រ៉ូម 15:1-33
រ៉ូម 15:1-33 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
យើងដែលជាអ្នករឹងមាំ គួរតែទ្រាំទ្រនឹងភាពទន់ខ្សោយរបស់អ្នកដែលមិនរឹងមាំ ហើយមិនត្រូវបំពេញតែចិត្តខ្លួនឯងឡើយ។ យើងម្នាក់ៗត្រូវបំពេញចិត្តអ្នកជិតខាងខ្លួន ដើម្បីជាការល្អសម្រាប់ស្អាងចិត្តឡើង ដ្បិតព្រះគ្រីស្ទមិនបានបំពេញព្រះហឫទ័យព្រះអង្គផ្ទាល់ទេ តែដូចជាមានសេចក្តីចែងទុកមកថា៖ «សេចក្តីដំនៀលរបស់អស់អ្នកដែលត្មះតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ» ។ ដ្បិតសេចក្តីដែលបានចែងទុកពីមុនមក នោះបានចែងទុកសម្រាប់អប់រំយើង ដើម្បីឲ្យយើងមានសង្ឃឹម ដោយការស៊ូទ្រាំ និងដោយការលើកទឹកចិត្តពីបទគម្ពីរ។ សូមព្រះនៃការស៊ូទ្រាំ និងការលើកទឹកចិត្ត ទ្រង់ប្រោសប្រទានឲ្យអ្នករាល់គ្នារស់នៅដោយចុះសម្រុងគ្នាទៅវិញទៅមក ស្របតាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងជាសំឡេងតែមួយ ថ្វាយសិរីល្អដល់ព្រះ និងជាព្រះវរបិតារបស់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង។ ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ដូចព្រះគ្រីស្ទបានទទួលយើងដែរ សម្រាប់ជាសិរីល្អរបស់ព្រះ។ ដ្បិតខ្ញុំសូមជម្រាបថា ព្រះយេស៊ូវគ្រីស្ទបានត្រឡប់ជាអ្នកបម្រើរបស់ពួកអ្នកកាត់ស្បែក តំណាងឲ្យសេចក្តីពិតរបស់ព្រះ ដើម្បីបញ្ជាក់សេចក្តីសន្យា ដែលបានប្រទានដល់ពួកបុព្វបុរស ហើយដើម្បីឲ្យពួកសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះ ដោយព្រោះព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ដូចមានសេចក្តីចែងទុកមកថា៖ «ហេតុនេះបានជាទូលបង្គំនឹងសរសើរតម្កើងព្រះអង្គក្នុងចំណោមពួកសាសន៍ដទៃ ហើយច្រៀងសរសើរព្រះនាមព្រះអង្គ» ។ មានសេចក្តីមួយចែងទៀតថា៖ «ពួកសាសន៍ដទៃអើយ ចូរអរសប្បាយជាមួយប្រជារាស្ត្ររបស់ព្រះអង្គចុះ» ។ ហើយមានចែងទៀតថា៖ «អ្នករាល់គ្នាជាសាសន៍ដទៃអើយ ចូរសរសើរដល់ព្រះអម្ចាស់ ចូរឲ្យប្រជារាស្ដ្រទាំងអស់សរសើរតម្កើងព្រះអង្គចុះ» ។ មួយទៀត លោកអេសាយថ្លែងថា៖ «នឹងមានឫសមួយរបស់លោកអ៊ីសាយ កើតមក អ្នកនោះនឹងឈរឡើងគ្រប់គ្រងពួកសាសន៍ដទៃ ហើយពួកសាសន៍ដទៃនឹងសង្ឃឹមលើព្រះអង្គ» ។ សូមព្រះនៃសេចក្តីសង្ឃឹម បំពេញអ្នករាល់គ្នាដោយអំណរ និងសេចក្តីសុខសាន្តគ្រប់យ៉ាងដោយសារជំនឿ ដើម្បីឲ្យអ្នករាល់គ្នាមានសង្ឃឹមជាបរិបូរ ដោយព្រះចេស្តារបស់ព្រះវិញ្ញាណបរិសុទ្ធ។ ឱបងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ជឿជាក់ថា អ្នករាល់គ្នាមានសេចក្តីល្អពោរពេញ និងមានពេញដោយចំណេះគ្រប់យ៉ាង ហើយអាចទូន្មានគ្នាទៅវិញទៅមកបាន។ ប៉ុន្តែ ក្នុងចំណុចខ្លះ ខ្ញុំបានសរសេរមករំឭកអ្នករាល់គ្នាដោយចិត្តក្លាហាន ដោយសារព្រះគុណដែលព្រះប្រទានមកខ្ញុំ ឲ្យខ្ញុំធ្វើជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទដល់ពួកសាសន៍ដទៃ ក្នុងការងារជាសង្ឃនៃដំណឹងល្អរបស់ព្រះ ដើម្បីនាំពួកសាសន៍ដទៃជាតង្វាយដែលព្រះសព្វព្រះហឫទ័យ ទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធ។ ដូច្នេះ ក្នុងព្រះគ្រីស្ទយេស៊ូវ ខ្ញុំមានហេតុនឹងអួតអំពីកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះ។ ដ្បិតខ្ញុំមិនហ៊ាននិយាយអ្វី ក្រៅពីការដែលព្រះគ្រីស្ទបានធ្វើតាមរយៈខ្ញុំ ដើម្បីនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ឡើយ ទោះដោយពាក្យសម្ដី និងកិច្ចការក្ដី ដោយអំណាចនៃទីសម្គាល់ និងការអស្ចារ្យក្ដី ដោយសារព្រះចេស្តានៃព្រះវិញ្ញាណរបស់ព្រះ ដើម្បីឲ្យខ្ញុំបានផ្សាយដំណឹងល្អរបស់ព្រះគ្រីស្ទនៅគ្រប់ទីកន្លែង ចាប់ពីក្រុងយេរូសាឡិម រហូតទៅដល់ស្រុកអ៊ីលីរីកុន។ ហេតុនេះបានជាខ្ញុំខំសង្វាតនឹងប្រកាសដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់ពីលើគ្រឹះរបស់អ្នកឯទៀត គឺដូចជាមានសេចក្តីចែងទុកមកថា៖ «អស់អ្នកដែលគ្មានអ្នកណាប្រាប់ដំណឹងអំពីព្រះអង្គ នោះនឹងបានឃើញ ហើយអស់អ្នកដែលមិនបានឮអំពីព្រះអង្គ នោះនឹងបានយល់» ។ នេះជាហេតុដែលខ្ញុំខកខានជាច្រើនដង មិនបានមកជួបអ្នករាល់គ្នា។ ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណានៅសល់ក្នុងតំបន់នេះទៀត ហើយដោយខ្ញុំមានចិត្តចង់មកជួបអ្នករាល់គ្នាជាយូរឆ្នាំមកហើយ នោះខ្ញុំសង្ឃឹមថា ពេលខ្ញុំទៅស្រុកអេស្ប៉ាញ ខ្ញុំនឹងឆៀងចូលមកជួបអ្នករាល់គ្នា ហើយឲ្យអ្នករាល់គ្នាបានជួយខ្ញុំបន្តដំណើរទៅមុខទៀត ក្រោយពីខ្ញុំបានសប្បាយចិត្តជាមួយអ្នករាល់គ្នាបន្តិចមក។ ប៉ុន្ដែ ឥឡូវនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡិម ដើម្បីបម្រើដល់ពួកបរិសុទ្ធសិន ដ្បិតបងប្អូនស្រុកម៉ាសេដូន និងស្រុកអាខៃ គេពេញចិត្តនឹងរួមចំណែកជួយដល់បងប្អូនក្រីក្រ ក្នុងចំណោមពួកបរិសុទ្ធនៅក្រុងយេរូសាឡិម។ គេពេញចិត្តធ្វើការនេះ ហើយគេជំពាក់ដល់អ្នកទាំងនោះពិតមែន ដ្បិតបើពួកសាសន៍ដទៃបានទទួលចំណែកជាព្រះពរខាងវិញ្ញាណពីពួកគេ នោះគេគួរតែជួយអ្នកទាំងនោះជារបស់ខាងសាច់ឈាមវិញដែរ។ ដូច្នេះ ពេលខ្ញុំបានបំពេញកិច្ចការនេះចប់ គឺបានប្រគល់ប្រាក់ដែលប្រមូលបាននេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ហើយឆៀងមកជួបអ្នករាល់គ្នា ហើយខ្ញុំដឹងថា ពេលខ្ញុំមកជួបអ្នករាល់គ្នា ខ្ញុំនឹងមានព្រះពរដ៏ពោរពេញរបស់ព្រះគ្រីស្ទមកជាមួយដែរ។ បងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ក្នុងព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា ចូរខំប្រឹងជាមួយខ្ញុំក្នុងការអធិស្ឋានដល់ព្រះសម្រាប់ខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីពួកអ្នកមិនជឿនៅស្រុកយូដា ហើយឲ្យពួកបរិសុទ្ធនៅក្រុងយេរូសាឡិម បានទទួលការបម្រើរបស់ខ្ញុំ ប្រយោជន៍ឲ្យខ្ញុំបានមកជួបអ្នករាល់គ្នាដោយអំណរ ដោយព្រះហឫទ័យរបស់ព្រះ និងបានសម្រាកជាមួយអ្នករាល់គ្នា។ សូមព្រះនៃសេចក្តីសុខសាន្តគង់ជាមួយអ្នករាល់គ្នា។ អាម៉ែន។
រ៉ូម 15:1-33 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចំពោះយើងដែលមានជំនឿមាំមួន យើងមានភារកិច្ចជួយអ្នកដែលមានជំនឿទន់ខ្សោយ គឺមិនត្រូវធ្វើអ្វីតាមតែខ្លួនឯងពេញចិត្តនោះឡើយ។ យើងម្នាក់ៗតោងតែខំធ្វើឲ្យអ្នកដទៃពេញចិត្ត ដើម្បីជាប្រយោជន៍ល្អដល់គេ និងជួយគេឲ្យចម្រើនឡើង ដ្បិតព្រះគ្រិស្តពុំបានស្វែងរកអ្វី ដែលធ្វើឲ្យគាប់ព្រះហឫទ័យរបស់ព្រះអង្គផ្ទាល់នោះឡើយ ផ្ទុយទៅវិញ មានចែងទុកមកថា «ពាក្យត្មះតិះដៀលរបស់អស់អ្នកដែលតិះដៀលព្រះអង្គ បានធ្លាក់មកលើទូលបង្គំ» ។ អ្វីៗដែលមានចែងទុកពីមុនមក គឺចែងទុកសម្រាប់អប់រំយើង។ ដោយគម្ពីរជួយសម្រាលទុក្ខយើង និងឲ្យយើងចេះស៊ូទ្រាំ យើងមានសេចក្ដីសង្ឃឹម។ សូមព្រះជាម្ចាស់ដែលជួយសម្រាលទុក្ខ និងជួយឲ្យចេះស៊ូទ្រាំ ប្រោសប្រទានឲ្យបងប្អូនរួមគ្នា មានចិត្តគំនិតតែមួយ ស្របតាមព្រះគ្រិស្តយេស៊ូ ដើម្បីឲ្យបងប្អូនមានចិត្តថ្លើមតែមួយ មានសំឡេងតែមួយ លើកតម្កើងសិរីរុងរឿងព្រះជាម្ចាស់ ជាព្រះបិតារបស់ព្រះយេស៊ូគ្រិស្ត ជាអម្ចាស់នៃយើង។ ដូច្នេះ ត្រូវទទួលគ្នាទៅវិញទៅមកដោយរាក់ទាក់ ឲ្យដូចព្រះគ្រិស្តទទួលបងប្អូនដែរ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់។ ខ្ញុំសូមជម្រាបបងប្អូនថា ព្រះគ្រិស្តបានមកធ្វើជាអ្នកបម្រើរបស់សាសន៍ដែលកាត់ស្បែក* ដើម្បីសម្រេចតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានសន្យាចំពោះបុព្វបុរស* និងសម្តែងព្រះហឫទ័យសច្ចៈរបស់ព្រះអង្គ។ រីឯសាសន៍ដទៃវិញ គេលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ដោយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់គេ ដូចមានចែងទុកមកថា: «ហេតុនេះហើយបានជាទូលបង្គំប្រកាសទទួល ស្គាល់ព្រះអង្គក្នុងចំណោមជាតិសាសន៍នានា ហើយទូលបង្គំនឹងច្រៀងលើកតម្កើង ព្រះកិត្តិនាមរបស់ព្រះអង្គ» ។ មានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរមានអំណរ ជាមួយប្រជារាស្ត្ររបស់ព្រះអង្គទៅ!» ។ ហើយមានចែងទៀតថា: «ជាតិសាសន៍ទាំងឡាយអើយ ចូរកោតសរសើរព្រះអម្ចាស់ ត្រូវឲ្យប្រជារាស្ត្រផងទាំងពួង ច្រៀងសរសើរព្រះអង្គ» ។ ព្យាការីអេសាយក៏មានប្រសាសន៍ថា: «ពូជរបស់លោកអ៊ីសាយនឹងមកដល់ ព្រះអង្គនឹងក្រោកឡើង ដើម្បីដឹកនាំជាតិសាសន៍នានា ហើយជាតិសាសន៍ទាំងនោះ នឹងសង្ឃឹមលើព្រះអង្គ» ។ សូមព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសង្ឃឹម ប្រោសបងប្អូនដែលមានជំនឿ ឲ្យបានពោរពេញដោយអំណរ និងសេចក្ដីសុខសាន្តគ្រប់ប្រការ ដើម្បីឲ្យបងប្អូនមានសង្ឃឹមយ៉ាងបរិបូណ៌ហូរហៀរ ដោយឫទ្ធានុភាពរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ បងប្អូនអើយ ខ្ញុំជឿជាក់ថា បងប្អូនមានចិត្តសប្បុរសណាស់ ហើយក៏មានចំណេះជ្រៅជ្រះ និងមានសមត្ថភាពអាចទូន្មានគ្នាទៅវិញទៅមកថែមទៀតផង។ ប៉ុន្តែ នៅត្រង់ចំណុចខ្លះ ខ្ញុំសរសេរមករំឭកដាស់តឿនបងប្អូនយ៉ាងធ្ងន់ៗបន្ដិច ដោយសំអាងលើមុខងារ ដែលព្រះជាម្ចាស់ប្រោសប្រទានមកខ្ញុំ ឲ្យបម្រើព្រះគ្រិស្តយេស៊ូសម្រាប់សាសន៍ដទៃ។ ខ្ញុំប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ ជាមុខងារមួយដ៏ពិសិដ្ឋ ដើម្បីនាំសាសន៍ដទៃមកថ្វាយខ្លួនទុកជាតង្វាយ ដែលគាប់ព្រះហឫទ័យព្រះអង្គ និងជាតង្វាយដែលព្រះវិញ្ញាណដ៏វិសុទ្ធប្រោសឲ្យវិសុទ្ធ។ ដោយហេតុនេះ ខ្ញុំបានខ្ពស់មុខដោយរួមជាមួយព្រះគ្រិស្តយេស៊ូ ចំពោះកិច្ចការដែលខ្ញុំធ្វើថ្វាយព្រះជាម្ចាស់ ដ្បិតខ្ញុំមិនហ៊ានលើកយកអ្វីផ្សេងមកនិយាយ ក្រៅពីការដែលព្រះគ្រិស្តធ្វើតាមរយៈខ្ញុំ ទោះបីតាមពាក្យសម្ដីក្តី ឬតាមកិច្ចការក្តី ដើម្បីនាំសាសន៍ដទៃឲ្យមកស្ដាប់បង្គាប់ព្រះជាម្ចាស់នោះឡើយ។ ព្រះអង្គសម្តែងឫទ្ធានុភាពនៃទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ ព្រះអង្គសម្តែងឫទ្ធានុភាពរបស់ព្រះវិញ្ញាណ។ ដូច្នេះ ខ្ញុំបានផ្សព្វផ្សាយដំណឹងល្អរបស់ព្រះគ្រិស្តសព្វគ្រប់ នៅគ្រប់ទីកន្លែង ចាប់តាំងពីក្រុងយេរូសាឡឹម រហូតទៅដល់តំបន់អ៊ីលីរីកុន ។ ប៉ុន្តែ ខ្ញុំបានតាំងចិត្តប្រកាសដំណឹងល្អតែនៅកន្លែងណាដែលគេមិនទាន់ឮព្រះនាមព្រះគ្រិស្តនៅឡើយ ដើម្បីចៀសវាងសង់ពីលើគ្រឹះដែលអ្នកផ្សេងបានចាក់រួចមកហើយ គឺឲ្យបានស្របតាមសេចក្ដីដែលមានចែងទុកមកថា: «អស់អ្នកដែលមិនទាន់បានទទួលដំណឹង អំពីព្រះអង្គ មុខជាឃើញ ហើយអស់អ្នកដែលមិនទាន់បានឮ មុខជាបានយល់» ។ ការនេះហើយដែលធ្វើឲ្យខ្ញុំខកខានជាច្រើនដង មិនបានមកសួរសុខទុក្ខបងប្អូន។ ប៉ុន្តែ ឥឡូវកិច្ចការរបស់ខ្ញុំក្នុងភូមិភាគទាំងនេះចប់សព្វគ្រប់ហើយ។ ម្យ៉ាងទៀត តាំងពីយូរឆ្នាំមកហើយ ខ្ញុំមានបំណងមកសួរសុខទុក្ខបងប្អូនជាខ្លាំង នៅពេលណាខ្ញុំទៅស្រុកអេស្ប៉ាញ។ ខ្ញុំសង្ឃឹមថានឹងបានឆៀងចូលមកជួបបងប្អូន ដើម្បីឲ្យបងប្អូនជួយខ្ញុំបន្តដំណើរទៅស្រុកនោះ ក្រោយពីខ្ញុំបានសប្បាយចិត្ត ស្នាក់នៅជាមួយបងប្អូនបន្តិចមក។ ប៉ុន្តែ ពេលនេះ ខ្ញុំធ្វើដំណើរទៅក្រុងយេរូសាឡឹម ដើម្បីបម្រើប្រជាជនដ៏វិសុទ្ធ* ដ្បិតបងប្អូននៅស្រុកម៉ាសេដូន និងស្រុកអាខៃ បានមូលមតិគ្នាចូលប្រាក់ទៅជួយបងប្អូនក្រីក្រ ក្នុងចំណោមប្រជាជនដ៏វិសុទ្ធ នៅក្រុងយេរូសាឡឹម។ បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ ខ្ញុំដឹងថា ពេលខ្ញុំមករកបងប្អូននោះ ខ្ញុំមានទាំងព្រះពរគ្រប់យ៉ាងរបស់ព្រះគ្រិស្តមកជាមួយផង ។ បងប្អូនអើយ ខ្ញុំសូមដាស់តឿនបងប្អូន ក្នុងនាមព្រះយេស៊ូគ្រិស្តជាអម្ចាស់នៃយើង និងដោយសេចក្ដីស្រឡាញ់ដែលមកពីព្រះវិញ្ញាណថា សូមតយុទ្ធជាមួយខ្ញុំ ដោយទូលអង្វរព្រះជាម្ចាស់ឲ្យខ្ញុំផង ដើម្បីឲ្យខ្ញុំរួចផុតពីកណ្ដាប់ដៃរបស់អ្នកស្រុកយូដាដែលមិនជឿ និងដើម្បីឲ្យប្រជាជនដ៏វិសុទ្ធនៅក្រុងយេរូសាឡឹមបានទទួលជំនួយដែលខ្ញុំនាំយកទៅនោះ ដោយអំណរ។ ដូច្នេះ ខ្ញុំនឹងមកដល់បងប្អូនទាំងសប្បាយចិត្ត ហើយប្រសិនបើព្រះជាម្ចាស់សព្វព្រះហឫទ័យ ខ្ញុំនឹងសម្រាកនៅជាមួយបងប្អូន។ សូមព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត គង់ជាមួយបងប្អូនទាំងអស់គ្នា! អាម៉ែន!។
រ៉ូម 15:1-33 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
គួរតែឲ្យយើងរាល់គ្នា ដែលមានកំឡាំង បានទ្រាំទ្រនឹងសេចក្ដីកំសោយ របស់ពួកអ្នកដែលគ្មានកំឡាំងវិញ ឥតបំពេញចិត្តខ្លួនយើងឡើយ ត្រូវឲ្យយើងទាំងអស់គ្នាបំពេញចិត្តអ្នកជិតខាងខ្លួន សំរាប់ជាសេចក្ដីល្អ ឲ្យបានស្អាងចិត្តឡើង ដ្បិតព្រះគ្រីស្ទ ទ្រង់មិនបានបំពេញព្រះហឫទ័យទ្រង់ដែរ ដូចជាមានសេចក្ដីចែងទុកមកថា «សេចក្ដីដំនៀលដែលគេត្មះតិះដៀលទ្រង់ នោះបានធ្លាក់មកលើទូលបង្គំវិញ» ដ្បិតអស់ទាំងសេចក្ដីដែលបានចែងទុកមកជាមុន នោះបានចែងសំរាប់នឹងបង្រៀនដល់យើងរាល់គ្នា ដើម្បីឲ្យយើងបានសេចក្ដីសង្ឃឹម ដោយសេចក្ដីអត់ធន់ នឹងសេចក្ដីកំសាន្តចិត្ត ដោយសារគម្ពីរ ឥឡូវនេះ សូមព្រះនៃសេចក្ដីអត់ធ្មត់ នឹងសេចក្ដីកំសាន្តចិត្ត ទ្រង់ប្រទានឲ្យអ្នករាល់គ្នាមានគំនិតតែ១ តាមព្រះគ្រីស្ទយេស៊ូវ ដើម្បីឲ្យអ្នករាល់គ្នាព្រមព្រៀងមូលមាត់តែមួយនឹងសរសើរដំកើង ដល់ព្រះដ៏ជាព្រះវរបិតានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ដូច្នេះ ចូរទទួលគ្នាទៅវិញទៅមក ដូចជាព្រះគ្រីស្ទបានទទួលយើងដែរ សំរាប់នឹងសរសើរដល់ព្រះចុះ។ ឥឡូវខ្ញុំថា ព្រះយេស៊ូវគ្រីស្ទទ្រង់បានត្រឡប់ជាអ្នកបំរើ ដល់ពួកអ្នកកាត់ស្បែក ដើម្បីនឹងសំដែងសេចក្ដីស្មោះត្រង់នៃព្រះ ប្រយោជន៍នឹងបញ្ជាក់សេចក្ដីសន្យា ដែលបានតាំងនឹងពួកឰយុកោ ហើយឲ្យពួកសាសន៍ដទៃ បានសរសើរដំកើងព្រះដែរ ដោយព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ តាមសេចក្ដីដែលចែងទុកមកថា «ហេតុនោះបានជាទូលបង្គំនឹងសរសើរដំកើងទ្រង់ក្នុងពួកសាសន៍ដទៃ ហើយទូលបង្គំនឹងច្រៀងទំនុកបរិសុទ្ធ ថ្វាយព្រះនាមទ្រង់» ហើយមានសេចក្ដី១ទៀតថា «ឱសាសន៍ដទៃទាំងប៉ុន្មានអើយ ចូរអរសប្បាយជាមួយនឹងរាស្ត្រទ្រង់» ក៏មាន១ទៀតថា «ឱសាសន៍ទាំងឡាយអើយ ចូរសរសើរដល់ព្រះអម្ចាស់ ឱជនរាល់គ្នាអើយ ចូរដំកើងទ្រង់ចុះ» ក្នុងបទ១ទៀត លោកអេសាយក៏មានប្រសាសន៍ថា «នឹងមានឫសរបស់អ៊ីសាយ១កើតឡើង សំរាប់នឹងកាន់កាប់លើអស់ទាំងសាសន៍ដទៃ សាសន៍ទាំងនោះនឹងយកទ្រង់ជាទីសង្ឃឹម» ឥឡូវនេះ សូមព្រះនៃសេចក្ដីសង្ឃឹមប្រទានឲ្យអ្នករាល់គ្នាបានគ្រប់អស់ទាំងសេចក្ដីអំណរ នឹងសេចក្ដីសុខសាន្តដ៏ពោរពេញ ដោយសារសេចក្ដីជំនឿ ប្រយោជន៍ឲ្យបានសេចក្ដីសង្ឃឹមជាបរិបូរ ដោយព្រះចេស្តានៃព្រះវិញ្ញាណបរិសុទ្ធ។ ឱបងប្អូនអើយ ខ្ញុំជឿជាក់ខាងឯអ្នករាល់គ្នាថា អ្នករាល់គ្នាមានសេចក្ដីល្អពេញលេញហើយ ក៏បានពេញជាចំណេះគ្រប់មុខផង អាចនឹងទូន្មានគ្នាទៅវិញទៅមកបានហើយ ហេតុដូច្នេះ បងប្អូនអើយ ខ្ញុំធ្វើសំបុត្រនេះផ្ញើមកអ្នករាល់គ្នា ដោយមានចិត្តក្លៀវក្លាលើសទៅទៀត ដែលមាន១ផ្នែក សំរាប់នឹងរំឭកដល់អ្នករាល់គ្នា ដោយសារព្រះគុណដែលព្រះទ្រង់បានផ្តល់មកខ្ញុំ ឲ្យខ្ញុំបានធ្វើជាភ្នាក់ងារនៃព្រះយេស៊ូវគ្រីស្ទ ដល់ពួកសាសន៍ដទៃ ព្រមទាំងធ្វើការងារបរិសុទ្ធ គឺជាការផ្សាយដំណឹងល្អរបស់ព្រះ ដើម្បីឲ្យការប្រមូលពួកសាសន៍ដទៃ បានទុកជាដង្វាយថ្វាយព្រះ ដែលទ្រង់សព្វព្រះហឫទ័យទទួល បានទាំងញែកចេញជាបរិសុទ្ធ ដោយព្រះវិញ្ញាណបរិសុទ្ធផង។ ដូច្នេះ ខ្ញុំមានហេតុនឹងអួតក្នុងព្រះគ្រីស្ទយេស៊ូវ ពីសេចក្ដីទាំងប៉ុន្មានខាងឯព្រះ ព្រោះខ្ញុំមិនហ៊ាននិយាយពីការអ្វី លើកតែពីការដែលព្រះគ្រីស្ទបានធ្វើដោយសារខ្ញុំប៉ុណ្ណោះទេ គឺជាការនាំសាសន៍ដទៃឲ្យស្តាប់បង្គាប់ ទោះដោយពាក្យសំដី ឬការធ្វើក្តី ទោះដោយអំណាចនៃទីសំគាល់ ឬការអស្ចារ្យ ឬដោយព្រះចេស្តាព្រះវិញ្ញាណនៃព្រះក្តី ដល់ម៉្លេះបានជាខ្ញុំបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទពេញពាសទួទៅ តាំងពីក្រុងយេរូសាឡិម ដើរវាងរហូតទៅដល់ស្រុកអ៊ីលីរីកុន គឺយ៉ាងដូច្នោះឯង ដែលខ្ញុំខំសង្វាតនឹងផ្សាយដំណឹងល្អ មិនមែននៅកន្លែងដែលគេបានឮពីព្រះនាមព្រះគ្រីស្ទរួចហើយនោះទេ ដើម្បីកុំឲ្យខ្ញុំសង់លើជើងជញ្ជាំងរបស់គេ ដូចជាមានសេចក្ដីចែងទុកមកថា «ពួកអ្នកដែលគ្មានអ្នកណាទៅផ្សាយដំណឹងពីទ្រង់ឲ្យគេស្តាប់ នោះនឹងឃើញ ហើយពួកដែលមិនបានឮសោះ នោះនឹងបានយល់វិញ» គឺដោយហេតុនោះបានជាខ្ញុំមានសេចក្ដីឃាត់ឃាំងជាច្រើនដង មិនឲ្យខ្ញុំមកឯអ្នករាល់គ្នា ប៉ុន្តែ ឥឡូវនេះ ដោយគ្មានកន្លែងណាសល់ នៅស្រុកទាំងនេះទៀត ហើយដោយខ្ញុំមានចិត្តរឭកចង់មកឯអ្នករាល់គ្នាជាយូរឆ្នាំមកហើយផង បានជាកាលណាខ្ញុំទៅឯស្រុកអេស្ប៉ាញ នោះខ្ញុំនឹងចូលមកសួរអ្នករាល់គ្នា ដ្បិតខ្ញុំសង្ឃឹមថា នឹងឃើញអ្នករាល់គ្នាតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាបានជួយដំណើរខ្ញុំទៅមុខទៀត គឺក្នុងគ្រាក្រោយដែលបានពេញចិត្តនឹងអ្នករាល់គ្នាបន្តិច តែឥឡូវនេះ ខ្ញុំឡើងទៅឯក្រុងយេរូសាឡិម ដើម្បីនឹងជួយដល់ពួកបរិសុទ្ធសិន ដ្បិតពួកស្រុកម៉ាសេដូន នឹងស្រុកអាខៃ គេសុខចិត្តរៃគ្នា ផ្ញើទៅជួយដល់ពួកអ្នកក្រីក្រ ក្នុងពួកបរិសុទ្ធនៅក្រុងយេរូសាឡិម គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា ហើយខ្ញុំដឹងថា ដែលខ្ញុំមកឯអ្នករាល់គ្នា នោះខ្ញុំនឹងនាំទាំងព្រះពរ នៃដំណឹងល្អផងព្រះគ្រីស្ទដ៏ពោរពេញមកដែរ។ តែបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នា ដោយនូវព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា ហើយដោយនូវសេចក្ដីស្រឡាញ់នៃព្រះវិញ្ញាណថា ចូរអ្នករាល់គ្នាខំប្រឹងអធិស្ឋាន ដល់ព្រះជាមួយនឹងខ្ញុំ ដើម្បីឲ្យខ្ញុំបានរួចពីពួកមនុស្សមិនជឿនៅស្រុកយូដា ហើយឲ្យការដែលខ្ញុំទៅធ្វើនៅក្រុងយេរូសាឡិម បានគាប់ចិត្តដល់ពួកបរិសុទ្ធផង ប្រយោជន៍ឲ្យខ្ញុំមកឯអ្នករាល់គ្នា ដោយអំណរតាមព្រះហឫទ័យព្រះ ហើយឲ្យខ្ញុំបានលំហើយចិត្តជាមួយនឹងអ្នករាល់គ្នា សូមឲ្យព្រះនៃសេចក្ដីសុខសាន្តគង់ជាមួយនឹងអ្នករាល់គ្នា អាម៉ែន។