រ៉ូម 11:1-24

រ៉ូម 11:1-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ដូច្នេះ ខ្ញុំ​សូម​សួរ​ថា តើ​ព្រះ‌ជា‌ម្ចាស់​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ​ហើយ​ឬ? ទេ ព្រះអង្គ​មិន​បោះ​បង់​ចោល​គេ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​ជាតិ​អ៊ីស្រា‌អែល​ដែរ ខ្ញុំ​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ*​បេន‌យ៉ាមីន។ ព្រះ‌ជា‌ម្ចាស់​ពុំ​បាន​បោះ​បង់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ជា​ប្រជា‌រាស្ដ្រ​ដែល​ព្រះអង្គ​ជ្រើស​រើស​ទុក​ជា​មុន​នោះ​ឡើយ។ តើ​បងប្អូន​មិន​ជ្រាប​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ ស្ដី​អំពី​ព្យាការី*​អេលីយ៉ា​ទូល​ព្រះ‌ជា‌ម្ចាស់​ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? គឺ​លោក​ទូល​ថា: «បពិត្រ​ព្រះ‌អម្ចាស់ ពួក​គេ​បាន​នាំ​គ្នា​សម្លាប់​ព្យាការី​ទាំង‌ឡាយ​របស់​ព្រះអង្គ និង​រំលំ​អាសនៈ​របស់​ព្រះអង្គ។ មាន​តែ​ទូល‌បង្គំ​ម្នាក់​គត់​ដែល​បាន​រួច​ខ្លួន តែ​ពួក​គេ​រក​ផ្ដាច់​ជីវិត​ទូល‌បង្គំ​ទៀត!»។ តើ​ព្រះ‌ជា‌ម្ចាស់​តប​ទៅ​លោក​វិញ​ដូច​ម្ដេច? គឺ​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា: «យើង​បាន​បម្រុង​ទុក​មនុស្ស​ប្រាំ‌ពីរ​ពាន់​នាក់ អ្នក​ទាំង​នេះ​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល​ឡើយ» ។ រីឯ​បច្ចុប្បន្ន‌កាល​នេះ​ក៏​ដូច្នោះ​ដែរ គឺ​មាន​នៅ​សល់​មនុស្ស​មួយ​ចំនួន​ដែល​ព្រះ‌ជា‌ម្ចាស់​បាន​ជ្រើស​រើស ដោយ​សារ​ព្រះ‌គុណ​របស់​ព្រះអង្គ។ ប្រសិន​បើ​ព្រះអង្គ​ជ្រើស​រើស​គេ​ដោយ​សារ​ព្រះ‌គុណ​ដូច្នេះ បាន​សេចក្ដី​ថា មិន​មែន​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ​ឡើយ។ បើ​មក​ពី​គេ​ប្រព្រឹត្ត​តាម​វិន័យ ព្រះ‌គុណ​លែង​មាន​លក្ខណៈ​ជា​ព្រះ‌គុណ​ទៀត​ហើយ​ ។ ដូច្នេះ តើ​យើង​ត្រូវ​គិត​ដូច​ម្ដេច? អ្វីៗ​ដែល​សាសន៍​អ៊ីស្រា‌អែល​ខំ​ស្វែង​រក​នោះ គេ​មិន​បាន​ទទួល​ទេ។ មាន​តែ​អ្នក​ដែល​ព្រះ‌ជា‌ម្ចាស់​ជ្រើស​រើស​ប៉ុណ្ណោះ ទើប​បាន​ទទួល រីឯ​អ្នក​ឯ​ទៀត ព្រះអង្គ​ធ្វើ​ឲ្យ​គេ​មាន​ចិត្ត​រឹង‌រូស​វិញ ដូច​មាន​ចែង​ទុក​មក​ថា: «ព្រះ‌ជា‌ម្ចាស់​ទ្រង់​ធ្វើ​ឲ្យ​គេ​មាន​វិញ្ញាណ ស្ពឹក‌ស្រពន់ ឲ្យ​ភ្នែក​គេ​មើល​ពុំ​ឃើញ និង​ឲ្យ​ត្រចៀក​គេ​ស្ដាប់​ពុំ​ឮ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ» ​ ។ ព្រះ‌បាទ​ដាវីឌ​ក៏​មាន​រាជ‌ឱង្ការ​ថា: «សូម​ឲ្យ​តុ​ របស់​ពួក​គេ ក្លាយ​ទៅ​ជា​អន្ទាក់ ឬ​ជា​មង ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ និង​ឲ្យ​គេ​មាន​ទោស!។ សូម​ឲ្យ​ភ្នែក​របស់​គេ​ទៅ​ជា​ងងឹត មើល​លែង​ឃើញ ហើយ​សូម​ធ្វើ​ឲ្យ​គេ​កោង​ខ្នង រហូត​ត​ទៅ» ​ ។ ដូច្នេះ ខ្ញុំ​សូម​សួរ​ថា សាសន៍​យូដា​ដែល​ជំពប់​ដួល តើ​គេ​ត្រូវ​ដួល​រហូត​ឬ? ទេ គេ​មិន​ដួល​រហូត​ទេ! គឺ​កំហុស​របស់​ពួក​គេ​បាន​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ការ​សង្គ្រោះ ធ្វើ​ឲ្យ​ពួក​គេ​មាន​ចិត្ត​ច្រណែន។ ប្រសិន​បើ​កំហុស​របស់​សាសន៍​យូដា​នាំ​ឲ្យ​ពិភព​លោក​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប ហើយ​ការ​ចុះ​អន់‌ថយ​របស់​គេ​នាំ​ឲ្យ​សាសន៍​ដទៃ​ទទួល​ព្រះ‌ពរ​ដ៏​លើស‌លុប​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​បាន​ចម្រើន​ឡើង​យ៉ាង​ពោរ‌ពេញ​វិញ​នោះ តើ​ព្រះ‌ពរ​នឹង​មាន​កាន់​តែ​ច្រើន​លើស‌លុប​យ៉ាង​ណា​ទៅ​ទៀត? ខ្ញុំ​សូម​ជម្រាប​បងប្អូន​ជា​សាសន៍​ដទៃ ក្នុង​នាម​ខ្ញុំ​ជា​សាវ័ក*​សម្រាប់​សាសន៍​ដទៃ​ថា ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខងារ​របស់​ខ្ញុំ​ឲ្យ​ល្អ​ប្រសើរ ក្នុង​គោល​បំណង​ឲ្យ​បងប្អូន​រួម​ឈាម​របស់​ខ្ញុំ​ច្រណែន ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។ ដោយ​សាសន៍​អ៊ីស្រា‌អែល​ដាច់​ចេញ​ពី​ព្រះអង្គ​ទៅ ធ្វើ​ឲ្យ​មនុស្ស​លោក​បាន​ជា​នា​នឹង​ព្រះអង្គ​វិញ​យ៉ាង​នេះ​ទៅ​ហើយ ចុះ​ចំណង់​បើ​ព្រះអង្គ​ទទួល​គេ​សា​ជា​ថ្មី តើ​នឹង​កើត​មាន​យ៉ាង​ណា​ទៅ​ទៀត? គឺ​ប្រាកដ​ជា​មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ​ពុំ‌ខាន! ប្រសិន​បើ​យើង​យក​ផល​ដំបូង​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ម្សៅ​នំប៉័ង​ទាំង​មូល​ក៏​ជា​របស់​ព្រះអង្គ​ដែរ ហើយ​ប្រសិន​បើ​ឫស​ជា​របស់​ព្រះ‌ជា‌ម្ចាស់ មែក​ក៏​ជា​របស់​ព្រះអង្គ​ដែរ។ សាសន៍​អ៊ីស្រា‌អែល​ប្រៀប​បី​ដូច​ជា​ដើម​អូលីវ ដែល​គេ​កាត់​មែក​ខ្លះ​ចោល រីឯ​អ្នក​វិញ អ្នក​ប្រៀប​បី​ដូច​ជា​មែក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​ផ្សាំ​ជំនួស​មែក​ ដែល​គេ​កាត់​ចោល​នោះ។ ឥឡូវ​នេះ អ្នក​ស្រូប​យក​ជី‌ជាតិ​ពី​ឫស​រួម​ជា​មួយ​មែក​ឯ​ទៀតៗ​ដែរ ដូច្នេះ អ្នក​មិន​ត្រូវ​អួត​ខ្លួន ដោយ​មើល‌ងាយ​មែក​ដែល​គេ​កាត់​ចោល​នោះ​ឡើយ។ បើ​អ្នក​ចង់​អួត​ខ្លួន តោង​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! អ្នក​ប្រហែល​ជា​ពោល​ថា “ព្រះ‌ជា‌ម្ចាស់​បាន​កាត់​មែក​ទាំង​នោះ​ចោល ដើម្បី​យក​ខ្ញុំ​មក​ផ្សាំ​ជំនួស!”។ មែន​ហើយ! ព្រះអង្គ​កាត់​មែក​ទាំង​នោះ​ចោល មក​ពី​មែក​ទាំង​នោះ​គ្មាន​ជំនឿ រីឯ​អ្នក​វិញ អ្នក​នៅ​ជាប់​នឹង​ដើម​មក​ពី​អ្នក​មាន​ជំនឿ។ ដូច្នេះ កុំ​លើក​ខ្លួន​សោះ​ឡើយ​ត្រូវ​ភ័យ​ខ្លាច​វិញ។ ប្រសិន​បើ​ព្រះ‌ជា‌ម្ចាស់​ពុំ​ទុក​មែក​ពី​កំណើត​ទេ ព្រះអង្គ​មុខ​ជា​ពុំ​ទុក​អ្នក​ដែរ។ ដូច្នេះ សូម​គិត​ពិចារណា​អំពី​ព្រះ‌ហឫទ័យ​សប្បុរស និង​ព្រះ‌ហឫទ័យ​ប្រិត‌ប្រៀប​របស់​ព្រះ‌ជា‌ម្ចាស់​ទៅ។ ព្រះអង្គ​ប្រិត‌ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល ហើយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​សប្បុរស​ចំពោះ​អ្នក លុះ​ត្រា​ណា​អ្នក​នៅ​តែ​ពឹង​ផ្អែក​លើ​ព្រះ‌ហឫទ័យ​សប្បុរស​នេះ។ បើ​មិន​ដូច្នោះ​ទេ ព្រះអង្គ​នឹង​កាត់​អ្នក​ចោល​ដែរ។ ចំពោះ​ពួក​គេ ប្រសិន​បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល ព្រះ‌ជា‌ម្ចាស់​មុខ​តែ​ផ្សាំ​គេ​វិញ​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​មាន​ឫទ្ធា‌នុភាព​អាច​នឹង​ផ្សាំ​ពួក​គេ​សា​ជា​ថ្មី​បាន។ រីឯ​អ្នក បើ​អ្នក​មាន​កំណើត​ពី​ដើម​អូលីវ​ព្រៃ ហើយ​ត្រូវ​ព្រះអង្គ​កាត់​យក​មក​ផ្សាំ​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​ពី​កំណើត​របស់​អ្នក​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ពួក​គេ​វិញ ព្រះអង្គ​នឹង​យក​គេ​មក​ផ្សាំ​ជាប់​នឹង​ដើម​ពី​កំណើត​របស់​ខ្លួន​វិញ រឹត​តែ​ងាយ​ជាង​នេះ​យ៉ាង​ណា​ទៅ​ទៀត។

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:1-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ឬ? មិន​មែន​ដូច្នោះ​ទេ! ដ្បិត​ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ជា​សាសន៍​អ៊ីស្រា‌អែល​ដែរ គឺ​ជា​ពូជ​ពង្ស​លោក​អ័ប្រា‌ហាំ កើត​ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។ ព្រះ​មិន​បាន​បោះ​បង់​ចោល​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ឡើយ។ តើ​អ្នក​រាល់​គ្នា​មិន​ជ្រាប​សេចក្ដី​ដែល​គម្ពីរ​ថ្លែង​ពី​លោក​អេលី‌យ៉ា ពី​ដំណើរ​ដែល​លោក​ទូល​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រា‌អែល​ទេ​ឬ? លោក​ទូល​ថា៖ «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សម្លាប់​ពួក​ហោរា​របស់​ព្រះ‌អង្គ រំលំ​អាសនា​របស់​ព្រះ‌អង្គ សល់​តែ​ទូល​បង្គំ​ម្នាក់​ប៉ុណ្ណោះ ហើយ​គេ​រក​សម្លាប់​ទូល​បង្គំ​ទៀត!» ។ ប៉ុន្តែ តើ​ព្រះ​ឆ្លើយ​តប​នឹង​លោក​វិញ​ដូច​ម្តេច? ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ទុក​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​សម្រាប់​យើង ជា​អ្នក​ដែល​មិន​បាន​លុត​ជង្គង់​ថ្វាយ​បង្គំ​ព្រះ‌បាល» ។ ដូច្នេះ សព្វ​ថ្ងៃ​នេះ​ក៏​មាន​សំណល់​មនុស្ស ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដោយ​ព្រះ‌គុណ​ដែរ។ ប៉ុន្តែ ប្រសិន‌បើ​ព្រះ‌អង្គ​ជ្រើស​រើស​ដោយ​សារ​ព្រះ‌គុណ នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ឡើយ ពុំ​នោះ​ទេ ព្រះ‌គុណ​លែង​ជា​ព្រះ‌គុណ​ទៀត​ហើយ។ ដូច្នេះ តើ​ដូច​ម្តេច​ទៅ​វិញ? អ្វី​ដែល​សាសន៍​អ៊ីស្រា‌អែល​ស្វែង​រក​នោះ គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្តី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ចិត្ត​រឹង‌រូស ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា៖ «ព្រះ​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​ស្ពឹក មាន​ភ្នែក​ដែល​មើល​មិន​ឃើញ និង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ» ។ ព្រះបាទ​ដាវីឌ​ថ្លែង​ថា៖ «សូម​ឲ្យ​តុ របស់​គេ ត្រឡប់​ទៅ​ជា​អង្គប់ និង​ជា​អន្ទាក់ ជា​ហេតុ​ឲ្យ​គេ​ជំពប់​ដួល ហើយ​ជា​សំណង​ដល់​គេ​ចុះ ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មើល​មិន​ឃើញ ហើយ​ឲ្យ​ខ្នង​គេ​កោង រហូត​ទៅ»។ ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់​ដើម្បី​ឲ្យ​ដួល​រហូត​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! គឺ​ដោយ​សារ​ការ​ជំពប់​ដួល​របស់​គេ ការ​សង្គ្រោះ​បាន​ទៅ​ដល់​ពួក​សាសន៍​ដទៃ ដើម្បី​ធ្វើ​ឲ្យ​សាសន៍​អ៊ីស្រា‌អែល​ច្រណែន។ ដូច្នេះ បើ​ការ​ជំពប់​ដួល​របស់​គេ ជា​សេចក្ដី​ចម្រើន​ដល់​ពិភព‌លោក ហើយ​សេចក្ដី​អន់​ថយ​របស់​គេ ជា​សេចក្តី​ចម្រើន​ដល់​ពួក​សាសន៍​ដទៃ នោះ​តើ​សេចក្តី​ចម្រើន​របស់​គេ​នឹង​កាន់​តែ​ពោរ​ពេញ​យ៉ាង​ណា​ទៅ​ទៀត! ឥឡូវ​នេះ ខ្ញុំ​និយាយ​ទៅ​កាន់​បង‌ប្អូន​ជា​សាសន៍​ដទៃ ហើយ​ដោយ​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​តម្កើង​ការ‌ងារ​របស់​ខ្ញុំ ដើម្បី​ឲ្យ​ជន​រួម​ជាតិ​របស់​ខ្ញុំ​ច្រណែន និង​ដើម្បី​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ។ ដ្បិត​បើ​ការ​បោះ​បង់​ចោល​របស់​គេ ជា​ការ​ផ្សះ​ផ្សា​ដល់​ពិភព‌លោក​ទៅ​ហើយ ចុះ​ចំណង់​បើ​ការ​ទទួល​របស់​គេ នោះ​នឹង​បាន​ជា​យ៉ាង​ណា​ទៅ! តើ​មិន​មែន​ជា​ជីវិត​ដែល​រស់​ពី​ស្លាប់​ឡើង​វិញ​ទេ​ឬ? ប្រសិន‌បើ​ម្សៅ​មួយ​ក្តាប់ ដែល​បាន​ថ្វាយ​ជា​ផល​ដំបូង​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​ប្រសិន‌បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ។ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ឯ​អ្នក​វិញ ដែល​ជា​ពន្លក​អូលីវ​ព្រៃ ត្រូវ​គេ​យក​មក​បំបៅ​នៅ​កណ្តាល មែក​ទាំង​នោះ ដើម្បី​ស្រូប​យក​ជីជាតិ​ពី​ដើម​អូលីវ​ស្រុក នោះ​មិន​ត្រូវ​អួត​នឹង​មែក​ទាំង​នោះ​ឡើយ តែ​បើ​អ្នក​អួត ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ទេ​ដែល​ចិញ្ចឹម​ឫស គឺ​ឫស​វិញ​ទេ​តើ​ដែល​ចិញ្ចឹម​អ្នក! ដូច្នេះ អ្នក​នឹង​និយាយ​ថា «ព្រះ​បាន​កាច់​មែក​ទាំង​នោះ​ចេញ ដើម្បី​យក​ខ្ញុំ​មក​បំបៅ​ជំនួស!» ត្រូវ​ហើយ ព្រះ‌អង្គ​កាច់​ចេញ ដោយ​ព្រោះ​គេ​មិន​ជឿ ឯ​អ្នក​វិញ នៅ​ជាប់​បាន​ដោយ​សារ​តែ​អ្នក​មាន​ជំនឿ​ប៉ុណ្ណោះ។ ដូច្នេះ មិន​ត្រូវ​ឆ្មើង‌ឆ្មៃ​ឡើយ តែ​ត្រូវ​កោត​ខ្លាច​វិញ។ ដ្បិត​បើ​ព្រះ​មិន​បាន​សំចៃ​ទុក​មែក​ពី​កំណើត​ទៅ​ហើយ នោះ​ក្រែង​ព្រះ‌អង្គ​មិន​សំចៃ​ទុក​អ្នក​ដែរ។ ដូច្នេះ ចូរ​ពិចារណា​មើល​សេចក្តី​សប្បុរស និង​សេចក្តី​ប្រិត​ប្រៀប​របស់​ព្រះ​ចុះ គឺ​ទ្រង់​ប្រិត​ប្រៀប​ចំពោះ​អស់​អ្នក​ដែល​ដួល តែ​មាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស​ចំពោះ​អ្នក ដរាប​ណា​អ្នក​នៅ​ជាប់​នឹង​សេចក្តី​សប្បុរស​របស់​ព្រះ‌អង្គ ពុំ​នោះ អ្នក​ក៏​នឹង​ត្រូវ​កាត់​ចេញ​ដែរ។ ឯ​សាសន៍​អ៊ីស្រា‌អែល​ទាំង​នោះ​ក៏​ដូច្នោះ​ដែរ បើ​គេ​បោះ​បង់​ចិត្ត​មិន​ជឿ​នោះ​ចោល នោះ​ព្រះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌អង្គ​មាន​អំណាច​នឹង​បំបៅ​គេ​ជា​ថ្មី​បាន។ ដ្បិត​បើ​អ្នក​ជា​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​ព្រះ‌អង្គ​បាន​កាត់​យក​មក​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក ដែល​មិន​មែន​ជា​ដើម​កំណើត​ដូច្នេះ​ទៅ​ហើយ នោះ​ចំណង់​បើ​មែក​កំណើត​ទាំង​នោះ តើ​ព្រះ‌អង្គ​នឹង​បំបៅ​ជាប់​នឹង​ដើម​កំណើត​របស់​ខ្លួន​វិញ លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត!

ចែក​រំលែក
អាន រ៉ូម 11

រ៉ូម 11:1-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ដូច្នេះ ខ្ញុំ​សួរ​ថា តើ​ព្រះ​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់​ឬ​អី ទេ មិន​មែន​ទេ ដ្បិត​ខ្លួន​ខ្ញុំ​ជា​សាសន៍​អ៊ីស្រាអែល​ដែរ គឺ​ជា​ពូជ​លោក​អ័ប្រា‌ហាំ កើត​ក្នុង​ពូជ​អំបូរ​បេន‌យ៉ាមីន ព្រះ‌ទ្រង់​មិន​បាន​បោះ​បង់​ចោល​រាស្ត្រ​ទ្រង់ ដែល​ទ្រង់​ស្គាល់​ជា​មុន​នោះ​ទេ តើ​អ្នក​រាល់​គ្នា​មិន​ដឹង​រឿង​ពី​លោក​អេលីយ៉ា ដែល​គម្ពីរ​ថា​ដូច​ម្តេច​ទេ​ឬ​អី គឺ​ដែល​លោក​អង្វរ​ដល់​ព្រះ ទាស់​នឹង​សាសន៍​អ៊ីស្រាអែល​ថា «ឱ​ព្រះ‌អម្ចាស់​អើយ គេ​បាន​សំឡាប់​ពួក​ហោរា​ទ្រង់ ហើយ​រំលំ​អាសនា​ទាំង​ប៉ុន្មាន​របស់​ទ្រង់ មាន​សល់​តែ​ទូលបង្គំ​១ ហើយ​គេ​រក​សំឡាប់​ទូលបង្គំ​ទៀត» ប៉ុន្តែ ព្រះ‌ទ្រង់​ឆ្លើយ​នឹង​លោក​យ៉ាង​ដូច​ម្តេច គឺ​ឆ្លើយ​ថា «អញ​បាន​ទុក​មនុស្ស​៧​ពាន់​នាក់​សំរាប់​អញ ដែល​មិន​បាន​លុត​ជង្គង់​នៅ​មុខ​ព្រះ‌បាល​សោះ» ដូច្នេះ សព្វ​ថ្ងៃ​នេះ ក៏​មាន​សំណល់​សល់​ដែល​ទ្រង់​បាន​រើស​តាំង ដោយ​ព្រះ‌គុណ​ដែរ ហើយ​បើ​សិន​ជា​ដោយ‌សារ​ព្រះ‌គុណ​ពិត នោះ​មិន​មែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទៀត​ទេ ពុំ​នោះ ព្រះ‌គុណ​មិន​មែន​ជា​ព្រះ‌គុណ​ទៀត តែ​បើ​ដោយ​អាង​ការ​ប្រព្រឹត្ត​មែន នោះ​មិន​មែន​ដោយ​ព្រះ‌គុណ​ទៀត ពុំ​នោះ ការ​ប្រព្រឹត្ត​មិន​មែន​ការ​ប្រព្រឹត្ត​ទៀត​ទេ ដូច្នេះ តើ​ដូច​ម្តេច គឺ​ថា សេចក្ដី​ដែល​សាសន៍​អ៊ីស្រាអែល​ស្វែង​រក នោះ​គេ​រក​មិន​បាន​ទេ តែ​ពួក​រើស​តាំង​រក​បាន​សេចក្ដី​នោះ​វិញ ហើយ​ពួក​អ្នក​ឯ​ទៀត​ត្រូវ​មាន​ចិត្ត​រឹង‌រូស ដូច​មាន​សេចក្ដី​ចែង​ទុក​មក​ថា «ព្រះ‌ទ្រង់​បាន​ប្រទាន​ឲ្យ​គេ​មាន​វិញ្ញាណ​រលីវ ភ្នែក​ដែល​មើល​មិន​ឃើញ នឹង​ត្រចៀក​ដែល​ស្តាប់​មិន​ឮ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ» ហ្លួង​ដាវីឌ​ក៏​មាន​បន្ទូល​ថា «ឲ្យ​តុ​គេ​ត្រឡប់​ទៅ​ជា​អង្គប់ ហើយ​ជា​អន្ទាក់​ដល់​គេ​ចុះ គឺ​ជា​ហេតុ​ឲ្យ​វិនាស រវាត​ចិត្ត ហើយ​ជា​សំណង​ដល់​គេ​ដែរ ឲ្យ​ភ្នែក​គេ​ត្រូវ​ងងឹត មិន​ឲ្យ​ឃើញ​ឡើយ ហើយ​ឲ្យ​ខ្នង​គេ​ត្រូវ​បង្កោង​ជានិច្ច​ផង»។ ដូច្នេះ ខ្ញុំ​សួរ​ថា តើ​គេ​បាន​ជំពប់ ឲ្យ​គ្រាន់​តែ​ដួល​ប៉ុណ្ណោះ​ឬ​អី ទេ មិន​មែន​ឡើយ គឺ​ដោយ‌សារ​ការ​ដួល​របស់​គេ បាន​ជា​មាន​សេចក្ដី​សង្គ្រោះ ផ្សាយ​ទៅ​ដល់​ពួក​សាសន៍​ដទៃ​វិញ ដើម្បី​បណ្តាល​ឲ្យ​គេ​ច្រណែន ដូច្នេះ បើ​ការ​ដួល​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​លោកីយ ហើយ​សេចក្ដី​ខ្វះ​មិន​ពេញ​ខ្នាត​របស់​គេ ជា​សេចក្ដី​ចំរើន​ដល់​ពួក​សាសន៍​ដទៃ​វិញ នោះ​តើ​សេចក្ដី​ពេញ​ខ្នាត​របស់​គេ នឹង​បាន​លើស​ជាង​យ៉ាង​ណា​ទៅ ខ្ញុំ​និយាយ​នឹង​អ្នក​រាល់​គ្នា​ដែល​ជា​សាសន៍​ដទៃ ហើយ​ពី​ព្រោះ​ខ្ញុំ​ជា​សាវក​ដល់​សាសន៍​ដទៃ បាន​ជា​ខ្ញុំ​ដំកើង​ដល់​ការ‌ងារ​ខ្ញុំ ដើម្បី​នឹង​បណ្តាល​សាច់‌ញាតិ​ខ្ញុំ ឲ្យ​មាន​សេចក្ដី​ច្រណែន ហើយ​នឹង​ជួយ​សង្គ្រោះ​អ្នក​ខ្លះ​ក្នុង​ពួក​គេ បើ​សិន​ជា​បាន ដ្បិត​បើ​សិន​ជា​ការ​បោះ​បង់​ចោល​គេ​នោះ ជា​សេចក្ដី​មេត្រី​ដល់​លោកីយ​ដូច្នេះ នោះ​តើ​ការ​ទទួល​គេ​នឹង​បាន​ជា​អ្វី បើ​មិន​មែន​ជា​ជីវិត​រស់​ពី​ស្លាប់​ឡើង​វិញ។ បើ​ម្សៅ​១​ក្តាប់​មុន​ដំបូង​ជា​បរិសុទ្ធ នោះ​ដុំ​ទាំង​មូល​ក៏​បរិសុទ្ធ ហើយ​បើ​ឫស​បរិសុទ្ធ នោះ​មែក​ក៏​បរិសុទ្ធ​ដែរ ប៉ុន្តែ បើ​មែក​ខ្លះ​ត្រូវ​កាច់​ចេញ ហើយ​អ្នក​ឯង​ដែល​ជា​ដើម​អូលីវ​ព្រៃ បាន​ត្រូវ​បំបៅ​កណ្តាល​មែក​ទាំង​នោះ ទាំង​ត្រឡប់​ទៅ​ជា​ស្រូប​ជាតិ​ឫស​នៃ​ដើម​អូលីវ​ស្រុក ជា​មួយ​នឹង​មែក​ឯ​ទៀត នោះ​កុំ​ឲ្យ​អួត​នឹង​មែក​នោះ​ឡើយ តែ​បើ​អ្នក​អួត​នឹង​គេ នោះ​ត្រូវ​ដឹង​ថា មិន​មែន​អ្នក​ដែល​ចិញ្ចឹម​ឫស​ទេ គឺ​ឫស​ទេ​តើ ដែល​ចិញ្ចឹម​អ្នក​វិញ ដូច្នេះ អ្នក​នឹង​ប្រកែក​ថា មែក​ទាំង​នោះ​ត្រូវ​កាច់​ចេញ ដើម្បី​នឹង​បំបៅ​ខ្ញុំ​វិញ ត្រូវ​ហើយ គេ​ត្រូវ​កាច់​ចេញ ដោយ​ព្រោះ​មិន​ជឿ ហើយ​ដែល​អ្នក​ជាប់​នៅ គឺ​ដោយ‌សារ​សេចក្ដី​ជំនឿ ដូច្នេះ កុំ​ឲ្យ​ឆ្មើង‌ឆ្មៃ​ឡើយ ចូរ​ភ័យ​ខ្លាច​វិញ ពី​ព្រោះ បើ​ព្រះ‌ទ្រង់​មិន​បាន​សំចៃ​ទុក​នូវ​មែក​កំណើត នោះ​ក្រែង​មិន​សំចៃ​ទុក​អ្នក​ដែរ ដូច្នេះ ចូរ​មើល​សេចក្ដី​សប្បុរស នឹង​សេចក្ដី​ប្រិត​ប្រៀប​នៃ​ព្រះ គឺ​ទ្រង់​ប្រិត​នឹង​ពួក​អ្នក​ដែល​ដួល តែ​សប្បុរស​នឹង​អ្នក​វិញ បើ​អ្នក​នៅ​ជាប់​នឹង​សេចក្ដី​សប្បុរស​នោះ ពុំ​នោះ អ្នក​នឹង​ត្រូវ​កាត់​ចេញ​ដែរ ហើយ​មែក​កំណើត​ទាំង​នោះ​ដែរ បើ​គេ​លះ​សេចក្ដី​មិន​ជឿ​ចោល​ចេញ នោះ​នឹង​បំបៅ​គេ​វិញ ដ្បិត​ព្រះ‌ទ្រង់​អាច​នឹង​ភ្ជាប់​ជាតិ​វិញ​បាន ពី​ព្រោះ បើ​សិន​ជា​អ្នក​ត្រូវ​កាត់​ចេញ​ពី​ដើម​អូលីវ​ព្រៃ​ពី​កំណើត ហើយ​បាន​បំបៅ​ជាប់​នឹង​ដើម​អូលីវ​ស្រុក​ខុស​ពី​ធម្មតា នោះ​តើ​មែក​កំណើត​ទាំង​នោះ នឹង​បាន​បំបៅ​ជាប់​នឹង​គល់​កំណើត​របស់​វា លើស​ជាង​អម្បាល‌ម៉ាន​ទៅ​ទៀត។

ចែក​រំលែក
អាន រ៉ូម 11