រ៉ូម 13:8-14

រ៉ូម 13:8-14 ពគប

កុំ​ឲ្យ​ជំពាក់​អ្វី​ដល់​អ្នក​ណា​ឡើយ ជំពាក់​បាន​តែ​សេចក្ដី​ស្រឡាញ់ ដល់​គ្នា​ទៅ​វិញ​ទៅ​មក​ប៉ុណ្ណោះ ដ្បិត​អ្នក​ដែល​ស្រឡាញ់​ដល់​គេ នោះ​បាន​ធ្វើ​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ ពី​ព្រោះ​បទ​ដែល​ថា «កុំ​ឲ្យ​ផិត​ឲ្យ​សោះ កុំ​ឲ្យ​សំឡាប់​មនុស្ស​ឲ្យ​សោះ កុំ​ឲ្យ​លួច​ឲ្យ​សោះ កុំ​ឲ្យ​លោភ​ឲ្យ​សោះ» ហើយ​បើ​មាន​បញ្ញត្ត​ណា​ទៀត នោះ​ក៏​រួម​គ្នា​មក​ក្នុង​ពាក្យ​១​ម៉ាត់​នេះ​ឯង ដែល​ថា «ចូរ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង» សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ។ ត្រូវ​ប្រព្រឹត្ត​ដូច្នោះ ដោយ​ដឹង​ពេល​វេលា​ថា ដល់​ម៉ោង​នឹង​ភ្ញាក់​ពី​ដេក​ហើយ ដ្បិត​ឥឡូវ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ជិត​បង្កើយ ជា​ជាង​កាល​យើង​ទើប​នឹង​ជឿ​នោះ យប់​យូរ​ណាស់​ហើយ ថ្ងៃ​ក៏​ជិត​រះ ដូច្នេះ យើង​ត្រូវ​ដោះ​ចោល​អស់​ទាំង​ការ​របស់​សេចក្ដី​ងងឹត​ចេញ ហើយ​ពាក់​គ្រឿង​សឹក​របស់​ពន្លឺ​វិញ ត្រូវ​ឲ្យ​យើង​ដើរ​តាម​ដែល​គួរ​គប្បី ដូច​ជា​ដើរ​នៅ​ពេល​ថ្ងៃ មិន​មែន​ដោយ​ស៊ី​ផឹក​លេង​ល្បែង ឬ​មាន​ស្រី​ញី ឬ​ដោយ​ឈ្លោះ​ប្រកែក នឹង​ឈ្នានីស នោះ​ឡើយ គឺ​ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូវ‌គ្រីស្ទ​វិញ ហើយ​កុំ​ឲ្យ​ផ្គត់‌ផ្គង់ ដើម្បី​នឹង​បំពេញ​សេចក្ដី​ប៉ង‌ប្រាថ្នា ខាង​ឯ​សាច់​ឈាម​ឡើយ។

អាន រ៉ូម 13