រ៉ូម 11
11
អ៊ីស្រាអែលបដិសេធដំណឹងល្អមិនមែនជាចុងបញ្ចប់ឡើយ
1ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ 2ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ 3«ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។ 4ប៉ុន្តែ តើព្រះឆ្លើយតបនឹងលោកវិញដូចម្តេច? ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់យើង ជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល» ។ 5ដូច្នេះ សព្វថ្ងៃនេះក៏មានសំណល់មនុស្ស ដែលព្រះអង្គបានជ្រើសរើសដោយព្រះគុណដែរ។ 6ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។
7ដូច្នេះ តើដូចម្តេចទៅវិញ? អ្វីដែលសាសន៍អ៊ីស្រាអែលស្វែងរកនោះ គេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀត ព្រះអង្គធ្វើឲ្យមានចិត្តរឹងរូស 8ដូចមានសេចក្ដីចែងទុកមកថា៖ «ព្រះបានប្រទានឲ្យគេមានវិញ្ញាណស្ពឹក មានភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ រហូតមកដល់សព្វថ្ងៃនេះ» ។ 9ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ 10ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។
11ដូច្នេះ ខ្ញុំសួរថា តើគេបានជំពប់ដើម្បីឲ្យដួលរហូតឬ? ទេ មិនមែនដូច្នោះទេ! គឺដោយសារការជំពប់ដួលរបស់គេ ការសង្គ្រោះបានទៅដល់ពួកសាសន៍ដទៃ ដើម្បីធ្វើឲ្យសាសន៍អ៊ីស្រាអែលច្រណែន។ 12ដូច្នេះ បើការជំពប់ដួលរបស់គេ ជាសេចក្ដីចម្រើនដល់ពិភពលោក ហើយសេចក្ដីអន់ថយរបស់គេ ជាសេចក្តីចម្រើនដល់ពួកសាសន៍ដទៃ នោះតើសេចក្តីចម្រើនរបស់គេនឹងកាន់តែពោរពេញយ៉ាងណាទៅទៀត!
13ឥឡូវនេះ ខ្ញុំនិយាយទៅកាន់បងប្អូនជាសាសន៍ដទៃ ហើយដោយព្រោះខ្ញុំជាសាវកដល់សាសន៍ដទៃ បានជាខ្ញុំតម្កើងការងាររបស់ខ្ញុំ 14ដើម្បីឲ្យជនរួមជាតិរបស់ខ្ញុំច្រណែន និងដើម្បីសង្គ្រោះអ្នកខ្លះក្នុងចំណោមពួកគេ។ 15ដ្បិតបើការបោះបង់ចោលរបស់គេ ជាការផ្សះផ្សាដល់ពិភពលោកទៅហើយ ចុះចំណង់បើការទទួលរបស់គេ នោះនឹងបានជាយ៉ាងណាទៅ! តើមិនមែនជាជីវិតដែលរស់ពីស្លាប់ឡើងវិញទេឬ?
16ប្រសិនបើម្សៅមួយក្តាប់ ដែលបានថ្វាយជាផលដំបូងបរិសុទ្ធ នោះដុំទាំងមូលក៏បរិសុទ្ធ ហើយប្រសិនបើឫសបរិសុទ្ធ នោះមែកក៏បរិសុទ្ធដែរ។
17ប៉ុន្តែ បើមែកខ្លះត្រូវកាច់ចេញ ឯអ្នកវិញ ដែលជាពន្លកអូលីវព្រៃ ត្រូវគេយកមកបំបៅនៅកណ្តាល មែកទាំងនោះ ដើម្បីស្រូបយកជីជាតិពីដើមអូលីវស្រុក 18នោះមិនត្រូវអួតនឹងមែកទាំងនោះឡើយ តែបើអ្នកអួត ត្រូវដឹងថា មិនមែនអ្នកទេដែលចិញ្ចឹមឫស គឺឫសវិញទេតើដែលចិញ្ចឹមអ្នក! 19ដូច្នេះ អ្នកនឹងនិយាយថា «ព្រះបានកាច់មែកទាំងនោះចេញ ដើម្បីយកខ្ញុំមកបំបៅជំនួស!» 20ត្រូវហើយ ព្រះអង្គកាច់ចេញ ដោយព្រោះគេមិនជឿ ឯអ្នកវិញ នៅជាប់បានដោយសារតែអ្នកមានជំនឿប៉ុណ្ណោះ។ ដូច្នេះ មិនត្រូវឆ្មើងឆ្មៃឡើយ តែត្រូវកោតខ្លាចវិញ។ 21ដ្បិតបើព្រះមិនបានសំចៃទុកមែកពីកំណើតទៅហើយ នោះក្រែងព្រះអង្គមិនសំចៃទុកអ្នកដែរ។ 22ដូច្នេះ ចូរពិចារណាមើលសេចក្តីសប្បុរស និងសេចក្តីប្រិតប្រៀបរបស់ព្រះចុះ គឺទ្រង់ប្រិតប្រៀបចំពោះអស់អ្នកដែលដួល តែមានព្រះហឫទ័យសប្បុរសចំពោះអ្នក ដរាបណាអ្នកនៅជាប់នឹងសេចក្តីសប្បុរសរបស់ព្រះអង្គ ពុំនោះ អ្នកក៏នឹងត្រូវកាត់ចេញដែរ។ 23ឯសាសន៍អ៊ីស្រាអែលទាំងនោះក៏ដូច្នោះដែរ បើគេបោះបង់ចិត្តមិនជឿនោះចោល នោះព្រះនឹងបំបៅគេវិញ ដ្បិតព្រះអង្គមានអំណាចនឹងបំបៅគេជាថ្មីបាន។ 24ដ្បិតបើអ្នកជាដើមអូលីវព្រៃពីកំណើត ហើយព្រះអង្គបានកាត់យកមកបំបៅជាប់នឹងដើមអូលីវស្រុក ដែលមិនមែនជាដើមកំណើតដូច្នេះទៅហើយ នោះចំណង់បើមែកកំណើតទាំងនោះ តើព្រះអង្គនឹងបំបៅជាប់នឹងដើមកំណើតរបស់ខ្លួនវិញ លើសជាងអម្បាលម៉ានទៅទៀត!
អ៊ីស្រាអែលទាំងអស់នឹងបានសង្រ្គោះ
25បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន 26ពេលនោះ ទើបសាសន៍អ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចជាមានសេចក្តីចែងទុកមកថា៖ «ព្រះអង្គដែលរំដោះនឹងចេញពីក្រុងស៊ីយ៉ូន ទ្រង់នឹងដកសេចក្តីទមិឡល្មើសចេញពីពួកយ៉ាកុបទៅ 27នេះហើយជាសេចក្តីសញ្ញាដែលយើងតាំងជាមួយគេ នៅពេលយើងដកយកអំពើបាបរបស់គេចេញ» ។ 28បើគិតតាមដំណឹងល្អ គេជាសត្រូវរបស់ព្រះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា តែបើគិតតាមការរើសតាំងវិញ នោះគេជាស្ងួនភ្ងា ដោយព្រោះពួកបុព្វបុរសរបស់គេ 29ដ្បិតអំណោយទាន និងការត្រាស់ហៅរបស់ព្រះ នោះមិនប្រែប្រួលឡើយ។ 30ដ្បិតដូចដែលពីដើមអ្នករាល់គ្នាមិនបានស្តាប់បង្គាប់ព្រះ តែឥឡូវនេះបានទទួលសេចក្តីមេត្តាករុណា ដោយព្រោះអ្នកទាំងនោះមិនស្តាប់បង្គាប់ជាយ៉ាងណា 31នោះការដែលគេមិនស្តាប់បង្គាប់នៅពេលនេះ គឺដើម្បីឲ្យគេបានទទួលសេចក្តីមេត្តាករុណា ដោយសារសេចក្តីមេត្តាករុណាដែលទ្រង់បានផ្តល់មកអ្នករាល់គ្នាយ៉ាងនោះដែរ។ 32ដ្បិតព្រះបានបង្ខាំងឲ្យមនុស្សទាំងអស់ ជាប់នៅក្នុងការមិនស្តាប់បង្គាប់របស់គេ ដើម្បីឲ្យព្រះអង្គបានសម្ដែងសេចក្តីមេត្តាករុណាដល់មនុស្សគ្រប់គ្នា។
33អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន! 34ដ្បិតតើអ្នកណាបានស្គាល់គំនិតរបស់ព្រះអម្ចាស់? ឬតើអ្នកណាបានធ្វើជាអ្នកជួយគំនិតដល់ព្រះអង្គ? 35តើអ្នកណាបានថ្វាយអ្វីមួយដល់ព្រះអង្គជាមុន ដើម្បីឲ្យព្រះអង្គតបស្នងវិញ? 36ដ្បិតអ្វីៗទាំងអស់សុទ្ធតែមកពីព្រះអង្គ ដោយសារព្រះអង្គ ហើយសម្រាប់ព្រះអង្គ។ សូមលើកតម្កើងសិរីល្អរបស់ព្រះអង្គ អស់កល្បជានិច្ច! អាម៉ែន!។
ទើបបានជ្រើសរើសហើយ៖
រ៉ូម 11: គកស១៦
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
© 2016 United Bible Societies