រ៉ូម 15:1-6

រ៉ូម 15:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចំពោះ​យើង​ដែល​មាន​ជំនឿ​មាំ‌មួន យើង​មាន​ភារ‌កិច្ច​ជួយ​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ គឺ​មិន​ត្រូវ​ធ្វើ​អ្វី​តាម​តែ​ខ្លួន​ឯង​ពេញ​ចិត្ត​នោះ​ឡើយ។ យើង​ម្នាក់ៗ​តោង​តែ​ខំ​ធ្វើ​ឲ្យ​អ្នក​ដទៃ​ពេញ​ចិត្ត ដើម្បី​ជា​ប្រយោជន៍​ល្អ​ដល់​គេ និង​ជួយ​គេ​ឲ្យ​ចម្រើន​ឡើង​ ដ្បិត​ព្រះ‌គ្រិស្ត​ពុំ​បាន​ស្វែង​រក​អ្វី ដែល​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ផ្ទាល់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ មាន​ចែង​ទុក​មក​ថា «ពាក្យ​ត្មះ‌តិះ‌ដៀល​របស់​អស់​អ្នក​ដែល​តិះ‌ដៀល​ព្រះអង្គ បាន​ធ្លាក់​មក​លើ​ទូលបង្គំ» ​ ។ អ្វីៗ​ដែល​មាន​ចែង​ទុក​ពី​មុន​មក គឺ​ចែង​ទុក​សម្រាប់​អប់រំ​យើង។ ដោយ​គម្ពីរ​ជួយ​សម្រាល​ទុក្ខ​យើង និង​ឲ្យ​យើង​ចេះ​ស៊ូ‌ទ្រាំ យើង​មាន​សេចក្ដី​សង្ឃឹម។ សូម​ព្រះ‌ជា‌ម្ចាស់​ដែល​ជួយ​សម្រាល​ទុក្ខ និង​ជួយ​ឲ្យ​ចេះ​ស៊ូ​ទ្រាំ ប្រោស​ប្រទាន​ឲ្យ​បងប្អូន​រួម​គ្នា មាន​ចិត្ត​គំនិត​តែ​មួយ ស្រប​តាម​ព្រះគ្រិស្ត‌យេស៊ូ ដើម្បី​ឲ្យ​បងប្អូន​មាន​ចិត្ត​ថ្លើម​តែ​មួយ មាន​សំឡេង​តែ​មួយ លើក​តម្កើង​សិរី‌រុងរឿង​ព្រះ‌ជា‌ម្ចាស់ ជា​ព្រះ‌បិតា​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត ជា​អម្ចាស់​នៃ​យើង។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

យើង​ដែល​ជា​អ្នក​រឹង​មាំ គួរ​តែ​ទ្រាំ‌ទ្រ​នឹង​ភាព​ទន់​ខ្សោយ​របស់​អ្នក​ដែល​មិន​រឹង​មាំ ហើយ​មិន​ត្រូវ​បំពេញ​តែ​ចិត្ត​ខ្លួន​ឯង​ឡើយ។ យើង​ម្នាក់ៗ​ត្រូវ​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន ដើម្បី​ជា​ការ​ល្អ​សម្រាប់​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ​មិន​បាន​បំពេញ​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​ផ្ទាល់​ទេ តែ​ដូច​ជា​មាន​សេចក្តី​ចែង​ទុក​មក​ថា៖ «សេចក្តី​ដំនៀល​របស់​អស់​អ្នក​ដែល​ត្មះ‌តិះ‌ដៀល​ព្រះ‌អង្គ បាន​ធ្លាក់​មក​លើ​ទូល​បង្គំ» ។ ដ្បិត​សេចក្តី​ដែល​បាន​ចែង​ទុក​ពី​មុន​មក នោះ​បាន​ចែង​ទុក​សម្រាប់​អប់រំ​យើង ដើម្បី​ឲ្យ​យើង​មាន​សង្ឃឹម ដោយ​ការ​ស៊ូទ្រាំ និង​ដោយ​ការ​លើក​ទឹក​ចិត្ត​ពី​បទគម្ពីរ។ សូម​ព្រះ​នៃ​ការ​ស៊ូ​ទ្រាំ និង​ការ​លើក​ទឹក​ចិត្ត ទ្រង់​ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​រស់​នៅ​ដោយ​ចុះ​សម្រុង​គ្នា​ទៅ​វិញ​ទៅ​មក ស្រប​តាម​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​ជា​សំឡេង​តែ​មួយ ថ្វាយ​សិរី​ល្អ​ដល់​ព្រះ និង​ជា​ព្រះ‌វរបិតា​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង។

ចែក​រំលែក
អាន រ៉ូម 15

រ៉ូម 15:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គួរ​តែ​ឲ្យ​យើង​រាល់​គ្នា ដែល​មាន​កំឡាំង បាន​ទ្រាំ‌ទ្រ​នឹង​សេចក្ដី​កំសោយ របស់​ពួក​អ្នក​ដែល​គ្មាន​កំឡាំង​វិញ ឥត​បំពេញ​ចិត្ត​ខ្លួន​យើង​ឡើយ ត្រូវ​ឲ្យ​យើង​ទាំង​អស់​គ្នា​បំពេញ​ចិត្ត​អ្នក​ជិត​ខាង​ខ្លួន សំរាប់​ជា​សេចក្ដី​ល្អ ឲ្យ​បាន​ស្អាង​ចិត្ត​ឡើង ដ្បិត​ព្រះ‌គ្រីស្ទ ទ្រង់​មិន​បាន​បំពេញ​ព្រះ‌ហឫទ័យ​ទ្រង់​ដែរ ដូច​ជា​មាន​សេចក្ដី​ចែង​ទុក​មក​ថា «សេចក្ដី​ដំនៀល​ដែល​គេ​ត្មះ‌តិះដៀល​ទ្រង់ នោះ​បាន​ធ្លាក់​មក​លើ​ទូលបង្គំ​វិញ» ដ្បិត​អស់​ទាំង​សេចក្ដី​ដែល​បាន​ចែង​ទុក​មក​ជា​មុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់​គ្នា ដើម្បី​ឲ្យ​យើង​បាន​សេចក្ដី​សង្ឃឹម ដោយ​សេចក្ដី​អត់​ធន់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ដោយ‌សារ​គម្ពីរ ឥឡូវ​នេះ សូម​ព្រះ​នៃ​សេចក្ដី​អត់‌ធ្មត់ នឹង​សេចក្ដី​កំសាន្ត​ចិត្ត ទ្រង់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​គំនិត​តែ​១ តាម​ព្រះ‌គ្រីស្ទ​យេស៊ូវ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរ​ដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរ‌បិតា​នៃ​ព្រះ‌យេស៊ូវ​គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​រាល់​គ្នា

ចែក​រំលែក
អាន រ៉ូម 15

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ