រ៉ូម 15:14-21

រ៉ូម 15:14-21 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

បងប្អូន​អើយ ខ្ញុំ​ជឿ​ជាក់​ថា បងប្អូន​មាន​ចិត្ត​សប្បុរស​ណាស់ ហើយ​ក៏​មាន​ចំណេះ​ជ្រៅ​ជ្រះ និង​មាន​សមត្ថ‌ភាព​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​ថែម​ទៀត​ផង។ ប៉ុន្តែ នៅ​ត្រង់​ចំណុច​ខ្លះ ខ្ញុំ​សរសេរ​មក​រំឭក​ដាស់​តឿន​បងប្អូន​យ៉ាង​ធ្ងន់ៗ​បន្ដិច ដោយ​សំអាង​លើ​មុខងារ​ ដែល​ព្រះ‌ជា‌ម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ ឲ្យ​បម្រើ​ព្រះគ្រិស្ត‌យេស៊ូ​សម្រាប់​សាសន៍​ដទៃ។ ខ្ញុំ​ប្រកាស​ដំណឹង‌ល្អ​របស់​ព្រះ‌ជា‌ម្ចាស់ ជា​មុខងារ​មួយ​ដ៏​ពិសិដ្ឋ ដើម្បី​នាំ​សាសន៍​ដទៃ​មក​ថ្វាយ​ខ្លួន​ទុក​ជា​តង្វាយ ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ និង​ជា​តង្វាយ​ដែល​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ​ប្រោស​ឲ្យ​វិសុទ្ធ។ ដោយ​ហេតុ​នេះ ខ្ញុំ​បាន​ខ្ពស់​មុខ​ដោយ​រួម​ជា​មួយ​ព្រះគ្រិស្ត‌យេស៊ូ ចំពោះ​កិច្ចការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ‌ជា‌ម្ចាស់​ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​លើក​យក​អ្វី​ផ្សេង​មក​និយាយ ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រិស្ត​ធ្វើ​តាម​រយៈ​ខ្ញុំ ទោះ​បី​តាម​ពាក្យ​សម្ដី​ក្តី ឬ​តាម​កិច្ចការ​ក្តី ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​មក​ស្ដាប់​បង្គាប់​ព្រះ‌ជា‌ម្ចាស់​នោះ​ឡើយ។ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​នៃ​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ព្រះអង្គ​សម្តែង​ឫទ្ធា‌នុភាព​របស់​ព្រះ‌វិញ្ញាណ។ ដូច្នេះ ខ្ញុំ​បាន​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​សព្វ​គ្រប់ នៅ​គ្រប់​ទី​កន្លែង ចាប់​តាំង​ពី​ក្រុង​យេរូ‌សាឡឹម រហូត​ទៅ​ដល់​តំបន់​អ៊ីលី‌រីកុន​ ។ ប៉ុន្តែ ខ្ញុំ​បាន​តាំង​ចិត្ត​ប្រកាស​ដំណឹង‌ល្អ​តែ​នៅ​កន្លែង​ណា​ដែល​គេ​មិន​ទាន់​ឮ​ព្រះ‌នាម​ព្រះ‌គ្រិស្ត​នៅ​ឡើយ ដើម្បី​ចៀស‌វាង​សង់​ពី​លើ​គ្រឹះ​ដែល​អ្នក​ផ្សេង​បាន​ចាក់​រួច​មក​ហើយ គឺ​ឲ្យ​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​មក​ថា: «អស់​អ្នក​ដែល​មិន​ទាន់​បាន​ទទួល​ដំណឹង អំពី​ព្រះអង្គ មុខ​ជា​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​ទាន់​បាន​ឮ មុខ​ជា​បាន​យល់» ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:14-21 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​បង‌ប្អូន​អើយ ខ្លួន​ខ្ញុំ​ផ្ទាល់​ជឿ​ជាក់​ថា អ្នក​រាល់​គ្នា​មាន​សេចក្តី​ល្អ​ពោរ​ពេញ និង​មាន​ពេញ​ដោយ​ចំណេះ​គ្រប់​យ៉ាង ហើយ​អាច​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន។ ប៉ុន្តែ ក្នុង​ចំណុច​ខ្លះ ខ្ញុំ​បាន​សរសេរ​មក​រំឭក​អ្នក​រាល់​គ្នា​ដោយ​ចិត្ត​ក្លាហាន ដោយ​សារ​ព្រះ‌គុណ​ដែល​ព្រះ​ប្រទាន​មក​ខ្ញុំ ឲ្យ​ខ្ញុំ​ធ្វើ​ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ​ដល់​ពួក​សាសន៍​ដទៃ ក្នុង​ការ‌ងារ​ជា​សង្ឃ​នៃ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​នាំ​ពួក​សាសន៍​ដទៃ​ជា​តង្វាយ​ដែល​ព្រះ​សព្វ​ព្រះ‌ហឫ‌ទ័យ ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ។ ដូច្នេះ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ខ្ញុំ​មាន​ហេតុ​នឹង​អួត​អំពី​កិច្ច‌ការ​ដែល​ខ្ញុំ​ធ្វើ​ថ្វាយ​ព្រះ។ ដ្បិត​ខ្ញុំ​មិន​ហ៊ាន​និយាយ​អ្វី ក្រៅ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​តាម​រយៈ​ខ្ញុំ ដើម្បី​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់​ឡើយ ទោះ​ដោយ​ពាក្យ​សម្ដី និង​កិច្ច‌ការ​ក្ដី ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។ ហេតុ​នេះ​បាន​ជា​ខ្ញុំ​ខំ​សង្វាត​នឹង​ប្រកាស​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​ពី​លើ​គ្រឹះ​របស់​អ្នក​ឯ​ទៀត គឺ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «អស់​អ្នក​ដែល​គ្មាន​អ្នក​ណា​ប្រាប់​ដំណឹង​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​ឃើញ ហើយ​អស់​អ្នក​ដែល​មិន​បាន​ឮ​អំពី​ព្រះ‌អង្គ នោះ​នឹង​បាន​យល់» ។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:14-21 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​បង​ប្អូន​អើយ ខ្ញុំ​ជឿ‌ជាក់​ខាង​ឯ​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​មាន​សេចក្ដី​ល្អ​ពេញ‌លេញ​ហើយ ក៏​បាន​ពេញ​ជា​ចំណេះ​គ្រប់​មុខ​ផង អាច​នឹង​ទូន្មាន​គ្នា​ទៅ​វិញ​ទៅ​មក​បាន​ហើយ ហេតុ​ដូច្នេះ បង​ប្អូន​អើយ ខ្ញុំ​ធ្វើ​សំបុត្រ​នេះ​ផ្ញើ​មក​អ្នក​រាល់​គ្នា ដោយ​មាន​ចិត្ត​ក្លៀវ‌ក្លា​លើស​ទៅ​ទៀត ដែល​មាន​១​ផ្នែក សំរាប់​នឹង​រំឭក​ដល់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌គុណ​ដែល​ព្រះ‌ទ្រង់​បាន​ផ្តល់​មក​ខ្ញុំ ឲ្យ​ខ្ញុំ​បាន​ធ្វើ​ជា​ភ្នាក់‌ងារ​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ដល់​ពួក​សាសន៍​ដទៃ ព្រម​ទាំង​ធ្វើ​ការ‌ងារ​បរិសុទ្ធ គឺ​ជា​ការ​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ ដើម្បី​ឲ្យ​ការ​ប្រមូល​ពួក​សាសន៍​ដទៃ បាន​ទុក​ជា​ដង្វាយ​ថ្វាយ​ព្រះ ដែល​ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​ទទួល បាន​ទាំង​ញែក​ចេញ​ជា​បរិសុទ្ធ ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​ផង។ ដូច្នេះ ខ្ញុំ​មាន​ហេតុ​នឹង​អួត​ក្នុង​ព្រះ‌គ្រីស្ទ​យេស៊ូវ ពី​សេចក្ដី​ទាំង​ប៉ុន្មាន​ខាង​ឯ​ព្រះ ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី ទោះ​ដោយ​អំណាច​នៃ​ទី​សំគាល់ ឬ​ការ​អស្ចារ្យ ឬ​ដោយ​ព្រះ‌ចេស្តា​ព្រះ‌វិញ្ញាណ​នៃ​ព្រះ​ក្តី ដល់​ម៉្លេះ​បាន​ជា​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ពី​ព្រះ‌គ្រីស្ទ​ពេញ‌ពាស​ទួទៅ តាំង​ពី​ក្រុង​យេរូ‌សាឡិម ដើរ​វាង​រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន គឺ​យ៉ាង​ដូច្នោះ​ឯង ដែល​ខ្ញុំ​ខំ​សង្វាត​នឹង​ផ្សាយ​ដំណឹង​ល្អ មិន​មែន​នៅ​កន្លែង​ដែល​គេ​បាន​ឮ​ពី​ព្រះ‌នាម​ព្រះ‌គ្រីស្ទ​រួច​ហើយ​នោះ​ទេ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​សង់​លើ​ជើង​ជញ្ជាំង​របស់​គេ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ពួក​អ្នក​ដែល​គ្មាន​អ្នក​ណា​ទៅ​ផ្សាយ​ដំណឹង​ពី​ទ្រង់​ឲ្យ​គេ​ស្តាប់ នោះ​នឹង​ឃើញ ហើយ​ពួក​ដែល​មិន​បាន​ឮ​សោះ នោះ​នឹង​បាន​យល់​វិញ»

ចែក​រំលែក
អាន រ៉ូម 15