រ៉ូម 2:1-4

រ៉ូម 2:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ឱ​មនុស្ស​អើយ ទោះ​បី​អ្នក​ជា​អ្នក​ណា​ក៏​ដោយ ពេល​អ្នក​ថ្កោល​ទោស​គេ អ្នក​មិន​អាច​ដោះ​សា​បាន​ឡើយ ដ្បិត​ពេល​អ្នក​ថ្កោល​ទោស​គេ នោះ​អ្នក​កាត់​ទោស​ខ្លួន​ឯង ព្រោះ​ខ្លួន​អ្នក​ផ្ទាល់​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គេ​ដែរ។ យើង​ដឹង​ថា ព្រះ​ជំនុំ‌ជម្រះ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ គឺ​ស្រប​តាម​សេចក្ដី​ពិត។ ឱ​មនុស្ស​អើយ តើ​អ្នក​នឹក​ស្មាន​ថា ពេល​អ្នក​ថ្កោល​ទោស​អស់​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​អ្នក​នឹង​បាន​រួច​ខ្លួន​ពី​ការ​ជំនុំ‌ជម្រះ​របស់​ព្រះ​ឬ? ឬ​តើ​អ្នក​មើល​ងាយ​សេចក្តី​សប្បុរស សេចក្តី​ទ្រាំទ្រ និង​សេចក្តី​អត់​ធ្មត់​ដ៏​បរិបូរ​របស់​ព្រះ‌អង្គ​ឬ? តើ​អ្នក​មិន​ដឹង​ថា សេចក្តី​សប្បុរស​របស់​ព្រះ នាំ​អ្នក​ឲ្យ​ប្រែ​ចិត្ត​ទេ​ឬ?

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​អ្នក អ្នក​ថ្កោល​ទោស​គេ ទោះ​បី​អ្នក​ជា​នរណា​ក៏​ដោយ ក៏​អ្នក​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ដែរ។ ពេល​ណា​អ្នក​ថ្កោល​ទោស​គេ អ្នក​ក៏​ដាក់​ទោស​ខ្លួន​ឯង ព្រោះ​អ្នក​ថ្កោល​ទោស​គេ តែ​អ្នក​បាន​ប្រព្រឹត្ត​ដូច​គេ​ដែរ។ យើង​ដឹង​ថា​ព្រះ‌ជា‌ម្ចាស់​ទ្រង់​វិនិច្ឆ័យ​ទោស​អ្នក​ដែល​ប្រព្រឹត្ត​ដូច្នេះ គឺ​វិនិច្ឆ័យ​ស្រប​តាម​សេចក្ដី​ពិត។ រីឯ​អ្នក អ្នក​ថ្កោល​ទោស​គេ​ដែល​ប្រព្រឹត្ត​ដូច្នេះ តែ​អ្នក​ប្រព្រឹត្ត​ដូច​គេ​ដែរ​នោះ តើ​អ្នក​នឹក​ស្មាន​ថា​នឹង​បាន​រួច​ខ្លួន ដោយ​ព្រះ‌ជា‌ម្ចាស់​មិន​វិនិច្ឆ័យ​ទោស​អ្នក​ឬ? ឬ​មួយ​អ្នក​មើល‌ងាយ​ព្រះ‌ហឫទ័យ​សប្បុរស ព្រះ‌ហឫទ័យ​យោគ‌យល់ និង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ដ៏​ទូលំ‌ទូលាយ​របស់​ព្រះអង្គ! តើ​អ្នក​មិន​ទទួល​ស្គាល់​ថា ព្រះ‌ជា‌ម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ដូច្នេះ ដើម្បី​ជំរុញ​អ្នក​ឲ្យ​កែ​ប្រែ​ចិត្ត​គំនិត​ទេ​ឬ?

ចែក​រំលែក
អាន រ៉ូម 2

រ៉ូម 2:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ឱ​មនុស្ស​អើយ អស់​អ្នក​ណា​ដែល​ថ្កោល​ទោស​គេ នោះ​គ្មាន​សេចក្ដី​ដោះ‌សា​ចំពោះ​ខ្លួន​ឡើយ ដ្បិត​ដែល​អ្នក​ថ្កោល​ទោស​គេ នោះ​ឈ្មោះ​ថា​កាត់​ទោស​ខ្លួន​ឯង​ហើយ ពី​ព្រោះ​អ្នក​ឯង​ដែល​ថ្កោល​ទោស​គេ ក៏​ប្រព្រឹត្ត​ដូច​គ្នា​ដែរ តែ​យើង​រាល់​គ្នា​ដឹង​ថា ចំណែក​សេចក្ដី​ជំនុំ‌ជំរះ​របស់​ព្រះ​វិញ នោះ​ត្រូវ​នឹង​សេចក្ដី​ពិត ទាស់​នឹង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ មួយ​ទៀត ឱ​មនុស្ស​អើយ ដែល​អ្នក​ថ្កោល​ទោស ដល់​អស់​អ្នក ដែល​ប្រព្រឹត្ត​ការ​យ៉ាង​នោះ តែ​ខ្លួន​អ្នក​ក៏​ប្រព្រឹត្ត​ដូច្នោះ​ដែរ នោះ​តើ​អ្នក​ស្មាន​ថា​ខ្លួន​អ្នក​នឹង​រួច​ពី​សេចក្ដី​ជំនុំ‌ជំរះ​របស់​ព្រះ​ឬ​អី ឬ​អ្នក​មើល‌ងាយ​សេចក្ដី​សប្បុរស​ដ៏​ឥត​គណនា ព្រម​ទាំង​សេចក្ដី​ទ្រាំ‌ទ្រ នឹង​សេចក្ដី​អត់​ធន់​របស់​ទ្រង់ ដោយ​មិន​ដឹង​ថា សេចក្ដី​សប្បុរស​នៃ​ព្រះ​ទាញ​នាំ​ឲ្យ​អ្នក​បាន​ប្រែ​ចិត្ត​ឬ​អី

ចែក​រំលែក
អាន រ៉ូម 2