រ៉ូម 13:8-14

រ៉ូម 13:8-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ» ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ។ ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក​លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក នឹង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:8-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មិន​ត្រូវ​ជំពាក់​អ្វី​ដល់​អ្នក​ណា ក្រៅ​ពី​សេចក្តី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ឡើយ ដ្បិត​អ្នក​ណា​ដែល​ស្រឡាញ់​អ្នក​ដទៃ នោះ​បាន​សម្រេច​តាម​ក្រឹត្យ‌វិន័យ​ហើយ។ ដ្បិត​ព្រះឱវាទ​ដែល​ចែង​ថា៖ «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច កុំ​លោភ​លន់» ហើយ​បទ‌បញ្ជា​ណា​ឯ​ទៀត​ក៏​ដោយ សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា៖ «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​អ្នក ដូច​ខ្លួន​ឯង» ។ សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។ ក្រៅ​ពី​នេះ ត្រូវ​ដឹង​ថា នេះ​ជា​វេលា​ណា គឺ​ដល់​ម៉ោង​ដែល​ត្រូវ​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​នៅ​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ យប់​ជិត​ផុត​ហើយ ថ្ងៃ​ក៏​ជិត​មក​ដល់​ដែរ ដូច្នេះ ចូរ​យើង​លះ​ចោល​ការ​របស់​សេចក្តី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ។ ចូរ​យើង​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក និង​ឈ្នានីស នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន​ដោយ​ព្រះ‌អម្ចាស់‌យេស៊ូវ‌គ្រីស្ទ ហើយ​កុំ​បំពេញ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​របស់​សាច់​ឈាម​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13

រ៉ូម 13:8-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មិន​ត្រូវ​ជំពាក់​អ្វី​នរណា ក្រៅ​ពី​ជំពាក់​សេចក្ដី​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ ដ្បិត​អ្នក​ណា​ស្រឡាញ់​អ្នក​ដទៃ អ្នក​នោះ​ប្រតិបត្តិ​តាម​ក្រឹត្យ‌វិន័យ*​ពេញ​លក្ខណៈ ព្រោះ​មាន​សេចក្ដី​ចែង​ទុក​មក​ថា «កុំ​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ កុំ​សម្លាប់​មនុស្ស កុំ​លួច​ទ្រព្យ‌សម្បត្តិ​គេ កុំ​មាន​ចិត្ត​លោភ‌លន់» ​ ព្រម​ទាំង​មាន​បទ‌បញ្ជា​ឯ​ទៀត​ដែល​សរុប​មក​ក្នុង​ពាក្យ​តែ​មួយ​នេះ​ថា: «ចូរ​ស្រឡាញ់​បងប្អូន​ឯ​ទៀតៗ ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង​ដែរ» ​ ។ អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បងប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​បាន​ពេញ​លក្ខណៈ។ បងប្អូន​ជ្រាប​ហើយ​ថា យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ណា គឺ​ដល់​ពេល​យើង​ត្រូវ​ក្រោក​ពី​ដេក ដ្បិត​ឥឡូវ​នេះ ការ​សង្គ្រោះ​ខិត​មក​ជិត​យើង​ជាង​កាល​យើង​ទើប​នឹង​ជឿ។ យប់​ជិត​ផុត​ហើយ ហើយ​ថ្ងៃ​ ក៏​ជិត​ដល់​ដែរ ដូច្នេះ យើង​ត្រូវ​លះ‌បង់​អំពើ​នៃ​សេចក្ដី​ងងឹត​ ចោល​ទៅ ហើយ​ប្រដាប់​ខ្លួន​ដោយ​គ្រឿង​សស្ត្រា‌វុធ​នៃ​ពន្លឺ​វិញ។ ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ី​ផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តម្រា មិន​ប្រាស​ចាក​សីលធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់​ខ្វាយ តាម​ការ​លោភ‌លន់​របស់​និស្ស័យ​មនុស្ស​នោះ​ឡើយ។

ចែក​រំលែក
អាន រ៉ូម 13