រ៉ូម 3:1-20

រ៉ូម 3:1-20 គកស១៦

ដូច្នេះ តើ​សាសន៍​យូដា​មាន​អ្វី​វិសេស​ជាង​គេ ហើយ​ការ​កាត់​ស្បែក​មាន​ប្រយោជន៍​អ្វី? មាន​ច្រើន​គ្រប់​ជំពូក ដ្បិត​មុន​ដំបូង ព្រះ​បាន​ប្រគល់​ព្រះ‌បន្ទូល​ទុក​នឹង​គេ តែ​បើ​មាន​អ្នក​ខ្លះ​មិន​ស្មោះ​ត្រង់ តើ​ដូច​ម្តេច​ទៅ​វិញ? តើ​ចិត្ត​មិន​ស្មោះ​ត្រង់​របស់​គេ នឹង​ធ្វើ​ឲ្យ​ព្រះ‌ហឫ‌ទ័យ​ស្មោះ​ត្រង់​របស់​ព្រះ ទៅ​ជា​មិន​កើត​ការ​ឬ? មិន​មែន​ដូច្នោះ​ទេ! ទោះ​បី​គ្រប់​គ្នា​ជា​មនុស្ស​ភូត​ភរ​ក្ដី ក៏​ព្រះ​នៅ​តែ​ពិត​ត្រង់​ដែរ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា «ដើម្បី​ឲ្យ​ព្រះ‌អង្គ​បាន​រាប់​ជា​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​មាន​ជ័យជម្នះ ពេល​គេ​ជំនុំ​ជម្រះ​ព្រះ‌អង្គ» ។ ប៉ុន្តែ បើ​សេចក្តី​ទុច្ចរិត​របស់​យើង បង្ហាញ​ឲ្យ​ឃើញ​សេចក្តី​សុចរិត​របស់​ព្រះ តើ​យើង​គួរ​និយាយ​ដូច​ម្តេច? ថា​ព្រះ​ទុច្ចរិត​ឬ ដែល​ព្រះ‌អង្គ​ដាក់​ទោស​យើង? (នេះ​ខ្ញុំ​និយាយ​តាម​របៀប​មនុស្ស​លោក)។ មិន​មែន​ដូច្នោះ​ទេ! បើ​ព្រះ​ទុច្ចរិត​មែន តើ​ព្រះ‌អង្គ​ជំនុំ‌ជម្រះ​មនុស្ស​លោក​ដូច​ម្ដេច​កើត? ដ្បិត​បើ​សេចក្តី​ពិត​ត្រង់​របស់​ព្រះ​ចម្រើន​ឡើង សម្រាប់​ជា​សិរី​ល្អ​របស់​ព្រះ‌អង្គ ដោយ​សារ​សេចក្តី​ភូត‌ភរ​របស់​ខ្ញុំ ហេតុ​អ្វី​បាន​ជា​ខ្ញុំ​នៅ​តែ​ជាប់​មាន​ទោស ទុក​ដូច​ជា​មនុស្ស​បាប​ទៀត? ហើយ​ហេតុ​អ្វី​ក៏​មិន​និយាយ​ថា ចូរ​យើង​ប្រព្រឹត្ត​ការ​អាក្រក់​ទៅ ដើម្បី​ឲ្យ​ការ​ល្អ​កើត​ចេញ​មក ដូច​អ្នក​ខ្លះ​និយាយ​បង្កាច់​យើង ថា​យើង​និយាយ​ដូច្នោះ? គេ​និយាយ​បង្កាច់​ដូច្នោះ សម​នឹង​ទទួល​ទោស​ហើយ។ បើ​ដូច្នេះ តើ​យើង​ល្អ​ជាង​គេ​ឬ? ទេ មិន​មែន​ទាល់​តែ​សោះ! ដ្បិត​យើង​បាន​ចោទ​ប្រកាន់​រួច​ហើយ​ថា ទាំង​សាសន៍​យូដា និង​សាសន៍​ក្រិក សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​អំណាច​បាប​ទាំង​អស់ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «គ្មាន​អ្នក​ណា​សុចរិត​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង គ្មាន​អ្នក​ណា​ម្នាក់​ដែល​យល់ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ស្វែង​រក​ព្រះ។ គ្រប់​គ្នា​បាន​បែរ​ចេញ ហើយ​ទាំង​អស់​គ្នា​ត្រឡប់​ជា​ឥត​ប្រយោជន៍ គ្មាន​អ្នក​ណា​ម្នាក់​ដែល​ប្រព្រឹត្ត​សប្បុរស​ឡើយ សូម្បី​តែ​ម្នាក់​ក៏​គ្មាន​ផង» ។ «បំពង់​ក​គេ​ជា​ផ្នូរ​ខ្មោច​នៅ​ចំហ គេ​ប្រើ​អណ្តាត​របស់​គេ​ដើម្បី​បញ្ឆោត បបូរ​មាត់​របស់​គេ​បង្កប់​ដោយ​ពិស​ពស់​វែក»។ «មាត់​របស់​គេ​មាន​ពេញ​ដោយ​ពាក្យ​បណ្តាសា និង​ពាក្យ​ជូរ​ចត់ »។ «ជើង​របស់​គេ​រហ័ស​តែ​នឹង​បង្ហូរ​ឈាម ផ្លូវ​របស់​គេ​មាន​សុទ្ធ​តែ​សេចក្តី​វិនាស និង​សេចក្តី​វេទនា គេ​មិន​បាន​ស្គាល់​ផ្លូវ​សុខ​សាន្ត​ទេ »។ «គ្មាន​ការ​កោត​ខ្លាច​ព្រះ នៅ​ចំពោះ​ភ្នែក​គេ​ឡើយ »។ ឥឡូវ​នេះ យើង​ដឹង​ថា សេចក្តី​ដែល​មាន​ចែង​ក្នុង​ក្រឹត្យ‌វិន័យ គឺ​ចែង​សម្រាប់​ពួក​អ្នក​ដែល​សិ្ថត​នៅ​ក្រោម​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​បិទ​មាត់ ហើយ​ឲ្យ​ពិភព‌លោក​ទាំង​មូល ស្ថិត​នៅ​ក្រោម​ការ​ជំនុំ​ជម្រះ​របស់​ព្រះ។ ដូច្នេះ គ្មាន​មនុស្ស​ណា​បាន​រាប់​ជា​សុចរិត នៅ​ចំពោះ​ព្រះ‌អង្គ ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ ដ្បិត​តាម​រយៈ​ក្រឹត្យ‌វិន័យ នោះ​សម្ដែង​ឲ្យ​ស្គាល់​អំពើ​បាប។

អាន រ៉ូម 3