រ៉ូម 11:1-10
រ៉ូម 11:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ដូច្នេះ ខ្ញុំសូមសួរថា តើព្រះជាម្ចាស់បានបោះបង់ចោលប្រជារាស្ដ្ររបស់ព្រះអង្គហើយឬ? ទេ ព្រះអង្គមិនបោះបង់ចោលគេទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាជាតិអ៊ីស្រាអែលដែរ ខ្ញុំជាពូជពង្សរបស់លោកអប្រាហាំ កើតក្នុងកុលសម្ព័ន្ធ*បេនយ៉ាមីន។ ព្រះជាម្ចាស់ពុំបានបោះបង់ប្រជារាស្ដ្ររបស់ព្រះអង្គ ជាប្រជារាស្ដ្រដែលព្រះអង្គជ្រើសរើសទុកជាមុននោះឡើយ។ តើបងប្អូនមិនជ្រាបសេចក្ដីដែលមានចែងទុកក្នុងគម្ពីរ ស្ដីអំពីព្យាការី*អេលីយ៉ាទូលព្រះជាម្ចាស់ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? គឺលោកទូលថា: «បពិត្រព្រះអម្ចាស់ ពួកគេបាននាំគ្នាសម្លាប់ព្យាការីទាំងឡាយរបស់ព្រះអង្គ និងរំលំអាសនៈរបស់ព្រះអង្គ។ មានតែទូលបង្គំម្នាក់គត់ដែលបានរួចខ្លួន តែពួកគេរកផ្ដាច់ជីវិតទូលបង្គំទៀត!»។ តើព្រះជាម្ចាស់តបទៅលោកវិញដូចម្ដេច? គឺព្រះអង្គមានព្រះបន្ទូលថា: «យើងបានបម្រុងទុកមនុស្សប្រាំពីរពាន់នាក់ អ្នកទាំងនេះពុំបានលុតជង្គង់ថ្វាយបង្គំព្រះបាលឡើយ» ។ រីឯបច្ចុប្បន្នកាលនេះក៏ដូច្នោះដែរ គឺមាននៅសល់មនុស្សមួយចំនួនដែលព្រះជាម្ចាស់បានជ្រើសរើស ដោយសារព្រះគុណរបស់ព្រះអង្គ។ ប្រសិនបើព្រះអង្គជ្រើសរើសគេដោយសារព្រះគុណដូច្នេះ បានសេចក្ដីថា មិនមែនមកពីគេប្រព្រឹត្តតាមវិន័យឡើយ។ បើមកពីគេប្រព្រឹត្តតាមវិន័យ ព្រះគុណលែងមានលក្ខណៈជាព្រះគុណទៀតហើយ ។ ដូច្នេះ តើយើងត្រូវគិតដូចម្ដេច? អ្វីៗដែលសាសន៍អ៊ីស្រាអែលខំស្វែងរកនោះ គេមិនបានទទួលទេ។ មានតែអ្នកដែលព្រះជាម្ចាស់ជ្រើសរើសប៉ុណ្ណោះ ទើបបានទទួល រីឯអ្នកឯទៀត ព្រះអង្គធ្វើឲ្យគេមានចិត្តរឹងរូសវិញ ដូចមានចែងទុកមកថា: «ព្រះជាម្ចាស់ទ្រង់ធ្វើឲ្យគេមានវិញ្ញាណ ស្ពឹកស្រពន់ ឲ្យភ្នែកគេមើលពុំឃើញ និងឲ្យត្រចៀកគេស្ដាប់ពុំឮ រហូតមកទល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌក៏មានរាជឱង្ការថា: «សូមឲ្យតុ របស់ពួកគេ ក្លាយទៅជាអន្ទាក់ ឬជាមង ដែលនាំឲ្យគេរវាតចិត្តបាត់ជំនឿ និងឲ្យគេមានទោស!។ សូមឲ្យភ្នែករបស់គេទៅជាងងឹត មើលលែងឃើញ ហើយសូមធ្វើឲ្យគេកោងខ្នង រហូតតទៅ» ។
រ៉ូម 11:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គឬ? មិនមែនដូច្នោះទេ! ដ្បិតខ្លួនខ្ញុំផ្ទាល់ក៏ជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជពង្សលោកអ័ប្រាហាំ កើតក្នុងកុលសម្ព័ន្ធបេនយ៉ាមីន។ ព្រះមិនបានបោះបង់ចោលប្រជារាស្ត្ររបស់ព្រះអង្គ ដែលទ្រង់ស្គាល់ជាមុននោះឡើយ។ តើអ្នករាល់គ្នាមិនជ្រាបសេចក្ដីដែលគម្ពីរថ្លែងពីលោកអេលីយ៉ា ពីដំណើរដែលលោកទូលអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលទេឬ? លោកទូលថា៖ «ឱព្រះអម្ចាស់អើយ គេបានសម្លាប់ពួកហោរារបស់ព្រះអង្គ រំលំអាសនារបស់ព្រះអង្គ សល់តែទូលបង្គំម្នាក់ប៉ុណ្ណោះ ហើយគេរកសម្លាប់ទូលបង្គំទៀត!» ។ ប៉ុន្តែ តើព្រះឆ្លើយតបនឹងលោកវិញដូចម្តេច? ព្រះអង្គមានព្រះបន្ទូលថា៖ «យើងបានទុកមនុស្សប្រាំពីរពាន់នាក់សម្រាប់យើង ជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល» ។ ដូច្នេះ សព្វថ្ងៃនេះក៏មានសំណល់មនុស្ស ដែលព្រះអង្គបានជ្រើសរើសដោយព្រះគុណដែរ។ ប៉ុន្តែ ប្រសិនបើព្រះអង្គជ្រើសរើសដោយសារព្រះគុណ នោះមិនមែនដោយអាងការប្រព្រឹត្តទៀតឡើយ ពុំនោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។ ដូច្នេះ តើដូចម្តេចទៅវិញ? អ្វីដែលសាសន៍អ៊ីស្រាអែលស្វែងរកនោះ គេរកមិនបានទេ តែពួករើសតាំងរកបានសេចក្តីនោះវិញ ហើយពួកអ្នកឯទៀត ព្រះអង្គធ្វើឲ្យមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា៖ «ព្រះបានប្រទានឲ្យគេមានវិញ្ញាណស្ពឹក មានភ្នែកដែលមើលមិនឃើញ និងត្រចៀកដែលស្តាប់មិនឮ រហូតមកដល់សព្វថ្ងៃនេះ» ។ ព្រះបាទដាវីឌថ្លែងថា៖ «សូមឲ្យតុ របស់គេ ត្រឡប់ទៅជាអង្គប់ និងជាអន្ទាក់ ជាហេតុឲ្យគេជំពប់ដួល ហើយជាសំណងដល់គេចុះ ឲ្យភ្នែកគេត្រូវងងឹត មើលមិនឃើញ ហើយឲ្យខ្នងគេកោង រហូតទៅ»។
រ៉ូម 11:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដូច្នេះ ខ្ញុំសួរថា តើព្រះបានបោះបង់ចោលរាស្ត្រទ្រង់ឬអី ទេ មិនមែនទេ ដ្បិតខ្លួនខ្ញុំជាសាសន៍អ៊ីស្រាអែលដែរ គឺជាពូជលោកអ័ប្រាហាំ កើតក្នុងពូជអំបូរបេនយ៉ាមីន ព្រះទ្រង់មិនបានបោះបង់ចោលរាស្ត្រទ្រង់ ដែលទ្រង់ស្គាល់ជាមុននោះទេ តើអ្នករាល់គ្នាមិនដឹងរឿងពីលោកអេលីយ៉ា ដែលគម្ពីរថាដូចម្តេចទេឬអី គឺដែលលោកអង្វរដល់ព្រះ ទាស់នឹងសាសន៍អ៊ីស្រាអែលថា «ឱព្រះអម្ចាស់អើយ គេបានសំឡាប់ពួកហោរាទ្រង់ ហើយរំលំអាសនាទាំងប៉ុន្មានរបស់ទ្រង់ មានសល់តែទូលបង្គំ១ ហើយគេរកសំឡាប់ទូលបង្គំទៀត» ប៉ុន្តែ ព្រះទ្រង់ឆ្លើយនឹងលោកយ៉ាងដូចម្តេច គឺឆ្លើយថា «អញបានទុកមនុស្ស៧ពាន់នាក់សំរាប់អញ ដែលមិនបានលុតជង្គង់នៅមុខព្រះបាលសោះ» ដូច្នេះ សព្វថ្ងៃនេះ ក៏មានសំណល់សល់ដែលទ្រង់បានរើសតាំង ដោយព្រះគុណដែរ ហើយបើសិនជាដោយសារព្រះគុណពិត នោះមិនមែនដោយអាងការប្រព្រឹត្តទៀតទេ ពុំនោះ ព្រះគុណមិនមែនជាព្រះគុណទៀត តែបើដោយអាងការប្រព្រឹត្តមែន នោះមិនមែនដោយព្រះគុណទៀត ពុំនោះ ការប្រព្រឹត្តមិនមែនការប្រព្រឹត្តទៀតទេ ដូច្នេះ តើដូចម្តេច គឺថា សេចក្ដីដែលសាសន៍អ៊ីស្រាអែលស្វែងរក នោះគេរកមិនបានទេ តែពួករើសតាំងរកបានសេចក្ដីនោះវិញ ហើយពួកអ្នកឯទៀតត្រូវមានចិត្តរឹងរូស ដូចមានសេចក្ដីចែងទុកមកថា «ព្រះទ្រង់បានប្រទានឲ្យគេមានវិញ្ញាណរលីវ ភ្នែកដែលមើលមិនឃើញ នឹងត្រចៀកដែលស្តាប់មិនឮ ដរាបមកដល់សព្វថ្ងៃនេះ» ហ្លួងដាវីឌក៏មានបន្ទូលថា «ឲ្យតុគេត្រឡប់ទៅជាអង្គប់ ហើយជាអន្ទាក់ដល់គេចុះ គឺជាហេតុឲ្យវិនាស រវាតចិត្ត ហើយជាសំណងដល់គេដែរ ឲ្យភ្នែកគេត្រូវងងឹត មិនឲ្យឃើញឡើយ ហើយឲ្យខ្នងគេត្រូវបង្កោងជានិច្ចផង»។