ​ភ្នែក​គេ​ឡើយ» រីឯ​គ្រប់​ទាំង​សេចក្ដី​ដែល​ក្រិត្យ‌វិន័យ​បង្គាប់ នោះ​យើង​ដឹង​ថា បង្គាប់​ដល់​តែ​ពួក​អ្នក​ដែល​នៅ​ក្នុង​បន្ទុក​ក្រិត្យ‌វិន័យ​ទេ ដើម្បី​ឲ្យ​គ្រប់​ទាំង​មាត់​ត្រូវ​បិទ ហើយ​ឲ្យ​លោកីយ​ទាំង​មូល​ជាប់​មាន​ទោស​នៅ​ចំពោះ​ព្រះ ហេតុ​នោះ​បាន​ជា​គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ទ្រង់ ដោយ​អាង​ការ​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​នោះ​ឡើយ ដ្បិត​ក្រិត្យ‌វិន័យ​គ្រាន់​តែ​សំដែង​ឲ្យ​ស្គាល់​អំពើ​បាប​ប៉ុណ្ណោះ។

ចែក​រំលែក
អាន រ៉ូម 3