រ៉ូម 14:7-19
រ៉ូម 14:7-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រោះក្នុងចំណោមបងប្អូន គ្មាននរណាម្នាក់រស់ ឬស្លាប់សម្រាប់ខ្លួនឯងឡើយ ដ្បិតបើយើងរស់ យើងរស់សម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះអម្ចាស់ដែរ។ ទោះបីយើងរស់ក្ដី ស្លាប់ក្ដី យើងថ្វាយខ្លួនទៅព្រះអម្ចាស់ជានិច្ច ដ្បិតព្រះគ្រិស្តបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាព្រះអម្ចាស់ទាំងលើមនុស្សស្លាប់ទាំងលើមនុស្សរស់។ រីឯអ្នក ហេតុដូចម្ដេចបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នក? ហេតុដូចម្ដេចបានជាអ្នកមើលងាយបងប្អូនរបស់អ្នក? យើងទាំងអស់គ្នានឹងទៅឈរនៅមុខតុលាការរបស់ព្រះជាម្ចាស់ ដ្បិតមានចែងទុកមកថា: ព្រះអម្ចាស់មានព្រះបន្ទូលថា ពិតដូចយើងមានជីវិតរស់យ៉ាងណា មនុស្សទាំងអស់ពិតជាលុតជង្គង់ថ្វាយបង្គំយើង ហើយប្រកាសទទួលស្គាល់ព្រះជាម្ចាស់ យ៉ាងនោះដែរ ។ ដូច្នេះ យើងត្រូវរៀបរាប់ទូលព្រះជាម្ចាស់នូវអំពើដែលខ្លួនយើងម្នាក់ៗបានប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងត្រូវតែឈប់ថ្កោលទោសគ្នាទៅវិញទៅមក តែត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីដែលនាំឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តបាត់ជំនឿនោះឡើយ។ ដោយខ្ញុំរួមជាមួយព្រះអម្ចាស់យេស៊ូ ខ្ញុំដឹង ហើយជឿជាក់ថា គ្មានអ្វីមួយមិនបរិសុទ្ធ*ឯកឯងនោះទេ គឺទាល់តែមាននរណាម្នាក់ចាត់ទុកថាមិនបរិសុទ្ធ ទើបក្លាយទៅជាមិនបរិសុទ្ធ ចំពោះអ្នកដែលថានោះ។ ប្រសិនបើអ្នកនាំឲ្យបងប្អូនអ្នកពិបាកចិត្តព្រោះតែរឿងអាហារ នោះបានសេចក្ដីថា អ្នកមិនប្រព្រឹត្តតាមសេចក្ដីស្រឡាញ់ទៀតទេ។ មិនត្រូវយកអាហារមកធ្វើឲ្យនរណាម្នាក់វិនាសបាត់បង់ឲ្យសោះ ព្រោះព្រះគ្រិស្តបានសោយទិវង្គតសម្រាប់គេហើយ។ អ្វីៗដែលអ្នករាល់គ្នាយល់ថាល្អ មិនត្រូវទុកឲ្យគេមានឱកាសនិយាយនិន្ទាឡើយ ដ្បិតព្រះរាជ្យ*របស់ព្រះជាម្ចាស់មិនមែនអាស្រ័យនៅលើការស៊ីផឹកនោះទេ គឺអាស្រ័យនៅលើសេចក្ដីសុចរិត សេចក្ដីសុខសាន្ត និងអំណរដែលមកពីព្រះវិញ្ញាណដ៏វិសុទ្ធ។ អ្នកណាបម្រើព្រះគ្រិស្តរបៀបនេះ អ្នកនោះនឹងបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមនុស្សផងទាំងពួងក៏គោរពរាប់អានគេដែរ។ ដូច្នេះ យើងត្រូវស្វែងរកអ្វីដែលនាំឲ្យមានសេចក្ដីសុខ និងឲ្យមានការអប់រំគ្នាទៅវិញទៅមក។
រ៉ូម 14:7-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតក្នុងចំណោមយើង គ្មានអ្នកណារស់សម្រាប់ខ្លួនឯងទេ ហើយក៏គ្មានអ្នកណាស្លាប់សម្រាប់ខ្លួនឯងដែរ ប្រសិនបើយើងរស់ យើងរស់ដើម្បីព្រះអម្ចាស់ ហើយប្រសិនបើយើងស្លាប់ ក៏ស្លាប់ដើម្បីព្រះអម្ចាស់។ ដូច្នេះ ទោះជាយើងរស់ ឬស្លាប់ក្ដី ក៏យើងជារបស់ព្រះអម្ចាស់ដែរ។ ដ្បិតដោយហេតុនោះហើយបានជាព្រះគ្រីស្ទសុគត ហើយមានព្រះជន្មរស់ឡើងវិញ ដើម្បីធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ និងមនុស្សរស់។ ដូច្នេះ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់ខ្លួន? ឬហេតុអ្វីបានជាអ្នកមើលងាយបងប្អូនរបស់ខ្លួន? ដ្បិតយើងទាំងអស់គ្នានឹងត្រូវឈរនៅចំពោះទីជំនុំជម្រះរបស់ព្រះ។ ដ្បិតមានសេចក្តីចែងទុកមកថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដូចយើងមានព្រះជន្មរស់នៅយ៉ាងណា នោះគ្រប់ទាំងជង្គង់នឹងត្រូវលុតចុះនៅមុខយើង ហើយគ្រប់ទាំងអណ្តាតនឹងត្រូវសរសើរដល់ព្រះយ៉ាងនោះដែរ» ។ ដូច្នេះ យើងម្នាក់ៗនឹងត្រូវរៀបរាប់ទូលថ្វាយព្រះពីគ្រប់ទាំងអំពើដែលខ្លួនបានប្រព្រឹត្ត។ ហេតុនេះ យើងមិនត្រូវថ្កោលទោសគ្នាទៅវិញទៅមកទៀតឡើយ ផ្ទុយទៅវិញ ត្រូវប្ដេជ្ញាចិត្តថា មិនត្រូវធ្វើអ្វីឲ្យបងប្អូនណាជំពប់ដួល ឬរវាតចិត្តឡើយ។ ខ្ញុំដឹង ហើយជឿជាក់ក្នុងព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងឡើយ គឺស្មោកគ្រោកសម្រាប់តែអ្នកណាដែលគិតថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ។ ប្រសិនបើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្តដោយព្រោះតែរឿងអាហារ នោះអ្នកមិនរស់នៅដោយសេចក្ដីស្រឡាញ់ទៀតទេ។ កុំធ្វើឲ្យអ្នកណាដែលព្រះគ្រីស្ទបានសុគតជំនួសត្រូវវិនាស ដោយសារតែអាហាររបស់អ្នកឲ្យសោះ ក៏កុំឲ្យគេនិយាយបង្ខូចពីការល្អរបស់អ្នកឡើយ ដ្បិតព្រះរាជ្យរបស់ព្រះមិនមែនជារឿងស៊ីផឹកនោះទេ គឺជាសេចក្តីសុចរិត សេចក្តីសុខសាន្ត និងអំណរ នៅក្នុងព្រះវិញ្ញាណបរិសុទ្ធវិញ។ អ្នកណាដែលបម្រើព្រះគ្រីស្ទតាមរបៀបនេះ អ្នកនោះបានជាទីគាប់ព្រះហឫទ័យដល់ព្រះ ហើយមនុស្សក៏គោរពរាប់អានដែរ។ ហេតុដូច្នេះ យើងត្រូវដេញតាមអ្វីដែលនាំឲ្យមានសេចក្ដីសុខសាន្ត និងអ្វីដែលស្អាងចិត្តគ្នាទៅវិញទៅមក។
រ៉ូម 14:7-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតគ្មានអ្នកណាក្នុងពួកមនុស្សយើង ដែលរស់សំរាប់ខ្លួនឯងទេ ក៏គ្មានអ្នកណាស្លាប់សំរាប់ខ្លួនឯងដែរ ទោះបើយើងរស់ឬស្លាប់ក្តី គង់តែយើងត្រូវរស់ឬស្លាប់ថ្វាយព្រះអម្ចាស់វិញ ដូច្នេះ បើរស់ឬស្លាប់ក្តី នោះយើងក៏ជារបស់ផងព្រះអម្ចាស់ដែរ ដ្បិតដោយហេតុនោះឯង បានជាព្រះគ្រីស្ទទ្រង់សុគត ហើយមានព្រះជន្មរស់ឡើងវិញ គឺដើម្បីនឹងធ្វើជាម្ចាស់ លើទាំងមនុស្សស្លាប់ នឹងមនុស្សរស់ផង ដូច្នេះ ហេតុអ្វីបានជាអ្នកនិន្ទាចំពោះបងប្អូនខ្លួន ឬមើលងាយដល់បងប្អូនខ្លួន ពីព្រោះយើងទាំងអស់គ្នានឹងត្រូវឈរនៅមុខទីជំនុំជំរះរបស់ផងព្រះគ្រីស្ទ ដ្បិតមានសេចក្ដីចែងទុកមកថា «ព្រះអម្ចាស់ទ្រង់ស្បថដោយព្រះជន្មទ្រង់ថា ត្រូវឲ្យគ្រប់ទាំងជង្គង់លុតចុះនៅមុខអញ ហើយគ្រប់ទាំងអណ្តាតត្រូវសរសើរដល់ព្រះផង» ដូច្នេះ យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន។ ហេតុនោះ កុំបីឲ្យយើងរាល់គ្នានិន្ទាគ្នាទៅវិញទៅមកទៀតឡើយ ស៊ូឲ្យយើងគិតសំរេចក្នុងចិត្តដូច្នេះវិញថា យើងមិនធ្វើក្បួនឲ្យបងប្អូនជំពប់ដួល ឬរវាតចិត្តចេញឡើយ ខ្ញុំដឹង ហើយក៏ជឿពិត ដោយនូវព្រះអម្ចាស់យេស៊ូវថា គ្មានអ្វីស្មោកគ្រោកដោយខ្លួនឯងទេ គឺស្មោកគ្រោកដល់តែអ្នកណា ដែលជឿថារបស់នោះស្មោកគ្រោកប៉ុណ្ណោះ ប៉ុន្តែ បើអ្នកធ្វើឲ្យបងប្អូនអ្នកព្រួយចិត្ត ដោយព្រោះម្ហូបចំណីអ្វី នោះអ្នកប្រព្រឹត្តមិនមែនដោយស្រឡាញ់ទៀតទេ កុំធ្វើឲ្យអ្នកណា ដែលព្រះគ្រីស្ទបានសុគតជំនួស ត្រូវវិនាសដោយសារម្ហូបរបស់អ្នកឡើយ ក៏កុំឲ្យគេមានឱកាសនឹងនិយាយអាក្រក់ ពីការល្អរបស់អ្នកដែរ ដ្បិតនគរព្រះមិនសំរេចនឹងការស៊ី ឬផឹកនោះទេ គឺស្រេចនឹងសេចក្ដីសុចរិត សេចក្ដីមេត្រី នឹងសេចក្ដីអំណរ ដោយនូវព្រះវិញ្ញាណបរិសុទ្ធវិញទេតើ ពីព្រោះអ្នកណាដែលបំរើព្រះគ្រីស្ទ ដោយសារសេចក្ដីទាំងនោះ អ្នកនោះជាទីគាប់ព្រះហឫទ័យដល់ព្រះហើយ ព្រមទាំងមានមនុស្សរាប់អានដល់ខ្លួនដែរ ហេតុដូច្នេះ ត្រូវឲ្យយើងដេញតាមអស់ទាំងសេចក្ដី ដែលនាំឲ្យមេត្រីគ្នា នឹងសេចក្ដីទាំងប៉ុន្មានដែលជួយស្អាងចិត្តគ្នាទៅវិញទៅមកវិញ