រ៉ូម 15:14-33
រ៉ូម 15:14-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកថែមទៀតផង។ ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ ឲ្យបម្រើព្រះគ្រិស្តយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្តយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្តធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ព្រះអង្គសម្តែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្តសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន ។ ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្តនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា: «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់» ។ ការនេះហើយដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ ប៉ុន្តែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង នៅពេលណាខ្ញុំទៅស្រុកអេស្ប៉ាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្តិចមក។ ប៉ុន្តែ ពេលនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ* ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ ខ្ញុំដឹងថា ពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រិស្តមកជាមួយផង ។ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំ ដោយទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំផង ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះ ដោយអំណរ។ ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូនទាំងសប្បាយចិត្ត ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត គង់ជាមួយបងប្អូនទាំងអស់គ្នា! អាម៉ែន!។
រ៉ូម 15:14-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ ក្នុងចំណុចខ្លះ ខ្ញុំបានសរសេរមករំឭកអ្នករាល់គ្នាដោយចិត្តក្លាហាន ដោយសារព្រះគុណដែលព្រះប្រទានមកខ្ញុំ ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។ ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត គឺដូចជាមានសេចក្តីចែងទុកមកថា៖ «អស់អ្នកដែលគ្មានអ្នកណាប្រាប់ដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ហើយអស់អ្នកដែលមិនបានឮអំពីព្រះអង្គ នោះនឹងបានយល់» ។ នេះជាហេតុដែលខ្ញុំខកខានជាច្រើនដង មិនបានមកជួបអ្នករាល់គ្នា។ ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណានៅសល់ក្នុងតំបន់នេះទៀត ហើយដោយខ្ញុំមានចិត្តចង់មកជួបអ្នករាល់គ្នាជាយូរឆ្នាំមកហើយ នោះខ្ញុំសង្ឃឹមថា ពេលខ្ញុំទៅស្រុកអេស្ប៉ាញ ខ្ញុំនឹងឆៀងចូលមកជួបអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានជួយខ្ញុំបន្តដំណើរទៅមុខទៀត ក្រោយពីខ្ញុំបានសប្បាយចិត្តជាមួយអ្នករាល់គ្នាបន្តិចមក។ ប៉ុន្ដែ ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីបម្រើដល់ពួកបរិសុទ្ធសិន ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។ គេពេញចិត្តធ្វើការនេះ ហើយគេជំពាក់ដល់អ្នកទាំងនោះពិតមែន ដ្បិតបើពួកសាសន៍ដទៃបានទទួលចំណែកជាព្រះពរខាងវិញ្ញាណពីពួកគេ នោះគេគួរតែជួយអ្នកទាំងនោះជារបស់ខាងសាច់ឈាមវិញដែរ។ ដូច្នេះ ពេលខ្ញុំបានបំពេញកិច្ចការនេះចប់ គឺបានប្រគល់ប្រាក់ដែលប្រមូលបាននេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ហើយឆៀងមកជួបអ្នករាល់គ្នា ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពោរពេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។ សូមព្រះនៃសេចក្តីសុខសាន្តគង់ជាមួយអ្នករាល់គ្នា។ អាម៉ែន។
រ៉ូម 15:14-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀត ដែលមាន១ផ្នែក សំរាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះទ្រង់បានផ្តល់មកខ្ញុំ ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។ ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្ដីទាំងប៉ុន្មានខាងឯព្រះ ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ ដូចជាមានសេចក្ដីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ» គឺដោយហេតុនោះបានជាខ្ញុំមានសេចក្ដីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរ នៃដំណឹងល្អផងព្រះគ្រីស្ទដ៏ពោរពេញមកដែរ។ តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា សូមឲ្យព្រះនៃសេចក្ដីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា អាម៉ែន។