រ៉ូម 14:7-19

រ៉ូម 14:7-19 គខប

ព្រោះ​ក្នុង​ចំណោម​បងប្អូន គ្មាន​នរណា​ម្នាក់​រស់ ឬ​ស្លាប់​សម្រាប់​ខ្លួន​ឯង​ឡើយ ដ្បិត​បើ​យើង​រស់ យើង​រស់​សម្រាប់​ព្រះ‌អម្ចាស់ ហើយ​បើ​យើង​ស្លាប់ ក៏​ស្លាប់​សម្រាប់​ព្រះ‌អម្ចាស់​ដែរ។ ទោះ​បី​យើង​រស់​ក្ដី ស្លាប់​ក្ដី យើង​ថ្វាយ​ខ្លួន​ទៅ​ព្រះ‌អម្ចាស់​ជានិច្ច ដ្បិត​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត និង​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ដើម្បី​ធ្វើ​ជា​ព្រះ‌អម្ចាស់​ទាំង​លើ​មនុស្ស​ស្លាប់​ទាំង​លើ​មនុស្ស​រស់។ រីឯ​អ្នក ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​ថ្កោល​ទោស​បងប្អូន​របស់​អ្នក? ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មើល‌ងាយ​បងប្អូន​របស់​អ្នក? យើង​ទាំង​អស់​គ្នា​នឹង​ទៅ​ឈរ​នៅ​មុខ​តុលា​ការ​របស់​ព្រះ‌ជា‌ម្ចាស់ ដ្បិត​មាន​ចែង​ទុក​មក​ថា: ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា ពិត​ដូច​យើង​មាន​ជីវិត​រស់​យ៉ាង​ណា ​ មនុស្ស​ទាំង​អស់​ពិត​ជា​លុត​ជង្គង់​ថ្វាយ‌បង្គំ​យើង ហើយ​ប្រកាស​ទទួល​ស្គាល់​ព្រះ‌ជា‌ម្ចាស់ យ៉ាង​នោះ​ដែរ ​ ។ ដូច្នេះ យើង​ត្រូវ​រៀប​រាប់​ទូល​ព្រះ‌ជា‌ម្ចាស់​នូវ​អំពើ​ដែល​ខ្លួន​យើង​ម្នាក់ៗ​បាន​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ត្រូវ​តែ​ឈប់​ថ្កោល​ទោស​គ្នា​ទៅ​វិញ​ទៅ​មក តែ​ត្រូវ​ប្ដេជ្ញា​ចិត្ត​ថា មិន​ត្រូវ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បងប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​បាត់​ជំនឿ​នោះ​ឡើយ។ ដោយ​ខ្ញុំ​រួម​ជា​មួយ​ព្រះ‌អម្ចាស់‌យេស៊ូ ខ្ញុំ​ដឹង ហើយ​ជឿ​ជាក់​ថា គ្មាន​អ្វី​មួយ​មិន​បរិសុទ្ធ*​ឯក​ឯង​នោះ​ទេ គឺ​ទាល់​តែ​មាន​នរណា​ម្នាក់​ចាត់​ទុក​ថា​មិន​បរិសុទ្ធ ទើប​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ ចំពោះ​អ្នក​ដែល​ថា​នោះ។ ប្រសិន​បើ​អ្នក​នាំ​ឲ្យ​បងប្អូន​អ្នក​ពិបាក​ចិត្ត​ព្រោះ​តែ​រឿង​អាហារ នោះ​បាន​សេចក្ដី​ថា អ្នក​មិន​ប្រព្រឹត្ត​តាម​សេចក្ដី​ស្រឡាញ់​ទៀត​ទេ។ មិន​ត្រូវ​យក​អាហារ​មក​ធ្វើ​ឲ្យ​នរណា​ម្នាក់​វិនាស​បាត់​បង់​ឲ្យ​សោះ ព្រោះ​ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​សម្រាប់​គេ​ហើយ។ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​យល់​ថា​ល្អ មិន​ត្រូវ​ទុក​ឲ្យ​គេ​មាន​ឱកាស​និយាយ​និន្ទា​ឡើយ ដ្បិត​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជា‌ម្ចាស់​មិន​មែន​អាស្រ័យ​នៅ​លើ​ការ​ស៊ី​ផឹក​នោះ​ទេ គឺ​អាស្រ័យ​នៅ​លើ​សេចក្ដី​សុចរិត សេចក្ដី​សុខ‌សាន្ត និង​អំណរ​ដែល​មក​ពី​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ។ អ្នក​ណា​បម្រើ​ព្រះ‌គ្រិស្ត​របៀប​នេះ អ្នក​នោះ​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជា‌ម្ចាស់ ហើយ​មនុស្ស​ផង​ទាំង​ពួង​ក៏​គោរព​រាប់​អាន​គេ​ដែរ។ ដូច្នេះ យើង​ត្រូវ​ស្វែង​រក​អ្វី​ដែល​នាំ​ឲ្យ​មាន​សេចក្ដី​សុខ និង​ឲ្យ​មាន​ការ​អប់រំ​គ្នា​ទៅ​វិញ​ទៅ​មក។