រ៉ូម 15:8-13

រ៉ូម 15:8-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​ខ្ញុំ​សូម​ជម្រាប​ថា ព្រះ‌យេស៊ូវ‌គ្រីស្ទ​បាន​ត្រឡប់​ជា​អ្នក​បម្រើ​របស់​ពួក​អ្នក​កាត់​ស្បែក តំណាង​ឲ្យ​សេចក្តី​ពិត​របស់​ព្រះ ដើម្បី​បញ្ជាក់​សេចក្តី​សន្យា ដែល​បាន​ប្រទាន​ដល់​ពួក​បុព្វបុរស ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​ដទៃ​បាន​ថ្វាយ​សិរី‌ល្អ​ដល់​ព្រះ ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គ ដូច​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «ហេតុ​នេះ​បាន​ជា​ទូល​បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​ក្នុង​ចំណោម​ពួក​សាសន៍​ដទៃ ហើយ​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ» ។ មាន​សេចក្តី​មួយ​ចែង​ទៀត​ថា៖ «ពួក​សាសន៍​ដទៃ​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ចុះ» ។ ហើយ​មាន​ចែង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​ជា​សាសន៍​ដទៃ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ចូរ​ឲ្យ​ប្រជា​រាស្ដ្រ​ទាំង​អស់​សរសើរ​តម្កើង​ព្រះ‌អង្គ​ចុះ» ។ មួយ​ទៀត លោក​អេសាយ​ថ្លែង​ថា៖ «នឹង​មាន​ឫស​មួយ​របស់​លោក​អ៊ីសាយ កើត​មក អ្នក​នោះ​នឹង​ឈរ​ឡើង​គ្រប់​គ្រង​ពួក​សាសន៍​ដទៃ ហើយ​ពួក​សាសន៍​ដទៃ​នឹង​សង្ឃឹម​លើ​ព្រះ‌អង្គ» ។ សូម​ព្រះ​នៃ​សេចក្តី​សង្ឃឹម បំពេញ​អ្នក​រាល់​គ្នា​ដោយ​អំណរ និង​សេចក្តី​សុខ​សាន្ត​គ្រប់​យ៉ាង​ដោយ​សារ​ជំនឿ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:8-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ខ្ញុំ​សូម​ជម្រាប​បងប្អូន​ថា ព្រះ‌គ្រិស្ត​បាន​មក​ធ្វើ​ជា​អ្នក​បម្រើ​របស់​សាសន៍​ដែល​កាត់​ស្បែក* ដើម្បី​សម្រេច​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​សន្យា​ចំពោះ​បុព្វបុរស* និង​សម្តែង​ព្រះ‌ហឫទ័យ​សច្ចៈ​របស់​ព្រះអង្គ។ រីឯ​សាសន៍​ដទៃ​វិញ គេ​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដោយ​ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់​គេ ដូច​មាន​ចែង​ទុក​មក​ថា: «ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ប្រកាស​ទទួល ស្គាល់​ព្រះអង្គ​ក្នុង​ចំណោម​ជាតិ​សាសន៍​នានា ហើយ​ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង ព្រះ‌កិត្តិនាម​របស់​ព្រះអង្គ» ​ ។ មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​មាន​អំណរ ជា​មួយ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ!» ​ ។ ហើយ​មាន​ចែង​ទៀត​ថា: «ជាតិ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​កោត​សរសើរ​ព្រះ‌អម្ចាស់ ត្រូវ​ឲ្យ​ប្រជា‌រាស្ត្រ​ផង​ទាំង​ពួង ច្រៀង​សរសើរ​ព្រះអង្គ» ។ ព្យាការី​អេសាយ​ក៏​មាន​ប្រសាសន៍​ថា: «ពូជ​របស់​លោក​អ៊ីសាយ​នឹង​មក​ដល់ ព្រះអង្គ​នឹង​ក្រោក​ឡើង ដើម្បី​ដឹក​នាំ​ជាតិ​សាសន៍​នានា ហើយ​ជាតិ​សាសន៍​ទាំង​នោះ នឹង​សង្ឃឹម​លើ​ព្រះអង្គ» ​ ។ សូម​ព្រះ‌ជា‌ម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សង្ឃឹម ប្រោស​បងប្អូន​ដែល​មាន​ជំនឿ ឲ្យ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ ដើម្បី​ឲ្យ​បងប្អូន​មាន​សង្ឃឹម​យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ដោយ​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:8-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឥឡូវ​ខ្ញុំ​ថា ព្រះ‌យេស៊ូវ​គ្រីស្ទ​ទ្រង់​បាន​ត្រឡប់​ជា​អ្នក​បំរើ ដល់​ពួក​អ្នក​កាត់​ស្បែក ដើម្បី​នឹង​សំដែង​សេចក្ដី​ស្មោះ‌ត្រង់​នៃ​ព្រះ ប្រយោជន៍​នឹង​បញ្ជាក់​សេចក្ដី​សន្យា ដែល​បាន​តាំង​នឹង​ពួក​ឰយុកោ ហើយ​ឲ្យ​ពួក​សាសន៍​ដទៃ បាន​សរសើរ​ដំកើង​ព្រះ​ដែរ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់ តាម​សេចក្ដី​ដែល​ចែង​ទុក​មក​ថា «ហេតុ​នោះ​បាន​ជា​ទូលបង្គំ​នឹង​សរសើរ​ដំកើង​ទ្រង់​ក្នុង​ពួក​សាសន៍​ដទៃ ហើយ​ទូលបង្គំ​នឹង​ច្រៀង​ទំនុក​បរិសុទ្ធ ថ្វាយ​ព្រះ‌នាម​ទ្រង់» ហើយ​មាន​សេចក្ដី​១​ទៀត​ថា «ឱ​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន​អើយ ចូរ​អរ​សប្បាយ​ជា​មួយ​នឹង​រាស្ត្រ​ទ្រង់» ក៏​មាន​១​ទៀត​ថា «ឱ​សាសន៍​ទាំង‌ឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ‌អម្ចាស់ ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ» ក្នុង​បទ​១​ទៀត លោក​អេសាយ​ក៏​មាន​ប្រសាសន៍​ថា «នឹង​មាន​ឫស​របស់​អ៊ីសាយ​១​កើត​ឡើង សំរាប់​នឹង​កាន់‌កាប់​លើ​អស់​ទាំង​សាសន៍​ដទៃ សាសន៍​ទាំង​នោះ​នឹង​យក​ទ្រង់​ជា​ទី​សង្ឃឹម» ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​សង្ឃឹម​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​អស់​ទាំង​សេចក្ដី​អំណរ នឹង​សេចក្ដី​សុខ‌សាន្ត​ដ៏​ពោរ‌ពេញ ដោយ‌សារ​សេចក្ដី​ជំនឿ ប្រយោជន៍​ឲ្យ​បាន​សេចក្ដី​សង្ឃឹម​ជា​បរិបូរ ដោយ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។

ចែក​រំលែក
អាន រ៉ូម 15