រ៉ូម 1:18-25

រ៉ូម 1:18-25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដ្បិត​សេចក្តី‌ក្រោធ​របស់​ព្រះ បាន​សម្ដែង​ពី​ស្ថាន‌សួគ៌​មក ទាស់​នឹង​គ្រប់​ទាំង​សេចក្តី​ទមិឡ​ល្មើស និង​សេចក្តី​ទុច្ចរិត​របស់​មនុស្ស ដែល​បង្ខាំង​សេចក្តី​ពិត ដោយ​សេចក្តី​ទុច្ចរិត​របស់​គេ ដ្បិត​អ្វី​ដែល​គេ​អាច​ស្គាល់​ពី​ព្រះ​បាន នោះ​ជាក់​ច្បាស់​ដល់​ពួក​គេ​ហើយ ព្រោះ​ព្រះ​បាន​បង្ហាញ​ឲ្យ​គេ​ឃើញ។ តាំង​ពី​កំណើត​ពិភព‌លោក​មក ព្រះ‌ចេស្តា​ដ៏​អស់​កល្ប និង​និស្ស័យ​ជា​ព្រះ​របស់​ព្រះ‌អង្គ ដែល​ទោះ​ជា​គេ​មើល​មិន​ឃើញ​ក្ដី នោះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់ ហើយ​យល់​បាន តាម​រយៈ​អ្វីៗ​ដែល​ព្រះ‌អង្គ​បង្កើត​មក​ដែរ។ ដូច្នេះ គេ​មិន​អាច​ដោះ‌សា​បាន​ឡើយ ដ្បិត​ទោះ​ជា​គេ​បាន​ស្គាល់​ព្រះ ក៏​គេ​មិន​បាន​តម្កើង​ព្រះ‌អង្គ​ជា​ព្រះ ឬ​អរ​ព្រះ​គុណ​ព្រះ‌អង្គ​ដែរ ផ្ទុយ​ទៅ​វិញ គេ​បែរ​ជា​មាន​គំនិត​ឥត​ប្រយោជន៍ ហើយ​ចិត្ត​ល្ងង់​ខ្លៅ​របស់​គេ ក៏​ត្រឡប់​ជា​ងងឹត។ គេ​អួត​អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​គេ​បែរ​ជា​ល្ងី‌ល្ងើ គេ​បាន​ប្តូរ​សិរី‌ល្អ​របស់​ព្រះ​ដែល​មិន​ចេះ​ខូច យក​រូប​សំណាក មើល​ទៅ​ដូច​ជា​មនុស្ស​ដែល​តែង​តែ​ស្លាប់ ឬ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បណ្ដោយ​គេ​ទៅ​ក្នុង​សេចក្តី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ដែល​បន្ថោក​រូប‌កាយ​របស់​ខ្លួន​ក្នុង​ចំណោម​ពួក​គេ ព្រោះ​គេ​បាន​ប្ដូរ​សេចក្តី​ពិត​អំពី​ព្រះ យក​សេចក្តី​ភូត‌ភរ ហើយ​ថ្វាយ​បង្គំ និង​គោរព​បម្រើ​របស់​ដែល​កើត​មក ជា​ជាង​ព្រះ​ដែល​បង្កើត​របស់​ទាំង​នោះ ជា​ព្រះ​ដែល​ប្រកប​ដោយ​ព្រះ‌ពរ​អស់​កល្ប‌ជានិច្ច! អាម៉ែន។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:18-25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះ‌ជា‌ម្ចាស់​សម្តែង​ព្រះ‌ពិរោធ​ ​ពី​ស្ថាន​បរម‌សុខ*​មក ប្រឆាំង​នឹង​ការ​មិន​គោរព​ប្រណិ‌ប័តន៍​ព្រះអង្គ ប្រឆាំង​នឹង​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង​ដែល​មនុស្ស​លោក​ប្រព្រឹត្ត ទាំង​យក​អំពើ​ទុច្ចរិត​នោះ​ខ្ទប់​សេចក្ដី​ពិត​មិន​ឲ្យ​លេច​ចេញ​មក ដ្បិត​អ្វីៗ​ដែល​មនុស្ស​លោក​អាច​ស្គាល់​ពី​ព្រះ‌ជា‌ម្ចាស់ នោះ​មាន​ជាក់​ច្បាស់​ក្នុង​ចំណោម​ពួក​គេ​ហើយ ព្រោះ​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ លក្ខណៈ​ដ៏​ប្រសើរ​បំផុត​របស់​ព្រះអង្គ ដែល​មនុស្ស​មើល​ពុំ​ឃើញ គឺ​ឫទ្ធា‌នុភាព​ដែល​នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ក្តី ឬ​ឋានៈ​របស់​ព្រះអង្គ​ជា​ព្រះ‌ជា‌ម្ចាស់​ក្តី​ ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ តាំង​ពី​កំណើត​ពិភព​លោក​មក​ម៉្លេះ នៅ​ពេល​ណា​ដែល​គេ​រិះគិត​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ។ ដូច្នេះ គេ​ពុំ​អាច​ដោះ‌សា​ខ្លួន​បាន​ឡើយ ដ្បិត​គេ​បាន​ស្គាល់​ព្រះ‌ជា‌ម្ចាស់ តែ​ពុំ​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ ឲ្យ​សម​នឹង​ឋានៈ​របស់​ព្រះ‌ជា‌ម្ចាស់​ទេ ហើយ​គេ​ក៏​ពុំ​បាន​អរ​ព្រះ‌គុណ​ព្រះអង្គ​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ គេ​បាន​វង្វេង​ទៅ​តាម​ការ​រិះគិត​របស់​ខ្លួន ហើយ​ចិត្ត​ល្ងី‌ល្ងើ​របស់​គេ​ក៏​បែរ​ទៅ​ជា​ងងឹត​សូន្យ‌សុង​ដែរ។ គេ​អួត‌អាង​ថា​ខ្លួន​មាន​ប្រាជ្ញា តែ​បែរ​ជា​លេលា​ទៅ​វិញ។ គេ​មិន​បាន​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌ជា‌ម្ចាស់ ដែល​គង់​នៅ​អស់‌កល្ប​ជានិច្ច​ទេ គឺ​បែរ​ជា​យក​រូប​សំណាក​ដូច​ជា​រូប​តំណាង​មនុស្ស​ដែល​តែងតែ​ស្លាប់​ យក​រូប​តំណាង​សត្វ​ស្លាប សត្វ​ជើង​បួន និង​សត្វ​លូន​វារ មក​គោរព​ថ្វាយ‌បង្គំ​ជំនួស​វិញ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជា‌ម្ចាស់​បណ្ដោយ​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើ​សៅ‌ហ្មង តាម​ទំនើង​ចិត្ត​លោភ‌លន់​របស់​គេ រហូត​ដល់​ទៅ​បន្ថោក​រូប​កាយ​របស់​ខ្លួន​ឯង​ផ្ទាល់​ទៀត​ផង។ ពួក​គេ​និយម​ព្រះ‌ក្លែង‌ក្លាយ​ជា​ជាង​ព្រះ​ដ៏​ពិត​ប្រាកដ​ ហើយ​នាំ​គ្នា​ថ្វាយ‌បង្គំ និង​គោរព​បម្រើ​អ្វីៗ​ដែល​ព្រះ‌ជា‌ម្ចាស់​បង្កើត មក​ជំនួស​គោរព​បម្រើ​ព្រះ​ដែល​បាន​បង្កើត​អ្វីៗ​ទាំង​អស់​នោះ​វិញ។ សូម​លើក​តម្កើង​ព្រះអង្គ​អស់‌កល្ប​ជានិច្ច! អាម៉ែន!។

ចែក​រំលែក
អាន រ៉ូម 1

រ៉ូម 1:18-25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពី​ព្រោះ​សេចក្ដី​ក្រោធ​របស់​ព្រះ បាន​សំដែង​មក​ពី​ស្ថាន‌សួគ៌ ទាស់​នឹង​គ្រប់​ទាំង​សេចក្ដី​ទមិល​ល្មើស នឹង​សេចក្ដី​ទុច្ចរិត​របស់​មនុស្ស ដែល​គេ​បង្ខាំង​សេចក្ដី​ពិត ដោយ​សេចក្ដី​ទុច្ចរិត ព្រោះ​ការ​អ្វី​ដែល​អាច​នឹង​ស្គាល់​ពី​ព្រះ​បាន នោះ​បាន​សំដែង​មក​ក្នុង​ពួក​គេ​ហើយ ដោយ​ព្រះ‌ទ្រង់​សំដែង​ការ​នោះ​ឲ្យ​គេ​ឃើញ​ជាក់ ដ្បិត​អ្វីៗ​របស់​ទ្រង់ ដែល​រក​មើល​មិន​ឃើញ តាំង​ពី​កំណើត​លោកីយ​មក ទោះ​ទាំង​ព្រះ‌ចេស្តា​ដ៏​នៅ​អស់​‌កល្ប​ជានិច្ច នឹង​និស្ស័យ​ជា​ព្រះ​របស់​ទ្រង់ នោះ​ឃើញ​ច្បាស់​វិញ ដោយ​ពិចារណា​យល់​របស់​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​បង្កើត​មក ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិន​បាន​ដំកើង​ទ្រង់ ទុក​ជា​ព្រះ​ទេ ក៏​មិន​ដឹង​គុណ​ទ្រង់​ដែរ គេ​កើត​មាន​គំនិត​ឥត​ប្រយោជន៍​វិញ ហើយ​ចិត្ត​គេ ដែល​ឥត​យោបល់ ក៏​បាន​ត្រឡប់​ជា​ងងឹត​ទៅ គេ​អួត​ខ្លួន​ថា មាន​ប្រាជ្ញា បាន​ជា​គេ​ត្រឡប់​ទៅ​ជា​ល្ងង់‌ល្ងើ​វិញ គឺ​គេ​បំផ្លាស់​សិរី‌ល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅ​ជា​រូប មើល​ទៅ​ដូច​ជា​មនុស្ស ដែល​តែង‌តែ​ខូច​វិញ ហើយ​ដូច​ជា​សត្វ​ស្លាប សត្វ​ជើង​៤ នឹង​សត្វ​លូន​វារ​ដែរ ហេតុ​នោះ​បាន​ជា​ព្រះ‌ទ្រង់​ប្រគល់​គេ​ទៅ​ឯ​សេចក្ដី​ស្មោក‌គ្រោក តាម​ចិត្ត​គេ​ប្រាថ្នា​ចង់​បាន ឲ្យ​បាន​បង្អាប់​ដល់​រូប‌កាយ​គេ​ទៅ​វិញ​ទៅ​មក គេ​បាន​ផ្លាស់​សេចក្ដី​ពិត​នៃ​ព្រះ ឲ្យ​ទៅ​ជា​សេចក្ដី​ភូត‌ភរ​វិញ ក៏​កោត‌ខ្លាច ហើយ​គោរព​បូជា​ដល់​របស់​ដែល​កើត​មក ជា​ជាង​ដល់​ព្រះ ដែល​បង្កើត​របស់​ទាំង​នោះ​មក ជា​ព្រះ​ដែល​មាន​ព្រះ‌ពរ​អស់​‌កល្ប​ជានិច្ច អាម៉ែន

ចែក​រំលែក
អាន រ៉ូម 1